ក្រុមជនពិការដែលជាអតីតយុទ្ធជនខ្លះនៅខេត្តឧត្តរមានជ័យ បានស្ដីបន្ទោសរដ្ឋាភិបាលថាកំពុងទុកឲ្យពួកគេរស់នៅបែបអនាថា ដោយមិនទទួលខុសត្រូវ។ ការស្ដីបន្ទោសនេះ ដោយសារតែជាច្រើនឆ្នាំមកហើយ ពួកគេរស់នៅក្នុងជីវភាពក្រីក្រ គ្មានដីរស់នៅ គ្មានដីធ្វើកសិកម្ម ដើម្បីជួយដល់ជីវភាពឲ្យបានសមរម្យនៅឡើយ។
ក្រុមជនពិការនៅតាមបណ្ដាស្រុកជាច្រើនរបស់ខេត្តឧត្តរមានជ័យ មានគម្រោងនឹងប្រមូលផ្ដុំគ្នាធ្វើលិខិតជាលាយលក្ខណ៍អក្សរ ដាក់ជូនអាជ្ញាធរខេត្តនេះ ព្រមទាំងមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន ផង ឲ្យជួយដោះស្រាយរកដីសម្បទានសង្គមកិច្ចសម្រាប់ពួកគេឲ្យបានឆាប់។
ពួកគេត្អូញត្អែរថា កាលពីនៅមានកម្លាំង និងកាយសម្បទាគ្រប់គ្រាន់ គឺគេជាកងទ័ពដែលលះបង់ជីវិតសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ ក៏ប៉ុន្តែបន្ទាប់ពីធ្លាក់ខ្លួនពិការ បែរជាទទួលភ័ព្វវាសនាដ៏កម្សត់រស់នៅជាជនអនាថា ដែលមិនសូវមានអ្នករាប់រកទៅវិញ។
បុរសឈ្មោះ ម៉ក់ វ៉ាន់វុទ្ធី គឺជាជនពិការម្នាក់រស់នៅភូមិបន្សាយរក្ស សង្កាត់បន្សាយរក្ស ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងចំណោមជនពិការជាច្រើនទៀត។ គាត់មានប្រសាសន៍ថា រយៈពេលជាច្រើនឆ្នាំមកហើយចាប់តាំងតែពីគាត់ធ្លាក់ខ្លួនពិការ គឺគាត់បាត់បង់អស់ក្ដីសង្ឃឹមក្នុងជីវិត។ ការរស់នៅរបស់គាត់បច្ចុប្បន្នលំបាកវេទនា ដោយគ្មានដីធ្វើស្រែចម្ការចិញ្ចឹមជីវិតទេ។ គាត់ព្រួយបារម្ភអំពីអនាគតកូនៗចំនួន ៦នាក់ ដែលមិនមានអាហារគ្រប់គ្រាន់ប្រចាំថ្ងៃ៖ «ជនពិការរវល់ធ្វើសង្គ្រាមម្នាក់ ១០-២០ឆ្នាំ ត្រូវរបួសត្រូវអី ដូចខ្ញុំដល់ពេលមកវិញអត់មានដីនៅ ទិញដី ១០ម៉ែត្រនៅ ហើយកូន ៥-៦នាក់ អត់ស្រែធ្វើទៀត។ ពិបាកវេទនា អត់មានសង្គមទទួលស្គាល់ទេរស់នៅអនាថាពេញទឹកពេញដី»។
ចំណែកជនពិការខ្លះទៀត ក៏ត្អូញត្អែរប្រហាក់ប្រហែលគ្នានេះដែរ។ ពួកគេចង់ឲ្យរដ្ឋាភិបាលក្រឡេកមើលជនពិការ ហើយយកចិត្តទុកដាក់ និងបែងចែកដីធ្លីឲ្យរស់នៅ និងធ្វើកសិកម្មបានសមរម្យផង។
បុរសឈ្មោះ គង់ សារ៉ុម គឺជាជនពិការម្នាក់ទៀតរស់នៅភូមិក ឃុំចុងកាល់ ស្រុកចុងកាល់ មានប្រសាសន៍ថា ជាង ៣ឆ្នាំមកហើយ គាត់បានដាក់ពាក្យតាមរយៈការិយាល័យសង្គមកិច្ច និងអតីតយុទ្ធជនស្រុក ដើម្បីស្នើសុំដីលំនៅឋាន និងដីធ្វើស្រែចម្ការ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ឃើញរដ្ឋាភិបាលឆ្លើយតបយ៉ាងណានៅឡើយ។ លោក គង់ សារ៉ុម បញ្ជាក់ថា លោកមិនប្រកែកទេ បើទោះបីជារដ្ឋាភិបាលផ្ដល់ដីទំហំតូចតាចយ៉ាងណាក៏ដោយ ឲ្យតែរដ្ឋាភិបាលមានគោលការណ៍បែងចែក៖ «សព្វថ្ងៃខ្ញុំរស់នៅជាមួយបងប្អូន ដីសម្បទានអត់ឃើញធ្លាក់មក។ ខ្ញុំឮថាគេធ្វើផ្ទះសម្បែង និងចែកដីធ្លីឲ្យ»។
