ទីក្រុង​សៀមរាប​ដែល​ជា​ខេត្ត​ទេសចរណ៍​កំពុង​ដាច់​ភ្លើង​អគ្គិសនី​នៅ​តំបន់​ខ្លះ​ជិត​២០​ម៉ោង

0:00 / 0:00

ក្រុង​សៀមរាប​ដែល​ជា​ខេត្ត​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​បំផុត បាន​ដាច់​ចរន្ត​អគ្គិសនី នៅ​​​​តំបន់​ខ្លះ​របស់​ទីក្រុង​ជាង២០​ម៉ោង​មក​ហើយ គិត​មក​ត្រឹម​​វេលា​ថ្ងៃត្រង់​ថ្ងៃ​ច័ន្ទ ទី១៦ ខែ​មីនា។

ការ​គ្មាន​ថាមពល​អគ្គិសនី​នៅ​ក្នុង​ទីក្រុង​មួយ​នេះ កំពុង​បង្កើត​ចេញ​ជា​ផល​ប៉ះពាល់​ជាច្រើន​ដូចជា​​ប្រជាពលរដ្ឋ​​គ្មាន​អគ្គិសនី ប្រើប្រាស់​ដើម្បី​ប្រកប​របរ​ប្រចាំ​ថ្ងៃ ប្រព័ន្ធ​ទូរស័ព្ទ​ខ្លះ​មិន​អាច​ហៅ​ចេញ​ សញ្ញាភ្លើង​បញ្ជា​ចរាចរណ៍​រលត់ ព្រមទាំង​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ត្រូវ​ផ្អាក​ដំណើរ​ផ្សាយ​ជាដើម។

ប្រជាពលរដ្ឋ​ជាច្រើន រស់នៅ​ក្នុង​ទីក្រុង​សៀមរាប បាន​ត្អូញត្អែរ​ពី​ការ​លំបាក​ដេកពួន ព្រមទាំង​គ្មាន​ទឹក​ប្រើ​​ប្រាស់ នៅ​ពេល​ដែល​ចរន្ត​អគ្គិសនី បាន​ដាច់​រយៈពេល​យូរ​ជាង​២០​ម៉ោង​មកនេះ។

ក្រុម​អ្នកភូមិ​ខ្លះ​នាំ​គ្នា​កាន់​ទូរស័ព្ទ​ដៃ និង​ឆ្នាំង​សាកថ្ម ហើយ​បើក​ម៉ូតូ​ស្វែងរក​កន្លែង​ដែល​មាន​អគ្គិសនី ដើម្បី​បញ្ចូល​ថាមពល​ឱ្យ​បាន​ប្រើប្រាស់​តទៅ​ទៀត។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​វិហារចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប គឺ​លោក កាយ កឺយ មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី១៦ ខែ​មីនា​ថា រូប​គាត់ និង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត កំពុង​ជួប​ការ​លំបាក បន្ទាប់​ពី​គ្មាន​អគ្គិសនី​ប្រើប្រាស់។ ការ​លំបាក​ទាំង​នោះ​ដូចជា​មិន​អាច​ស្នាក់​នៅ​ក្នុង​ផ្ទះ​បាន ព្រមទាំង​មិន​អាច​បើក​ទូរទស្សន៍​មើល​ព័ត៌មាន​នានា​ជាដើម៖ «លំបាក​ណាស់​ក្ដៅ​ដេក មិនបាន​ សម្រាន្ត​មិន​សូវ​លក់​ទេ ​ផ្ទះ​ស័ង្កសី​ផង​ក្ដៅ​ងាកៗ​ចុះ​ងូត​ទឹកៗ។ អណ្ដូង​សប់ ម៉ូទ័រ​អី​បូម​អត់​កើត​ទេ»។

ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ សុខ បាន ជា​អ្នក​ភូមិ​តាវៀន សង្កាត់​សាលាកំរើក បាន​ត្អូញត្អែរ​ប្រហាក់​ប្រហែល​គ្នា​ថា​មុខ​របរ​ប្រចាំ​ថ្ងៃ​របស់​គាត់​បាន​កក​ស្ទះ ដោយ​សារ​តែ​គ្មាន​អគ្គិសនី​ប្រើ​ប្រាស់៖ «ដាច់​តាំង​ពី​ក្បាល​ល្ងាច​អត់​ទាន់​ភ្លឺ​ផង មិន​ទាន់​ភ្ជាប់​មក​វិញ​ទេ។ លំបាក​ក្ដៅ ហើយ​ការងារ​ខាត់​ឈើ​ខាត់​អី ​វា​ស្ទះ​មិន​មាន​អ្វី​ធ្វើ​កើត»។

ចរន្ត​អគ្គិសនី​បាន​ដាច់​នៅ​តាម​តំបន់​ខ្លះ នៃ​ក្រុង​សៀមរាប ចាប់​តាំង​តែ​ពី​វេលា​ម៉ោង​ជាង​៥​ល្ងាច​ថ្ងៃទី១៥ ខែ​មីនា ហើយ​រហូត​មក​ដល់​ថ្ងៃ​ត្រង់​ថ្ងៃ​ទី១៦ ខែ​មីនា នៅ​មិនទាន់​ត​ភ្ជាប់​នៅ​ឡើយ។

កាល​ពី​រាត្រី​ថ្ងៃ​ទី​១៥ ខែ​មីនា​កន្លង​ទៅ ប្រជាពលរដ្ឋ​ខ្លះ បាន​ជញ្ជូន​កូន​ចៅ​ចេញ​ពី​ផ្ទះ សំដៅ​ទៅ​រក​ជួល​បន្ទប់​ផ្ទះ​សំណាក់​ដេក​ ក៏​ប៉ុន្តែ​ផ្ទះ​សំណាក់​ជាច្រើន​បាន​ឡើង​ថ្លៃ​ពី​២០​ទៅ២៥​ដុល្លារ​ក្នុង១​យប់ ចំណែក​ផ្ទះ​សំណាក់​ខ្លះ​ទៀត ក៏​មិន​អាច​ទទួល​ភ្ញៀវ​បាន ដោយសារ​តែ​គ្មាន​អគ្គិសនី​ដែរ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អង្គភាព​អគ្គិសនី​ប្រចាំ​ខេត្ត​សៀមរាប ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​​បាន​ទេ ដោយសារ​តែ​ប្រព័ន្ធ​ទូរស័ព្ទ​ជាច្រើន មិន​អាច​ហៅ​ចេញ​បាន។

ប្រភព​ពី​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា​ការ​ដាច់​អគ្គិសនី រយៈពេល​យូរ​នៅ​ក្នុង​ក្រុង​សៀមរាប​នេះ គឺ​បណ្ដាល​មក​ពី​រថយន្ត បាន​បើក​បុក​បង្គោល​ភ្លើង​១ដើម​ដួល​ខូចខាត នៅ​​ឃុំ​ស្រណាល ភាគ​ខាង​កើត​នៃ​ទី​រួម​ស្រុក​ក្រឡាញ់ ចម្ងាយ​​ជាង​៦០គីឡូម៉ែត្រ​ភាគ​ខាងលិច ពី​ខេត្ត​សៀមរាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។