ឪពុកម្ដាយសិស្សខ្លះនៃអនុវិទ្យាល័យថ្មតាព្រហ្ម ក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ចោទនាយិកាអនុវិទ្យាល័យនេះ ថាបានកាត់ប្រាក់អាហារូបករណ៍របស់សិស្សក្រីក្រ ដើម្បីយកជាប្រយោជន៍បុគ្គល។ ចំណែកឪពុកម្ដាយសិស្សខ្លះទៀត បែរជាគាំទ្រការកាត់ប្រាក់នេះទៅវិញ។
តើបាតុភាពនេះមានហេតុផលពិតយ៉ាងណាខ្លះ?
ឪពុកសិស្សនៃអនុវិទ្យាល័យថ្មតាព្រហ្ម ឋិតនៅភូមិត្បូងខ្លា អំពាវនាវឲ្យក្រសួងអប់រំ ស៊ើបអង្កេតទៅលើភាពមិនប្រក្រតីនៃការកាត់ប្រាក់អាហារូបករណ៍របស់សិស្ស ដែលក្រសួងអប់រំ បានផ្គត់ផ្គង់សម្រាប់សិស្សក្រីក្រនៅតំបន់ជនបទ។
ការអំពាវនាវនេះ កើតមានឡើងបន្ទាប់ពីនាយិកាអនុវិទ្យាល័យបានកាត់ប្រាក់ប្រមាណ ៥ពាន់រៀលក្នុងចំនួនប្រាក់ ១២ម៉ឺនរៀលជារបបអាហារូបករណ៍របស់កូនគាត់ប្រចាំឆ្នាំ២០១៥ ដែលទើបបានទទួលកាលពីចុងសប្ដាហ៍មុននេះ។
ឪពុកសិស្សមួយរូបនៃអនុវិទ្យាល័យថ្មតាព្រហ្ម គឺលោក គង់ ឡង់ឌី សម្ដែងការមិនពេញចិត្តចំពោះការកាត់ប្រាក់ពីកូនរបស់លោក ពីព្រោះលោកថា ការកាត់ប្រាក់អាហារូបករណ៍នេះ គឺធ្វើឡើងដើម្បីបម្រើផលប្រយោជន៍បុគ្គល និងមិនមានការយល់ព្រមពីឪពុកម្ដាយសិស្សទេ។ លោកចាត់ទុកសកម្មភាពនេះថា គឺជាការកិបកេងទៅលើប្រាក់ឧបត្ថម្ភរបស់ក្រសួងអប់រំ ដែលផ្តល់ឲ្យសិស្សក្រីក្រសម្រាប់បំពេញតម្រូវការសិស្សានុសិស្សនៅជនបទដាច់ស្រយាល៖ «គ្រូហ្នឹងគាត់ដកយកម្នាក់ ៥ពាន់យកលុយចាក់សាំង។ សិស្សគ្នាក្រីក្រចង់ងាប់ គេខំជួយមក ហើយគ្រូដកយកម្នាក់ ៥ពាន់ទៀត»។
អនុវិទ្យាល័យថ្មតាព្រហ្ម មានអគារសិក្សាមួយខ្នងបីបន្ទាប់ និងមានគ្រូបង្រៀន ៨នាក់ បង្រៀនសិស្សប្រមាណ ៩០នាក់ ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩។ នៅក្នុងឆ្នាំសិក្សា២០១៥ នេះ សិស្សក្រីក្រនៅអនុវិទ្យាល័យនេះចំនួន ៦៧នាក់ បានទទួលអាហារូបករណ៍ពី ៦ម៉ឺនរៀលរហូតដល់ ១២ម៉ឺនរៀល។
