ក្រុម​តន្ត្រី​ជន​ពិការ​ត្អូញ​ពី​ទុក្ខ​លំបាក​ក្រោយ​អាជ្ញាធរ​រឹប​អូស​ឧបករណ៍​តន្ត្រី

0:00 / 0:00

ក្រុម​តន្ត្រី​មូលនិធិ​ជន​ពិការ​ដែល​តែង​ប្រគំ​សម្ដែង​តាម​ផ្សារ និង​តាម​ដង​ផ្លូវ​សាធារណៈ​នោះ ត្អូញត្អែរ​ថា ពួកគេ​កំពុង​ជួប​ទុក្ខ​លំបាក​ខ្លាំង​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ។ ការ​ត្អូញត្អែរ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​អាជ្ញាធរ​រឹបអូស​ឧបករណ៍​តន្ត្រី​របស់​ពួកគេ​មិន​ឲ្យ​ច្រៀង​តាម​ទី​សាធារណៈ​ដើម្បី​រៃអង្គាស​ថវិកា។

ក្រុម​តន្ត្រី​មូលនិធិ​ជន​ពិការ​ដែល​តែង​ប្រគំ​សម្ដែង​តាម​ផ្សារ និង​តាម​ដង​ផ្លូវ​សាធារណៈ​នោះ​យល់​ថា ការ​រឹបអូស​ឧបករណ៍​តន្ត្រី​របស់​ពួកគេ​មិន​ឲ្យ​ច្រៀង​តាម​ទី​សាធារណៈ​ដើម្បី​រៃអង្គាស​ថវិកា គឺ​ជា​ការ​រំលោភ​សិទ្ធិ និង​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​សេដ្ឋកិច្ច ខណៈ​ការ​សន្យា​ធានា​ជួយ​រក​ការងារ​ធ្វើ​ជូន​ជន​ពិការ​ឲ្យ​មាន​ជីវភាព​សមរម្យ​របស់​អាជ្ញាធរ នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

ជន​ពិការ​ជើង​ទាំង​សង​ខាង និង​ជា​អ្នកដឹកនាំ​ក្រុម​តន្ត្រី​ជន​ពិការ ដែល​តែង​ប្រកប​អាជីព​ច្រៀង​រៃ​អង្គាស​ប្រាក់​តាម​ស្តុប​សាធារណៈ លោកស្រី អ៊ុក គីរី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា កន្លង​ទៅ អាជ្ញាធរ​ក្រសួង​សង្គមកិច្ច បាន​មក​រឹប​អូស​ឧបករណ៍​តន្ត្រី​ពី​ក្រុម​តន្ត្រី​មូលនិធិ​ជន​ពិការ​ចំនួន​ពីរ​ក្រុម ខណៈ​ពួកគាត់​កំពុង​ច្រៀង​នៅ​ស្តុប​ផ្លូវ​ម៉ៃដា។

ជាង​នេះ​ទៀត លោកស្រី​ថា រហូត​មក​ដល់​ពេល ក្រសួង​សង្គមកិច្ច​មិន​ទាន់​ប្រគល់​ឧបករណ៍​តន្ត្រី​ឲ្យ​ពួកគាត់​នៅ​ឡើយ​ទេ៖ «មក​ដល់​គេ​មក​លើក​ធុងបាស​២ និង​ម៉ាស៊ីន​មួយ គេ​លើក​ឧបករណ៍​តន្ត្រី​ក្រុម​ខ្ញុំ​ដាក់​ឡាន​អស់ គេ​អត់​មាន​និយាយ​អី​ច្រើន​ទេ គ្រាន់តែ​និយាយ​ប្រាប់​ថា គេ​មិន​ឲ្យ​លេង ហើយ​នៅ​តែ​លេង​ទៀត ចាំ​ទៅ​ដោះស្រាយ​គ្នា​នៅ​ក្រសួង​សង្គមកិច្ច​ទៅ។ ក្រោយ​មក​ខ្ញុំ​ទៅ​ក្រសួង ថា​គេ​អត់​ព្រម​ឲ្យ​ឧបករណ៍​មក​វិញ គេ​ថា ចាំ​សួរ​ថ្នាក់​លើ​សិន សម្រាប់​ក្រុម​ខ្ញុំ​ក៏​ខុស​ដែរ បើ​គេ​មិន​ឲ្យ​ច្រៀង​ហើយ​នៅ​តែ​ច្រៀង​ទៀត តែ​បើ​សិន​ពួកគាត់​មក​រឹប​អូស​ឧបករណ៍​អ៊ីចឹង​គួរ​តែ​ជូន​ដំណឹង ឬ​មាន​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ណា​មួយ ខ្ញុំ​ព្រម​ឈប​ច្រៀង»

ជន​ពិការ​រូប​នេះ​ក៏​ត្អូញត្អែរ​ដែរ​ថា ក្រោយ​ចំណាត់​ការ​របស់​ក្រសួង​រួច​មក ពួកគាត់​កំពុង​ប្រឈម​ជីវភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ​ក្នុង​ការ​រស់​នៅ​ប្រចាំថ្ងៃ ទាំង​ការ​ហូប​ចុក ស្នាក់នៅ និង​ការ​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ជាដើម។ លោកស្រី​សោកស្ដាយ​ចំពោះ​វិធានការ​រឹបអូស​ឧបករណ៍​តន្ត្រី ដែល​មិន​បាន​ជូន​ដំណឹង​ជា​មុន​ដល់​ពួកគាត់​នោះ។

