លទ្ធផលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងរយៈពេល ៤០ថ្ងៃ អាជ្ញាធរបង្ក្រាបបានចំនួនជាង ១ពាន់ករណី និងឃាត់ខ្លួនមនុស្សជាង ៣ពាន់នាក់។ ដោយឡែកស្ថាប័ននគរបាល និងកងរាជអាវុធហត្ថ ក៏បានរកឃើញមន្ត្រីមួយចំនួនថា បានប្រើប្រាស់ និងមានសារធាតុញៀនជាបន្តបន្ទាប់ដែរ។
មន្ត្រីក្នុងជួរកងរាជអាវុធហត្ថ និងមន្ត្រីនគរបាល ដែលបានធ្វើតេស្តហើយរកឃើញថា មានសារធាតុញៀន និងបានប្រើប្រាស់គ្រឿងញៀន នឹងត្រូវរងការបណ្ដេញចេញពីការងារ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃទី១០ ខែកុម្ភៈ ថា ក្រៅអំពីវិធានការច្បាប់មន្ត្រីក្នុងជួរកងរាជអាវុធហត្ថ ឬមន្ត្រីនគរបាល ដែលបានប្រើប្រាស់ហើយមានសភាពញៀន នឹងត្រូវរងការពិន័យផ្នែករដ្ឋបាល ដោយបណ្ដេញចេញពីក្របខណ្ឌការងារ។ លោកថា មន្ត្រីដែលគេធ្វើតេស្តនៅតាមស្ថាប័ននោះ គឺជាមនុស្សដែលគេសង្ស័យថា មានពាក់ព័ន្ធគ្រឿងញៀន។ ប៉ុន្តែលោកមិនទាន់មានតួលេខថា មានមន្ត្រីប៉ុន្មាននាក់ដែលបានរកឃើញថា ជាប់ពាក់ព័ន្ធគ្រឿងញៀននោះឡើយទេ៖ « មិនចាំបាច់ទៅហៅតម្រង់ជួរ ចាក់ទៅម្ដងមួយមិនអ៊ីចឹងទេ ជួរកងទ័ព ឬស៊ីវិល គេចមិនផុតពីគេដឹងទេ អ្នកជក់អាភៀនជក់អ៊ីហ្នឹង ហើយត្រូវបណ្ដេញពីកងជួរកម្លាំងប្រដាប់អាវុធហើយ អ្នកញៀនគ្រឿងញៀនទុកធ្វើអី ? យកធ្វើការម៉េចកើត ? កាន់អាវុធកាន់អីវាមិនរឿងផ្សេងទៀត។ អ្នកញៀនទុកនាំតែគេដឹង ទុកធ្វើអីនាំឲ្យខូចជួរធ្វើអី » ។
ចំណែកលទ្ធផលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានរយៈពេលចំនួន ៦ខែរបស់រដ្ឋាភិបាល ក្នុងរយៈពេល ៤០ថ្ងៃ ដែលបានចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី៩ ខែកុម្ភៈ ឲ្យដឹងថា អាជ្ញាធរបង្ក្រាបនៅទូទាំងប្រទេសបានចំនួន ១.៤៤៦ករណី និងឃាត់ជនសង្ស័យ ប្រព្រឹត្តបទល្មើស និងអ្នកប្រើប្រាស់ចំនួនជាង ៣.៤៦៩នាក់។
ក្នុងយុទ្ធនាការនេះ កាលពីថ្ងៃទី៨ ខែកុម្ភៈ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែង បានបង្ក្រាបករណីជួញដូរគ្រឿងញៀន និងឃាត់ខ្លួនបានជនល្មើសម្នាក់ នៅចំណុចគីឡូម៉ែត្រលេខ៤៥៩ “អូរពងមាន់” ខេត្តស្ទឹងត្រែង ជាមន្ត្រីនគរបាលខេត្តស្ទឹងត្រែង មានឋានន្តរសក្ដិអនុសេនីយ៍ត្រី ជាអនុប្រធានផ្នែកការិយាល័យអន្តោប្រវេសន៍ ឈ្មោះ ហែម សុផល ដោយដកហូតវត្ថុតាងបានរួមមាន ថ្នាំញៀនម៉េតំហ្វេតាមីន “ WY ” ចំនួន ១២សុង ឬស្មើនឹង ២ម៉ឺន ៤ពាន់គ្រាប់។
