គ្រូ​បង្រៀន​៩២៨​នាក់​នៅ​ស្រុក​បាធាយ​មិន​ទាន់​ទទួល​បាន​លុយ​ពី​លោក​នាយក​រដ្ឋមន្ត្រី

គ្រូ​បង្រៀន​ជិត ១​ពាន់​នាក់ រិះគន់​មន្ត្រី​អប់រំ​ស្រុក​បាធាយ មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​បើក​លុយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ផ្ដល់​ឲ្យ​គ្រូ​បង្រៀន​គ្រប់​កម្រិត កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ។ ក្រុម​គ្រូ​បង្រៀន​ទាំង​នោះ​បាន​ដាក់​ការ​សង្ស័យ​ថា អាច​មាន​ការ​កិបកេង​លុយ​របប​ឧបត្ថម្ភ​ប្រមាណ​ជាង ២៧​លាន​រៀល​នោះ​ទៅ​ប្រើ​ការ​ផ្សេង។

0:00 / 0:00

គ្រូ​បង្រៀន​ជិត ១​ពាន់​នាក់ រិះគន់​មន្ត្រី​អប់រំ​ស្រុក​បាធាយ មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​បើក​លុយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ផ្ដល់​ឲ្យ​គ្រូ​បង្រៀន​គ្រប់​កម្រិត កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ។ ក្រុម​គ្រូ​បង្រៀន​ទាំង​នោះ​បាន​ដាក់​ការ​សង្ស័យ​ថា អាច​មាន​ការ​កិបកេង​លុយ​របប​ឧបត្ថម្ភ​ប្រមាណ​ជាង ២៧​លាន​រៀល​នោះ​ទៅ​ប្រើ​ការ​ផ្សេង។

ក៏ប៉ុន្តែ មន្ត្រី​អប់រំ​ស្រុក​បាធាយ អះអាង​ថា ពួក​គេ​កំពុង​រៀបចំ​នីតិវិធី​ក្នុង​ការ​ផ្ដល់​ជូន​គ្រូ​បង្រៀន​ទាំង​នោះ​ទៅ​តាម​ដំណាក់​កាល​ហើយ។

ក្រុម​គ្រូ​បង្រៀន​ជាង ៩​រយ​នាក់ (៩២៨​នាក់) នៅ​ទូទាំង​ស្រុក​បាធាយ ចោទ​ប្រកាន់​មន្ត្រី​ដែល​បម្រើ​ការ​នៅ​ការិយាល័យ​អប់រំ​ក្នុង​ស្រុក​មួយ​នេះ​ថា បាន​កិបកេង​លុយ​សរុប​ជាង ២៧​លាន​រៀល ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ផ្ដល់​ឲ្យ​ពួក​គេ​កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ ហើយ​រហូត​មក​ដល់​ពេល​នេះ លុយ​ទាំង​នោះ​ពួក​គាត់​បញ្ជាក់​ថា នៅ​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ​ទេ។

លោក ហៃ ឡុង គ្រូ​បង្រៀន​ប្រចាំ​វិទ្យាល័យ​មួយ​ក្នុង​ចំណោម​សាលា​អប់រំ​ទាំងអស់​របស់​ស្រុក​បាធាយ ខេត្ត​កំពង់ចាម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៦ មិថុនា ថា គ្រូ​បង្រៀន​គ្រប់​កម្រិត​ចំនួន ៩២៨​នាក់ ស្នើសុំ​ឲ្យ​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​បាធាយ ត្រូវ​បើក​លុយ​ឲ្យ​បាន​គ្រប់​ចំនួន​ដូច​ការ​ផ្ដល់​ឲ្យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ម្នាក់ ៣​ម៉ឺន​រៀល។ លោក​បន្ត​ថា ភាព​យឺតយ៉ាវ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់ និង​ការ​សន្យា​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល នៅ​គ្រា​ប្រាក់​ឧបត្ថម្ភ​នានា​ចំនួន ១​លាន​រៀល សម្រាប់​សាលារៀន​នីមួយៗ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេង​ទៀត ត្រូវ​បាន​ផ្ដល់​ឲ្យ​រួច​ហើយ​នោះ៖ «សម្ដេច ហ៊ុន សែន គាត់​ប្រគល់​លុយ​ឲ្យ​គ្រូៗ​ម្នាក់ ៣​ម៉ឺន បែរ​ជា​ថ្នាក់​លើ​ហ្នឹង​យក​លុយ​ហ្នឹង​បង្វិល​ទៅ​ការងារ​ផ្សេង។ អ៊ីចឹង​មិន​ចង់​ឲ្យ​ថា​សន្យា​ភរភូត​កុហក​សម្ដេច​អ៊ីចឹង​ទេ​ណា ព្រោះ​តួលេខ​គ្រូ​មួយ​ស្រុក​ទៅ​ហើយ បែរ​ជា​មិន​ឲ្យ​លុយ​វិញ។ រួច​ហើយ​ភរ​សម្ដេច​យក​ចែក​គ្រូ ប៉ុន្តែ​ឥត​បាន​ដល់​ដៃ​គ្រូ យក​លុយ​ទៅ​ចាយ​អី​ផ្សេង​វិញ»

