ក្រុមតន្ត្រីមូលនិធិជនពិការដែលតែប្រគំសម្ដែងតាមផ្សារ និងតាមដងផ្លូវសាធារណៈនោះ រិះគន់ចំពោះសាលារាជធានីភ្នំពេញ ដែលត្រៀមដាក់វិធានការឲ្យបញ្ឈប់សកម្មភាពពួកគេ មិនឲ្យច្រៀងរៃអង្គាសថវិកាតាមទីសាធារណៈ។ វិធានការរបស់អាជ្ញាធរនេះ កំពុងក្លាយជាបញ្ហាប្រឈមខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគេ។ ទន្ទឹមគ្នានេះ ជនពិការព្រួយបារម្ភវិធានការនេះ នឹងបន្តរំលោភយ៉ាងធ្ងន់ធ្ងរលើសេដ្ឋកិច្ច ពិសេសអាចនឹងឲ្យពួកគាត់ធ្លាក់ខ្លួនក្លាយទៅជាអ្នកសុំទានម្តងទៀត។
តើក្រុមតន្ត្រីជនពិការ ដែលតែងធ្វើសកម្មភាពរៃអង្គាសប្រាក់តាមទីកន្លែងសាធារណៈ អាចនឹងប្រឈមបញ្ហាអ្វីខ្លះ?
ក្រុមតន្ត្រីជនពិការ មិនគាំទ្រវិធានការបញ្ឈប់សកម្មភាពប្រគំតន្ត្រីជនពិការជាសាធារណៈរបស់សាលាក្រុងភ្នំពេញនោះឡើយ ព្រោះមិនបានពិគ្រោះយោបល់ជាមុន ដើម្បីដឹងពីតម្រូវការចាំបាច់របស់ជនពិការនៅឡើយ។
ជាងនេះទៀត ជនពិការចាត់ទុកថា វិធានការនេះមិនបានឆ្លុះបញ្ចាំងពីស្ថានភាពរស់នៅជាក់ស្តែងរបស់ពួកគាត់ ជុំវិញការរស់នៅប្រចាំថ្ងៃ ការហូបចុក ស្នាក់នៅ និងការផ្គត់ផ្គង់ក្រុមគ្រួសារ ជាដើម។
«ចម្រៀងក្រុមតន្ត្រីជនពិការ»
ការលើកឡើង និងការបដិសេធមិនគាំទ្ររបស់ជនពិការនៅពេលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសាលារាជធានីភ្នំពេញ ដាក់វិធានការឲ្យបញ្ឈប់សកម្មភាពប្រគំតន្ត្រីដើម្បីរៃអង្គាសថវិកាជាសាធារណៈកាលពីពេលថ្មីៗនេះ។
ស្ត្រីពិការភ្នែកទាំងសងខាង ព្រមទាំងពិការជើងតាំងពីកំណើត កញ្ញា ស្រីតូច ដែលតែងច្រៀងតាមស្តុបនៅក្នុងទីក្រុងភ្នំពេញ បានប្រាប់វិទ្យុអាស៊ីសេរី ថា កញ្ញាចាប់អាជីពអ្នកចម្រៀងដើរច្រៀងតាមស្តុបអស់រយៈពេលជាង ៣ឆ្នាំមកហើយ។ ស្ត្រីវ័យជាង ៣០ឆ្នាំរូបនេះ ឲ្យដឹងបន្តថា ដោយសារតែឪពុកចាស់ជរា គ្រួសារក្រីក្រ ហេតុនេះបានជំរុញឲ្យកញ្ញាបង្ខំចិត្តប្រកបរបរនេះ៖ «ទីមួយខ្ញុំពិការមិនអាចធ្វើការងារអីបាន ម្យ៉ាងខ្ញុំកូនកំព្រាម្តាយ មានឪពុកចាស់ បងប្អូន ៣នាក់ទៀត សុទ្ធតែពិការ ចឹងហើយមានតែរបរនេះទេ បានអាចជួយខ្ញុំ និងក្រុមគ្រួសារគេចផុតពីជីវភាពតោកខ្វះខាតយ៉ាកនេះ»។
ស្ត្រីពិការរូបនេះ បានរៀបរាប់ពីដំណើរជីវិតរបស់ខ្លួនបន្តថា កន្លងមក កញ្ញាតែងដើរសុំតាមហាង និងភោជនីយដ្ឋានផ្សេងៗ ដើម្បីច្រៀងគ្រាន់ចិញ្ចឹមជីវិត តែភាគច្រើនម្ចាស់ហាង និងភោជនីយដ្ឋាន តែងបដិសេធ និងចង់បានតែអ្នកមានកាយសម្បទាគ្រប់គ្រាន់ប៉ុណ្ណោះ។ កញ្ញាដឹងថា សកម្មភាពច្រៀងតាមស្តុបសាធារណៈ ដើម្បីរៃអង្គាសថវិកា ជារឿងដែលមិនសមរម្យ ប៉ុន្តែកញ្ញា និងជនពិការដទៃទៀតគ្មានជម្រើសនោះឡើយ។ កញ្ញានៅតែទទូចឲ្យអាជ្ញាធរអនុគ្រោះ និងចង់ឃើញសាធារណជនគាំទ្រដល់ជនពិការ៖ «ខ្ញុំសូមគោរពដល់សន្ដានចិត្ត អ៊ំពូមីង ពិសេសរដ្ឋាភិបាល អាណិតដល់ជនពិការផង សូមគិតគូរគាំទ្រតិចក្តីច្រើនក្តីដល់ជនពិការផង»។
