ជម្លោះ​រវាង​អ្នក​រក​ស៊ី​ខ្មែរ​ជាមួយ​អាជ្ញាធរ​វៀតណាម​ត្រូវ​បាន​ដោះស្រាយ

មន្ត្រី​មាន​សមត្ថកិច្ច​នៅ​ច្រក​ព្រំដែន​កម្ពុជា-​វៀតណាម ចំណុច​ព្រែកចាក ក្នុង​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុកខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា ទំនាស់​រវាង​អ្នក​រក​ស៊ី​ដឹក​ទំនិញ​កម្ពុជា ជាមួយ​អាជ្ញាធរ​វៀតណាម បាន​ដោះស្រាយ​ចប់​តាំង​ពី​ថ្ងៃ​ទី​៩ តុលា មក និង​ពុំ​មាន​ការ​បិទ​ច្រក​ព្រំដែន​ឡើយ។

0:00 / 0:00

មន្ត្រី​មាន​សមត្ថកិច្ច​នៅ​ច្រក​ព្រំដែន​ព្រែកចាក ខេត្ត​កំពត ជាប់​ចំណុច​ស្រុក​ហាទៀង ខេត្ត​គៀងយ៉ាង វៀតណាម បាន​ឲ្យ​ដឹង​ថា ទំនាស់​រវាង​អ្នក​រក​ស៊ី​ដឹក​ទំនិញ​កម្ពុជា ជាមួយ​អាជ្ញាធរ​វៀតណាម ដែល​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៩ តុលា បាន​ដោះស្រាយ​ចប់​ហើយ។ មន្ត្រី​ដដែល​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​ទំនាស់​នេះ គឺ​ដោយសារ​គយ​ចល័ត​វៀតណាម ចាប់​ទំនិញ​អ្នក​រក​ស៊ី​ដឹក​ទំនិញ​តាម​ម៉ូតូ កង់ ហើយ​ទារ​ឲ្យ​បង់​ពន្ធ។

លោក អ៊ឹម ប៉ុណ្ណា ប្រធាន​ទីស្នាក់ការ​ព្រំដែន​ព្រែកចាក ក្នុង​ខេត្ត​កំពត ជាប់​ជាមួយ​ខេត្ត​គៀងយ៉ាង របស់​វៀតណាម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ តុលា ថា មាន​ការ​ទាស់​គ្នា​តវ៉ា​មែន តែ​មិន​មាន​ជា​បាតុកម្ម និង​បិទ​ច្រក​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​ឡើយ៖ «មិន​មែន​បិទ​មិន​ឲ្យ​ខ្មែរ​យើង​ឆ្លង​ទៅ​ទេ។ ខ្មែរ​យើង​អ្នក​រស់​នៅ​ជាប់​ព្រំ​ប្រទល់​នោះ គាត់​រក​ស៊ី​ចូល​ទៅ​ក្នុង​វៀតណាម គយ​ចល័ត​វៀតណាម​ចាប់។ ដល់​ពេល​គយ​ចល័ត​វៀតណាម​ចាប់ គាត់​អត់​មាន​មក​ប្ដឹង​សមត្ថកិច្ច​យើង​ជួយ​សម្រួល​ទេ គាត់​លើក​គ្នា​ទៅ​តវ៉ា​ជាមួយ​គេ ដូច្នេះ​មិន​មាន​បិទ​ផ្លូវ​ទេ។ រួច​ហើយ​ភាគី​ខាង​យើង​បាន​ចាត់​តំណាង​ទៅ​ចរចា​ជាមួយ​វៀតណាម ហើយ​ក៏​ត្រូវ​រ៉ូវ​គ្នា សុខ​ចិត្ត​ទទួល​យក​ទាំងសងខាង ហើយ​ក៏​ចប់​ទៅ»

កាល​ពី​ថ្ងៃ​ទី​៩ តុលា អ្នក​រក​ស៊ី​ដឹក​ទំនិញ​នៅ​ច្រក​ព្រំដែន​ព្រែកចាក បាន​ឲ្យ​ដឹង​ថា មាន​បាតុកម្ម​តវ៉ា​មួយ​កើត​ឡើង​រវាង​អ្នក​រក​ស៊ី​ដឹក​ទំនិញ​កម្ពុជា ជាមួយ​អាជ្ញាធរ​វៀតណាម ដោយសារ​អាជ្ញាធរ​វៀតណាម បិទ​មិន​ឲ្យ​អ្នក​រក​ស៊ី​ដឹក​ទំនិញ​កម្ពុជា ដឹក​ទំនិញ​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម តែ​ពួកគេ​បែរ​ជា​អនុញ្ញាត​ឲ្យ​អ្នក​រក​ស៊ី​ដឹក​ទំនិញ​វៀតណាម ចូល​មក​កម្ពុជា។ ការ​តវ៉ា​នោះ​មាន​មនុស្ស​ច្រើន​នាក់​ចូល​រួម ហើយ​មាន​ការ​ស្រែក​ទាមទារ​ជា​សាធារណៈ​ទៀត​ផង។

ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ ស៊ិន រ៉ាស៊ី ដែល​ជា​អ្នក​រក​ស៊ី​ដឹក​ទំនិញ​ចេញ​ចូល​តាម​ច្រក​ព្រំដែន​ព្រែកចាក​នោះ បាន​និយាយ​ថា កាល​ពី​ថ្ងៃ​ទី​៩ តុលា មាន​ការ​កក​ស្ទះ​ទំនិញ​ដោយសារ​មាន​ការ​តវ៉ា​រឿង​អាជ្ញាធរ​វៀតណាម ចាប់​ទំនិញ​ខ្មែរ៖ «មក​ពី​អត់​ឲ្យ​ខ្មែរ​យើង​ចូល។ រាល់​ថ្ងៃ​គេ​ឲ្យ​ចូល​ធម្មតា យើង​ដឹក​ទំនិញ​ចូល ហើយ​យួន​ដឹក​ទំនិញ​ចេញ​មក​អ៊ីចឹង​ទៅ។ ប៉ុន្តែ​ម្សិលមិញ (៩ តុលា) គេ​អត់​ឲ្យ​ចេញ។ អត់​ដឹង​មូលហេតុ​អី​ទេ គេ​មិន​ឲ្យ​ចូល ហើយ​ឆែកឆេរ​ពេញ​ហ្នឹង»

ប្រភព​ពី​អ្នក​រក​ស៊ី​ផ្សេង​ទៀត​នៅ​ច្រក​ព្រំដែន​ព្រែកចាក ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុកខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា ទំនាស់​កាល​ពី​ថ្ងៃ​ទី​៩ តុលា រវាង​អ្នក​រក​ស៊ី​ដឹក​ទំនិញ​កម្ពុជា ជាមួយ​គយ​ចល័ត​វៀតណាម ដោយសារ​គយ​ចល័ត​វៀតណាម ចាប់​ឲ្យ​បង់​ពន្ធ។ លោក​បាន​ឲ្យ​ដឹង​ថា ធម្មតា​អាជ្ញាធរ​វៀតណាម មិន​ចាប់​ទំនិញ​ដែល​ដឹក​តាម​កង់ ឬ​ម៉ូតូ​ឆ្លង​ដែន​ទៅ​វិញ​ទៅ​មក​ក្នុង​រូបភាព​តិចតួច​ទេ។ ប៉ុន្តែ​ច្បាប់​របស់​ប្រទេស​វៀតណាម បាន​កំណត់​ថា ទំនិញ​ដែល​ឆ្លង​ដែន​មាន​តម្លៃ​លើស​ពី ២​លាន​ដុង ឬ​ស្មើ​ប្រមាណ ១០០​ដុល្លារ​អាមេរិក ត្រូវ​បង់​ពន្ធ។ ដូច្នេះ​កាល​ណា​ក្រុម​គយ​ចល័ត​វៀតណាម សង្ស័យ​ថា ម៉ូតូ ឬ​កង់​ណា​ដឹក​ទំនិញ​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម ដែល​មាន​តម្លៃ​លើស​ពី ១០០​ដុល្លារ​អាមេរិក គឺ​គេ​អាច​ចាប់​ឲ្យ​បង់​ពន្ធ​បាន។ ដោយសារ​ការ​ចាប់​ឲ្យ​បង់​ពន្ធ​ខុស​ប្រក្រតី​នោះ​ហើយ បាន​ជា​អ្នក​រក​ស៊ី​ដឹក​ទំនិញ​តាម​កង់ និង​ម៉ូតូ​នាំ​គ្នា​តវ៉ា​ជា​ក្រុម​ឡើង។

ទាក់ទង​រឿង​គយ​ចល័ត​វៀតណាម ចាប់​អ្នក​ដឹក​ទំនិញ​កម្ពុជា ឲ្យ​បង់​ពន្ធ​បណ្តាល​ឲ្យ​មាន​ទំនាស់​នេះ អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម នៅ​កម្ពុជា លោក ត្រឹង វ៉ាន់ថុង បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ ដោយ​លោក​ឲ្យ​ដឹង​ថា លោក​ពុំ​ទាន់​បាន​ទទួល​របាយការណ៍​ជា​ផ្លូវការ​អំពី​អាជ្ញាធរ​ព្រំដែន​វៀតណាម នៅ​ឡើយ។

ច្រក​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​ព្រែកចាក ជា​ច្រក​អន្តរជាតិ ដែល​មាន​ភ្ញៀវទេចរ និង​ទំនិញ​ឆ្លង​កាត់​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​២។ ច្រក​ព្រំដែន​ព្រែកចាក​នោះ មាន​កាស៊ីណូ​ខ្នាត​អន្តរជាតិ​ចំនួន ៣​កន្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។