រដ្ឋាភិបាល​ព្យាករ​សេដ្ឋកិច្ច​ឆ្នាំ​២០១៣​មាន​អត្រា​ខ្ពស់​ជាង​ឆ្នាំ​មុន

រដ្ឋាភិបាល​បាន​ព្យាករ​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ​២០១៣ នេះ មាន​អត្រា​ខ្ពស់​ជាង​ឆ្នាំ​មុនៗ ដោយ​សារ​តែ​វិស័យ​មួយ​ចំនួន​កំពុង​ដំណើរ​ការ​ល្អ ដូច​ជា​វិស័យ​អចលនវត្ថុ ឧស្សាហកម្ម និង​កសិកម្ម។

0:00 / 0:00

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា មិន​ឡើង​ខ្ពស់​ដូច​ការ​រំពឹង​ទុក​របស់​រដ្ឋាភិបាល​នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា មាន​អត្រា​ច្រើន​ជាង ៧% ដោយ​ពឹង​លើ​ដំណាំ​ស្រូវ និង​ជលផល។

នៅ​ក្នុង​សន្និសីទ​ទស្សនវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០១៣ ក្រោម​ប្រធាន​បទ "ការ​ពង្រឹង​អនាគត​ប្រទេស​កម្ពុជា ស្បៀង​អាហារ ថាមពល និង​ធនធាន​ធម្មជាតិ" នៅ​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ (InterContinental Hotel) រៀបចំ​ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (ស៊ីឌីអរអាយ = CDRI) និង​ធនាគារ​អេអ៊ិនហ្សិត រូយ៉ាល់ (ANZ Royal) នៅ​ថ្ងៃ​ទី២០ ខែ​កុម្ភៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ទស្សនវិស័យ​នៅ​ពេល​អនាគត​សម្រាប់​កម្ពុជា មាន​ភាព​វិជ្ជមាន សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​កំណើន​ច្រើន​ជាង ៧% ក្នុង​មួយ​ឆ្នាំ ក្នុង​រយៈពេល​មធ្យម ឬ ៥​ឆ្នាំ។

លោក​បាន​បញ្ជាក់​ថា កំណើន​ខ្លាំង​ជាង​គេ​នោះ គឺ​បាន​មក​ពី​វិស័យ​កសិកម្ម ជាពិសេស គឺ​ដំណាំ​ស្រូវ​ប្រាំង និង​នេសាទ៖ «ឥឡូវ តួលេខ​ជា​បណ្ដោះ​អាសន្ន យើង​ប្រើ​ត្រឹម ៧,៣%។ មុន​នេះ យើង​និយាយ​អំពី​កំណើន​របស់​យើង​ក្នុង​ឆ្នាំ​២០១២ នេះ គឺ​គេ​ហៅ​ជុំវិញ ៧% ជុំវិញ ៧% មាន​ន័យ​ថា​អាច​ក្រោម ៧% បន្តិច អាច​លើ ៧% បន្តិច។ វិទ្យាស្ថាន​ស្ថិតិ​នៃ​ក្រសួង​ផែនការ បាន​ផ្ដល់​មក​នូវ​ការ​វាយ​តម្លៃ គឺ​ឃើញ ៧,៧% ឯណោះ។ ប៉ុន្តែ​ម្សិលមិញ ក្រុម​ប្រឹក្សា​គោល​នយោបាយ​សេដ្ឋកិច្ច​របស់​យើង​បាន​ធ្វើ​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់ ក៏​ឃើញ​ថា មាន​តែ ៧,៣%។ ដូច្នេះ ពេល​នេះ​យើង​នៅ​បន្ត​ប្រើប្រាស់​អត្រា​កំណើន ៧,៣% ជា​បណ្ដោះ​អាសន្ន​សិន ហើយ​ជា​ធម្មតា ការ​វាយ​តម្លៃ​សេដ្ឋកិច្ច​នៅ​កម្ពុជា រហូត​ទៅ​ដល់​ខែ​មិថុនា ទើប​បាន​បញ្ចប់»

