រដ្ឋាភិបាលកម្ពុជា កំពុងសហការជាមួយប្រទេសកូរ៉េខាងត្បូង ក្នុងការរៀបចំកិច្ចប្រជុំជាសកលរយៈពេល២ថ្ងៃ នៅខេត្តសៀមរាប ដើម្បីពិគ្រោះយោបល់ទៅលើការរៀបចំគោលនយោបាយសំខាន់ៗក្នុងការអនុវត្តទិសដៅអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥។
កិច្ចប្រជុំដែលចាប់ផ្ដើមកាលពីព្រឹកថ្ងៃច័ន្ទទី២០ ខែតុលា គឺមានមន្ត្រីរដ្ឋាភិបាលមកពីក្រសួងមួយចំនួន តំណាងអង្គការសហប្រជាជាតិ ព្រមទាំងអង្គការសង្គមស៊ីវិលមកពីប្រទេសចំនួន៨ចូលរួម។
សង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ចង់ឃើញរដ្ឋាភិបាលនៃប្រទេសនេះ អនុវត្តរបៀបវារៈនៃការអភិវឌ្ឍ ក្រោយឆ្នាំ២០១៥ ដែលជាគោលដៅអភិវឌ្ឍន៍សហស្សវត្សថ្មីរយៈពេល១៤ឆ្នាំទៅមុខទៀត ឱ្យបានសំរេច ទៅតាមយន្តការដែលសមស្រប។
ចាប់ពីថ្ងៃទី ២០ដល់ទី២១ ខែតុលា តំណាងរដ្ឋាភិបាលកម្ពុជា ជាមួយសង្គមស៊ីវិល និងទីភ្នាក់ងារអង្គការសហប្រជាជាតិ កំពុងពិភាក្សាលើភាពជាដៃគូ ថាតើគួរមានរូបភាពបែបណា ដើម្បីជំរុញឱ្យការអនុវត្តន៍គោលដៅ អភិវឌ្ឍន៍សហស្សវត្សថ្មី មានប្រសិទ្ធិភាព?។
នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា លោក សឿង សារឿន គឺជាតំណាងសង្គមស៊ីវិលម្នាក់ ក្នុងចំណោមអង្គការ៣ផ្សេងទៀតរបស់កម្ពុជា ដែលកំពុងចូលរួមកិច្ចប្រជុំនោះ។ លោកមានប្រសាសន៍កាលពីថ្ងៃត្រង់ថ្ងៃច័ន្ទ ទី២០ខែតុលាថា៖ នៅក្នុងរបៀបវារៈ នៃការឈានទៅរកអនុវត្ដន៍ គោលដៅអភិវឌ្ឍន៍សហវត្សថ្មី ចាប់ពីឆ្នាំ២០១៦ ទៅដល់ឆ្នាំ២០៣០ ទាំងរដ្ឋាភិបាលកម្ពុជាបណ្ដាប្រទេសចំនួន៨ទៀត និងភាគីអង្គការសហប្រជាជាតិបានផ្ដោតការយកចិត្តទុកដាក់ទៅលើអាទិភាពសំខាន់១៧ចំណុច ដូចជាការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សមភាពយេនឌ័រ រវាងបុរសនិងស្រ្តី ការលើកកម្ពស់និរន្តរភាពបរិស្ថាន ការលើកកំពស់ភាពជាដៃគូ អំពីអភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយជាដើម។
លោក សឿង សារឿន បញ្ជាក់ទៀតថាការជួបជជែកគ្នា រយៈពេល២ថ្ងៃនេះ គឺសង្គមស៊ីវិល ដែលជាដៃគូ នឹងជំរុញឱ្យរដ្ឋាភិបាលទទួលស្គាល់តួនាទីរបស់ពួកគេក្នុងការចូលរួមវិភាគទាននៃការអភិវឌ្ឍន៍សង្គមផងដែរ៖ «កំពុងជជែកគ្នាថាតើភាពជាដៃគូ រវាងរដ្ឋាភិបាល ជាមួយអង្គការសង្គមស៊ីវិលហ្នឹងមានរូបភាពបែបណា ដើម្បី ជំរុញឱ្យការអនុវត្តន៍គោលដៅ សហសវត្សថ្មីនេះ មានប្រសិទ្ធិភាព។ សំខាន់មួយទៀតគឺយើងបង្កើតឱ្យមានប្រព័ន្ធគណនេយ្យភាព ឬក៏ប្រព័ន្ធនៃការទទួលខុសត្រូវនៅ ក្នុងស្ថាប័នទាំងអស់ហ្នឹង គឺពិសេសស្ថាប័នរដ្ឋាភិបាល គឺដើម្បី ត្រួតពិនិត្យមើល ភាពជាដៃគូ និងការរីក ចំរើនក្នុងការអនុវត្ត គោលដៅសហសវត្សថ្មីនេះ ឯង»។
លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីនិងជាអគ្គលេខាធិការគណៈកម្មាធិការ នីតិសម្បទា អភិវឌ្ឍន៍នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំមន្ត្រីមកពីក្រសួងមួយចំនួនចូលរួមប្រជុំ ដូចជាក្រសួងផែនការ ក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត។
ទោះយ៉ាងណារដ្ឋលេខាធិការ ក្រសួងផែនការដែលជាក្រសួងពាក់ព័ន្ធសំខាន់ ក្នុងផែនការនេះ លោក ទួន ថាវរៈ មិនអាចសុំការអធិប្បាយបានថាយ៉ាងណានៅឡើយ ដោយលោកមានប្រសាសន៍ថា៖ កំពុងជាប់រវល់៖ «បាទអត់ទោសខ្ញុំនៅជាប់ប្រជុំ ហើយឥឡូវនេះ ខ្ញុំ ជាប់ត្រៀមធ្វើ Presentation ។ ខ្ញុំរវល់ពេក ចាំៗ ថ្ងៃបន្តិចទៅ»។
កិច្ចប្រជុំដែលនឹងបញ្ចប់ នៅថ្ងៃទី២១ខែតុលា គឺមានប្រតិភូមកពីបណ្ដាប្រទេសចំនួន៨ចូលរួម ដូចជាប្រទេសអាហ្សឺបៃហ្សង់ (AzerbaiJan) កូឡុំប៊ី (Colombia) ឥណ្ឌូនេស៊ី(Indonesia) ហ្សកដង់ (Jordan) ឡេសូតូ(Lesotho) សាំងលូសៀ (Saing Lucia) ទុយនីស៊ី(Tunisia) និងកូរ៉េ ខាងត្បូង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។