ការបញ្ជូនពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់មកប្រទេសកម្ពុជា វិញមានចំនួនជាច្រើនម៉ឺននាក់ ហើយបានកើនឡើងជាបន្តបន្ទាប់។ ការចាប់បញ្ជូនមកតាមរថយន្តនេះ ធ្វើឱ្យពលករខ្មែរមួយចំនួនបានស្លាប់ និងរបួសជាច្រើននាក់ ដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅប្រទេសថៃ។
ការស្លាប់នោះ ក៏បានប៉ះចំគ្រួសារមួយដែលមានស្ថានភាពក្រលំបាកនៅខេត្តកំពង់ចាម គឺមានពីរនាក់ម្តាយ និងកូនប្រុស ដែលមានដំណើរជីវិតតស៊ូប្រៀបបានទៅនឹងចកដែលរសាត់ទៅតាមកម្លាំងខ្យល់បក់ ដោយមិនមានទីពុំនឹងច្បាស់លាស់ឡើយ។
ស្លាប់ក្នុងវ័យ ៤១ឆ្នាំ អ្នកស្រី ឈិន ស្រី មានស្រុកកំណើតនៅភូមិថ្លុកជ្រៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ជាកូនស្រីទី៦ក្នុងចំណោមបងប្អូន ៩នាក់ ស្ថិតក្នុងត្រកូលជាកសិករក្រីក្រម្នាក់នៅក្នុងភូមិ អ្នកស្រីមិនបានរៀនសូត្រជ្រៅជ្រះនោះឡើយ គឺរៀនបានត្រឹមថ្នាក់ទី៥ ហើយក៏ឈប់រៀន ដើម្បីជួយធ្វើការងារក្នុងគ្រួសារ ពីព្រោះតែជីវភាពក្រលំបាក។
អាយុប្រហែលជាង ២០ឆ្នាំ អ្នកស្រីបានរៀបការជាមួយ លោក ទុន រិន ដែលមានស្រុកកំណើតនៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ បច្ចុប្បន្ន លោក ទន់ រិន រងរបួសធ្ងន់ក្នុងដំណើរវិលមកស្រុកកំណើតវិញជាមួយគ្នា ហើយត្រូវថៃ ដឹកទៅព្យាបាលជំងឺនៅប្រទេសថៃ។ ក្រោយពីរៀបការហើយ អ្នកទាំងពីរក៏បាននាំគ្នាទៅរស់នៅឯស្រុកកំណើតខាងប្ដី ដោយមានកូនចំនួនបីនាក់ ក្នុងនោះស្រីម្នាក់។ កូនទីមួយឈ្មោះ រិន សក្តា ភេទប្រុស អាយុ ១៩ឆ្នាំ កំពុងរៀនថ្នាក់ទី១០ នៅខេត្តព្រៃវែង។ កូនប្រុសទី២ឈ្មោះ ចេក បញ្ញា អាយុ ១៦ឆ្នាំ មិនបានរៀនសូត្រច្រើននោះទេ ដោយត្រូវបង្ខំចិត្តទៅធ្វើការជាមួយម្តាយឪពុកនៅប្រទេសថៃ ហើយក៏ត្រូវបានស្លាប់ជាមួយម្តាយ ដោយគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ និងកូនទី៣ គឺកូនស្រីឈ្មោះ ចេក ស៊ីណា អាយុ ៦ឆ្នាំ កំពុងរស់នៅជាមួយជីដូននៅខេត្តកំពង់ចាម។
បន្ទាប់ពីសម្រេចចិត្តទៅរស់នៅជាមួយប្ដីនៅខេត្តព្រៃវែង នោះ អ្នកស្រី ឈិន ស្រី បានចាប់យកមុខរបរជាអ្នកចិញ្ចឹមទា ដោយចងការប្រាក់គេដើម្បីធ្វើជាដើមទុន ប៉ុន្តែការចិញ្ចឹមទាចេះតែខាត ហើយត្រូវចាញ់បោកប្រាក់គេផង ចំណែកការប្រាក់ និងប្រាក់ដើមកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មុខរបរចិញ្ចឹមទាមិនបានកាក់កបឡើយ រីឯបំណុលកាន់តែច្រើនឡើង គឺកើនរហូតដល់ជាង ២០លានរៀល និងម្យ៉ាងត្រូវការប្រាក់ដើម្បីផ្គត់ផ្គង់ឱ្យកូនរៀនផងនោះ អ្នកស្រី និងប្ដី ក៏សម្រេចចិត្តមករស់នៅភ្នំពេញ ដោយប្រកបមុខរបរជាអ្នកលក់នំពុង។ មុខរបរលក់នំរបស់អ្នកស្រី និងប្ដី ក៏មិនឃើញមានភាពប្រសើរឡើយ គឺនៅតែលំបាកដដែល។