ទន្ទឹមគ្នានេះដែរ ជនពិការភ្នែកម្នាក់ទៀត លោក ហែម ពុទ្ធា បានឲ្យដឹងដែរថា លោកពិការភ្នែកទាំងសងខាងជាង ៧ឆ្នាំមកហើយ។ លោកបន្តថា បើប្រៀបធៀបជនពិការ និងមនុស្សទូទៅឃើញថា ជនពិការនៅតែមានគម្លាតពីគ្នា និងនៅតែមិនមានភាពស្មើគ្នានៅក្នុងសង្គម។ ជាងនេះលោកថា ជនពិការគ្រប់ប្រភេទនៅកម្ពុជា ភាគច្រើនត្រូវបានគេរើសអើង និងទុកចោលមួយឡែក ហើយបញ្ហានេះ បានធ្វើឲ្យជនពិការបាត់បង់ឱកាសក្នុងកិច្ចការអភិវឌ្ឍន៍សង្គម។

បុរសពិការភ្នែកដែលមានមាឌស្គមសម្បុរខ្មៅរូបនេះ បន្តថា មូលហេតុសង្គមមិនបានឲ្យតម្លៃ និងយកចិត្តទុកដាក់លើជនពិការនេះហើយ បានជំរុញឲ្យជនពិការរស់នៅក្នុងជីវភាពលំបាកលំបិន។ ប៉ុន្តែទាក់ទងនឹងវិធានការរបស់អាជ្ញាធរក្រុងវិញ លោកថា ដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គម មិនចង់ឲ្យជនពិការដើរច្រៀងតាមទីសាធារណៈបន្តទៀត រដ្ឋាភិបាលគួរតែសាងសង់កន្លែងណាមួយសមរម្យដល់ជនពិការ ដើម្បីបន្តអាជីពនេះបន្តទៀត។ លោកថា លោក និងជនពិការដទៃទៀត ចាត់ទុករបរដើរច្រៀងតាមស្តុបជារបរតែមួយគត់ដែលអាចបន្តជីវិតរស់នៅ និងប្រសើរជាងចាប់អាជីពជាអ្នកដើរសុំទានគេ៖ «ចង់ឲ្យរដ្ឋាភិបាល និងមនុស្សទូទៅកុំរើសអើងជនពិការ ធ្វើយ៉ាងណាឲ្យជនពិការ និងអ្នកទូទៅស្មើគ្នា»។
ចំណែកឯជនពិការភ្នែកម្នាក់ទៀត លោក ម៉ម សំអូន ប្រធានមូលនិធិតន្ត្រីជនពិការបានឲ្យដឹងថា រូបខ្លួនមិនទទួលបានការឧបត្ថម្ភណាមួយពីរដ្ឋាភិបាល និងស្ថាប័នណាមួយនោះឡើយ។ លោកថា វិធានការឲ្យបញ្ឈប់សកម្មភាពដើរច្រៀងតាមទីសាធារណៈរបស់សាលាក្រុងនៅពេលនេះ គឺប៉ះពាល់ខ្លាំងដល់ជីវភាពរស់នៅរបស់ជនពិការ ពិសេសវិធានការនេះជាការរំលោភផ្នែកសេដ្ឋកិច្ចរបស់គ្រួសារជនពិការយ៉ាងធ្ងន់ធ្ងរ។
លោកចង់ឃើញរដ្ឋាភិបាល គួរតែដោះស្រាយផ្តល់ឱកាសការងារដល់ពួកគេ ដើម្បីបម្រើការងារបានដូចមនុស្សធម្មតា ព្រោះបច្ចុប្បន្ន ជនពិការភាគច្រើនកំពុងជួបបញ្ហាប្រឈមអត់មានការងារធ្វើ៖ «ខ្ញុំអត់ចង់បានអីទេ ខ្ញុំចង់បានឲ្យតែកុំឲ្យបិទតន្ត្រីជនពិការ ព្រោះឥឡូវឮថាសាលាក្រុងចង់បិទតន្ត្រីជនពិការ ព្រោះបើបិទទៅជួបបញ្ហាច្រើនណាស់ ព្រោះជនពិការខ្លះខ្លួនមួយមិនអីទេ តែបើជនពិការមានគ្រួសារ ខ្លះមានប្ដី ឬប្រពន្ធជាជនពិការដូចគ្នា ចឹងហើយកុំធ្វើចឹងអី»។
