សាកសព​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បាត់​ខ្លួន​នៅ​កំពង់ចាម​ត្រូវ​បាន​រក​ឃើញ

នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយពោធិ៍ ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម លោក ចាន់ សុផល ដែល​បាន​បាត់​ខ្លួន​កាល​ពី​ចុង​ខែ​មិថុនា ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​នៅ​ក្នុង​បឹង​មួយ​ក្បែរ​ភូមិ ដែល​សាកសព​នៅ​សល់​តែ​គ្រោង​ឆ្អឹង និង​សម្លៀកបំពាក់​ដែល​នៅ​ជាប់​ខ្លួន​តែ​ប៉ុណ្ណោះ។

អធិការ​នគរបាល​ស្រុក​ស្រីសន្ធរ លោក ខេង ស្រេង ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ឃុំ​ស្វាយពោធិ៍ ឈ្មោះ ធឿន ហ៊ន ដែល​បាន​កាប់​ឆ្ការ​ព្រៃ​ដី​ស្រែ​របស់​ខ្លួន ក៏​ប្រទះ​ឃើញ​សាកសព​នៅ​ចំណុច​ទាវអុក តំបន់​បឹងប្រ៉ម ខាង​លិច​ឃុំ​ស្វាយពោធិ៍ ចម្ងាយ ៣​គីឡូ​ម៉ែត្រ។ លោក​សង្ស័យ​ថា ការ​ស្លាប់​របស់​មេ​ប៉ុស្តិ៍​រូប​នោះ គឺ​ជា​ករណី​ឃាតកម្ម​គិត​ទុក​ជា​មុន ដែល​អាច​ពាក់ព័ន្ធ​ទៅ​នឹង​ជន​ប្រព្រឹត្តិ​បទល្មើស​នេសាទ​តែ​ម្តង។

លោក ខេង ស្រេង៖ «បាទ! សាកសព​ពេល​ដែល​យើង​ប្រទះ​ឃើញ​ទី​មួយ គឺ​មួក​ដែល​លោក​នាយ​ប៉ុស្តិ៍​គាត់​ពាក់​មក។ ទី​ពីរ ឃើញ​ក្រមា​ដែល​នាយ​ប៉ុស្តិ៍​គាត់​យក​មក។ ទី​បី ឃើញ​សម្លៀកបំពាក់ ហើយ​សាកសព​ហ្នឹង​នៅ​សល់​តែ​គ្រោង​ឆ្អឹង​ទេ។ បន្សល់​តែ​ខោ​អាវ និង​ឆ្អឹង។ ខោ​អាវ​ហ្នឹង គឺ​ខោ​អាវ​ស្លៀក​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​ហ្នឹង។ បាទ! មក​ដល់​ពេល​ហ្នឹង ខ្ញុំ​សន្និដ្ឋាន​ថា ករណី​ហ្នឹង​ជា​ករណី​ឃាតកម្ម​គិត​ទុក​ជា​មុន»

ប្រពន្ធ​ជន​រងគ្រោះ អ្នកស្រី មុត ស៊ីនួន បញ្ជាក់​ថា សាកសព​ពិត​ជា​ប្ដី​របស់​អ្នកស្រី​មែន ពីព្រោះ​អ្នកស្រី​ចំណាំ​សម្លៀកបំពាក់ និង​សម្ភារៈ​ដែល​នៅ​ជាប់​នឹង​សាកសព​នោះ។ អ្នកស្រី​ក៏​សុំ​អំពាវនាវ​ឱ្យ​អាជ្ញាធរ ជួយ​ស្វែងរក​មូលហេតុ​នៃ​ការ​ស្លាប់ និង​ស្វែងរក​ជនល្មើស​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់។

យ៉ាង​ណា​ក៏ដោយ លោក ខេង ស្រេង ឱ្យ​ដឹង​ទៀត​ថា សាកសព​ត្រូវ​ធ្វើ​កោសល្យវិច័យ​ជា​មុន ទើប​ប្រគល់​ឱ្យ​សាច់ញាតិ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី។ ចំណែក​សមត្ថកិច្ច គឺ​ធ្វើ​ការ​ស្រាវជ្រាវ​បន្ត​ទៀត​ជុំវិញ​ករណី​នេះ។

មេ​ប៉ុស្តិ៍​ឃុំ​ស្វាយពោធិ៍ លោក ចាន់ សុផល បាន​បាត់​ខ្លួន​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា នៅ​ពេល​លោក​ចុះ​ពិនិត្យ​ករណី​បទល្មើស​នេសាទ​ក្នុង​បឹង​មួយ​នៅ​ក្នុង​ឃុំ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​សម្រេច​ចិត្ត​ធ្វើ​បុណ្យ ៧​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។