ក្រោយពីលក់នំបានមួយរយៈ ក៏បាននាំគ្នាទៅរស់នៅខេត្តសៀមរាប ដោយចាប់យកមុខរបរជាអ្នករុញរទេះដើរលក់ផ្លែឪឡឹក។ លក់បានប្រាក់ខ្លះគ្រាន់យកមកសងការប្រាក់គេផង និងដើម្បីចិញ្ចឹមកូនប្រុសស្រីទាំងបីនាក់ផង ប៉ុន្តែដោយចង់សងបំណុលប្រាក់គេឱ្យដាច់ស្រឡះ និងដើម្បីប្រាថ្នាឱ្យកូនប្រុសស្រីបានរៀនសូត្រចេះដឹងដូចគេឯងផងនោះ ចុងក្រោយក៏សម្រេចចិត្តនាំប្ដីប្រពន្ធទៅធ្វើការនៅប្រទេសថៃ ដោយឮដំណឹងថានៅទីនោះមានការងារធ្វើច្រើន និងម្យ៉ាងបានប្រាក់កម្រៃច្រើនផង។
ទៅដល់ប្រទេសថៃ ទាំងពីរនាក់ប្ដីប្រពន្ធចាប់យកការងារជាកម្មករសំណង់ ដោយក្នុងមួយថ្ងៃពួកគាត់ទាំងពីរនាក់អាចរកបានប្រាក់ជាង ៥ម៉ឺនរៀល។ នៅប្រទេសថៃ បាន ៤ឆ្នាំ អ្នកស្រី ឈិន ស្រី ក៏បាននាំកូនប្រុសទីពីរទៅជាមួយ កាលពីឆ្នាំ២០១៣ ដោយធ្វើជាកម្មករសំណង់ទាំងអស់គ្នា។ អស់រយៈពេលជិត ៥ឆ្នាំ ដែល អ្នកស្រី ឈិន ស្រី ប្ដី និងកូនធ្វើការនៅប្រទេសថៃ នោះ បំណុលដែលអ្នកស្រីជំពាក់គេ ត្រូវបានសងមួយចំនួនធំ ហើយមានប្រាក់ខ្លះផ្តល់មកកូនច្បងគ្រាន់បន្តការសិក្សា និងម្តាយខ្លះ ដោយមើលឃើញថា មានរីកចម្រើនខ្លះហើយនោះ អ្នកស្រីក៏បានកៀរគរក្មួយប្រសា និងក្មួយបង្កើត ឱ្យទៅធ្វើការនៅប្រទេសថៃ ជាមួយខ្លួន។ ទើបតែនាំទៅធ្វើការបានពីរខែ ក៏មានព្រឹត្តិការណ៍ធ្វើរដ្ឋប្រហារនៅប្រទេសថៃ ដែលជំរុញឱ្យក្រុមយោធាថៃ ចាត់វិធានការបញ្ជូនពលករខ្មែរខុសច្បាប់ត្រឡប់មកស្រុកកំណើតវិញយ៉ាងតក់ក្រហល់។ ជាអកុសល ពេលធ្វើដំណើរមកកម្ពុជា វិញនោះ ក្រុមគ្រួសារអ្នកស្រីចំនួន ៥នាក់ បានជួបប្រទះនូវគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យ អ្នកស្រី ឈិន ស្រី រួមនិងកូនប្រុសបាត់បង់ជីវិត ចំណែកឯប្ដីរងរបួសធ្ងន់ និងក្មួយទាំងពីររងរបួសស្រាល។
ដំណើរកោងៗអាយុ ៧៧ឆ្នាំ មានប្រសាសន៍ទាំងស្រពាប់ស្រពោន លោកយាយ អេង ដឹប ត្រូវជាម្តាយបង្កើតរបស់ អ្នកស្រី ឈិន ស្រី បានរៀបរាប់ពីជីវិតតស៊ូរបស់គ្រួសារកូនគាត់ គឺមិនខុសអ្វីទៅនឹងចកដែលអណ្ដែតលើផ្ទៃទឹកនោះឡើយ។ លោកយាយឱ្យដឹងថា គ្រាន់តែទទួលដំណឹងថាកូនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នោះ គឺនិយាយលែងកើត ហើយសន្លប់តែម្តង។ អ្វីដែលធ្វើឱ្យលោកយាយស្លុតនោះ គឺដោយសារតែស្ដាយស្រណោះកូន និងចៅ ហើយអ្វីដែលសំខាន់នឹកគិតដល់ ចៅៗទាំងពីរនាក់ដែលនឹងរស់នៅក្នុងបន្ទុកជាមួយគាត់ ច្បាស់ជាត្រូវលំបាកមិនខាន៖ «មិនទាន់ដឹងទេៗចៅហ្អើយ! នៅលើជីដូនហ្នឹងហើយចេះតែតេកតឹកៗទៅ កូនហ្អើយធ្វើម៉េចហ្អា ម្តាយមីងម្តាយមារក្រែងលោកផ្តល់ឱ្យបន្តិចទៅ ជួយចិញ្ចឹមគ្នាទៅណា។ មានប៉ុណ្ណឹងទេចា៎! បន្ទុកលើយាយហ្នឹងហើយម្នាក់ឯង រួចយាយហ្នឹងក៏វាមិនដឹងយ៉ាងម៉េចដែរទ្រីញទ្រោមៗ សព្វថ្ងៃហ្នឹងនោះម៉ាថ្ងៃកាត់ម៉ាថ្ងៃកោរ ត្រូវវិលៗ ខានទៅសីលបីសីលហើយចេះតែវិលៗ»។