ប្រធានអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន ធ្លាប់អះអាងថា ជនពិការមិនមែនជាបន្ទុកសម្រាប់សង្គមទេ បើសិនមានការបើកឱកាសឲ្យបានត្រឹមត្រូវណាមួយ ឬធ្វើការសម្របសម្រួល និងយកចិត្តទុកដាក់លើពួកគេ។ លោកថា ដើម្បីដោះស្រាយរាល់បញ្ហាជនពិការណាមួយ រដ្ឋាភិបាល ពិសេសក្រសួងសង្គមកិច្ច ត្រូវតែធានាថា ឲ្យជនពិការទទួលបានសិទ្ធិ និងឱកាសស្មើគ្នាដូចមនុស្សទូទៅដែរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ដើម្បីដឹងពីវិធានការបន្តក្រោយបញ្ឈប់សកម្មភាពក្រុមតន្ត្រីជនពិការ មិនឲ្យច្រៀងតាមទីសាធារណៈបានយ៉ាងណានៅឡើយទេ នៅថ្ងៃទី១១ ខែវិច្ឆិកា។
ទាក់ទិននឹងការបញ្ឈប់ឲ្យជនពិការច្រៀងរៃអង្គាសប្រាក់តាមទីសាធារណៈនេះដែរ កាលពីខែកញ្ញា កន្លងទៅ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ចាប ឬទ្ធី ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី ថា វិធានការនេះ គឺដើម្បីការពារសុវត្ថិភាព សុខភាព និងដើម្បីធានាសិទ្ធិរបស់បងប្អូនជនពិការ។ ជាងនេះទៀត លោកថា រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់រកយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់ជនពិការ និងធានាថា ជនពិការអាចទទួលសេវាអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយគុណភាព និងសមភាពដូចមនុស្សទូទៅដែរ។
ជនពិការដែលតែងធ្វើសកម្មភាពដើរច្រៀងតាមទីសាធារណៈ ដើម្បីរៃអង្គាសថវិកាដើម្បីចិញ្ចឹមជីវិត នៅតែរិះគន់ថា វិធានការរបស់សាលាក្រុងមិនបានឆ្លុះបញ្ចាំងពីស្ថានភាពរស់នៅជាក់ស្តែងរបស់ជនពិការនៅកម្ពុជា។ ក្រុមតន្ត្រីជនពិការ អំពាវនាវឲ្យសាលាក្រុង ជាពិសេសក្រុមប្រឹក្សាសកម្មភាពជនពិការ បញ្ឈប់វិធានការដែលមិនបានលើកទឹកចិត្តជនពិការ និងសកម្មភាពដែលរំលោភសិទ្ធិផ្នែកសេដ្ឋកិច្ចជនពិការ។
សន្និសីទកាសែតអបអរសាទរខួប ៦ឆ្នាំនៃការបង្កើតច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបានរៀបចំឡើងកាលពីថ្ងៃទី៣ កក្កដា កន្លងទៅ ជនពិការដែលបានចូលរួមក្នុងសន្និសីទកាសែតនោះ ចង់ឲ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ជនពិការ ពិសេសជំរុញឲ្យជនពិការទទួលបានសិទ្ធិស្មើគ្នា ព្រោះថា ជនពិការមានប្រមាណជាង ១០% ទៅ ១៥% ដែលអាចស្មើនឹង ១លាន ៥សែននាក់នៅក្នុងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
