សង្គមស៊ីវិលដែលធ្វើការគាំទ្រសិទ្ធិជនពិការនិងអតីតយុទ្ធជន ស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់រដ្ឋាភិបាលដែលជំរុញឲ្យក្រសួងមន្ទីរសង្គមកិច្ច និងស្ថាប័នពាក់ព័ន្ធ បើកប្រាក់ខែ ឬប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារឲ្យបានឆាប់រហ័ស គឺមិនឲ្យលើសពីសប្ដាហ៍ទី៤ នៃខែនីមួយៗនោះឡើយ។
ចំណែកក្រុមជនពិការ និងអតីតយុទ្ធជននៅតែមានភាពអល់អែកក្នុងការជឿជាក់លើសេចក្ដីសម្រេចរបស់រដ្ឋាភិបាលនេះ ពីព្រោះការកែទម្រង់ប្រព័ន្ធបើកប្រាក់ខែកន្លងមកពួកគាត់នៅតែជួបបញ្ហានៃបាត់ប្រាក់ខែ និងមានភាពយឺតយ៉ាវដដែល។
រាជរដ្ឋាភិបាលចេញសារាចរណែនាំដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យអនុវត្តនូវនីតិវិធីសំខាន់ចំនួន ៥ចំណុច ដែលធានាដល់ការបើកប្រាក់ខែឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
ចំណុចទាំង៥នោះ រួមមានការផ្ដល់តារាងលម្អិតអំពីចំនួនទឹកប្រាក់ ការផ្ទេរសិទ្ធិក្នុងការចុះហត្ថលេខាលើអាណត្តិបើកប្រាក់ ការត្រួតពិនិត្យ និងការបញ្ជូនអាណត្តិបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែនីតិវិធីនៃការបើកផ្ដល់ប្រាក់របបសន្តិសុខសង្គម ការទទួលខុសត្រូវលើគណនេយ្យភាព។
សារាចរនោះសំដៅធានាបើកផ្ដល់របបសន្តិសុខសង្គម ជូនសិទ្ធិវន្ត និវត្តន៍ជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ សពនិវត្តន៍ជន សពជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក តាមរយៈបេឡាជាតិ សន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល (ប.ជ.ស) និងប្រាក់របបសន្តិសុខសង្គម ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនតាមរយៈបេឡាជាតិអតីតយុទ្ធជន (ប.ជ.អ)។
ទាក់ទងបញ្ហានេះប្រធានអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះសេចក្ដីសម្រេចនេះ ប៉ុន្តែលោកស្នើឲ្យរដ្ឋាភិបាល ឬក្រសួងក្រសួងមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនបង្កើតគណៈកម្មការមួយដើម្បីស៊ើបអង្កេតករណីបាត់ប្រាក់ខែ ឬករណីបើកមិនគ្រប់កន្លងមក។
លោក ងិន សៅរ័ត្ន៖ «បច្ចុប្បន្នឃើញមានបញ្ហាទីមួយ អារឿងបើកប្រាក់បៀវត្សហ្នឹង ទោះបីជាការរៀបចំរបស់រដ្ឋាភិបាលយើងទៅបើកតាមធនាគារក៏ដោយ ក៏នៅតែមានភាពមិនប្រក្រតីកើតមានឡើង អំពើពុលរលួយនៅតែកើតមានឡើង អ៊ីចឹងសូមឲ្យរដ្ឋាភិបាលបើមានឆន្ទៈពិតប្រាកដដើម្បីជួយយោធិនពិការ ឬមួយយោធិនចូលនិវត្តន៍នៅក្នុងប្រទេសកម្ពុជា របស់យើងដាច់ខាតត្រូវតែរៀបចំគណៈកម្មការមួយដើម្បីស៊ើបអង្កេតឲ្យបានច្បាស់លាស់ដើម្បីបញ្ជាក់ថា រដ្ឋាភិបាលពិតជាចង់កែទម្រង់ឲ្យបានស៊ីជម្រៅពិតប្រាកដមែន»។
ចំណែកជនពិការជើងម្ខាងនៅខេត្តកំពង់ចាម លោក ឃុន សុភា មានប្រសាសន៍ថា ការបើកប្រាក់ខែសម្រាប់ពួកគាត់មានភាពមិនប្រក្រតី និងបង្កការលំបាកជាច្រើន ដូចជាការបង្វែរប្រាក់មកតាមធនាគារមិនគ្រប់ចំនួនប្រាក់ខែពិតប្រាកដជាដើម៖ «សេចក្ដីហ្នឹងទម្លាក់មកលុយអាប្រាក់បន្ថែមហ្នឹងមានចំនួនប៉ុណ្ណេះ ដល់បើកមកបានចំនួនប៉ុណ្ណោះអ៊ីចឹងទៅ ហើយដល់ធនាគារអេស៊ីលីដា តែគេឃើញប៉ុន្មានគេបើកឲ្យប៉ុណ្ណឹងហើយគេអត់ដឹងដែរ»។
ឆ្លើយតបចំពោះបញ្ហានេះ នាយកបេឡាជាតិ អតីតយុវជន ដែលចំណុះឲ្យក្រសួងសង្គមកិច្ច លោក ហែម បូរ៉ា មានប្រសាសន៍នៅថ្ងៃសៅរ៍ ទី៧ មិថុនា ថាសារាចរណែនាំរបស់រដ្ឋាភិបាលនេះ ជាការកែទម្រង់ថ្មីមួយរបស់រដ្ឋាភិបាលដើម្បីបញ្ចៀសកុំឲ្យមានការចោទប្រកាន់លើបញ្ហាបើកប្រាក់ខែយឺតនេះ និងភាពស្មុគស្មាញដែលកើតមានកន្លងមក៖ «ខ្ញុំមិនទាន់ចេញសារាចរអីណែនាំទៀតទេ ព្រោះអានេះជាផ្លូវការទៅហើយ ប៉ុន្តែកន្លងមកកាលណាមានអនុក្រឹត្យចេញហើយ យើងធ្វើសារាចរណែនាំមួយទៀតដោយយោងអនុក្រឹត្យហ្នឹងដើម្បីអនុវត្តន៍»។
លោកបន្តថា ជាទូទៅក្រសួងបានអនុវត្តជាបណ្ដើរហើយ គឺមុននឹងមានសារាចរណែនាំនេះទៅទៀត។ លោកថា សម្រាប់ក្រសួងសង្គមកិច្ច បានទទួលសារាចរណែនាំនេះចុងក្រោយគេ ហើយនៃបណ្ដាក្រសួងនានាក្នុងរដ្ឋាភិបាល។ លោកក៏សុំអោយនិវត្តន៍ជនជនបាត់បង់សម្បទាវិជ្ជាជីវៈ ទាំងអស់កុំបារម្ភពីបញ្ហានេះតទៅទៀត ហើយបើមានភាពមិនប្រក្រតីណាមួយកើតឡើងសូមរក្សាឯកសារនោះឲ្យបានត្រឹមត្រូវដើម្បីដោះស្រាយជាមួយស្ថាប័នលោកជាក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
