សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី​ស្នើសុំ​ទប់ស្កាត់​ការ​ប្រើប្រាស់​គ្រឿង​ញៀន

0:00 / 0:00

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ទប់ស្កាត់​ការ​ប្រើប្រាស់​គ្រឿង​ញៀន ដែល​កំពុង​ហូរ​ចូល​ទៅ​ដល់​ស្រទាប់​យុវជន​យុវនារី​ជនជាតិ​ដើម​ភាគ​តិច គួរ​ឲ្យ​បារម្ភ។ ចំណែក​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​កត់​សម្គាល់​ថា ការ​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​សហគមន៍​ជនជាតិ​ដើម ធ្វើ​ឲ្យ​កើត​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​អំពើ​លួច​ប្លន់​កាប់​សម្លាប់​ផ្ទុយ​ទៅ​នឹង​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម។

ការ​ព្រួយ​បារម្ភ​នេះ កើត​មាន​បន្ទាប់​ពី​អ្នក​ភូមិ​ប្រទះ​ឃើញ​កម្មករ​ចំណាក​ស្រុក បាន​នាំ​គ្នា​លួច​ជក់​គ្រឿង​ញៀន​ជា​ញឹកញាប់​នៅ​តាម​ចម្ការ​ក្បែរ​ភូមិ។ ទន្ទឹម​នោះ​ដែរ កម្មករ​ចំណាក​ស្រុក​ខ្លះ​បាន​ទាក់ទាញ​យុវជន​ជនជាតិ​ដើម​ជា​មិត្តភ័ក្ដិ ឲ្យ​ប្រើប្រាស់​គ្រឿង​ញៀន​នេះ​ជាមួយ​ពួក​គេ​ទៀត​ផង។

តំណាង​សហគមន៍​ភូមិ​គងយុ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ លោក សេវ ទ្វែល កត់​សម្គាល់​ថា នា​ពេល​ថ្មីៗ​នេះ កូន​ចៅ​អ្នក​ភូមិ​ខ្លះ​បាន​ក្លាយ​ជា​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន។ ដូច្នេះ ករណី​នេះ​ជា​សញ្ញា​បញ្ជាក់​ថា គ្រឿង​ញៀន​កំពុង​ហូរ​ចូល​មក​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច និង​បង្ក​ផល​វិបាក​ដល់​សមាជិក​សហគមន៍​ផ្សេង​ទៀត។ លោក​បន្ត​ថា សហគមន៍​បាន​ផ្តល់​ព័ត៌មាន​ជូន​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​ពី​ករណី​នេះ ក៏ប៉ុន្តែ​ក្រុម​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ទាំង​នោះ មិន​ទាន់​ត្រូវ​បាន​បង្ក្រាប​នៅ​ឡើយ៖ «ទើប​មាន​ឆ្នាំ​នេះ​ទេ វា​ទាក់ទង​ក្មេង​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ភូមិ​គងធំ ពីរ​បី​នាក់ វា​ជក់​ដែរ មាន​ន័យ​ថា ប៉ះពាល់​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច វា​កាច​សាហាវ វា​ធ្វើ​បាប​បំផ្លិចបំផ្លាញ​ឪពុក​ម្តាយ​ណា»

សមត្ថកិច្ច​ប៉ូលិស​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ទីតាំង​នៃ​ការ​ជួញ​ដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​មាន ៤​គោលដៅ​សំខាន់ៗ រួម​មាន ស្រុក​វ៉ឺនសៃ ស្រុក​អណ្ដូងមាស ស្រុក​អូរយ៉ាដាវ និង​ក្រុង​បានលុង។ ដោយឡែក​នៅ​បណ្ដា​ស្រុក​ផ្សេង​ទៀត ក៏​មាន​សកម្មភាព​ប្រើប្រាស់​គ្រឿង​ញៀន​ទ្រង់ទ្រាយ​តូចៗ​ដែរ។

យ៉ាង​ណា​មិញ អធិការ​ប៉ូលិស​ស្រុក​អូរយ៉ាដាវ លោក ជួប វណ្ណារ៉ាក់ ទទួល​ស្គាល់​ថា អ្នក​ភូមិ​បាន​ផ្តល់​ព័ត៌មាន​ពី​ការ​ប្រើប្រាស់​គ្រឿង​ញៀន​នេះ​មក​ប៉ូលិស ក៏ប៉ុន្តែ​ទីតាំង​ដែល​មាន​ការ​ប្រើប្រាស់​គ្រឿង​ញៀន ធ្វើ​ឡើង​ក្នុង​ចម្ការ​កៅស៊ូ​ធំ​ទូលាយ មិន​អំណោយ​ផល​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​ក្រុម​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​បាន។ លោក​ថា អ្នក​ភូមិ​ត្រូវ​សហការ​គ្នា​ឃាត់​ទុក​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន កាល​ណា​អ្នក​ភូមិ​ប្រទះ​ឃើញ ហើយ​ផ្តល់​ដំណឹង​មក​សមត្ថកិច្ច​ទាន់​ពេលវេលា ទើប​ការ​បង្ក្រាប​មាន​ប្រសិទ្ធភាព៖ «វា​ពិបាក​កន្លែង​ទីតាំង​នៅ​តាម​ចម្ការ ទម្រាំ​យើង​ទៅ​ដល់​វា​ទៅ​ផុត​អស់។ យើង​សុំ​កិច្ច​សហការ​ពី​អ្នក​ភូមិ​អ៊ីចឹង​ដែរ​ណា»

