ការចរាចរគ្រឿងញៀនកើតមានសឹងគ្រប់ទីកន្លែង ទាំងទីប្រជុំជន និងតាមជនបទគ្រប់ច្រកល្ហក។ តួលេខពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញថា អ្នកប្រើបំពានគ្រឿងញៀននៅឆ្នាំ២០១៥ មានជាង ១,៦ម៉ឺននាក់។ មន្ត្រីជាន់ខ្ពស់នៃអង្គភាពប្រឆាំងគ្រឿងញៀន វាយតម្លៃស្ថានភាពគ្រឿងញៀននេះ ថាមានសភាពធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភ ដែលត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីទប់ស្កាត់ និងដោះស្រាយ។
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ ឯក មាស វីរិទ្ធិ ជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ដូចជាអាជ្ញាធរ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋសហការគ្នាជួយដោះស្រាយបញ្ហាគ្រឿងញៀននៅកម្ពុជា។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អង្គភាពប្រឆាំងគ្រឿងញៀនរូបនេះ ធ្វើឡើងនៅខណៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកំពុងបូកសរុបលទ្ធផលរបាយការណ៍គ្រឿងញៀនឆ្នាំ២០១៥ និងសិក្សារកចំណុចខ្វះខាតនៃការអនុវត្តគោលការណ៍ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅពេលកន្លងមក៖ «អ្វីៗយើងមាន ប៉ុន្តែការអនុវត្តអត់បានព្រមគ្នាទេ។ អ៊ីចឹងដើម្បីឱ្យមានប្រសិទ្ធភាព មានតែការចូលរួមពីគ្រប់សមាសភាពទាំងអស់ក្នុងសង្គម។ ថ្វីត្បិតតែយន្តការត្រួតពិនិត្យគ្រឿងញៀន យើងបានដាក់ចេញ ប៉ុន្តែការដាក់ឱ្យដំណើរការនៃយន្តការនោះ និងការចូលរួមអនុវត្តយន្តការនោះ វាអត់ទាន់មាន បានសេចក្ដីថា វាមិនទាន់សកម្ម»។
លោកឧត្ដមសេនីយ៍ឯក មាស វីរិទ្ធិ បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ មករា ថា បញ្ហាកំណើនគ្រឿងញៀននេះ គឺដោយសារកម្ពុជា រងឥទ្ធិពលពីការចរាចរគ្រឿងញៀនក្នុងតំបន់ និងអន្តរជាតិ។ កន្លែងផលិតគ្រឿងញៀនសំខាន់ៗ ដូចជា តំបន់ត្រីកោណមាស និងអឌ្ឍចន្ទមាសជាដើម កំពុងដំណើរការផលិតគ្រឿងញៀនកាន់តែច្រើន និងចែកចាយទៅកាន់ប្រទេសនានាលើពិភពលោក។ ម្យ៉ាងវិញទៀត គ្រឿងញៀននៅពេលបច្ចុប្បន្ននេះ មានកម្រិតភាពសុទ្ធកាន់តែខ្ពស់ ដែលធ្វើឱ្យមនុស្សញៀនកាន់តែខ្លាំង។
ទន្ទឹមនឹងការបញ្ជាក់ពីមូលហេតុនៃកំណើនគ្រឿងញៀននេះ លោក មាស វីរិទ្ធិ ក៏បានលើកឡើងដែរថា កង្វះខាតសមត្ថភាព និងភាពឆកល្វែងរបស់សមត្ថកិច្ចមួយចំនួនបានធ្វើឱ្យគ្រឿងញៀនរីករាលដាលទៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា៖ «សមត្ថកិច្ចនៅថ្នាក់ក្រោមជាតិហ្នឹង មិនបានទទួលការបណ្ដុះបណ្ដាល។ ឧទាហរណ៍ ដូចជាការបង្ក្រាបបាន ប៉ុន្តែការកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ តើត្រូវធ្វើយ៉ាងម៉េច? ក្រមនីតិវិធីព្រហ្មទណ្ឌចង្អុលថា នគរបាលយុត្តិធម៌មានភារកិច្ចត្រួតពិនិត្យ ឬក៏ឃាត់ខ្លួនជនសង្ស័យក្នុងរយៈពេល ៤៨ម៉ោង អ៊ីចឹងគាត់មិនមានសមត្ថភាពក្នុងការកសាងសំណុំរឿង»។
ទិន្នន័យពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញថា អ្នកប្រើបំពានគ្រឿងញៀននៅឆ្នាំ២០១៥ មាន ១៦.៥៧០នាក់។ ប្រភេទគ្រឿងញៀនដែលមានការពេញនិយមខ្លាំងជាងគេនៅកម្ពុជា គឺមេតំហ្វេតាមីនក្រាមម្សៅ ឬ ម៉ាទឹកកក (ICE) មានរហូតដល់ទៅ ៧៩ភាគរយ។
មន្ត្រីកម្មវិធីសង្គ្រោះជីវិតនៃអង្គការមិត្តសម្លាញ់ លោក ពិន សុខុម ធ្លាប់បានលើកឡើងក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីខែកញ្ញា ឆ្នាំ២០១៥ ថា ការរីករាលដាលបញ្ហាគ្រឿងញៀននេះនឹងធ្វើឱ្យកើតមានអសន្តិសុខសង្គមជាច្រើន ដូចជាអំពើចោរកម្ម លួច ឆក់ ប្លន់ នៅពេលដែលយុវជនខ្មែរកាន់តែច្រើនផុងខ្លួនចូលក្នុងអន្ទាក់គ្រឿងញៀន៖ «គាត់មានបញ្ហាជាមួយក្រុមរបស់គាត់ ទំនាក់ទំនងជាមួយគ្រួសារ ជាមួយសង្គម ការសិក្សា សុខភាព ហើយបើគាត់ប្រើកាន់តែយូរទៅគាត់ក្លាយជាអ្នកញៀនគ្រឿងញៀន។ ពេលនោះហើយដែលវាមានផលប៉ះពាល់ធ្វើឱ្យមានការផ្លាស់ប្ដូរមុខងារផ្លូវចិត្ត ផ្លូវកាយ និងផ្លូវអារម្មណ៍ ហើយនិងធ្វើឱ្យអ្នកប្រើប្រាស់ក្លាយទៅជាអ្នកដែលអាចធ្វើអ្វីដោយមិនបានគិត»។
ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនត្រង់មាត្រា ៤៥ ចែងថា ជនណាដែលប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនតាមគ្រប់រូបភាព ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១សែន ដល់ ១លានរៀល។ ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១ ទៅ ២លានរៀល។
ចំពោះការរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជនល្មើសនឹងត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ឆ្នាំ និងអាចត្រូវពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល។ បើសិនជាបទល្មើសមានលក្ខណៈធ្ងន់ធ្ងរ អ្នកប្រព្រឹត្តអាចនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ៥ ដល់ ២០ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ដល់ ៤០លានរៀល អាស្រ័យទៅតាមស្ថានទម្ងន់ទោស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
