អ្នក​ចិញ្ចឹម​ទា​ត្អូញ​រឿង​ពង​ទា​ធ្លាក់​ថ្លៃ

0:00 / 0:00

កសិករ​មួយ​ចំនួន​ដែល​មាន​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ទា​យក​ពង​លក់ បាន​ត្អូញត្អែរ​ថា ក្រោយ​ពេល​ចូលឆ្នាំ​ខ្មែរ តម្លៃ​ពង​ទា​ធ្លាក់​ថ្លៃ​ជា​ច្រើន ធ្វើ​ឲ្យ​ពួកគាត់​មាន​ការ​លំបាក និង​ប្រឈម​ជាមួយ​ការ​ខ្វះ​ប្រាក់​សង​ម្ចាស់​បំណុល​ទៀត​ផង។

ការ​លក់​ផលិតផល​មិន​ដាច់​វា​ជា​រឿង​មួយ​ចំពោះ​កសិករ​ដែល​ចិញ្ចឹម​សត្វ​ទា​យក​ពង​លក់ ប៉ុន្តែ​រឿង​ការ​ខាតបង់​លក់​មិន​បាន​ចំណេញ វា​អាច​ធ្វើ​ឲ្យ​មុខ​របរ​ចិញ្ចឹម​សត្វ​ទា​យក​ពង​លក់​លែង​មាន​អ្នក​ធ្វើ​ត​ទៅ​ទៀត។

​លោក ជាវ សុទ្ធ ជា​អ្នក​រក​ស៊ី​ចិញ្ចឹម​ទា​យក​ពង​លក់​នៅ​ខេត្ត​កណ្ដាល បាន​រៀបរាប់​ឲ្យ​ដឹង​ថា តម្លៃ​ពង​ទា​បាន​ធ្លាក់​ចុះ​ជា​ខ្លាំង​ក្រោយ​ពេល​ចូល​ឆ្នាំ​ខ្មែរ គឺ​ធ្លាក់​ចុះ​ពី​ជាង ៤០០​រៀល​ក្នុង​មួយ​គ្រាប់ មក​នៅ​ត្រឹម​ថ្លៃ​ជិត ២០០​រៀល។

លោក ជាវ សុទ្ធ បាន​លើក​ឡើង​អំពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​តម្លៃ​ពង​ទា​ធ្លាក់​ចុះ​ថោក​ជាង​មុន ដោយសារ​រដ្ឋ​បើក​អនុញ្ញាត​ឲ្យ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង ជាពិសេស ការ​នាំ​ពង​ទា​មក​ពី​ប្រទេស​វៀតណាម ដែល​មាន​តម្លៃ​ថោក​ជាង​ពង​ទា​ក្នុង​ស្រុក៖ «អត់​មាន​សមាគម​ទេ អា​នេះ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ អ្នក​ណា​ចិញ្ចឹម​ក៏​ចិញ្ចឹម​ទៅ ហើយ​អ្នក​ណា​ខាត គេ​ឈប់​ចិញ្ចឹម អា​ហ្នឹង​តាម​ជាក់ស្ដែង។ ដូច​តែ​ជ្រូក​ដែរ​ហ្នឹង គ្រាន់តែ​ជ្រូក​វា​តិច បើ​ទា​ចាប់​ពី ១.០០០ អី​ឡើង​ទៅ។ តិច​បំផុត​ក៏​៧០០​ដែរ»