ចាប់​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ រហូត​បច្ចុប្បន្ន សមត្ថកិច្ច​ប៉ូលិស​ខេត្ត​រតនគិរី បង្ក្រាប​បាន​ការ​ជួញ​ដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន ៩​ករណី ឃាត់​ខ្លួន​ជន​ជាប់​សង្ស័យ​បាន ១៣​នាក់ បញ្ជូន​ទៅ​តុលាការ និង​រឹប​អូស​គ្រឿង​ញៀន​ម្សៅ​ប្រភេទ​ម៉ា​ទឹក​កក ៣០​កូន​ថង់ ម៉ូតូ ៩​គ្រឿង ទូរស័ព្ទ ៧​គ្រឿង និង​ដាវ​សាម៉ារ៉ៃ ៤​ដើម។

ទាក់ទិន​ការ​ប្រើប្រាស់​គ្រឿង​ញៀន​នេះ​ដែរ ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី ទទួល​បន្ទុក​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន លោក វ៉ាន់ សង្វាត ទទួល​ស្គាល់​ដែរ​ថា សមត្ថកិច្ច​ប៉ូលិស​បង្ក្រាប​អ្នក​ជួញ​ដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​បាន​ជា​បន្តបន្ទាប់ ទើប​ធ្វើ​ឲ្យ​សកម្មភាព​នេះ​បាន​ថយ​ចុះ​នៅ​ឆមាស​ដើម​ឆ្នាំ​២០១៥ នេះ៖ «បង្ក្រាប​ហូរហែ ដល់​ឥឡូវ​ចុះ​បង្ក្រាប​បន្ត​កាត់​បន្ថយ​បាន​ច្រើន»

យ៉ាង​ណា​ក៏ដោយ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី ចាត់​ទុក​ការ​ហូរ​ចូល​គ្រឿង​ញៀន​ទៅ​កាន់​តំបន់​ជនជាតិ​ដើម​ភាគ​តិច គឺ​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ភូមិ​ដែល​យល់​ដឹង​នៅ​មាន​កម្រិត។ លោក​ថា ក្រុម​សមត្ថកិច្ច​ត្រូវ​ចាត់​វិធានការ​ម៉ឺងម៉ាត់​អប់រំ​ផ្សព្វផ្សាយ​ដល់​សហគមន៍ ពី​ផល​វិបាក​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ឲ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត៖ «ថ្ងៃ​ខាង​មុខ ប្រសិន​គ្មាន​ការ​ទប់ស្កាត់​ទេ នឹង​មាន​ការ​ប្រឈម​ការ​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​តាម​តំបន់​មូលដ្ឋាន​ជនជាតិ​ដើម​ភាគ​តិច។ ឥឡូវ​នេះ យុវជន​យុវនារី​មួយ​ចំនួន​កំពុង​នាំ​គ្នា​ប្រើប្រាស់​គ្រឿង​ញៀន តាម​រយៈ​កម្មករ​ខ្មែរ និង​កម្មករ​បច្ចេកទេស​វៀតណាម តាម​ក្រុមហ៊ុន»

កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា នគរបាល​ប្រឆាំង​គ្រឿង​ញៀន សហការ​ជាមួយ​ព្រះរាជអាជ្ញា​ថ្នាក់​ជាតិ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ផលិត និង​ស្តុក​គ្រឿង​ញៀន ៥​គោលដៅ។ ៤​ទីតាំង​នៅ​ភ្នំពេញ និង​មួយ​ទីតាំង​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង។ សមត្ថកិច្ច​ចាប់​ខ្លួន​ជន​សង្ស័យ​បាន ៤​នាក់ ជា​អ្នក​បច្ចេកទេស​កែច្នៃ​គ្រឿង​ញៀន មេ​ខ្លោង​ជួញ​ដូរ រួម​ជាមួយ​គ្រឿង​ញៀន​ទម្ងន់​ជិត ៥៥​គីឡូក្រាម ដែល​មាន​តម្លៃ​ប្រមាណ​ជិត ៣​លាន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។