ស្រូវ​ជាង​៥​ពាន់​ហិកតារ​នៅ​ឧត្ដរមានជ័យ​ប្រឈម​ខូចខាត​ដោយសារ​គ្រោះ​រាំង​ស្ងួត

0:00 / 0:00

ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ព្រំដែន​ជាប់​គ្នា​ជាមួយ​ប្រទេស​ថៃ ស្ថិត​នៅ​ជាប់​ជួរ​ភ្នំ​ដងរែក គឺ​ជា​តំបន់​ខ្ពស់។ បច្ចុប្បន្ន ក្នុង​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ត្រៀម​លក្ខណៈ​ជួយ​បណ្ដា​ខេត្ត​មួយ​ចំនួន ដែល​នៅ​តាម​ដង​ទន្លេ​មេគង្គ ដែល​រងគ្រោះ​ទឹក​ជំនន់ បែរ​ជា​ខេត្ត​ឧត្តរមានជ័យ រង​ការ​គំរាម​កំហែង​ដោយ​គ្រោះ​រាំង​ស្ងួត​ទៅ​វិញ។

មន្ត្រី​ផ្នែក​ផែនការ​របស់​មន្ទីរ​កសិកម្ម ខេត្ត​ឧត្តរមានជ័យ គឺ​លោក គាំ វុទ្ធីធន។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​សីហា ថា គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​សីហា រហូត​មក​ដល់​ពេល​នេះ គ្រោះ​រាំង​ស្ងួត​កំពុង​គំរាម​កំហែង​សំណាប និង​សន្ទូង លើ​ផ្ទៃ​ដី​ជាង ៥.១០០​ហិកតារ។ ការ​គំរាម​កំហែង​នេះ គឺ​នៅ​លើ​ស្រុក​ចំនួន​៤ ដូច​ជា ក្រុង​សំរោង មាន​សំណាប និង​សន្ទូង​ចំនួន ១.១៥៧​ហិកតារ ស្រុក​ចុងកាល់ មាន ៧០០​ហិកតារ នៅ​ស្រុក​បន្ទាយអំពិល មាន ៣.១៧៩​ហិកតារ និង​ស្រុក​ត្រពាំងប្រាសាទ មាន ១១៥​ហិកតារ ដែល​កំពុង​គំរាម​កំហែង​ដោយ​គ្រោះ​រាំង​ស្ងួត​នេះ។

មន្ត្រី​ដដែល​បញ្ជាក់​ថា ក្នុង​តួលេខ សន្ទូង និង​សំណាប​ដែល​កំពុង​ទទួល​រង​ការ​គំរាម​កំហែង​ពី​គ្រោះ​រាំង​ស្ងួត​នោះ គឺ​ផ្ទៃ​ដី​ចំនួន​ជាង ៤៧០​ហិកតារ នៅ​ស្រុក​បន្ទាយអំពិល បាន​ខូចខាត៖ «បើ​សិន​ជា​មាន​ភ្លៀង​ធ្លាក់​ច្រើន យើង​អាច​សង្គ្រោះ​ស្រូវ​មក​វិញ​បាន​ខ្លះ! ឥឡូវ​ថ្ងៃ​នេះ​ថ្ងៃ​ច័ន្ទ ជិត​ពុធ ទៀត​ហើយ អត់​ទាន់​មាន​ឃើញ​ភ្លៀង​ធ្លាក់ អ៊ីចឹង​វា​អាច​បង្ក​ការ​ខូចខាត​ជា​បន្ត​ទៅ​ទៀត។ ក្នុង​រយៈពេល​១​សប្ដាហ៍​ទៀត បើ​សិន​ជា​អត់​មាន​ភ្លៀង​សោះ គឺ​អាច​បង្ក​ឱ្យ​មាន​ការ​ខូចខាត​រហូត​ដល់​ទៅ​រាប់​ពាន់​ហិកតារ»

អាជ្ញាធរ​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ ឱ្យ​ដឹង​ថា គេ​កំពុង​ប្រឹងប្រែង​អស់​ពី​លទ្ធភាព ដើម្បី​ជួយ​សង្គ្រោះ​សំណាប និង​សន្ទូង​របស់​ប្រជា​កសិករ ដែល​កំពុង​គំរាម​កំហែង​ដោយ​គ្រោះ​រាំង​ស្ងួត​នោះ។

អភិបាល​រង​ស្រុក​បន្ទាយអំពិល លោក ហ៊ីង ហឿន មាន​ប្រសាសន៍​ថា អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត មាន​ការ​ពិបាក​ក្នុង​ការ​ជួយ​សង្គ្រោះ​សំណាប និង​សន្ទូង​កសិករ នៅ​ក្នុង​ឃុំ​ទាំង​៤ ពី​គ្រោះ​រាំង​ស្ងួត ដោយសារ​តែ​កន្លែង​ខ្លះ​ពុំ​មាន​ប្រភព​ទឹក​សោះ។ លោក ហ៊ីង ហឿន បញ្ជាក់​ថា ២-៣​ថ្ងៃ​មុន​នេះ គឺ​មាន​ភ្លៀង​ធ្លាក់​ខ្លះ​នៅ​ក្នុង​ស្រុក​របស់​លោក ក៏ប៉ុន្តែ​លោក​មិន​ដឹង​ថា សំណើម​ដោយសារ​ទឹក​ភ្លៀង អាច​នឹង​ជួយ​សង្គ្រោះ​សន្ទូង​សំណាប​បាន​ដែរ​ឬ​ក៏​យ៉ាង​ណា៖ «ខាង​មន្ទីរ​ធនធាន​ទឹក ហើយ​និង​ខាង​កសិកម្ម គេ​ជួយ​អន្តរាគមន៍​តាម​លទ្ធភាព​ដែល​គេ​មាន គឺ​អាច​ចែក​ប្រេង​សម្រាប់​ម៉ាស៊ីន​បូម​ទឹក​ខ្លះ ក៏ប៉ុន្តែ​វា​មិន​អាច​បាន​គ្រប់​ឃុំ​ទាំង​៤ ដោយសារ​តំបន់​ខ្លះ​វា​អត់​មាន​ប្រភព​ទឹក។ ប៉ុន្តែ​យើង​មិន​អាច​ទាន់​វាយ​តម្លៃ​ថា វា​ខូច ១០០% ទេ ដោយសារ​យើង​មាន​សំណើម​ភ្លៀង​ខ្លះ។ ពី​នេះ​ទៅ​មុខ​ទៀត បើ​ថា​វា​រាំង​នោះ គឺ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ផល​ដំណាំ​ស្រូវ​អាច​ខូចខាត​ដែរ»

នៅ​ខេត្ត​ឧត្តរមានជ័យ មាន​ស្រូវ​ខ្លះ​កំពុង​រង​ការ​គំរាម​កំហែង​ដោយ​គ្រោះ​រាំង​ស្ងួត ហើយ​មាន​ស្រូវ​ខ្លះ​ទៀត​រង​ការ​ប៉ះពាល់ ដោយសារ​ទឹក​ជំនន់​ម្ដង​មក​ហើយ។

មន្ត្រី​មន្ទីរ​កសិកម្ម​អះអាង​ថា កាល​ពី​ដើម​ខែ​សីហា កន្លង​ទៅ មាន​ស្រូវ​ចំនួន​ជាង ១១០​ហិកតារ បាន​ទទួល​រង​ការ​ប៉ះពាល់​ដោយសារ​គ្រោះ​ធម្មជាតិ​ទឹក​ជំនន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។