ក្រុមប្រឹក្សាការងារអនុម័តសេចក្តីព្រាងប្រកាស ស្ដីពីលក្ខខណ្ឌការងារ និងវិធានអនាម័យ សន្តិសុខការងារ នៃសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន ផ្នែកសេវាកម្សាន្ត។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាការងារ កាលពីថ្ងៃទី ១៧ មិថុនា បញ្ជាក់ថា ប្រកាសនេះ ធ្វើឡើងដើម្បីពង្រឹង ការអនុវត្តច្បាប់ស្ដីពីការងារដោយគ្មានការរើសអើង កំណត់កាតព្វកិច្ចតាមច្បាប់ពីសំណាក់និយោជក ចំពោះនិយោជិកផ្នែកសេវាកម្សាន្តនិងបង្កើតទំនាក់ទំនងរវាងនិយោជកនិងកម្មករនិយោជិកបានល្អប្រសើរស្របតាមច្បាប់ស្ដីពីការងារ៖ «តាមជាក់ស្ដែង អ្នក នៅ សេវាកំសាន្ត គាត់ធ្វើការងារច្រើនម៉ោងដែលមិនមានការបង់លុយឲ្យត្រឹមត្រូវ ហើយបង្ខំឲ្យធ្វើការងារជួនកាលបង្ខំឲ្យផឹក ហួសចំណុះ ឬ ការបញ្ឈប់មិនដែល ដោះស្រាយឲ្យសមស្របតាមច្បាប់ ទេ»។
ប្រកាសនេះផ្ដោតលើក្រុមហ៊ុនផ្នែកសេវាកម្សាន្តរួមមាន ក្រុមហ៊ុនលក់ដុំ និងរាយ នូវភេសជ្ជៈគ្រប់ប្រភេទ សណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ ខារ៉ាអូខេ ឌីស្កូតែក ក្លឹបកម្សាន្ត បៀរហ្គាឌិន កាស៊ីណូ កន្លែងម៉ាស្សា មណ្ឌលកម្សាន្តនៃទេសចរណ៍ វប្បធម៌ ឬធម្មជាតិ។ សេចក្តីប្រកាសនេះ កំណត់ម៉ោងធ្វើការងារ អតិបរមា គឺ ៨ម៉ោង ក្នុងមួយថ្ងៃ ឬ ៤៨ ម៉ោង ក្នុងមួយសប្តាហ៍។ ប្រសិនបើឲ្យកម្មករ ធ្វើការលើសរយៈពេលធ្វើការអតិបរមា ត្រូវផ្តល់ប្រាក់ឈ្នួលបន្ថែមម៉ោង។ កម្មករនិយោជិក ត្រូវទទួលបានសិទ្ធិ និងផលប្រយោជន៍ តាមច្បាប់ស្ដីពីការងារ ដូចកម្មករនិយោជិក ក្នុងវិស័យផ្សេងដែរ។
ប្រកាសនេះ ក៏ហាមឃាត់ការងារដោយបង្ខំ។ ម្ចាស់ក្រុមហ៊ុន មិនអាចបង្ខំកម្មករ ធ្វើការដោយបង្ខំ ឬប្រើមធ្យោបាយបង្ខំកម្មករ ឲ្យធ្វើការលើសម៉ោង ឬផឹកគ្រឿងស្រវឹង ឬប្រើគ្រឿងញៀន ឬរំលូតកូន និងមិនអាចប្រើអំពើហិង្សា ឬប្រទូសកេរខ្មាសទៅលើកម្មករនិយោជិតផ្នែកសេវាកម្មកម្សាន្តឡើយ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ គ្រោងនឹង ចុះហត្ថលេខាលើប្រកាសនេះ នៅពេលខាងមុខ ដើម្បីប្រើប្រាស់ជាផ្លូវការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
