ក្រោយពីបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ កក្កដា មានប្រជាពលរដ្ឋច្រើនកុះករនាំគ្នាចូលរួមមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពលោក។ អ្នកចូលរួមមានតាំងពីពលរដ្ឋសាមញ្ញរហូតដល់អ្នកនយោបាយ និងអង្គទូតបរទេស។ លើសពីនេះ សូម្បីតែជនពិការ មិនថាពិការជើង ឬភ្នែកឡើយ ក៏បានធ្វើដំណើរមកចូលរួមគោរពវិញ្ញាណក្ខន្ធសពបណ្ឌិត កែម ឡី ផងដែរ។
បើទោះជាពិការជើងម្ខាងពិបាកធ្វើដំណើរឆ្ងាយក្តី លោក ជិន វ៉ន បច្ចុប្បន្នវ័យ ៥៨ឆ្នាំ មិនស្ងប់ចិត្តឡើយនៅពេលទទួលព័ត៌មានថា បណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់។ ដោយសារតែភាពមិនស្ងប់ចិត្តនេះហើយ ទើបជំរុញឲ្យលោក ជិន វ៉ន មិនអាចទប់ចិត្តខ្លួនឯងបាន ហើយសម្រេចធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសពបណ្ឌិត កែម ឡី។

រស់នៅភូមិពោធិ៍ ក្នុងឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល លោក ជិន វ៉ន បានរួមដំណើរមកគោរពវិញ្ញាណក្ខន្ធសពបណ្ឌិត កែម ឡី ជាមួយពលរដ្ឋផ្សេងទៀតដែលជាអ្នកភូមិផងរបងជាមួយលោក។ លោក ជិន វ៉ន ដែលបច្ចុប្បន្នប្រកបរបរធ្វើស្រែចម្ការផង និងជាអ្នកកាន់ឧបករណ៍ទ្រសោក្នុងវង់ភ្លេងប្រពៃណីផង និយាយថា លោកដឹងព័ត៌មានមរណភាពបណ្ឌិត កែម ឡី តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ លោកថា នៅពេលដឹងថាបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ភ្លាម លោកមានក្តីរន្ធត់ និងសោកស្ដាយបណ្ឌិត កែម ឡី ជាពន់ពេក។
លោក ជិន វ៉ន ថ្លែងបន្តថា៖ « ឃើញលោកគ្រូ កែម ឡី ដឹងថាបាញ់ ខ្ញុំរន្ធត់សោកស្ដាយមនុស្សណាស់ ! មនុស្សដែលចេះដឹងជួយដាស់តឿនខ្មែរយើងគ្រប់រូបឲ្យងើបឡើងដូចគាត់អ៊ីចឹង មនុស្សក្នុងស្រុកក្នុងភូមិខ្ញុំសោកស្ដាយគាត់ណាស់ ! វិជ្ជាដែលគាត់ដាស់កូនខ្មែរ កុំភ័យ កុំខ្លាច ! ខ្ញុំចង់ឲ្យកូនខ្មែរទាំងអស់ក្រោកឈរឡើង។ ដូចខ្ញុំអ៊ីចឹង បើសិនជាខ្ញុំអាចដូរជីវិតខ្ញុំបាន ឲ្យគាត់រស់ ខ្ញុំស្លាប់ក៏ខ្ញុំព្រមដែរ »។
លោក ជិន វ៉ន បន្តថា ក្រោយពីពលរដ្ឋក្នុងភូមិស្រុកលោកទទួលព័ត៌មានច្បាស់ថា បណ្ឌិត កែម ឡី ពិតជាបានស្លាប់មែនហើយនោះ អ្នកភូមិមិននៅស្ងប់អារម្មណ៍ឡើយ។ ពួកគេប្រមូលផ្តុំគ្នាជជែកពីមរណភាពរបស់លោក៖ « ជីវិតគាត់ គាត់ថាមិនស្ថិតស្ថេរតាំងពីអើយមកម្ល៉េះ មិនមែនទើបថាស្លាប់ពេលនេះទេ បានដឹង ! ព្រោះខ្ញុំ និងពលរដ្ឋទាំងអស់បានស្តាប់អាស៊ីសេរី គាត់និយាយថា គាត់នៅក្បែររូងខ្លា ពីព្រោះខ្លានៅជុំវិញខ្លួនគាត់ មានរហូតដល់ឆ្លាមទៀត។ គាត់មិនប្រាកដថាជីវិតគាត់នៅទេ។ ខ្ញុំមិនអស់ចិត្ត ពីព្រោះថានៅផ្ទះរសាប់រសល់ ប្រជាពលរដ្ឋភូមិខ្ញុំរហូតខ្លះផ្ញើលុយមកចូលបុណ្យលោកគ្រូ កែម ឡី ព្រោះថាសោកស្ដាយណាស់។ ប្រជាពលរដ្ឋម្នាក់ៗឮតែសំឡេងអត់បានឃើញមុខ »។

