មុខវិជ្ជាទស្សនវិជ្ជាត្រូវបានក្រសួងអប់រំ មិនដាក់បញ្ចូលក្នុងកម្មវិធីអប់រំនៅថ្នាក់វិទ្យាល័យទេកន្លងមក ដោយគេជំនួសមកវិញនូវមុខវិជ្ជាពលរដ្ឋវិទ្យា។ បញ្ហានេះ អ្នកជំនាញខាងទស្សនវិជ្ជាលើកឡើងថា មុខវិជ្ជាទស្សនវិជ្ជាសំខាន់ណាស់ ដែលក្រសួងអប់រំ ត្រូវតែដាក់បញ្ចូលក្នុងកម្មវិធីអប់រំឡើងវិញ ព្រោះថា មុខវិជ្ជាសីលធម៌ និងពលរដ្ឋវិជ្ជា គ្រាន់តែជាផ្នែកមួយនៃមុខវិជ្ជាទស្សនវិជ្ជាតែប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំយុវជន និងកីឡា ឲ្យដឹងនៅថ្ងៃទី៣១ ខែឧសភា ថា លោកនឹងពិភាក្សាជាមួយរដ្ឋមន្ត្រីរបស់លោកដើម្បីដាក់បញ្ចូលមុខវិជ្ជាទស្សនវិជ្ជាទៅក្នុងកម្មវិធីអប់រំនៅថ្នាក់វិទ្យាល័យឡើងវិញ។
រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោក អ៊ឹម កុច បានសន្យានៅចំពោះមុខនិស្សិតជាង ៣០០នាក់ នៅក្នុងវេទិកាពិភាក្សាស្ដីពី «សំណើដាក់បញ្ចូលមុខវិជ្ជាទស្សនវិជ្ជានៅក្នុងកម្មវិធីសិក្សាកម្រិតវិទ្យាល័យ» នាសាកលវិទ្យាល័យខេមរៈ នៅព្រឹកទី៣១ ខែឧសភា។ លោកបញ្ជាក់ថា ការយឺតយ៉ាវឆ្លើយតបលើសំណើរបស់និស្សិតកន្លងមកមិនមែនក្រសួងមិនចង់ដោះស្រាយនោះទេ អ្វីក៏ដោយត្រូវការបែបបទរបស់វា។ លោកថា ដើម្បីសម្រេចដាក់បញ្ចូលមុខវិជ្ជានេះ ចាំបាច់មានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងផ្អែកលើព័ត៌មានគ្រប់ជ្រុងជ្រោយ។
រដ្ឋលេខាធិការក្រសួងអប់រំ រូបនេះចាត់ទុកថា មុខវិជ្ជាទស្សនវិជ្ជាគឺជាមុខវិជ្ជាសំខាន់ វាទាមទារការសម្រេចពីថ្នាក់រដ្ឋមន្ត្រី ប៉ុន្តែលោកនឹងលើកយកសំណើរបស់និស្សិត និងសាស្ត្រាចារ្យទស្សនវិជ្ជាដាក់ជូនរដ្ឋមន្ត្រីក្រសួងអប់រំ ពិនិត្យ និងពិភាក្សាបន្តទៀត៖ «បំណងរបស់ប្អូនចង់បានអី សូមលើកជាសំណើដាក់មកខ្ញុំមក ខ្ញុំនឹងពាំនាំសំណើនេះទៅកាន់ថ្នាក់រដ្ឋមន្ត្រី ហើយខ្ញុំសន្យាថា មិនយូរទេ នឹងពិភាក្សាលើសំណើនេះជាមួយរដ្ឋមន្ត្រី»។
ការសន្យារបស់រដ្ឋលេខាធិការរូបនេះ គឺធ្វើឡើងតាមសំណើរបស់និស្សិតមុខវិជ្ជាទស្សនវិជ្ជានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដាក់ជូនក្រសួងអប់រំ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ សុំបញ្ចូលមុខវិជ្ជាទស្សនវិជ្ជាទៅក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យ ដើម្បីឲ្យមុខវិជ្ជានេះស្របតាមកម្មវិធីសិក្សានៅថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យនៃប្រទេសក្នុងតំបន់ ក្នុងពិភពលោក និងមិនអនុញ្ញាតឲ្យមុខវិជ្ជាផ្សេងប្រឡងចូលធ្វើជាគ្រូបង្រៀនទស្សនវិជ្ជា ក្រៅពីអ្នកឯកទេសទស្សនវិជ្ជានោះឡើយ។
