អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនរថយន្តក្រុងកាពីតូល (CAPITOL) ប្រមាណ ៥០នាក់ នៅព្រឹកថ្ងៃទី៣ មករា នៅតែនាំគ្នាបន្តការតវ៉ារបស់ខ្លួននៅខាងមុខក្រុមហ៊ុនជិតផ្សារអូរឫស្សី រាជធានីភ្នំពេញទៀត។
អតីតអ្នកបើកបររថយន្តទាំងនោះ ឈរកាន់បដា និងស្រែកអំពាវនាវដល់សាធារណជនឲ្យផ្អាកប្រើប្រាស់សេវា ឬជិះរថយន្តក្រុងរបស់ក្រុមហ៊ុនកាពីតូល។
ការតវ៉ារបស់អតីតអ្នកបើកបររថយន្តទាំងនេះ មិនមានភាពតានតឹងដោយកម្លាំងទេ នៅព្រឹកថ្ងៃទី៣ មករា ប៉ុន្តែកងនគរបាលខណ្ឌ៧មករា បានដកហូតយកឧបករណ៍បំពងសំឡេងរបស់អ្នកតវ៉ា។ ក្រៅពីតវ៉ានៅទីនោះ ពួកគាត់នាំគ្នាដើរទៅតវ៉ានៅខាងមុខសាលាសង្កាត់បឹងព្រលិត ដើម្បីទាមទារយកឧបករណ៍បំពងសំឡេងដែលនគរបាលបានដកហូតពីពួកគាត់។
អគ្គលេខាធិការនៃសហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា លោក អ៊ាន គឹមហ៊ុន បញ្ជាក់ថា នគរបាលសន្យាប្រគល់សម្ភារៈនោះដល់លោកវិញ នៅថ្ងៃច័ន្ទ ទី៤ មករា។ លោក អ៊ាន គឹមហ៊ុន ថ្លែងថា ក្រុមលោកនឹងបន្តតវ៉ារហូតទាល់តែក្រុមហ៊ុនកាពីតូល ព្រមចរចា និងយកពួកគាត់ចូលធ្វើការវិញ។
ភាគីប្រធានក្រុមហ៊ុនកាពីតូល លោក ផាន់ សុភាព បញ្ជាក់ជំហរថា លោកមិនចរចាទេ ហើយហៅការតវ៉ានេះខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