ពិការជើងម្ខាងដោយសារត្រូវគ្រាប់ក្នុងពេលធ្វើទាហាននៅទសវត្សរ៍៨០ លោក ជិន វ៉ន អះអាងថា លោកមិនដែលបានជួបមុខបណ្ឌិត កែម ឡី ផ្ទាល់នោះទេ តែលោកស្គាល់លោក កែម ឡី ដោយសារស្តាប់ការវិភាគរបស់បណ្ឌិត កែម ឡី នៅតាមបណ្ដាញសារព័ត៌មាន៖ « អត់ដែលឃើញទេ ឮតែសំឡេងសឹងរាល់ថ្ងៃ វេទិកាអីក៏ឮគាត់ដែរ។ ខ្ញុំអារម្មណ៍ក្តុកក្តួលទប់ទឹកភ្នែកសឹងមិនបាន។ ខ្ញុំជាបុរសផង ទម្រាំនារីទៀត សោកស្ដាយ ! ឃើញដេកស្តូកស្តឹងអ៊ីចឹង ឡើងចង់ប្លែកហើយឥឡូវហ្នឹង ពីព្រោះថាពណ៌កាន់តែដូរហើយ »។
ទោះពិការពិបាកក្នុងការធ្វើដំណើរដូចអ្នកមានអវយវៈគ្រប់គ្រាន់ក្តី ក៏លោក ជិន វ៉ន ប្ដេជ្ញាថានឹងធ្វើដំណើរមកចូលរួមបុណ្យសពបណ្ឌិត កែម ឡី ឲ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន។ លោកថា បើទោះជាសពបណ្ឌិត កែម ឡី អាចនឹងត្រូវគេដង្ហែយកទៅតម្កល់នៅស្រុកកំណើតនៅខេត្តតាកែវ ក្តី ក៏លោករួមជាមួយអ្នកភូមិ នឹងនៅតែទៅចូលរួមពិធីបុណ្យដល់ទីនោះ។
លោក ជិន វ៉ន បញ្ជាក់ថា អ្វីដែលធ្វើឲ្យលោក និងពលរដ្ឋចងចាំមិនភ្លេចនោះ គឺការដាស់តឿនរបស់លោក កែម ឡី ឲ្យពលរដ្ឋដើរផ្លូវត្រូវ និងមានភាពក្លាហានដើម្បីការពារប្រទេសជាតិ។ បុរសពិការមានកូន ៤នាក់រូបនេះ សង្ឃឹមថាកូនខ្មែរជំនាន់ក្រោយ ជាពិសេសអ្នកនយោបាយនឹងរៀនសូត្រពីវីរភាពរបស់បណ្ឌិត កែម ឡី និងធ្វើតាមគំរូរបស់លោក៖ « ខ្ញុំថាអ្នកនយោបាយទាំងអស់មើលគំរូលោកគ្រូ កែម ឡី គេថាស្លាប់មិនដូរឈ្មោះ រស់មិនដូរត្រកូល។ គាត់ប្ដេជ្ញា គាត់ការពារប្រទេសជាតិ គាត់និយាយមិនខ្លាច ជីវិតគាត់មិនខ្លាចស្លាប់។ ខ្ញុំចង់ឲ្យកូនខ្មែរយកគំរូតាមគាត់។ បុព្វបុរសយើង ទោះខ្ញុំពិការក៏ដោយ ខ្ញុំតស៊ូមកឲ្យដល់សពគាត់។ សោកស្ដាយមនុស្ស។ ខ្ញុំដាស់កូនខ្មែរតាំងពីអ្នកស្រុកភូមិខ្ញុំឲ្យមើលគំរូឲ្យហើយ អ៊ីចឹងទើបគេថាមនុស្សស្នេហាជាតិ បុព្វបុរសយើងពិតប្រាកដហើយ តែបើថាអ្នកបាញ់បោះ អ្នកនយោបាយដឹងតែចាញ់គេហើយឈ្នានីសគេ ដឹងតែកាប់សម្លាប់ ដឹងតែគុកច្រវាក់ទេ គង់ថ្ងៃណាមួយវិនាសសាបសូន្យ »៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
