អាណាព្យាបាលភាគច្រើនរស់នៅខេត្តព្រះសីហនុ គាំទ្រយុទ្ធនាការចុះបង្ក្រាបសកម្មភាពជួញដូរគ្រឿងញៀនរបស់កងកម្លាំងប្រដាប់អាវុធស្ថាប័នជំនាញពាក់ព័ន្ធដែលឈានដល់នាំខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនជាច្រើនករណីបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោស។
ករណីនេះ មន្ត្រីសង្គមស៊ីវិលក៏ប្រកាសគាំទ្រ ហើយចាត់ទុកសកម្មភាពចុះបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនរបស់កម្លាំងជំនាញស្ថាប័នពាក់ព័ន្ធខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ថាបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។
ថ្នាក់ដឹកនាំស្ថាប័នកងរាជអាវុធហត្ថ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អះអាងថា ស្ថាប័នជំនាញនីមួយៗ នឹងបង្កើនសកម្មភាពចុះបង្ក្រាបរាល់បទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀនដែលកើតមានក្នុងនេះឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីទប់ស្កាត់បទល្មើសទាំងនេះឲ្យមានប្រសិទ្ធភាព។
របាយការណ៍បង្ក្រាបបទល្មើសគ្រឿងញៀនរបស់ស្ថាប័នកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ហាញថា គិតចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ មកដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថាប័ននេះបង្ក្រាបបទល្មើសគ្រឿងញៀនជាក់ស្ដែងបាន ២៧លើក។ ក្នុងនោះករណីជួញដូរគ្រឿងញៀនចំនួន ២១លើក និងប្រើប្រាស់គ្រឿងញៀនចំនួន ៦លើក។
របាយការណ៍ដដែលបានឲ្យដឹងថា យុទ្ធនាការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបទល្មើសគ្រឿងញៀនបានចំនួន ៦៩នាក់ (ប្រុស៥៩នាក់)។ ក្នុងនោះបានបញ្ជូនជនសង្ស័យបទល្មើសនេះទៅកាន់តុលាការចំនួន ៦៥នាក់ ប្រុស ៥៦នាក់ ព្រមទាំងអប់រំហើយដោះលែងវិញចំនួន ៤នាក់។
របាយការណ៍កងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ហាញថា សកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀន គិតមកដល់ថ្ងៃទី៨ ខែកញ្ញា គឺកម្លាំងជំនាញរឹបអូសវត្ថុតាងម្សៅសថ្លាចំនួន ១៦០កញ្ចប់ ស្មើនឹងជាង ៩០ក្រាម (៩២.៩៣) និងថ្នាំគ្រាប់ប្រភេទយ៉ាម៉ា ជាដើម បានមួយចំនួនទៀត។
ទាក់ទិនករណីនេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្ដមវរសេនីយ៍ត្រី ហេង ប៊ុនទី សង្កត់ធ្ងន់ថា កម្លាំងជំនាញស្ថាប័ននេះ នឹងបន្តបើកយុទ្ធនាការទាំងយប់ថ្ងៃឲ្យបានជាប្រចាំ ប្រយោជន៍ដើម្បីឈានដល់ចុះបង្ក្រាបទប់ស្កាត់បទល្មើសដែលកើតមាននាមូលដ្ឋាននេះឲ្យមានប្រសិទ្ធភាពនៅថ្ងៃខាងមុខ។
