មនុស្ស​១៥​នាក់​ស្លាប់​និង​៨​នាក់​របួស​ដោយសារ​រន្ទះ​បាញ់​ក្នុង​រយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ

នៅ​ដើម​ឆ្នាំ​២០១៤​នេះ គ្រោះ​ធម្មជាតិ​ មេឃ​ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់​និង​រន្ទះបាញ់​ផង​នោះ​ បាន​ធ្វើ​ឲ្យ​ខូចខាត​លំនៅឋាន ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ជា​ច្រើន​រយ​ខ្នង។ គ្រោះ​ធម្មជាតិ​នេះ​ក្រៅ​ពី​បំផ្លាញ​លំនៅឋាន ទ្រព្យសម្បត្តិ​ ក៏​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​ជា​ច្រើន​នាក់​ផង​ដែរ។

ក្នុង​រយៈពេល ៥​ខែ ដើម​ឆ្នាំ​២០១៤​នេះ​ គ្រោះ​ធម្មជាតិ​បាន​សម្លាប់​មនុស្ស ១៥​នាក់ និង ៨​នាក់​រង​របួស​ ដោយសារ​​រន្ទះ​បាញ់។មេឃ​ភ្លៀង​​មាន​ខ្យល់​កន្ត្រាក់​ផ្គរ​រន្ទះ​នេះ​ ក៏​បាន​បង្ក​ឲ្យ​ខូច​ខាត​លំនៅឋាន​ អគារ​សិក្សា​ដួល​រលំ​ ប៉ើង​ដំបូល​ជា​ច្រើន​ខ្នង។

ប្រធាន​ផ្នែក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​សាខា​កាកបាទក្រហម​ខេត្ត​បាត់ដំបង​ លោក ម៉ឺន ជ័យសិទ្ធិ ថ្លែង​នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ថា គិត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៤ នេះ មាន​មនុស្ស ២០​នាក់​ បាន​រងគ្រោះ​ដោយសារ​រន្ទះ​បាញ់។ ក្នុង​នោះ​ ១៥​នាក់​បាន​ស្លាប់ និង ៨​នាក់​រង​របួស។

លោក​បន្ត​ថា មាន​ករណី​រន្ទះ​បាញ់​ថ្មី​ថែម​ទៀត​ដែល​បណ្ដាល​ចំនួន​មនុស្ស​ស្លាប់​កើន​ឡើង​នៅ​ក្នុង​ខេត្ត​បាត់ដំបង៖ «ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ អ្វី​ដែល​សាហាវ​ជាង​គេ​គឺ​គ្រោះ​មហន្តរាយ​ដោយសារ​រន្ទះ​បាញ់ រន្ទះ​បាញ់ ២០​នាក់ ១២​នាក់​ស្លាប់​ ៨​នាក់​រង​របួស ហើយ​ឥឡូវ​នេះ​ឡើង​រហូត​ដល់ ១៥​នាក់ ក្នុង​ស្រុក​សំពៅលូន ៣​នាក់​ទៀត​ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់»

ក្រៅ​ពី​ការ​រងគ្រោះ​ដោយសារ​គ្រោះ​ថ្នាក់​រន្ទះ​បាញ់​ នៅ​មាន​មនុស្ស​ជា​ច្រើន​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ការ​ផ្ទុះ​គ្រាប់​មីន​នៅ​ក្នុង​ខេត្ត​បាត់ដំបង។

លោក ម៉ឺន ជ័យសិទ្ធិ បញ្ជាក់​ថា មនុស្ស ៥​នាក់​បាន​ស្លាប់​និង​របួស ២​នាក់​ ដោយសារ​ការ​ផ្ទុះ​គ្រាប់​មីន​កប់​នៅ​ក្រោម​ដី​នៅ​ក្នុង​ខេត្ត​បាត់ដំបង។ គ្រោះ​ធម្មជាតិ​មេឃ​ភ្លៀង​លាយឡំ​ជាមួយ​​នឹង​ខ្យល់​កន្ត្រាក់ ​បាន​កើត​មាន​ឡើង​​ជា​ច្រើន​កន្លែង​នៅ​ខេត្ត​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​ ចាប់​ពី​អំឡុង​ដើម​​ឆ្នាំ​២០១៤។

កន្លង​ទៅ​ថ្មីៗ​នេះ​ សេចក្ដី​​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​បាន​បញ្ជាក់​ថា ​រដូវ​វស្សា​នឹង​ឈាន​ចូល​មក​ដល់​នៅ​សប្ដាហ៍​ទី​៣ នៃ​ខែ​ឧសភា ​ឆ្នាំ​២០១៤​ នឹង​ប៉ះ​ទៅ​លើ​តំបន់​មាត់​សមុទ្រ និង​តំបន់​ទំនាប​កណ្ដាល​ ដោយ​ឡែក​សម្រាប់​តំបន់​ខ្ពង់រាប​រដូវ​វស្សា​នឹង​ឈាន​ចូល​មក​នៅ​សប្ដាហ៍​ទី​៤​ នៃ​ខែ​ឧសភា ឆ្នាំ​២០១៤។

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ដែនដី​នៅ​គ្រប់​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះ​ធម្មជាតិ ​ដែល​នឹង​កើត​មាន​នៅ​ក្នុង​​ខែ​ឧសភា រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០១៤។ នៅ​ចន្លោះ​ពេល​នេះ​ អាកាសធាតុ​មាន​ភាព​អាប់អួ​ខ្លាំង​ ដែល​អាច​បង្ក​ជា​ភ្លៀង​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។