អគ្គលេខាធិការនៃអាជ្ញាធរជាតិបង្ក្រាបគ្រឿងញៀន នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ ថ្លែងថា សកម្មភាពធ្វើតេស្តមន្ត្រីក្នុងជួរកងរាជអាវុធហត្ថ ឬមន្ត្រីនគរបាលនោះ គឺជាភាពជាម្ចាស់ការនៃអង្គភាពមិនមែនជាសកម្មភាពយុទ្ធនាការនោះទេ។ លោកថា ការឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសជាមន្ត្រីរាជការពាក់ព័ន្ធករណីគ្រឿងញៀន អាចមានស្ថានទម្ងន់ទោស ហើយការផ្ដន្ទាទោសនេះទៀតសោតគឺផ្អែកទិដ្ឋភាពច្បាប់៖ « អ្នកប្រើប្រាស់គ្រឿងញៀន បើសិនជាគាត់ស្ម័គ្រចិត្តទៅទទួលយកសេវាព្យាបាល មិនគួរមានទោស ប៉ុន្តែសមត្ថកិច្ចរកឃើញអ្នកប្រើប្រាស់គ្រឿងញៀន ហើយអ្នកនោះជាសមត្ថកិច្ចទៀត អាហ្នឹងវាអាចទទួលវិន័យទៅតាមច្បាប់។ ប៉ុន្តែទោះជាយ៉ាងណា មាត្រាច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ក៏បានបញ្ញត្តិ ហើយបើសិនជាគេស្ម័គ្រចិត្តទៅទទួលសេវាព្យាបាលការចោទប្រកាន់ត្រូវបង្អង់ » ។
ជុំវិញយុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស កាលពីថ្ងៃទី៨ ខែកុម្ភៈ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាប គ្រឿងញៀនខុសច្បាប់តាមច្រក បានដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការនៅទីស្ដីការក្រសួង ដើម្បីពិភាក្សាអំពីផែនការការងារ និងលើកទិសដៅបន្តអនុវត្ត សំដៅចូលរួមអនុវត្តយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនរបស់រដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា យុទ្ធនាការនេះ ផ្ដោតទៅលើច្រកសំខាន់៣ គឺច្រកផ្លូវគោក ផ្លូវទឹក ជាច្រកកំពង់ផែដោយដឹកតាមកប៉ាល់ និងផ្លូវអាកាស។ លោកថា ដោយសារឧក្រិដ្ឋជនគ្រឿងញៀន កាន់មានល្បិច និងវិធីសាស្ត្រខ្ពស់ និងថ្មីៗច្រើន ដូច្នេះក្រសួងបានបើកការប្រជុំដោយពិភាក្សាដាក់ផែនការសំខាន់ចំនួន៣ ទី១ គឺពង្រឹងយន្តការអន្តរជាតិ ដោយសហការជាមួយបណ្ដាប្រទេសជិតខាងជាប់ព្រំដែន និងប្រទេសជាមិត្តគឺប្រទេសអូស្ត្រាលី ចិន ជាដើម រួមទាំងអង្គការអន្តរជាតិក្នុងការផ្ដល់ដំណឹងចាត់វិធានការទប់ស្កាត់ និងចាប់ជនល្មើសនៅនឹងកន្លែងវិធានការទី២ គឺរៀបចំយន្តការច្បាប់ និងទី៣ បំពាក់ឧបករណ៍បច្ចេកទេសទំនើបៗចំនួននៅតាមច្រកសំខាន់បន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