ទោះបីជាមានការសន្យាពីមន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំថា នឹងពិភាក្សាចំពោះការស្នើសុំនេះក្ដី ក្រុមនិស្សិតបានដាក់សំណើសុំដាក់បញ្ចូលមុខវិជ្ជាទស្សនវិជ្ជានេះបន្ថែមទៀត តាមរយៈ លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។
ក្នុងកម្មវិធីសិក្សាកម្រិតវិទ្យាល័យ មានមុខវិជ្ជាទស្សនវិជ្ជា តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ។ កន្លងមកមុខវិជ្ជាទស្សនវិជ្ជា ជាមុខវិជ្ជាមួយក្នុងចំណោមមុខវិជ្ជាផ្សេងទៀតដែលត្រូវបានអង្គការយូណេស្កូ (UNESCO) យកចិត្តទុកដាក់ និងបានជំរុញឲ្យក្រសួងអប់រំយុវជន និងកីឡា ដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាចាប់តាំងពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ឧត្ដមសិក្សាដើម្បីឲ្យកុមារ និងយុវជន មានមូលដ្ឋានក្នុងការពង្រីកលក្ខណៈសម្បត្តិខ្លួនឯងទាំងគុណធម៌ សីលធម៌ និងសមត្ថភាព។ ប៉ុន្តែក្នុងកម្មវិធីសិក្សានៅវិទ្យាល័យក្នុងពេលបច្ចុប្បន្ននេះ ពុំមានមុខវិជ្ជាទស្សនវិជ្ជាដាច់ដោយឡែកឡើយ មានតែមុខវិជ្ជាសីលធម៌ ពលរដ្ឋវិជ្ជា ដែលមុខវិជ្ជានេះគ្រាន់តែជាផ្នែកមួយនៃមុខវិជ្ជាទស្សនវិជ្ជា ព្រោះថា មុខវិជ្ជាទស្សនវិជ្ជាត្រូវបានក្រសួងដកចេញពីកម្មវិធីសិក្សាជាង ១០ឆ្នាំមកហើយ។
សាស្ត្រាចារ្យទស្សនវិជ្ជានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ខ្មៅ សាវន មានប្រសាសន៍ថា មុខវិជ្ជាទស្សនវិជ្ជា ជាពុទ្ធិ និងជាប្រទីបបំភ្លឺផ្លូវដល់មនុស្ស ជំរុញឲ្យមនុស្សចេះគិតគូរពិចារណាស៊ីជម្រៅ។ លោកបន្តថា បណ្ដាប្រទេសនៅលើពិភពលោក បានដាក់បញ្ចូលមុខវិជ្ជាមួយនេះទៅក្នុងកម្មវិធីសិក្សា ហើយលោកសង្ឃឹមថា ក្រសួងនឹងពិចារណាដាក់បញ្ចូលមុខវិជ្ជានេះទៅក្នុងកម្មវិធីសិក្សានៅថ្នាក់ឧត្ដមសិក្សានៅកម្ពុជា៖ «ខ្ញុំចង់ឲ្យក្រសួងអប់រំ ហ្នឹង ដាក់បញ្ចូលមុខវិជ្ជាទស្សនវិជ្ជានៅក្នុងកម្មវិធីសិក្សា ព្រោះថា មុខវិជ្ជានេះ ជាចលករជំរុញឲ្យមនុស្សមានការគិតប្រកបដោយសីលធម៌ គុណធម៌»។
និស្សិតមុខវិជ្ជាទស្សនវិជ្ជានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង ៣០០នាក់ ដែលបានចូលរួមនៅក្នុងវេទិកាពិភាក្សានេះ នឹងបន្តសកម្មភាពទាមទារឲ្យដាក់បញ្ចូលមុខវិជ្ជាទស្សនវិជ្ជា ចូលទៅក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យបន្តទៀត ប្រសិនបើនៅតែគ្មានដំណោះស្រាយពីក្រសួងអប់រំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