ទាក់ទិនការចោទប្រកាន់នេះ នាយិកាអនុវិទ្យាល័យថ្មតាព្រហ្ម លោកស្រី ប៉ែន សុគន្ធារី ទទួលស្គាល់ថា ពិតជាបានទទួលប្រាក់ពីសិស្សទទួលអាហារូបករណ៍ណា ដែលអាណាព្យាបាលបានស្ម័គ្រចិត្តផ្តល់ប្រាក់នេះ សម្រាប់ការឧបត្ថម្ភសាងសង់ផ្ទះស្នាក់នៅរបស់គ្រូនៅវិទ្យាល័យនេះ ប៉ុន្តែមិនមានការកំណត់ចំនួនទឹកប្រាក់ឧបត្ថម្ភនោះទេ។ លោកស្រីកត់សម្គាល់ថា ឪពុកសិស្សដែលចោទប្រកាន់រឿងនេះ ទំនងមិនបានមកប្រជុំពេលបើកប្រាក់អាហារូបករណ៍សិស្ស ហេតុនេះទើបយល់ច្រឡំ ឬមានចេតនាបង្កបញ្ហានេះ ដើម្បីទម្លាក់កំហុសលើថ្នាក់ដឹកនាំអនុវិទ្យាល័យ៖ «ខ្វះក្ដារកន្លងមក យើងចេះតែរកសុំសប្បុរសជនបានស័ង្កសី បានថ្មអ៊ីចឹងទៅ ហើយនៅខ្វះក្ដារ បានយើងសម្រេចចិត្តសុំ កន្លងមកគាត់ជួយតើ! អាណាព្យាបាលដែលប្ដឹង គាត់អត់បានមកចូលរួមប្រជុំ ហើយគាត់ក៏អត់បានដឹងកិច្ចការសាលាដែរមើលទៅ បានគាត់ប្ដឹង។ ចំនួនដែលបានក៏អត់គ្រប់សិស្សដែរខ្លះ សិស្សខ្លះឲ្យយើងយក មិនឲ្យក៏យើងមិនយកដែរ ប័ណ្ណហ្នឹងអាណាព្យាបាលសិស្សមកផ្ដិតមេដៃខ្លះឲ្យពីរពាន់ ខ្លះឲ្យមួយពាន់»។
យល់ស្របជាមួយការអះអាងរបស់នាយិកាអនុវិទ្យាល័យនេះ ឪពុកសិស្សអាហារូបករណ៍មួយរូបទៀត គឺលោក ឈឹម ទ្រី មានប្រសាសន៍ថា លោកបានចូលរួមប្រជុំជាមួយអាណាព្យាបាលសិស្សប្រមាណ ៥០នាក់ ខណៈនាយិកាអនុវិទ្យាល័យអញ្ជើញលោកមកបើកប្រាក់អាហារូបករណ៍កូន កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ លោកថា គោលការណ៍កាត់ប្រាក់នេះ ធ្វើឡើងតាមការស្ម័គ្រចិត្តរបស់អាណាព្យាបាលសិស្ស តាមការអំពាវនាវរបស់ថ្នាក់ដឹកនាំអនុវិទ្យាល័យ ដើម្បីប្រមូលប្រាក់ឧបត្ថម្ភនេះធ្វើបង្ហើយបន្ទប់ស្នាក់នៅជូនគ្រូមកពីតំបន់ឆ្ងាយ ដែលមិនមានកន្លែងស្នាក់នៅ៖ «ប្រជុំគាត់សុំថាក្នុងសាលាអនុវិទ្យាល័យហ្នឹង មានគ្រូពីឆ្ងាយៗហ្នឹងមកស្នាក់នៅ អ៊ីចឹងត្រូវការផ្ទះគ្រូ។ គាត់មិនមែនរៃអង្គាសថាប្រាំពាន់ ប្រាំមួយពាន់ ប្រាំពីរពាន់នោះទេ តាមដែលស្ម័គ្រចិត្តឲ្យចូលរួម។ អ្នកដែលទីទាល់ក៏អត់ចូលទេ អ្នកដែលធូរធារខ្លះជូនប្រាំពាន់ ខ្លះជូនពីរពាន់ ខ្លះជូនបីពាន់ទៅ។ ខ្ញុំក៏បាននៅកន្លែងហ្នឹងការចូលរួមអ៊ីចឹង»។