ស្រដៀង​គ្នា​នេះ​ដែរ គ្រូ​បង្រៀន​មួយ​ចំនួន​ក្នុង​ចំណោម​គ្រូ​បង្រៀន​ជិត ១​ពាន់​នាក់ បញ្ជាក់​ថា តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​មន្ត្រី​ពាក់ព័ន្ធ ដូច​ជា​ប្រធាន​មន្ទីរ​អប់រំ​ស្រុក និង​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​បាធាយ និយាយ​ថា លុយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ផ្ដល់​ឲ្យ​គ្រូ​បង្រៀន​ក្នុង​ម្នាក់ ៣​ម៉ឺន​រៀល​នេះ ត្រូវ​ចំណាយ​ទៅ​លើ​កិច្ចការ​ផ្សេង​ទៅ​វិញ ពោល​គឺ​មិន​បាន​ប្រគល់​សម្រាប់​គ្រូ​បង្រៀន​ដូច​ការ​សន្យា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ឡើយ៖ «សម្ដេច​ថា​ក្នុង​ម្នាក់ៗ​ហ្នឹង​ចំនួន ៣​ម៉ឺន​រៀល អ៊ីចឹង​ណា​បង។ ថវិកា​ហ្នឹង​អា​ដែង​មិន​ទាន់​បាន​ដល់​ដៃ​បុគ្គលិក​ជា​លោកគ្រូ​អ្នកគ្រូ​ហ្នឹង​នៅ​ឡើយ​ទេ។ កាក​បាទ​ក្រហម កូន​សិស្ស​កាយរឹទ្ធិ​អី​ហ្នឹង គេ​បាន​លុយ​ភ្លាមៗ ចំណែក​គ្រូ​ម្នាក់ ៣​ម៉ឺន​ហ្នឹង បែរ​ជា​អត់​បាន​វិញ។ គេ​ថា​លុយ​ហ្នឹង​គេ​ទុក​ចាត់​ចែង​ថ្លៃ​រោង​ថ្លៃ​អី​ណា​ណោះ​វិញ។ ទំនាក់ទំនង​ទៅ​ថ្នាក់​លើ​នៅ​ការិយាល័យ​ស្រុក​ហ្នឹង គេ​ថា​គេ​យក​លុយ​ហ្នឹង​មក​សម្រាប់​ទូទាត់ ទូទាត់​ពេល​សម្ដេច​មក​អស់​ប៉ុន្មានៗ​អី​អ៊ីចឹង​អ្ហា»

ការ​ខកខាន​នេះ ធ្វើ​ឡើង​ក្នុង​រយៈពេល ៣​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ និង​បញ្ចុះ​ខណ្ឌ​សីមា​វត្ត​រាមាជើងព្រៃ នៅ​ស្រុក​បាធាយ កាល​ពី​ថ្ងៃ​ទី២៤ មិថុនា។

ក៏ប៉ុន្តែ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​បាធាយ លោក អុន លៀងអាន បញ្ជាក់​យ៉ាង​ខ្លី​ថា អង្គភាព​របស់​លោក​កំពុង​រៀបចំ​ថវិកា​ទាំង​នេះ និង​ពន្លឿន​នីតិវិធី​ដើម្បី​ផ្ដល់​ជូន​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ចូលរួម​កាល​ពី​ថ្ងៃ​ទី២៤ មិថុនា ឲ្យ​បាន​គ្រប់ៗ​គ្នា៖ «ខ្ញុំ​កំពុង​តែ​ចាត់​ចែង​ហើយ។ ចាត់​ចែង​បាន​មួយ​ចំនួន​នៅ​មួយ​ចំនួន​ទៀត​ដែល​នៅ​ឆ្ងាយៗ»

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ គិត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ផ្នែក​ពាក់ព័ន្ធ​គួរ​ចាត់​វិធាន​ការ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ឆ្លើយ​តប​ឲ្យ​ទាន់​ពេល​វេលា​ក្នុង​ន័យ​ថា ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​ក្នុង​វិស័យ​អប់រំ៖ «ហើយ​អ្នក​ដែល​ទទួល​លុយ​ហ្នឹង ត្រូវ​តែ​ចែក​ទៅ​តាម​អ្វី​ដែល​ម្ចាស់​លុយ​ចង្អុល​បង្ហាញ ថា​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ម្នាក់ ៣​ម៉ឺន ត្រូវ​តែ​ឲ្យ​ម្នាក់ ៣​ម៉ឺន មិន​អាច​យក​លុយ​របស់​លោក​នាយក​រដ្ឋមន្ត្រី បង្វែរ​ទៅ​ប្រើប្រាស់​អ្វី​ផ្សេង។ អា​ហ្នឹង​វា​ជា​រឿង​មួយ​ខុស​ធ្ងន់ធ្ងរ​ហើយ។ ហើយ​យើង​គិត​ថា​លោក​នាយក​រដ្ឋមន្ត្រី​ឮ​តាម​រយៈ​វិទ្យុ​អាស៊ីសេរី នឹង​មាន​វិធាន​ការ​ជុំវិញ​បញ្ហា​អស់​ហ្នឹង»

ប្រព័ន្ធ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​រង​ការ​រិះគន់​ថា ជា​ស្ថាប័ន​មួយ​ដែល​ធ្វើ​កំណែ​ទម្រង់​យឺតយ៉ាវ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​រលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។