ទន្ទឹម​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​អង្គការ​សកម្មភាព​លើ​ជន​ពិការ​ដើម្បី​អភិវឌ្ឍន៍ កញ្ញា នូ វ៉ានី យល់​ថា វិធានការ​រឹប​អូស​ឧបករណ៍​តន្ត្រី​របស់​ក្រុម​តន្ត្រី​ជន​ពិការ​ភ្លាមៗ ដោយ​មិន​បាន​ជូន​ដំណឹង​ជា​មុន គឺ​កំពុងតែ​បំពាន​ដល់​សិទ្ធិ និង​មិន​បាន​ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់ស្ដែង​របស់​ជន​ពិការ​នោះ​ទេ។

កញ្ញា​បន្ត​ថា អំឡុង​ពេល​នេះ ក្រសួង​សង្គមកិច្ច និង​សាលាក្រុង គួរ​តែ​ដោះស្រាយ​រក​ការងារ​ជូន​ជន​ពិការ​ឲ្យ​មាន​ប្រសិទ្ធភាព​ជា​មុន​សិន មុន​នឹង​ទៅ​បង្ខំ ហើយ​រឹប​អូស​ឧបករណ៍​របស់​ពួកគាត់៖ «ដំណោះស្រាយ​របស់​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​សង្គមកិច្ច គឺ​អត់​ទាន់​ចេញ​លិខិត​ជា​ផ្លូវការ ឬ​អត់​ទាន់​មាន​រក​ដំណោះស្រាយ​ណា​មួយ​ដល់​ជន​ពិការ​ផង​ហ្នឹង ហើយ​អត់​ទាន់​រក​ការងារ​ឲ្យ​ជន​ពិការ​ដូច​ដែល​ស្ថាប័ន​ទាំង​ពីរ​នេះ​បាន​សន្យា​ផង​ហ្នឹង អ៊ីចឹង​ហើយ​ខណៈ​ដែល​មិន​ទាន់​មាន​ដំណោះស្រាយ​ណា​មួយ គួរ​តែ​ផ្ដល់​ឱកាស​ឲ្យ​ពួកគាត់​សម្ដែង​សិន​ទៅ»

​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​ជន​ពិការ​ពី​ការ​រឹប​អូស​ឧបករណ៍​តន្ត្រី​ក្រុម​ជន​ពិការ​នេះ អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​នៃ​ក្រសួង​សង្គមកិច្ច លោក ឯម ច័ន្ទមករា បដិសេធ​ថា លោក​មិន​ទាន់​ទទួល​បាន​ដំណឹង​ពី​រឿង​រឹប​អូស​ឧបករណ៍​តន្ត្រី​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ថា រាល់​វិធានការ​បញ្ឈប់​សកម្មភាព​មិន​ឲ្យ​ច្រៀង​តាម​ទី​សាធារណៈ គឺ​ដើម្បី​ការពារ​សុវត្ថិភាព សុខភាព និង​ដើម្បី​ធានា​សិទ្ធិ​របស់​បងប្អូន​ជន​ពិការ​ប៉ុណ្ណោះ។

​ជាង​នេះ​ទៀត លោក​ថា ក្រសួង​សង្គមកិច្ច និង​សាលា​រាជធានី​ភ្នំពេញ កំពុង​យក​ចិត្ត​ទុក​ដាក់​រក​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ជន​ពិការ និង​ធានា​ថា ជន​ពិការ​អាច​ទទួល​សេវា​អប់រំ បណ្ដុះបណ្ដាល និង​ការងារ​ទៅ​តាម​សមត្ថភាព​ផង​ដែរ៖ «ក្នុង​នាម​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ ដែល​ជា​អ្នក​សម្របសម្រួល​រាល់​ជន​ពិការភាព យើង​ខ្ញុំ​នឹង​ចុះ​ពិនិត្យ​ផ្ទាល់​ពី​ស្ថានភាព​បងប្អូន​ពិការ ចុះ​ត្រួត​ពិនិត្យ​អង្គការ​ដោយ​មើល​ពី​រចនាសម្ព័ន្ធ តែ​រាល់​វិធានការ​ណា​មួយ​វា​ត្រូវ​ការ​ពេល​វេលា​របស់​វា»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ដើម្បី​សួរ​បន្ថែម​ពី​វិធានការ​រឹប​អូស​ឧបករណ៍​តន្ត្រី​ជន​ពិការ​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៦ ខែ​មេសា។

ទោះ​ជា​មាន​ការ​បកស្រាយ​ពី​មន្ត្រី​ក្រសួង​សង្គមកិច្ច យ៉ាង​នេះ​ក៏ដោយ ជន​ពិការ​ដែល​តែង​ធ្វើ​សកម្មភាព​ដើរ​ច្រៀង​តាម​ទី​សាធារណៈ​ដើម្បី​រៃអង្គាស​ថវិកា​គ្រាន់​ចិញ្ចឹម​ជីវិត អះអាង​ថា ក្រោយ​អាជ្ញាធរ​រឹប​អូស​ឧបករណ៍​តន្ត្រី​ពួកគេ​មិន​ឲ្យ​ច្រៀង​តាម​ទី​សាធារណៈ​រួច​មក វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​ជីវភាព​រស់នៅ​ប៉ុណ្ណោះ​ទេ វិធានការ​នេះ ក៏​កំពុងតែ​ធ្វើ​ឲ្យ​ជន​ពិការ​មួយ​ចំនួន​ធ្លាក់ខ្លួន​ក្លាយ​ទៅ​ជា​អ្នក​សុំ​ទាន​គេ​ម្ដង​ទៀត​ផង​ដែរ។

​ក្រុម​តន្ត្រី​ជន​ពិការ​នៅ​តែ​អំពាវនាវ​ឲ្យ​សាលាក្រុង ជាពិសេស​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ បញ្ឈប់​រាល់​វិធានការ​ណា​ដែល​មិន​បាន​លើក​ទឹក​ចិត្ត​ជន​ពិការ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។