មន្ត្រីនៃមន្ទីរប្រឆាំងគ្រឿងញៀនឲ្យដឹងថា ចំនួនបទល្មើសគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបានក្នុងរយៈពេល ៧ខែដើមឆ្នាំ២០១៥នេះ មានការកើនឡើងខ្លាំង គឺច្រើនជាងចំនួនបទល្មើសសរុបនៃឆ្នាំ២០១៤ ទៅទៀត។
គិតត្រឹម ៧ខែ ដើមឆ្នាំ២០១៥នេះ បទល្មើសគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបានមានចំនួនជាង ១.២០០ករណី នៅទូទាំងប្រទេស និងចាប់ខ្លួនជនល្មើសបានជាង ២.០០០នាក់ ដែលតួលេខនេះ មន្ត្រីនៃមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ថា ច្រើនជាងចំនួនបទល្មើសសរុបប្រចាំឆ្នាំ២០១៤ ទៅទៀត។
យ៉ាងណា នាយកមន្ទីរប្រឆាំងគ្រឿង លោកឧត្ដមសេនីយ៍ឯក ខៀវ សាម៉ន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ ខែសីហា ថា ការកើនឡើងនៃចំនួនបទល្មើសដែលបង្ក្រាបបាននេះ មិនមែនន័យថា បទល្មើសគ្រឿងញៀនមានការកើនឡើងនោះទេ។ លោកថា គឺដោយសារតែមានសមត្ថកិច្ចទទួលបានការបណ្ដុះបណ្ដាលស្ដីពីវិធីសាស្ត្របង្ក្រាបបានប្រសើរជាងមុន និងមានប្រតិបត្តិការបង្ក្រាបខ្លាំងជាងកាលពីពេលកន្លងទៅ៖ «ការកើនឡើងនេះមិនមែនបានន័យថា ថ្នាំញៀនច្រើនទេ។ អាហ្នឹងដោយសារការយល់ដឹង ការចេះដឹងច្រើនការងារចាប់ បានន័យថាការងារអនុវត្តច្បាប់ ព្រោះកន្លងមកខាងអគ្គស្នងការនគរបាលជាតិ ឯកឧត្ដមនាយឧត្ដមសេនីយ៍អគ្គស្នងការ លោកបាន គឺថាឲ្យខាងមន្ទីរប្រឆាំងគ្រឿងញៀនចុះបង្រៀនពីនីតិវិធី ក្នុងការងារអនុវត្តច្បាប់ ត្រូវយល់ពីល្បិចក្នុងការចាប់ឲ្យទៅនគរបាលខេត្តក្រុងទូទាំងប្រទេស»។
លោក ខៀវ សាម៉ន ឲ្យដឹងថា ចាប់តាំងពីចុងឆ្នាំ២០១៤ មកដល់ឆ្នាំ២០១៥ នេះ ក្រសួងមហាផ្ទៃ ចុះពង្រឹងសមត្ថភាពនគរបាលបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេស បានចំនួន ១.៥០០នាក់ ដែលអាចបង្ក្រាបបទល្មើសបានច្រើនជាងមុន។
ប្រតិបត្តិការរបស់សមត្ថកិច្ចនៅពេលថ្មីៗនេះ បង្ក្រាបបានបទល្មើសធំៗមួយចំនួន។ ជាក់ស្ដែងបទល្មើសកាលពីថ្ងៃទី២១ ខែសីហា នគរបាលប្រមាណ ១០០នាក់ បានចេញប្រតិបត្តិការបង្ក្រាបសំបុកគ្រឿងញៀនដ៏ធំមួយនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយចាប់បានអ្នកសេព និងជួញដូរគ្រឿងញៀនសរុប ៨៨នាក់។ ក្នុងប្រតិបត្តិការបង្ក្រាបមួយទៀតដែលធ្វើឡើងកាលពីយប់ថ្ងៃទី២១ ខែសីហា នគរបាលបង្ក្រាបបានបទល្មើសជួញដូរគ្រឿងញៀននៅខណ្ឌឫស្សីកែវ ដោយរឹបអូសបានកញ្ឆាជាង ១តោន និងចាប់ខ្លួនជនល្មើសបាន ៤នាក់។
ពាក់ព័ន្ធបញ្ហាចរាចរណ៍គ្រឿងញៀននេះ ប្រធានសមាគមសង្គ្រោះជនរងគ្រោះដោយគ្រឿងញៀនកម្ពុជា លោក មាស សុវណ្ណ កត់សម្គាល់ឃើញថា មានការរីករាលដាលច្រើន ខណៈការបង្ក្រាបក៏មានច្រើនដែរ។ លោកក៏សូមអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តបន្ថែមទៀត និងចេញប្រតិបត្តិការបង្ក្រាបឲ្យមានប្រសិទ្ធភាព៖ «ខ្ញុំសូមសំណូមពរតាមភូមិ ឃុំ សង្កាត់ ខណ្ឌហ្នឹង អាជ្ញាធរដែនដីត្រូវយកចិត្តទុកដាក់ឲ្យខ្លាំង។ អ្នកខ្លះគាត់ថាយកចិត្តទុកដាក់តែមាត់ ប៉ុន្តែមិនធ្វើ ដើម្បីសហការជាមួយនឹងអ្នកដែលធ្វើការទប់ស្កាត់បង្ក្រាប ដូចជាខាងមណ្ឌលអីអ៊ីចឹងទៅ ឬក៏ខាងអាណាព្យាបាលដែលគ្នាមិនដឹងទៅពឹងអ្នកណាអីអ៊ីចឹងទៅ បុគ្គលអាជ្ញាធរមានសមត្ថកិច្ច ឬក៏ទៅពឹងសង្កាត់ខណ្ឌ អ្នកដឹកនាំនៅក្នុងភូមិឃុំ។ ជួនកាលគាត់អត់ទៅអើពើអីទេ។ ដើម្បីជួយសហការគ្នា ទាល់តែអ្នកនៅកាន់អ្នកនៅគ្រប់គ្រងភូមិឃុំហ្នឹង យកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាអីតិច»។
តួលេខរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ហាញថា ក្នុងរយៈពេលត្រឹមបួនខែដំបូងនៃឆ្នាំ២០១៥ ជនល្មើសគ្រឿងញៀនជាង ១.៧០០នាក់ (១.៧៣៤) ត្រូវបានចាប់ខ្លួន។ តួលេខនេះបង្ហាញថា មានកំណើន ១៦៣ភាគរយ បើធៀបនឹងចំនួននៃការចាប់ខ្លួនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤ កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