អនុវិទ្យាល័យថ្មតាព្រហ្ម ឋិតនៅចម្ងាយជិត ៥០គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន គ្រូដែលក្រសួងអប់រំ ចាត់តាំងភារកិច្ចឲ្យទៅបង្រៀននៅអនុវិទ្យាល័យនេះ មិនមានផ្ទះសម្រាប់ស្នាក់នៅឡើយ។ ករណីនេះ អាជ្ញាធរមូលដ្ឋានមាតាបិតាសិស្ស បានរួមវិភាគទានគ្នាឧបត្ថម្ភជាប្រាក់បដិភាគសម្រាប់ទិញឈើ សង់អគារស្នាក់នៅសម្រាប់គ្រូជាបុរសជាលក្ខណៈបណ្ដោះអាសន្ន។ បច្ចុប្បន្ន ការសាងសង់បន្ទប់ស្នាក់នៅរបស់គ្រូសម្រេចបាន ៨០ភាគរយ ប៉ុន្តែនៅខ្វះប្រាក់មួយផ្នែកសម្រាប់ទិញក្ដារធ្វើជញ្ជាំងបន្ទប់ស្នាក់នៅនោះ។
ទាក់ទិនករណីនេះដែរ ប្រធានការិយាល័យអប់រំស្រុកសៀមបូក លោក ហម ថ្លា ថ្លែងថា លោកបានចុះអង្កេតករណីចោទប្រកាន់នេះទៅលើឪពុកម្ដាយសិស្សមួយចំនួនធំឃើញថា ការចោទនោះ គឺជារឿងមិនពិត។ លោកថា អនុវិទ្យាល័យថ្មតាព្រហ្ម ឋិតនៅតំបន់ដាច់ស្រយាល ដូច្នេះផ្ទះសម្រាប់គ្រូស្នាក់នៅជារឿងសំខាន់។ ហេតុនេះ ទើបនាយិកាអនុវិទ្យាល័យ អំពាវនាវសុំប្រាក់ឧបត្ថម្ភពីអាណាព្យាបាលសិស្ស ដើម្បីបំពេញតម្រូវការនេះ៖ «ខ្ញុំបានឆែកមើលវត្តមាននៃការចូលប្រជុំ វាជារឿងពិត ជួយធ្វើផ្ទះសំណាក់គ្រូដោយយើងមិនទាន់ហើយ នៅខ្វះក្ដារជុំវិញផង ដំបូលក៏អត់ទាន់ជិតទៀត។ ខ្ញុំស្អប់ណាស់រឿងពុករលួយ ព្រោះយើងកំពុងជួយសិស្សក្រីក្រមករៀនណា»។
ស្រុកសៀមបូក មានអនុវិទ្យាល័យចំនួន៦ ស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំ គឺឃុំមួយមានអនុវិទ្យាល័យមួយ។ បច្ចុប្បន្ន មានសិស្សកម្រិតមធ្យមសិក្សាជាង ៥០០នាក់ កំពុងសិក្សានៅអនុវិទ្យាល័យក្នុងស្រុកនេះ។
ទោះជាយ៉ាងណាក៏ដោយ នៅអនុវិទ្យាល័យថ្មតាព្រហ្ម បញ្ហាចោទសំខាន់ គឺមិនទាន់មានបណ្ណាល័យ និងអគារទីចាត់ការអនុវិទ្យាល័យនៅឡើយ។ ក្រៅពីនេះ ដីសម្រាប់អភិវឌ្ឍអនុវិទ្យាល័យនេះ នៅមានជម្លោះជាមួយពលរដ្ឋរស់នៅក្បែរនោះ និងផ្លូវធ្វើដំណើរទៅកាន់អនុវិទ្យាល័យ នៅមានការលំបាក ជាពិសេសស្ពានចាស់ទ្រុឌទ្រោមពិបាកឆ្លងកាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
