សមត្ថកិច្ច​បង្ហាញ​គ្រឿង​ញៀន​​ជិត​៥៥​គីឡូក្រាម​និង​ជនសង្ស័យ​៣​នាក់

ដោយ ប្រាជ្ញ ចេវ
2015.06.20
គ្រឿង​ញៀន ៦២០ សមត្ថកិច្ច​បង្ហាញ​គ្រឿង​ញៀន​ដែល​រឹប​អូស​បាន​ជិត ៥៥​គីឡូក្រាម នៅ​ក្នុង​សន្និសីទ​កាសែត​នា​អគ្គស្នងការ​នគរបាល​ជាតិ កាល​ពី​រសៀល​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Brach Chev

នគរបាល​បង្ហាញ​គ្រឿងញៀន​ទម្ងន់​ជិត ៥៥​គីឡូក្រាម ដែល​មាន​តម្លៃ​ប្រមាណ​ជិត ៣​លាន​ដុល្លារ និង​ជនសង្ស័យ​ជា​ជនជាតិ​ចិន ៣​រូប បន្ទាប់​ពី​បង្ក្រាប​បទល្មើស ៥​គោលដៅ​នៅ​ភ្នំពេញ និង​ខេត្ត​ស្ទឹងត្រែង ដែល​មាន​មេខ្លោង​ធំ​នៅ​ពី​ក្រោយ​ជា​ជនជាតិ​ខ្មែរ។ ទោះ​យ៉ាង​ណា​ក្តី សង្គម​ស៊ីវិល​ដែល​ធ្វើ​លើ​រឿង​នេះ​លើក​ឡើង​ថា សមត្ថកិច្ច​មិន​សូវ​ចាប់​បាន​មេខ្លោង​ជួញដូរ​គ្រឿង​ញៀន​នោះ​ទេ។

​គ្រឿង​ក្នុង​កញ្ចប់​ប្រភេទ​មេតំហ្វេតាមីន ម៉ា​ទឹកកក និង​ហេរ៉ូអ៊ីន មាន​ទាំង​ការ​វេច​ខ្ចប់ និង​ឧបករណ៍​កែច្នៃ ត្រូវ​បាន​កងកម្លាំង​ដាក់​តម្រៀប​គ្នា​ពេញ​តុ ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​មិថុនា នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។ សមត្ថកិច្ច​ថា គ្រឿងញៀន​ទាំង​នេះ ហូរ​មក​ពី​តំបន់​ត្រីកោណ​មាស ​ប្រទេស​ឡាវ ឆ្ពោះ​ទៅ​តៃវ៉ាន់ និង​មួយ​ចំនួន​ជនល្មើស​គ្រឿង​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា។

​លោក​ឧត្ដមសេនីយ៍​ឯក ម៉ក់ ជីតូ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និយាយ​ថា សមត្ថកិច្ច​ចំណាយ​ពេល ៣​ខែ​ទើប​បំបែក​សំណុំរឿង​នេះ។ លោក​បន្ត​ថា ករណី​ជួញដូរ​ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​មាន​​បណ្ដាញ​ទាំង​នៅ​ក្នុង​ស្រុក នៅ​ក្រៅ​ស្រុក រួម​ទាំង​មាន​ឧបករណ៍​កែច្នៃ៖ «មិន​មែន​នឹក​ឃើញ​ភ្លាម​យើង​ធ្វើ​ភ្លាម​ទេ​ណា គឺ​យើង​មាន​រក​ឃើញ​សាក្សី ភស្តុតាង មាន​ជនល្មើស។ គ្រឿង​ដែល​យើង​រក​ឃើញ​គេ​ដាក់​ក្នុង​ទូ​ដែក​មាន​បួន​ផត មាន​លេខ​កូដ​ល្អ​ណាស់ ហើយ ៦​គីឡូ​ទៀត​នៅ​ក្នុង​ធុង​ទឹកកក»

​នគរបាល​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​ព្រះរាជអាជ្ញា បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៥ នេះ ដែល​មាន ៥​​គោលដៅ។ ៤​ទីតាំង​នៅ​ភ្នំពេញ និង​មួយ​ទីតាំង​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង។ សមត្ថកិច្ច​ចាប់​ខ្លួន​ជនសង្ស័យ​បាន ៤​រូប ដែល​ជា​អ្នក​បច្ចេកទេស​កែច្នៃ​គ្រឿងញៀន មេខ្លោង​ជួញដូរ និង​ប្រពន្ធ​មេខ្លោង​ជួញដូរ។ សមត្ថកិច្ច​ថា ក្រុម​នេះ​អា​កែច្នៃ​គ្រឿងញៀន​បាន​ទ្វេរ​ដង​ពី​សារធាតុ​ដើម។

​ទោះ​បែប​នេះ​ក្ដី ប្រធាន​សមាគម​សង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រឿង​ញៀន​កម្ពុជា  លោក មាស សុវណ្ណ អង្កេត​ឃើញ​ថា សមត្ថកិច្ច​ពុំ​សូវ​ចាប់​ខ្លួន​មេខ្លោង​ធំដុំ​បាន​នោះ​ទេ ព្រោះ​ចំណាត់​ការ​បង្ក្រាប​របស់​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​មាន​កម្រិត។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​គ្រឿង​ញៀន​រូប​នេះ ស្នើ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បន្ថែម​កិច្ចសហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ ទាំង​ជាតិ និង​អន្តរជាតិ ព្រមទាំង​ផ្សព្វផ្សាយ​គ្រោះថ្នាក់​គ្រឿងញៀន ឲ្យ​កាន់តែ​ទូលំទូលាយ៖ «ដើម្បី​ទប់ស្កាត់​ការ​ប្រើប្រាស់ យើង​ត្រូវ​សហការ​គ្នា​ទូទាំង​ប្រទេស ដើម្បី​ជំរុញ​ការ​ព្យាបាល ការ​អប់រំ ជាពិសេស​គឺ​ប្រព័ន្ធ​អប់រំ​តាម​សហគមន៍ ពីព្រោះ​សព្វថ្ងៃ​នេះ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​បាន​រីក​រាលដាល​ដល់​ជនបទ»

​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ចូល​រួម​ក្នុង​អង្គ​សន្និសីទ​នេះ ឲ្យ​ដឹង​ថា ព្រះរាជអាជ្ញា​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ចោទ​ប្រកាន់​ជនល្មើស ដែល​មាន​បី​ល្មើស។ គ្រឿងញៀន​ទាំង​នោះ គិត​ជា​ទឹក​ប្រាក់​មាន​តម្លៃ​ប្រមាណ​ជិត ៣​លាន​ដុល្លារ​អាមេរិក។

អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន ឧត្ដមសេនីយ៍​ឯក មាស វិរិទ្ធ លើក​ឡើង​ថា ប្រសិន​គ្រឿងញៀន​ទាំង​នោះ​បាន​ចរាចរណ៍ នឹង​បង្ក​ហានិភ័យ​ដល់​ពលរដ្ឋ​ខ្មែរ។ លោក​លើក​ឧទាហរណ៍​ថា គ្រាន់តែ​គ្រឿងញៀន ១៦​គីឡូក្រាម​ចរាចរណ៍​លើ​ទីផ្សារ​កម្ពុជា នឹង​ធ្វើ​ឲ្យ​មនុស្ស​ជាង ១៧.០០០​នាក់ ក្លាយ​ជា​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន និង​អ្នក​ញៀន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។