ប្រជាពលរដ្ឋជិត ១០០គ្រួសារ ដែលបាននាំគ្នាទៅរស់នៅលើតំបន់បឹងទន្លេសាប កំពុងជួបប្រទះការលំបាកច្រើន ដោយសារតែតំបន់នោះជាតំបន់ព្រៃលិចទឹក ពិបាកធ្វើការអភិវឌ្ឍ។ បច្ចុប្បន្ន នៅលើទីតាំងដែលអ្នកភូមិកំពុងរស់នៅនោះ គេសង្កេតឃើញថា ពុំមានសាលារៀន មណ្ឌលសុខភាព និងប្រព័ន្ធទឹកស្អាតប្រើប្រាស់នោះទេ។
ទោះជាមានការលំបាកយ៉ាងនេះក្ដី ក៏អ្នកភូមិទាំងនោះ បាននាំគ្នារស់នៅតាមទម្លាប់ ហើយកូនចៅរបស់ពួកគេប្រឈមទៅនឹងភាពអវិជ្ជាធ្ងន់ធ្ងរទៅថ្ងៃអនាគត។
ចំណុចពាមផ្សោត ជាឈ្មោះទីតាំងមួយរបស់អ្នកភូមិដែលស្ថិតនៅតំបន់បឹងទន្លេសាប ក្នុងឡូត៍លេខ៤ ហើយតំបន់នេះជាដែនរដ្ឋបាលគ្រប់គ្រងរបស់ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
នៅរដូវប្រាំងនេះ គេសង្កេតឃើញក្រុមអ្នកភូមិនាំគ្នាសង់លំនៅឋានរខេករខាក រស់នៅលើទីទួលមាត់ស្ទឹង ដែលមានព្រៃរនាមដុះអមនៅជុំវិញ។
អ្នកភូមិឈ្មោះ ឌឿក ហ៊ត អាយុ ៤៦ឆ្នាំ បានបញ្ជាក់ថា ចំណុចពាមផ្សោត នេះ មានប្រជាពលរដ្ឋនាំគ្នាចូលទៅរស់នៅតាំងពីឆ្នាំ១៩៨០។ ពោល គឺនៅក្នុងសម័យកងទ័ពខ្មែរក្រហម នៅពេលប្រទេសកម្ពុជា មានសង្គ្រាមមកម្ល៉េះ។ លោកថា ពីមុនមកមានប្រជាពលរដ្ឋមិនច្រើនគ្រួសារទេ បាននាំគ្នាចូលទៅរស់នៅតំបន់នោះ លុះក្រោយមក ប្រជាពលរដ្ឋពួកគាត់បាននាំគ្នាបង្កើតកូនពូនជាចៅ ធ្វើឲ្យចំនួនគ្រួសារមានការកើនឡើងរហូត។
លោក ឌឿក ហ៊ត៖ «រស់នៅទីនេះតាមធម្មជាតិ ទឹកឡើងអ្នកមានលុយធ្វើផែនៅ អ្នកពុំមានលុយនាំគ្នារស់នៅលើចុងរាំងកម្ពស់ទឹកឡើងវាអត់ទៀង បើទឹកឡើងទៅបីបួនម៉ែត្រ បើទឹកធំបួនទៅប្រាំមួយម៉ែត្រ។ អ្នកខ្លះមានលុយ គេទិញភុយទៅ អ្នកខ្លះកាប់គល់យកមកដាក់មានខ្សែចងជាមួយដើមរាំង ដល់ពេលខែសម្រកចុះមកនៅលើដីវិញ»។
លំនៅឋានខ្លះមានតែដំបូលខ្វះជញ្ជាំង សង់រតេតរតូតនៅលើមាត់ស្ទឹង និងខ្លះទៀតសង់លើផែនៅក្នុងដងស្ទឹងនៅរដូវប្រាំងនេះ។ ផ្ទះខ្លះ មានលក់គ្រឿងទេសបន្តិចបន្តួច និងខ្លះលក់នំចំណីលាយឡំក្លិនត្រីប្រហុក ដែលគេកាត់ក្បាលវះយកសាច់ដាក់ហាលថ្ងៃនៅក្នុងភូមិ។ ហើយនៅតាមលំនៅឋានខ្លះទៀត ក្រុមអ្នកភូមិបាននាំគ្នាលេងល្បែងស៊ីសង។
«សំឡេងក្រឡុកឡូតូ»