ការលំបាកនោះ ពីព្រោះការស្លាប់របស់ម្តាយមិនបានបន្សល់នូវទ្រព្យធនអ្វីសម្រាប់ឱ្យកូនទាំងពីរ អាចរស់បាននោះទេ ក្រៅតែពីផ្ទះធ្វើពីជង្រុកស្រូវតូចមួយនៅស្រុកខាងប្ដី និងបំណុលដែលនៅសេសសល់តែប៉ុណ្ណោះ។ ចំណែកឪពុកវិញ បើទោះបីមិនរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍នៅថៃ ក៏ដោយ ក៏មិនសូវជាមនុស្សមានសុខភាពល្អនោះដែរ។

លោក ឈិន ស្រ៊ាង ត្រូវជាបងប្រុស អ្នកស្រី ឈិន ស្រី និយាយទាំងស្រក់ទឹកភ្នែកអាណិតគ្រួសាររបស់ប្អូនលោក ពិសេសគឺកូនៗទាំងពីរ និងប្អូនថ្លៃដែលកំពុងរបួសធ្ងន់។ លោកមានតែផ្តែផ្តាំឱ្យប្រពន្ធ និងកូនៗទាំងអស់ ឱ្យចេះស្រឡាញ់គ្នា និងជួយមើលការខុសត្រូវគ្នាទៅវិញទៅមក ពិសេសពេលដែលអត់ពីចាស់ៗទៅ៖ «បើខ្ញុំនៅរស់នៅតទៅទៀត ខ្ញុំថែរក្សាក្មួយក្រែងលោវាពិបាក ហើយកូនៗខ្ញុំក៏មើលទៅ ខ្ញុំផ្តែផ្តាំតទៅទៀត វាខ្លោចផ្សាកូនហ្នឹង។ ចង់ឱ្យអង្គការជួយឱ្យកូនបានរៀនតទៅមុខទៀត ឱ្យវាចេះដឹងតទៅមុខទៀតឱ្យវាមានចំណេះដឹងក្រែងលោមានការងារនឹងគេ មានប្រាក់ខែអ៊ីចឹង»។
ដោយសារតែឃើញការលំបាកនេះហើយ លោកសូមផ្ដាំដល់កូនក្មួយ និងប្រជាពលរដ្ឋដទៃទៀត កុំចង់ទៅរកស៊ីនៅក្រៅស្រុកកំណើតរបស់ខ្លួននោះអី ពីព្រោះទៅរកស៊ីដើម្បីរស់ ចុះបើស្លាប់អ៊ីចឹង វានឹងធ្វើឱ្យការលំបាកកាន់តែមានទ្វេដង។
ចំណែកក្មួយប្រសាសព អ្នកស្រី ឈិន ស្រី លោក សឿន រ៉ា និងប្រពន្ធ អ្នកស្រី អោក គឹមលី ដែលរងរបួសស្រាលដោយគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ នោះ និយាយស្ទើរតែស្បថថា នឹងមិនវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃ ទៀតឡើយ សុខចិត្តរកការងារធ្វើនៅស្រុកខ្មែរ ដោយអ្នកទាំងពីរក៏បានអំពាវនាវដល់ប្រមុខរដ្ឋាភិបាល គិតគូររកការងារធ្វើជូនពួកគាត់ និងប្រជាពលករដែលបានវិលត្រឡប់ពីស្រុកថៃ ជាច្រើនម៉ឺននាក់នោះ។
ដោយឡែកចំពោះសព អ្នកស្រី ឈិន ស្រី និងកូនប្រុស ចេក បញ្ញា ត្រូវបានបញ្ជូនមកដល់ស្រុកកំណើតនៅភូមិថ្លុកជ្រៅ នៅថ្ងៃទី១៦ មិថុនា និងធ្វើបុណ្យយ៉ាងតក់ក្រហល់ ហើយដង្ហែយកទៅបញ្ចុះនៅព្រឹកថ្ងៃទី១៧ ខែមិថុនា រួចក៏បានធ្វើបុណ្យដារឆ្លង ៧ថ្ងៃនៅថ្ងៃទី១៨ មិថុនា ដោយបញ្ហាខ្វះខាតថវិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