បទល្មើសគ្រឿងញៀននេះដែរ មន្ត្រីសង្គមស៊ីវិល និងអាណាព្យាបាលភាគច្រើន នាខេត្តព្រះសីហនុ បង្ហាញការគាំទ្រដល់យុទ្ធនាការចុះបង្ក្រាបគ្រឿងញៀនរបស់កម្លាំងជំនាញគ្រប់ស្ថាប័ន ដែលបានពង្រឹងសកម្មភាពបង្ក្រាបគ្រឿងញៀនទាំងយប់ថ្ងៃ ទទួលបានទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់ក្នុងរយៈពេល ១ឆ្នាំចុងក្រោយនេះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ប្រកាសគាំទ្រ និងលើកទឹកចិត្តដល់កម្លាំងជំនាញស្ថាប័នកងកម្លាំងប្រដាប់អាវុធនានា ដែលបានយកចិត្តទុកដាក់ និងរួមសហការគ្នាបង្ក្រាបបទល្មើសគ្រឿងញៀន និងចាប់បញ្ជូនជនសង្ស័យ បានជាច្រើនករណីទៅកាន់តុលាការផ្ដន្ទាទោស៖ «សូមដាក់ទោសទៅតាមកម្រិតដែលជនសង្ស័យ ឬជនល្មើសគ្រឿងញៀនបានប្រព្រឹត្តិឲ្យស្របតាមច្បាប់។ ប៉ុន្តែខ្ញុំក៏ស្នើដល់កម្លាំងជំនាញត្រូវផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះដែលសមត្ថកិច្ចជំនាញចាប់ច្រឡំ ព្រោះតាមការឲ្យដឹងរបស់អាណាព្យាបាលក៏មានកូនៗ របស់ពួកគាត់មួយចំនួនត្រូវសមត្ថកិច្ចចាប់ច្រឡំ ដោយសារដើរជាន់ដានពេលសមត្ថកិច្ចជំនាញចុះធ្វើសកម្មភាពបង្ក្រាបគ្រឿងញៀននៅពេលកន្លងមកនេះ»។
បទល្មើសគ្រឿងញៀននេះដែរ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានប្ដេជ្ញាថា បានដឹកនាំកម្លាំងជំនាញក្រោមឱវាទ ចុះបង្ក្រាបបទល្មើសគ្រឿងញៀនចាប់ពីទីប្រជុំជនរហូតដល់មូលដ្ឋាន ដែលមានសកម្មភាពជួញដូរ ឬប្រើប្រាស់គ្រឿងញៀន។
ទោះបីលោក ជួន ណារិន្ទ មិនទាន់បង្ហាញរបាយការណ៍នៃចំនួនបទល្មើសគ្រឿងញៀន គិតចាប់ពីខែមករា មកដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចបង្ក្រាប និងចាប់បានជនសង្ស័យកើតមានប៉ុន្មានករណីឲ្យពិតប្រាកដក្តី ប៉ុន្តែលោកបានបញ្ជាក់ថា នៅឆមាសទី២ ចុងឆ្នាំនេះ កម្លាំងជំនាញបើកយុទ្ធនាការបង្ក្រាប និងចាប់បានជនល្មើស ឬជនសង្ស័យជួញដូរគ្រឿងញៀនជាច្រើនករណីបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោស។
លោកឧត្ដមវរសេនីយ៍ទោ ជួន ណារិន្ទ បានព្រមានដល់កងកម្លាំងនគរបាលក្រោមឱវាទរបស់ខ្លួនដែលកន្លងមកធ្លាប់មានជាប់ពាក់ព័ន្ធសកម្មភាពជួញដូរគ្រឿងញៀន ប៉ុន្តែចាប់ពីពេលនេះតទៅត្រូវងាកឲ្យឆ្ងាយពីបទល្មើសនេះ ព្រោះរូបលោកមិនអាចអត់អោនឲ្យបានទេ។
ស្នងការនគរបាលខេត្តព្រះសីហនុ សង្កត់ធ្ងន់ថា នឹងខិតខំពង្រឹងសកម្មភាពបង្ក្រាបទប់ស្កាត់បទល្មើសគ្រឿងញៀនដែលកើតមានឡើងនៅខេត្តទេសចរណ៍មួយនេះនៅពេលកន្លងមកឲ្យថយចុះដើម្បីឈានដល់ផ្ដល់សន្តិសុខ ឬការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរចូលមកទស្សនាមូលដ្ឋាននេះ មានសុវត្ថិភាពល្អថែមទៀតនៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