លោក ជាវ សុទ្ធ បន្ថែម​ឲ្យ​ដឹង​ថា ទាំង​រូបលោក និង​អ្នក​ចិញ្ចឹម​ទា​យក​ពង​លក់​ជា​ច្រើន​នាក់​នៅ​ខេត្ត​កណ្ដាល កំពុង​ប្រឈមមុខ​ជាមួយ​ការ​ខ្វះ​ប្រាក់​សង​បំណុល​ធនាគារ ដោយសារ​ការ​ខាតបង់​មិន​អាច​រក​ប្រាក់​បាន​ពី​ការ​លក់​ពង​ទា៖ «ចង​ការ​លុយ​គេ យក​លុយ​រដ្ឋ ឬ​លុយ​មីក្រូហិរញ្ញវត្ថុ ឬ​ក៏​ធនាគារ​មួយ​ចំនួន ចងការ​គេ​មក​ប្រកប​របរ​អ៊ីចឹង វា​មាន​ហានិភ័យ​ខ្ពស់​ណាស់ វា​អត់​ចំណេញ​ទេ។ ធម្មតា​ពង​ទា​នឹង​ចាប់​ពី ១​គ្រាប់ ៤០០​ឡើង​ទៅ បាន​យើង​អាច​ចំណេញ​បាន។ ចុះ​បើ​វា​ចុះ​ថ្លៃ​១ ជា ២ ទៅ​ហើយ។ ចាប់​ពី​ចូល​ឆ្នាំ​ហើយ គឺ​ចុះ​រហូត ហើយ​មិន​ងាយ​ឡើង​វិញ​ទេ ព្រោះ​ការ​នាំ​ចូល​ពី​វៀតណាម មក​នោះ​ច្រើន​ណាស់»

​កសិករ​មួយ​រូប​ទៀត ឈ្មោះ នឿន ដែល​ជា​អ្នក​ចិញ្ចឹម​ទា​ដែរ បាន​និយាយ​ឲ្យ​ដឹង​ថា លោក​បាន​ប្រកប​របប​ចិញ្ចឹម​ទា​យក​ពង​លក់​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ការ​ធ្លាក់​ថ្លៃ​ពង​ទា​ក្នុង​ពេល​ថ្មីៗ​នេះ គឺ​ជា​ការ​ធ្លាក់​ចុះ​ថ្លៃ​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

លោក នឿន បាន​និយាយ​បន្ថែម​ថា ក្រៅ​ពី​មូលហេតុ​មាន​ការ​អនុញ្ញាត​ឲ្យ​នាំ​ពង​ទា​ចូល​មក​ពី​ប្រទេស​ជិត​ខាង​ច្រើន​នោះ នៅ​ក្នុង​ប្រទេស ក៏​មាន​អ្នក​រកស៊ី​ចិញ្ចឹម​ទា​យក​ពង​លក់​កើន​ច្រើន​ជាង​មុន​ដែរ ដូច្នេះ​ហើយ​បាន​ជា​តម្លៃ​ពង​ទា​ថោក​ជាង​មុន។

ទាក់ទង​បញ្ហា​ជំពាក់​ប្រាក់​ធនាគារ​វិញ លោក នឿន បាន​ឲ្យ​ដឹង​ថា ភាគច្រើន​នៃ​អ្នក​រក​ស៊ី​ចិញ្ចឹម​ទា​យក​ពង​លក់ គឺ​សុទ្ធតែ​ជំពាក់​ប្រាក់​ធនាគារ​ទាំង​អស់ គ្រាន់តែ​ចំនួន​តិច ឬ​ច្រើន​ប៉ុណ្ណោះ៖ «បើ​វា​ធ្លាក់​ថ្លៃ​ហើយ ធ្វើ​ម៉េច​ឲ្យ​តែ​វា​បាន​ពង។ ធ្វើ​ម៉េច​លែង​គិត​ហើយ ខាត​ក៏​ខាត​ទៅ ធ្វើ​ម៉េច​បើ​វា​អ៊ីចឹង​ទៅ​ហើយ។ វា​មិន​មែន​តែ​យើង​ណា ស្រុក​ខ្មែរ ខ្ញុំ​មាន​ទា​ជាង ១.៨០០​ក្បាល»។

