សិស្សានុសិស្សប្រឡងមធ្យមសិក្សាបឋមភូមិ ហៅថាឌីប្លូម លើកឡើងថា ប្រឡងឆ្នាំនេះ ក្រសួងអប់រំ បានរឹតបន្តឹងវិន័យប្រឡងបានល្អ មានរបៀបរៀបរយ និងមិនមានការលួចមើលសំណៅវិញ្ញាសានោះទេ។ ទន្ទឹមគ្នានេះ សិស្សានុសិស្សទាំងនោះសង្ឃឹមជាប់ច្រើន ខណៈរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ប្រកាសថាអាចមានអ្នកជាប់រហូតជាង ៩០ភាគរយ។
សិស្សានុសិស្សប្រឡងមធ្យមសិក្សាបឋមភូមិ ឌីប្លូម នៅតាមមណ្ឌលប្រឡងវិទ្យាល័យមួយចំនួននៅក្នុងរាជធានីភ្នំពេញ មានសង្ឃឹមជាប់ច្រើន ខណៈវិញ្ញាសាប្រឡងមិនសូវតឹងតែង។
បេក្ខជនម្នាក់មកពីមណ្ឌលវិទ្យាល័យ បាក់ទូក បេក្ខជន ជា សុថារិទ្ធ បានឲ្យដឹងថា ប្រឡងឌីប្លូមរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១១ សីហា គ្រូអនុរក្សរឹតបន្តឹងមិនឲ្យបើកសំណៅវិញ្ញាសានោះទេ ចំណែកវិញ្ញាសាវិញ ក៏មិនមានបែកធ្លាយនោះដែរ។ យុវជនរូបនេះនិយាយទាំងទឹកមុខញញឹមបន្តថា លោកជឿជាក់ទាំងស្រុងថា នឹងប្រឡងបាននិទ្ទេសល្អ ហើយលោកស្នើឲ្យក្រសួងអប់រំ បន្តរឹតបន្តឹងការប្រឡងបន្តទៀត ដើម្បីចម្រាញ់យកគុណភាពសិស្ស៖ «មុខវិជ្ជាស្ទើរទាំងអស់ ខ្ញុំអាចធ្វើបានទាំងមុខគណិតវិទ្យា រូបវិទ្យា ជីវវិទ្យា ដែលជាមុខវិជ្ជាពិបាក ក៏ខ្ញុំធ្វើបានដែរ ដូច្នេះខ្ញុំសង្ឃឹម ៨០% ថាខ្ញុំបាននិទ្ទេសល្អ»។
ជាបេក្ខជនប្រឡងនៅមណ្ឌលវិទ្យាល័យ បាក់ទូក ម្នាក់ទៀត កញ្ញា សំ ភាផាឌី បាននិយាយដែរថា បើទោះជាការប្រឡងរឹតបន្តឹងក្តី តែវិញ្ញាសាប្រឡងមិនសូវតឹងតែងនោះទេ បង្កភាពងាយស្រួលឲ្យសិស្សភាគច្រើនធ្វើរួចរាល់ស្ទើរតែគ្រប់គ្នា។
ចំណែកឯបេក្ខជនប្រឡងមកពីមណ្ឌលប្រឡងសន្ធរមុខ ឯណោះវិញ កញ្ញា ហេង អៀងណា បានឲ្យដឹងថា ការប្រឡងរយៈពេលពីរថ្ងៃ ក្រសួងមិនអនុញ្ញាតឲ្យយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកទៅក្នុងបន្ទប់ប្រឡងទេ។ លើសពីនេះ មិនមានការចំណាយលុយទៅលើអនុរក្សនោះដែរ៖ «គ្រូអនុរក្សមុនពេលចូលមណ្ឌលប្រឡងគេឆែក ពេលទៅបន្ទប់ប្រឡងគេឆែកទៀត គេមិនឲ្យមើលគ្នា ឬយកទូរស័ព្ទចូលនោះទេ»។
ជាអាណាព្យាបាលម្នាក់ដែលបានមកចាំទទួលកូននៅវិទ្យាល័យ បាក់ទូក លោក ទិត្យ បុរី បាននិយាយថា លោកមិនសូវព្រួយបារម្ភពីលទ្ធផលប្រឡងរបស់កូនលោកនោះទេ។ លោក ទិត្យ បុរី បានឲ្យដឹងទៀតថា ការប្រឡងរយៈពេលពីរថ្ងៃនេះ ឃើញថាមានសភាពស្ងប់ស្ងាត់ មិនសូវរញ៉េរញ៉ៃដូចឆ្នាំមុនៗនោះទេ ដោយសារតែប្រឡងឆ្នាំនេះវិញ្ញាសាតាមមុខវិជ្ជានីមួយៗងាយស្រួលជាងមុន៖ «ឆ្នាំនេះមិនឃើញមានអ្នកណាបោះប្រ៊ុយយ៉ុង គេយាមបានល្អ មិនដូចឆ្នាំមុនៗទេ ឃើញថាមានសណ្ដាប់ធ្នាប់ល្អ»។
ទន្ទឹមគ្នានឹងសិស្សានុសិស្សប្រឡងឌីប្លូម សង្ឃឹមជាប់ច្រើននេះដែរ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ សីហា ថា ការប្រឡងឌីប្លូមដែលទើបនឹងបិទបញ្ចប់នៅថ្ងៃទី១១ សីហា មិនមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងនោះទេ ព្រោះថាចាប់ពីឆ្នាំ២០១៤ មក ក្រសួងអប់រំ បានប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗ រៀបចំការប្រឡង ដោយរាប់ទាំងពីការរៀបចំប្រធានវិញ្ញាសា ដំណើរការសំណេរ កំណែស្រង់បូកពិន្ទុ និងប្រកាសលទ្ធផល។
លោក ហង់ ជួនណារ៉ុន បានឲ្យដឹងទៀតថា លទ្ធផលដែលទទួលបានអាចប្រហាក់ប្រហែលនឹងឆ្នាំមុន ដែលមានអ្នកជាប់រហូតជាង ៩០ភាគរយ (៩៥%) ប៉ុន្តែលោកថា យ៉ាងណាក៏ដោយ ក្រសួងនឹងធ្វើការវាយតម្លៃលទ្ធផលដែលទទួលបាន ដើម្បីជំរុញឲ្យការប្រឡងលើកក្រោយកាន់តែប្រសើរឡើង៖ «ប្រឡងឌីប្លូមឆ្នាំនេះ វាមិនមានអ្វីដែលគួរឲ្យព្រួយបារម្ភនោះទេ អាចនឹងជាប់រហូតដល់ ៩០% ប៉ុន្តែក្រសួងនឹងប្រមូលលទ្ធផល ឬបញ្ហាប្រឈមទៅធ្វើការវាយតម្លៃ ដើម្បីស្វែងរកចំណុចខ្លាំង ឬចំណុចខ្សោយ ធ្វើយ៉ាងពង្រឹងគុណភាពអប់រំបន្តទៀត»។
ប្រឡងសញ្ញាបត្របឋមភូមិទូទាំងប្រទេសនៅឆ្នាំ២០១៥ នេះ មានបេក្ខជនចូលរួមប្រឡងមានជាង ១០ម៉ឺននាក់ និងចែកជា ១.៥៧៣មណ្ឌលប្រឡង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
