អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា ពលរដ្ឋក្រីក្រភាគច្រើន មិនអាចទទួលបានចំណូលជាង ១.២០០ដុល្លារ ដែលជាផលិតផលក្នុងស្រុកសរុបសម្រាប់ពលរដ្ឋកម្ពុជា ម្នាក់ក្នុងមួយឆ្នាំនោះទេ។ ការមិនអាចទទួលបានដូចនេះ ត្រូវបានក្រុមជំនាញពន្យល់ថា ដោយសារគម្លាតរវាងអ្នកមាន និងអ្នកក្រ នៅឆ្ងាយដាច់ពីគ្នាពេក។
ការលើកឡើងរបស់អ្នកជំនាញសេដ្ឋកិច្ចដូចនេះ បន្ទាប់ពីការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ផលិតផលក្នុងស្រុកសរុបសម្រាប់ពលរដ្ឋកម្ពុជា ម្នាក់ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៥ ទទួលបាន ១.២២៥ដុល្លារ។ លោក ហ៊ុន សែន ថ្លែងបែបនេះក្នុងវេទិកាសកលស្ដីពីការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រឆ្នាំ២០១៥ ក្នុងខួបលើកទី២៣ កាលពីថ្ងៃទី១៦ ខែតុលា នៅទីក្រុងប៉េកាំង ប្រទេសចិន។
អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ លោក ស្រី ចន្ធី និយាយថា តួលេខជាមធ្យមដែលពលរដ្ឋខ្មែរ ក្នុងមួយឆ្នាំរកប្រាក់បានជាង ១.២០០ដុល្លារមែននោះ លោកសូមស្វាគមន៍។ ប៉ុន្តែលោកមើលឃើញថា គម្លាតរវាងអ្នកមាន និងអ្នកក្រខុសគ្នាឆ្ងាយពេក ដូច្នេះមិនពលរដ្ឋក្រីក្រជាង ១៥% អាចរកចំណូលបានជាមធ្យមតែជាង ៣០០ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។
លោកបន្ថែមថា ករណីបែបនេះទាមទារឲ្យរដ្ឋាភិបាលទទួលបន្ទុកច្រើនទៅលើពលរដ្ឋលើគ្រប់វិស័យ៖ «គឺថារដ្ឋាភិបាលត្រូវមានទុនដើម្បីផ្ដល់សេវាផ្សេងៗ ទាក់ទងការគាំពារសង្គមដល់ពលរដ្ឋដូចជា សុខាភិបាល ការអប់រំ និងស្លៀកពាក់គ្រប់គ្រាន់ជាដើម»។
ទោះបែបនេះ លោក ហ៊ុន សែន លើកឡើងសន្ទរកថារបស់ខ្លួនថា អត្រាក្រីក្រនៅកម្ពុជា ត្រូវកាត់បន្ថយពីចំនួន ៥៣,២% នៅឆ្នាំ២០៤ មកនៅត្រឹម ១៣,៥% នៅឆ្នាំ២០១៤ ដែលធ្វើឲ្យកម្ពុជា ទទួលបានជោគជ័យបំផុត ស្ថិតក្នុងចំណាត់ថ្នាក់ទី៤ នៅលើពិភពលោកក្នុងការកាត់បន្ថយភាពក្រីក្រ។
ចំណែកអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី និយាយថា ចំនួនពលរដ្ឋខ្មែរប្រមាណ ៨៥% រកចំណូលបានជាង ២ដុល្លារក្នុងមួយថ្ងៃ ដូច្នេះចំនួនពលរដ្ឋទាំងនេះពុំមានលទ្ធភាពរកចំណូលបានជាង ១.២០០ដុល្លារក្នុងមួយឆ្នាំនោះទេ។ លោកថា គម្លាតរវាងអ្នកមាន និងអ្នកក្រឆ្ងាយដាច់ពីគ្នាបែបនេះ ធ្វើឲ្យបញ្ហាចោរកម្ម បញ្ហាចំណាកស្រុក ពលរដ្ឋជំពាក់បំណុលគេច្រើន និងគ្រឿងញៀនចរចាខ្លាំង។
លោក កែម ឡី៖ «បើទោះជាយើងការកើននេះក៏ដោយ ប៉ុន្តែអត្រាពលរដ្ឋរស់ក្រោមបន្ទាត់ក្រីក្រនៅខ្ពស់។ តាមការសិក្សារបស់ក្រសួងសុខាភិបាលឆ្នាំ២០១៥ បង្ហាញថា ស្ត្រីកម្ពុជា ដែលមានអាយុពី ១៥ ទៅ ៤៩ឆ្នាំ មានសភាពស្លេកស្លាំងកើនឡើងទៀត មានន័យថា គាត់ខ្លះជាតិប្រូតេអ៊ីន ខ្វះជាតិចំណីអាហារ មានន័យថា សភាពនេះឆ្លុះបញ្ចាំងភាពក្រីក្រ»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះ ទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាទាំងអស់ដោយកសាងគោលការណ៍ប្រជាធិបតេយ្យ។
ស្រដៀងគ្នានេះដែរ លោក ហ៊ុន សែន បញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ដើម្បីលុបបំបាត់ភាពក្រីក្ររបស់ពលរដ្ឋ ត្រូវបង្កើតឱកាសឲ្យពលរដ្ឋបានចូលរួមសកម្មភាពសង្គម សេដ្ឋកិច្ចតាមរយៈវិធានការសំខាន់ៗ ៥ចំណុចរួមមាន រក្សាកំណើនសេដ្ឋកិច្ច ផ្ដោតយកចិត្តទុកដាក់វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ការពន្លឿនការអនុវត្តគោលនយោបាយ សេរីភាវូបនីយកម្ម ពាណិជ្ជកម្ម លើកកម្ពស់គុណភាពអប់រំ និងការបណ្ដុះបណ្ដាលជំនាញ និងការលើកកម្ពស់បរិយាបន្ននៃវិស័យហិរញ្ញវត្ថុ និងការផ្ដល់ភាពងាយស្រួលចំពោះការទទួលបានប្រភពហិរញ្ញប្បទាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