ចំណែក​នារី​ម្នាក់​ឈ្មោះ សុគន្ធា ដែល​មាន​មុខ​របរ​ជា​អ្នក​ប្រមូល​ទិញ​ពង​ទា​យក​ទៅ​លក់​បន្ត​នៅ​ខេត្ត​កណ្ដាល និយាយ​ថា បើ​ទោះ​បី​ជា​តម្លៃ​ពង​ទា​ធ្លាក់​ចុះ​ខ្លះ​មែន ប៉ុន្តែ​ពង​ទា​ដែល​បាន​មក​ពី​សត្វ​ទា​ចិញ្ចឹម​ក្នុង​ស្រុក​មាន​គុណភាព​ជាង​ពង​ទា​ដែល​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង៖ «រាង​ធ្លាក់​បន្តិច តែ​ខែ​ប្រាំង​អ៊ីចឹង​វា​មិន​សូវ​អី​ទេ។ និយាយ​រួម​តែ​ពង​ទា​យួន​បុក​មក វា​ថោក​តែ​របស់​យួន​ទេ ហើយ​ពង​ទា​យួន ទុក​តែ​មួយ​ថ្ងៃ គឺ​ខូច​អស់​រលីង។ ពង​ទា​ប្រើ​ថ្នាំ គឺ​ងាយ​ខូច​ណាស់។ យក​ពី​ទ្រុង​មក គឺ​រើស ១​ថ្ងៃ ទម្រាំ​បាន​ដឹក​ជញ្ជូន ៣​ថ្ងៃ ហើយ​មក​ដល់​កន្លែង​ស្តុក ២ ទៅ ៣​ថ្ងៃ​ទៀត​ទៅ ហើយ​ទម្រាំ​ចែកចាយ​កន្លះ​ខែ​អី​ទៀត អ៊ីចឹង​ស្អុយ​អស់​ហើយ។ ពង​ទា​ខ្មែរ វា​ស៊ី​ស្រូវ​អត់​អី​ទេ ហើយ​ស៊ីសង​យើង​លាង​ទឹក ឬ​មិន​លាង​ទឹក​ទៀត​ណា។ បើ​លាង​ទឹក​ឆាប់​ខូច​ណាស់»

ទាក់ទង​ការ​ប្រឈម​មុខ​របស់​កសិករ​ចិញ្ចឹម​ទា​យក​ពង​លក់​ត្រូវ​ខាត និង​អាច​គ្មាន​លុយ​សង​ធនាគារ​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​អភិវឌ្ឍន៍​សង្គម មាន​យោបល់​ថា កសិករ​ខ្មែរ​ជួប​ប្រទះ​ការ​លំបាក​ច្រើន​មុខ ដូច​ករណី​អ្នក​ចិញ្ចឹម​ទា​យក​ពង​លក់​នេះ គឺ​ត្រូវ​ចំណាយ​ថ្លៃ​ដើម​ខ្ពស់ ហើយ​គ្មាន​ភាព​ធានា​ច្បាស់លាស់​ថា មាន​ប្រាក់​ចំណេញ​ទៀត​ផង។

​លោក កែម ឡី លើក​ឡើង​ថា ដើម្បី​ជួយ​កសិករ​បាន ទាល់តែ​រដ្ឋ​ជួយ​កសិករ ហើយ​ទុន​កសិករ​ដែល​ចិញ្ចឹម​សត្វ​នោះ ត្រូវ​តែ​បាន​ទទួល​ពី​ប្រភព​ដែល​មាន​ការ​ប្រាក់​ទាប ដូចជា​ក្រុម​សន្សំ គឺ​មិន​មែន​ប្រាក់​ចង​ការ​ពី​ធនាគារ​នោះ​ទេ។

​លោក កែម ឡី៖ «ទី​១ ការ​ចិញ្ចឹម​សត្វ ការ​ធ្វើ​ស្រូវ​អី​នៅ​ស្រុក​គេ នៅ​ថៃ នៅ​វៀតណាម រដ្ឋ​គេ និង​ក្រុមហ៊ុន​គេ គេ​ជួយ​កសិករ​គេ។ គេ​ផលិត​តាម​របៀប​ទំនើប​ច្រើន ទាំង​ជ្រូក ទា​អី​ហ្នឹង។ គេ​ផលិត​ចំណី​អី​គេ​មាន​ថ្លៃ​ដើម​តែម្ដង គឺ​វា​ថោក​ជាង អ៊ីចឹង​គេ​ចំណេញ​ច្រើន។ ទី​២ ផលិត​បាន​ចំនួន​ច្រើន ហើយ​ទុន​របស់​គេ​គឺ​ថោក ទី​៣ អត្រា​ការ​ប្រាក់​ដែល​គេ​យក​ពី​ធនាគារ​ស្រុក​គេ​ថោក អ៊ីចឹង​គេ​អាច​លក់​ថោក​ជាង​យើង ហើយ​គេ​មាន​ភាព​ធូរ​រលុង មិន​មែន​បង់ពន្ធ​ទេ គឺ​បង់​គយ គឺ​ហុចៗ​តែម្ដង កន្លែង​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​កសិករ​យើង ដែល​ផលិត​តាម​បែប​បុរាណ គ្មាន​បច្ចេកទេស ហើយ​ថ្លៃ​ដើម​ក៏​ថ្លៃ​អ៊ីចឹង​យក​ទៅ​លក់​មិន​ចំណេញ​ទេ»