អ្នកភូមិឈ្មោះ កេន ចាន់ អាយុ ៤១ឆ្នាំ ថ្លែងថា គាត់បានរស់នៅចំណុចពាមផ្សោត អស់រយៈពេល ១០ឆ្នាំមកហើយ។ ប្រជាពលរដ្ឋទាំងអស់ពុំមានដីស្រែចម្ការសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត ហើយពឹងផ្អែកទាំងស្រុងលើមុខរបរនេសាទត្រី។ ការរស់នៅរបស់អ្នកភូមិជួបការលំបាកទាំងនៅរដូវវស្សា និងនៅរដូវប្រាំង ប៉ុន្តែដោយសារពួកគាត់ពុំមានដីសម្រាប់សង់លំនៅឋាន ក៏ចេះតែនាំគ្នាតស៊ូរស់នៅរហូតមកតាមបែបធម្មជាតិ។
លោក កេន ចាន់៖ «តាំងពីជំនាន់ដូនតាមក ចេះតែរស់នៅនេះ ចេះតែរស់នៅអ៊ីចឹងទៅ ពិបាកនៅខែទឹកឡើង ផ្លូវធ្វើដំណើរ ហើយនៅឆ្ងាយពីមន្ទីរពេទ្យ ពេលឈឺស្កាត់ចាស់ទុំអីទម្រាំដឹកទៅដល់ពេទ្យនៅឆ្ងាយ។ ហើយខ្ញុំក្រ កូនទៅឆ្ងាយអត់មានអ្នកនៅបីបាច់ថែរក្សា មានគ្រួសារនៅរកកូនម៉ែហ្នឹងឯង»។
នៅក្នុងភូមិ គេសង្កេតឃើញក្មេងតូចៗជាច្រើនបានរត់ប្រដេញគ្នាលេង លាយឡំនឹងសម្លៀកបំពាក់ប្រឡូកប្រឡាក់នៅក្រោមកម្ដៅថ្ងៃក្ដៅហែង។ នៅក្នុងផ្ទះ និងនៅក្រោមផ្ទះមានមនុស្សក្មេងចាស់ប្រុសស្រីជាច្រើននាក់ ខ្លះអង្គុយ ខ្លះដេកសម្រាកជាមួយកូនតូចរបស់ពួកគេ។
លោក ស្រី សេងបាត់ អាយុ ៤៦ឆ្នាំ ថ្លែងថា គាត់មានកូនប្រុសស្រីចំនួន ១០នាក់។ ពួកគេពុំបានរៀនសូត្រមានចំណេះដឹងទេ ដោយសារតែជីវភាពគ្រួសារក្រីក្រ គ្មានដីស្រែចម្ការ ហើយពឹងផ្អែកទៅលើមុខរបរនេសាទពីមួយឆ្នាំទៅមួយឆ្នាំ។
លោក ស្រី សេងបាត់៖ «ម៉ែឪរកខ្វះមុខខ្វះក្រោយដាក់ឡើ ក្នុងមួយថ្ងៃបានត្រី ១គីឡូ ពីរគីឡូ ធ្វើមាំ។ កូនចៅទាំងអស់ពុំដែលបានទៅរៀនទេ រស់នៅទីនេះឯង គ្មានចេះអីទេ ព្រោះម៉ែឪក្រនោះ ធ្វើម៉េចមានលុយឲ្យកូនទៅរៀន នៅលើរកខ្លួនឯងមិនគ្រប់ហូប ផលមានលុយណាផ្ដល់ឲ្យកូនទៅរៀន»។
មេក្រុមទី២៧ លោក រឿន ឌឿន បានរៀបរាប់ថា ប្រជាពលរដ្ឋរស់នៅចំណុចពាមផ្សោត មានចំនួន ៧៦គ្រួសារ មានកូនចៅគ្រប់គ្នា ប៉ុន្តែកូនចៅរបស់ពួកគាត់ពុំបានរៀនសូត្រនោះទេ ដោយសារតែនៅចំណុចពាមផ្សោត ពុំមានសាលារៀន។ គ្រួសារភាគច្រើនមានជីវភាពក្រីក្រ ពុំមានដីស្រែចម្ការបង្កបង្កើនផល ពឹងផ្អែកលើមុខរបរនេសាទមួយមុខគត់។
លោក រឿន ឌឿន៖ «នៅនេះក្មេងអត់មានសាលារៀន អត់មានអីទីពឹង។ អ៊ីចឹងកូនក្មេងនៅនេះអត់មានអីរៀនសូត្រទេ ល្ងង់ដល់ឪពុកម្ដាយហើយល្ងង់ដល់កូន។ ម្ដាយអត់បានរៀន កូនមិនបានរៀន រហូតដល់ចៅ កន្លែងតំបន់លិចទឹកពុំមានសាលារៀន រដូវប្រាំង និងរដូវវស្សា វាលំបាកដូចគ្នាណា។ មួយ លទ្ធភាពយើងពេលរដូវស្រែអត់មានអ៊ីចឹងចេះតែប្រឹង។ ទីពីរ រដូវវស្សាភ្លៀងផ្គរចេះតែទៅរក ហើយតិចច្រើនធ្វើម៉េចឲ្យតែចិញ្ចឹមក្រពះរស់។ វាអត់មានពេលណាថាពេលស្រួល គឺលំបាករហូត»។