ទាក់​ទង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា សេដាក (Cedac) លោក​បណ្ឌិត យ៉ង សាំងកុមារ មាន​ប្រសាសន៍​ថា ទាក់​ទង​ទៅ​នឹង​ការ​រួម​ចំណែក​នៃ​ដំណាំ​ស្រូវ​ក្នុង​កំណើន​សេដ្ឋកិច្ច​នេះ លោក​ថា បើ​គិត​ពី​ផលិតផល ឬ​បរិមាណ​ស្រូវ វា​អាច​ត្រូវ​ខ្លះ​ដែរ ដោយ​សារ​តែ​ផលិត​ស្រូវ​បាន​កើន​ឡើង​ជាង​ឆ្នាំ​មុន ប៉ុន្តែ​បើ​គិត​អំពី​ទឹក​ប្រាក់​វិញ គឺ​អាច​ខុស ដោយ​សារ​តែ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ។

លោក​បណ្ឌិត យ៉ង សាំងកុមារ៖ «បើ​យើង​គិត​ពី​បរិមាណ​ស្រូវ​ដែល​ប្រជាជន​គាត់​ផលិត​បាន​នោះ សម្រាប់​ស្រូវ​ប្រាំង និង​ស្រូវ​វស្សា​នោះ គឺ​យើង​អាច​ចាត់​ទុក​ថា​វា​មាន​កំណើន​ខ្លះៗ​ដែរ។ ប៉ុន្តែ​ទាក់​ទង​ការ​វាយ​តម្លៃ​លើ​ស្ថានភាព​ជាក់​ស្ដែង​នោះ គឺ​បើ​យើង​គិត​ជា​ទឹក​លុយ​វិញ វា​ហាក់​ដូច​ជា​មិន​មាន​ការ​កើន​អី​ទេ ដោយ​សារ​តម្លៃ​ស្រូវ​បច្ចុប្បន្ន​វា​ថោក​ជាង​ឆ្នាំ​ទៅ កាល​ពី​ឆ្នាំ​ទៅ​តម្លៃ​ស្រូវ​មាន​តម្លៃ​គួរ​សម ខ្ទង់​ប្រហែល​ជា ៨០០​រៀល​ក្នុង​មួយ​គីឡូ ស្រូវ​ប្រាំង​ក៏​ដូច​ជា​ស្រូវ​វស្សា លើក​លែង​តែ​ស្រូវ​ក្រអូប​បាយ​ទន់​ទេ វា​មាន​តម្លៃ​លើស ១​ពាន់​រៀល​ក្នុង​មួយ​គីឡូ។ បើ​យើង​ផ្អែក​លើ​យក​តម្លៃ​ស្រូវ​មក​គុណ​នឹង​បរិមាណ​ស្រូវ​វិញ ហាក់​ដូច​ជា​មិន​មាន​កំណើន​អី​ធំដុំ​ទេ វា​អាច​នៅ​ដដែល គិត​ជា​ទឹក​លុយ​វា​អាច​ទាប»

ក្នុង​សន្និសីទ​នោះ វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ក៏​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​ស្ដីពី​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ឆ្នាំ​២០១៣ ដែល​នឹង​មាន​ប្រមាណ ៧%។ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា នៅ​ឆ្នាំ​២០១៣ គឺ​មាន​កំណើន​ល្អ​ប្រសើរ​ជាង​ឆ្នាំ​២០១២ ដែល​មាន ៦,៥%។

ប៉ុន្តែ​ធនាគារ​ពិភពលោក (World Bank) ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ​២០១៣ មាន​ចន្លោះ​ពី ៦,៥ ទៅ ៦,៧%។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន នាយក​ប្រតិបត្តិ​ស៊ីឌីអរអាយ លោក ឡូរី ស្ត្រែង (Larry Strange) បាន​ថ្លែង​ថា ដើម្បី​ឈាន​ទៅ​មុខ​បាន​មួយ​ជំហាន​ធំ​នោះ កម្ពុជា ត្រូវ​ធ្វើ​ការ​កែលំអ​ច្រើន​ថែម​ទៀត ខាង​ផ្នែក​ហេដ្ឋារចនាសម្ពន្ធ បរិយាកាស​អាជីវកម្ម ការ​វិនិយោគ​កសាង​ធនធាន​មនុស្ស ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ដែល​អាច​ជឿជាក់​បាន ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ជា​ពិសេស​ការ​បន្ត​ពង្រឹង​ផ្នែក​ស្ថាប័ន និង​អភិបាល​កិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។