​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​ថា ដើម្បី​ធ្វើ​ឲ្យ​ពង​ទា​រក្សា​តម្លៃ​ខ្ពស់ និង​ទប់​ស្កាត់​ការ​នាំ​ចូល​ពង​ទា​ពី​ប្រទេស​ជិត​ខាង​នោះ លោក ផៃ ស៊ីផាន ជា​រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា កំពុងតែ​ឈាន​ទៅ​ចូលរួម​ជា​សហគមន៍​ប្រទេស​ក្នុង​តំបន់ ដូច្នេះ​រដ្ឋ​គ្មាន​គោលការណ៍​បង្កើត​របាំង​ព្រំដែន​ហាម​ឃាត់​ទំនិញ​ឆ្លងកាត់​នោះ​ទេ។ ដើម្បី​ទប់ស្កាត់​ការ​ខាត​បង់​ផលប្រយោជន៍​ខ្លួន គឺ​ក្រុម​អ្នក​ផលិត ឬ​អ្នក​ចិញ្ចឹម​ទា​យក​ពង​លក់​នោះ មាន​តែ​បង្កើត​សមាគម​មួយ​ដើម្បី​ជួយ​គ្នា​ក្នុង​ការ​ទប់ស្កាត់​ការ​បាត់​ប្រយោជន៍​របស់​ខ្លួន។

​លោក ផៃ ស៊ីផាន៖ «នៅ​ក្នុង​បរិបទ​នេះ រដ្ឋាភិបាល​លោក​បាន ឬ​ក៏​កំពុងតែ​ពិចារណា។ ទី​១ ទិដ្ឋភាព​នៃ​តំបន់​ដែល​យើង​បាន​ថា គាំទ្រ​ការ​ចរាចរ​ទំនិញ​ដោយ​សេរី​គ្មាន​ឧបសគ្គ គ្មាន​របាំង​ព្រំដែន ដូច្នេះ​ឆ្នាំ​២០១៥ វា​ជា​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល។ អ្វី​ដែល​យើង​មើល​ឃើញ​ដើម្បី​ការពារ​ផលប្រយោជន៍​នៃ​អ្នក​ផលិត​របស់​យើង​នេះ​ហើយ​ដើម្បី​ឆ្លើយ​តប​ទាំង​កាតព្វកិច្ច​នៃ​តំបន់​របស់​យើង ដែល​យើង​និយាយ​ថា ទីផ្សារ​សេរី​នោះ គឺ​អ្នក​ផលិត​មានតែ​បង្កើត​សមាគម​ខ្លួន​ឯង​ដើម្បី​ការពារ​ផលប្រយោជន៍​ខ្លួន​ឯង»

លោក ផៃ ស៊ីផាន បាន​ច្រានចោល​ការ​ដាក់​បន្ទុក​របស់​កសិករ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ទា​ឲ្យ​រដ្ឋ​ទទួល​ខុស​ត្រូវ​រឿង​ខាត​បង់​មុខ​ជំនួញ​លក់​ពង​ទា​របស់​ខ្លួន ហើយ​គ្មាន​ប្រាក់​សង​ធនាគារ​នោះ។

របាយការណ៍​បូក​សរុប​ការងារ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ឆ្នាំ​២០១៣-​២០១៤ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ការ​ចិញ្ចឹម​សត្វ​ស្លាប មាន់​ទា ជា​លក្ខណៈ​គ្រួសារ​ពី​ឆ្នាំ​២០០៩ ដល់ ២០១៣ មាន​កា​កើន​ឡើង​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​ជាង ៣៥​ភាគរយ គឺ​កើន​ពី​ជាង ២០​លាន​ក្បាល ទៅ​ដល់ ២៧​លាន​ក្បាល​នៅ​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។