លោកបន្តថា នៅក្នុងភូមិពុំមានសាលារៀន និងពុំមានមណ្ឌលសុខភាព ធ្វើអោយអ្នកភូមិប្រឈមទៅបញ្ហាច្រើន។ លោកថា កន្លងទៅនេះមានអង្គការ និងអាជ្ញាធរខ្លះបានចុះទៅកាន់តំបន់នោះសួរសុខទុក្ខអ្នកភូមិ ដោយបាននាំទៅជាមួយអំណោយសប្បុរសធម៌ខ្លះជូនអ្នកភូមិ ប៉ុន្តែជាក់ស្ដែង ជីវភាពរស់នៅរបស់អ្នកភូមិនៅតែជួបការលំបាក។
អនុប្រធានភូមិបឹងទឹម លោក យឿម រ៉ាន់ ថ្លែងថា តំបន់ពាមផ្សោត ស្ថិតនៅតំបន់បឹងទន្លេសាប ហើយប្រជាពលរដ្ឋពួកគាត់បានចូលទៅរស់នៅអស់រយៈពេលច្រើនឆ្នាំមកហើយ។ ប្រជាពលរដ្ឋនាំគ្នារស់នៅតាមមាត់ស្ទឹងនោះប្រកបរបរនេសាទទាំងនៅរដូវប្រាំង និងនៅរដូវវស្សា។ នៅរដូវទឹកឡើង ពួកគាត់នាំគ្នាធ្វើផែបណ្ដែតទឹករស់នៅ លុះដល់រដូវប្រាំងទឹកស្រក ពួកគាត់នាំគ្នាចុះមកនៅតាមទីទួលជាប់មាត់ស្ទឹង។ ការរស់នៅរបស់អ្នកភូមិជួបការលំបាកច្រើន។
លោក យឿម រ៉ាន់៖ «អូរមហាសែនលំបាក លំបាកទី១ គាត់អត់មានសាលារៀន។ ទី២ ឪម៉ែល្ងឹតល្ងង់ពីផ្លូវច្បាប់ គ្មានបានមកប្រជុំនឹងគេឲ្យដឹងច្បាប់ទម្លាប់ គេប្រែប្រួលយ៉ាងម៉េច ជួនកាលបានស្ដាប់វិទ្យុទៅគ្រាន់បន្តិច បើអត់ចេះស្ដាប់វិទ្យុទៀត ល្ងង់មែនទែន។ ដល់អ៊ីចឹងទៅ រកស៊ីលំបាក រាល់ថ្ងៃកូនចៅក៏ល្ងឹតល្ងង់គ្មានសាលារៀនណាអត់មានទេ អ៊ីចឹងអវិជ្ជាមនុស្ស ៧៦គ្រួសារ»។
លោកបន្តថា កន្លងទៅនេះ មានអង្គការក្រៅរដ្ឋាភិបាលមួយបានសន្យាសង់សាលារៀននៅលើផែបណ្ដែតទឹកឲ្យប្រជាពលរដ្ឋ នៅចំណុចពាមផ្សោត ដើម្បីឲ្យកូនចៅអ្នកភូមិបានរៀនសូត្រ។ ប៉ុន្តែការសន្យានោះបានត្រឹមតែសន្យា តែរហូតមកដល់ពេលនេះពុំទាន់មានឃើញសកម្មភាពវិជ្ជមានត្រូវដាក់ចេញនោះទេ។ អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក និងខេត្ត ក៏ពុំមានមានផែនការជាក់លាក់ណាមួយ ដើម្បីជួយដល់អ្នកភូមិរស់នៅចំណុចពាមផ្សោត នោះដែរ។
ប្រជាពលរដ្ឋរស់នៅចំណុចពាមផ្សោត ពួកគាត់ពុំចង់រស់នៅតំបន់ទឹកបឹងទន្លេសាប នោះទេ ប៉ុន្តែបញ្ហាដោយសារពួកគាត់ពុំមានដីសង់លំនៅឋាន និងដីស្រែចម្ការសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត។ ពួកគាត់អះអាងថា បើសិនរដ្ឋាភិបាលរកដីឲ្យពួកគាត់សង់លំនៅឋាន និងដីស្រែចម្ការបង្កបង្កើនបាន ពួកគាត់នឹងនាំគ្នារើចេញពីតំបន់បឹងទន្លេសាប នោះទៅកាន់ទីតាំងថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
