ទាហាន​ខ្មែរ​ម្នាក់​ស្លាប់ ​៤នាក់​ទៀត​រង​របួស​និង​បាត់​ខ្លួន​នៅ​អាហ្វ្រិក​កណ្ដាល

ទាហាន​កង​វិស្វកម្ម​ខ្មែរ ១​នាក់​ស្លាប់ ១​នាក់​របួស​ដៃ​ឆ្វេង និង​៣​នាក់​​ទៀត​បាត់​ខ្លួន ដោយ​សារ​ការ​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម​មិន​ស្គាល់​អត្តសញ្ញាណ ក្នុង​ប្រទេស​អាហ្វ្រិក​កណ្ដាល។ លើស​ពី​នេះ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាត ច្រាន​ចោល​ព័ត៌មាន​ថា ទាហាន​ខ្មែរ​ម្នាក់​ត្រូវ​ក្រុម​ឧទ្ទាម​សម្លាប់​កាត់​ក្បាល។

រហូត​ដល់​រសៀល​ថ្ងៃ​ទី៩ ឧសភា កម្ពុជា​ពុំ​ទាន់​ទទួល​បាន​ដំណឹងពី​ទាហាន​ខ្មែរ ដែល​កំពុង​បាត់​ខ្លួន ក្រោយ​ក្រុម​ឧទ្ទាម​មិន​ស្គាល់​អត្តសញ្ញាណ វាយ​ប្រហារ​ដោយ​អាវុធ ក្នុង​ប្រទេស​អាហ្វ្រិក​កណ្ដាល​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត។

លោក ឈុំ សុជាត មាន​ប្រសាសន៍​ថា ការ​បាញ់​ប្រហារ​នេះ កើត​ឡើង​នៅ​យប់​ម៉ោង​៨ ថ្ងៃ​ទី៨ ឧសភា ត្រូវ​នឹង​ម៉ោង​១​រលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៩ ឧសភា ម៉ោង​នៅ​កម្ពុជា ក្រោយ​ពី​ទាហាន​កង​វិស្វកម្ម​ខ្មែរ ធ្វើ​ដំណើរ​តាម​រថយន្ត ត្រឡប់​ពី​ធ្វើ​ផ្លូវ​ដើម្បី​ចូល​ទៅ​បន្ទាយ​វិញ។ លោក​បញ្ជាក់​ថា ទាហាន​ដែល​ស្លាប់​មាន​ឈ្មោះ អ៊ឹម សំ ជា​អ្នក​បើកបរ ហើយ​ទាហាន​ខ្មែរ​ម្នាក់​ទៀត​រង​របួស​ចំ​ដៃ​ឆ្វេង ជា​អ្នក​បើកបរ​ដូចគ្នា។ ចំណែក ទាហាន​ខ្មែរ ៣​នាក់​ទៀត​បាត់​ខ្លួន រួម​នឹង​ទាហាន​របស់​ម៉ារ៉ុក​ម្នាក់​ផង៖ «មុន​នឹង​បន្តិច​ខ្ញុំ​បាន​ទាក់ទង​ទៅ​មជ្ឈមណ្ឌល​រក្សា​សន្តិភាព​ដែល​មាន​បេសកកម្ម​ជាមួយ​អង្គការ​សហប្រជាជាតិ ដោយ​មិន​ទាន់​បាន​ដំណឹង​អ្វី​ប្លែក​ទេ​រហូត​មក​ដល់​ពេល​នឹង»។

មួយ​វិញ​ទៀត​លោក ឈុំ សុជាត ក៏​ច្រាន​ចោល​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង លោក ឡុង ឌីម៉ង់ ថា ទាហាន​ខ្មែរ​ម្នាក់​ស្លាប់​នោះ ត្រូវ​ក្រុម​ឧទ្ទាម​កាត់​ក្បាល​នោះ​ទេ។

ព័ត៌មាន​នៃ​ការ​ស្លាប់​ដោយ​ក្រុម​ឧទ្ទាម​កាត់​ក្បាល​ទាហាន​ខ្មែរ​នោះ ត្រូវ​បាន​កាសែតក្នុង​ស្រុក និង​បរទេស ​ស្រង់​សំណេរ​របស់​លោក ឡុង ឌីម៉ង់ ដែល​បង្ហោះ​ក្នុង​ហ្វេសប៊ុក​មក​ផ្សព្វផ្សាយ។ ប៉ុន្តែ​ក្រោយ​មក​លោក ឡុង ឌីម៉ង់ បាន​លុប​ព័ត៌មាន​នោះ​ចោល​វិញ ហើយ​លោក​មិន​អត្ថាធិប្បាយ​អ្វី​ឡើយ​​ពីព័ត៌មាន​នេះ ទោះ​អាស៊ីសេរី​ព្យាយាម​សាកសួរ​លោក​យ៉ាង​ណា​ក្ដី។

ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី និង​ហេដ្ឋារចនាសម្ពន្ធ​របស់​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ដដែល​នេះ ដោយ​យល់​ថា បើ​ការ​បាត់​ខ្លួន​របស់​ទាហាន​ខ្មែរ ៣នាក់ និង​ទាហាន​ប្រទេស​ម៉ារ៉ុក​ម្នាក់​នោះ ជា​ការ​គេច​ខ្លួន​ពី​ការ​វាយ​ប្រហារ ពួកគេ​នឹង​ត្រឡប់​មក​ទីតាំង​វិញ​ក្រោយ​មេឃ​ភ្លឺ ប៉ុន្តែ​បើ​សិន​ករណី​ចាប់​ខ្លួន​ជា​ថ្នូរ​នឹង​អ្វី​មួយ ឬ​ជា​ការ​ដោះដូរ​ឈ្លើយ​សឹក​របស់​ក្រុម​ឧទ្ទាម​នោះ​ជាដើម លោក​ស្នើ​អង្គការ​សហប្រជាជាតិ​យក​ចិត្ត​ទុក​ធានា​អាយុ​ជីវិត​របស់​ពួកគេ៖ «ខ្ញុំ​សុំ​អំពាវនាវ​អង្គការ​សហប្រជាជាតិ យក​ការ​ទទួល​ខុស​ត្រូវ​មួយ​ដ៏​ខ្ពស់ ដើម្បី​អាយុ​ជីវិត​របស់​កម្ពុជា ពលីកម្ម​មួយ​ដែល​ខ្ញុំ​ចូលរួម​មរណទុក្ខ ក្នុង​នាម​រាជរដ្ឋាភិបាល​ចំពោះ​ពលីកម្ម​នេះ»។

លោក ហ៊ុន សែន បញ្ជាក់​ថា ទាហាន​ខ្មែរ​​ស្លាប់​នោះ​មាន​ស្រុក​កំណើត​នៅ​​ខេត្ត​សៀមរាប។ ប៉ុន្តែ​អភិបាល​រង​ខេត្ត​សៀមរាប លោក គឹម ឆៃហៀង ឲ្យ​ដឹង​ថា​រហូត​មក​ដល់​រសៀល​នេះ អាជ្ញាធរ​មិន​ទាន់​ដឹង​ថា ទាហាន​ដែល​ស្លាប់​នោះ មាន​ទី​លំនៅ ក្នុង​ឃុំ​ណា ស្រុក​ណា របស់​ខេត្ត​សៀមរាប នៅ​ឡើយ​ទេ។ លោក​ថា អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​រក​ទី​លំនៅ និង​ក្រុម​គ្រួសារ​របស់​គេ ដើម្បី​ជូន​ដំណឹង​ជុំវិញ​មរណភាព ព្រម​ទាំង​ចូលរួម​រំលែកទុក្ខ​ដល់​ក្រុម​គ្រួសារ​ជាដើម។

ករណី​នេះ​ដែរ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​ថ្លែង​សារ​រំលែក​ទុក្ខ​ចំពោះ​ការ​ស្លាប់​ទាហាន​ខ្មែរ និង​សោកស្ដាយ​ចំពោះ​ដំណឹង​នៃ​ការ​បាត់​ខ្លួន​នេះ។

របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា ឲ្យ​ដឹង​ថា បច្ចុប្បន្ន​កង​អនុ​សេនា​តូច​ស្ថាបនា​សំណង់​ផ្ដេក​ទី១ នៃ​កង​អនុ​សេនា​ធំ​វិស្វកម្ម​សំណង់​លេខ​៤៥៩ ចំនួន ២១៦​នាក់ ក្នុង​នោះ​ស្រី ៥នាក់ កំពុង​បំពេញ​ការងារ​ក្រោម​ទង់​អង្គការ​សហប្រជាជាតិ នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាល។ ដោយ​ឡែក ហេតុការណ៍​ផ្ទុះ​អាវុធ​នេះ មាន​ទាហាន​ខ្មែរ​១២​នាក់ ស្ថិត​ក្នុង​ហេតុការណ៍ និង​មាន​ទាហាន​ម៉ារ៉ុក​មួយ​ចំនួន​ការពារ​សុវត្ថិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។