ក្រុមជនពិការនៅខេត្តឧត្តរមានជ័យ អះអាងថា បច្ចុប្បន្នពួកគេជិត ៤.០០០នាក់ កំពុងរស់នៅដោយគ្មានលំនៅឋានសមរម្យ និងខ្វះដីធ្លីធ្វើកសិកម្មចិញ្ចឹមជីវិត។
ឆ្លើយតបបញ្ហានេះ អាជ្ញាធរខេត្តឧត្តរមានជ័យ និងមន្ត្រីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន ឲ្យដឹងថា គេបានដោះស្រាយជាបន្តបន្ទាប់ចំពោះគោលការណ៍ផ្ដល់ដីសម្បទានសង្គមកិច្ចជូនគ្រួសារកងទ័ព និងជនពិការនៅក្នុងខេត្តនោះ។
នាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ លោក ហោ ជិនវិរៈយុទ្ធ ឲ្យដឹងថា បច្ចុប្បន្នទាំងជនពិការ និងនិវត្តន៍ជនរស់នៅក្នុងខេត្តនេះ ដែលបានទទួលលុយឧបត្ថម្ភជារៀងរាល់ខែពីរាជរដ្ឋាភិបាល គឺចំនួនជិត ១.៤០០នាក់។ ជនពិការខ្លះក្នុងចំណោមនោះ ត្រូវអាជ្ញាធរខេត្តសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ផ្ដល់ដីសម្បទានសង្គមកិច្ច និងធ្វើផ្ទះឲ្យរស់នៅខ្លះ ក៏ប៉ុន្តែនៅពេលដែលឮថា មានជនពិការជិត ៤.០០០នាក់នៅខេត្តឧត្តរមានជ័យ កំពុងខ្វះដីទៀតនោះ លោកមិនទាន់ដឹងច្បាស់ថា តើពួកគេចេញពីតំបន់ណាមួយនៅឡើយទេ៖ «ជាគោលការណ៍ គឺយើងមានត្រៀមរៀបចំដីសង្គមកិច្ចសម្រាប់គ្រួសារកងទ័ព។ ក្រោមការដឹកនាំរបស់ឯកឧត្តម ជា សុផារ៉ា យើងបានរៀបចំ ហើយធម្មតាដីសម្រាប់ត្រៀមរៀបចំសង្គមកិច្ចគ្រួសារកងទ័ពហ្នឹង គឺសំដៅលើគ្រួសារកងទ័ពទាំងអស់ ហើយគោលដៅជនពិការដែលខ្វះខាតហ្នឹង គឺត្រូវជូនជាអាទិភាពហើយ»។
ចំណែកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន ខេត្តឧត្តរមានជ័យ លោក សេង គឹមសាន មានប្រសាសន៍ថា រយៈពេល ២-៣ឆ្នាំមកនេះ លោកបានទទួលពាក្យដែលជនពិការស្នើសុំដីធ្លី និងលំនៅឋានចំនួន ២៦៨នាក់។ សំណើនោះ មន្ទីរបានបញ្ជូនទៅកាន់ក្រសួងសង្គមកិច្ច រួចហើយ ក៏ប៉ុន្តែចំណាត់ការនោះ គឺត្រូវចុះពិនិត្យទៅលើស្ថានភាពជនពិការឲ្យច្បាស់លាស់ មិនចេះតែឲ្យតាមការស្នើសុំទេ គឺទាល់តែជនពិការនោះឋិតក្នុងលក្ខណៈវិនិច្ឆ័យថាគ្មានដីធ្លី និងផ្ទះសម្បែងពិតប្រាកដ។ លោក សេង គឹមសាន បញ្ជាក់ថា សំណើសុំដីសម្បទានសង្គមកិច្ចនោះ គឺក្រសួងកំពុងចាប់ផ្ដើមអនុវត្តជាបន្តបន្ទាប់ ក៏ប៉ុន្តែមិនបានឆាប់រហ័សដូចការចង់បានទេ៖ «យើងរង់ចាំបន្តិច ពីព្រោះថវិកាហ្នឹងមានកម្រិត អ៊ីចឹងក្នុង១ឆ្នាំៗ រដ្ឋាភិបាលយើងបានកំណត់ថាត្រូវធ្វើផ្ទះប៉ុន្មានខ្នងៗអ៊ីចឹង។ ដូច្នេះឲ្យគាត់រង់ចាំដំណើរការវាចេះតែសន្សឹមៗទៅមុខហើយ»។
មន្ត្រីមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន ខេត្តឧត្តរមានជ័យ ឲ្យដឹងថា ជនពិការណាដែលបានដាក់ពាក្យស្នើសុំដីធ្លីរួចហើយនោះ គួរកុំបារម្ភ ព្រោះនៅពេលណាដែលក្រសួងពិនិត្យ និងអនុម័តថានឹងផ្ដល់ឲ្យ គឺគេនឹងប្រកាស ព្រមទាំងជូនដំណឹងចំពោះអ្នកដែលត្រូវបានទទួលនោះហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
