ក្រសួង​អនុញ្ញាត​ឲ្យ​សិស្ស​មាន​ពិន្ទុ​ក្រោម​មធ្យមភាគ​អាច​ប្រឡង​សងឡើង​វិញ

0:00 / 0:00

ក្រសួង​អប់រំ​យុវជន​និង​កីឡា ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់​ប្រធាន​មន្ទីរអប់រំ ទាំង​អស់​នៅ​គ្រប់​ខែត្រ​រាជធានី ដើម្បី​រៀបចំ​ប្រឡង​ឡើង​វិញ ចំពោះ​សិស្ស​ថ្នាក់​ទី​១២ ដែល​មាន​មធ្យមភាគ​ពិន្ទុ​ប្រចាំ​ឆ្នាំ​ក្រោម ២៥​ពិន្ទុ​នោះ។

ការ​ចេញ​សេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​សិស្ស​នៅ​តាម​បណ្ដា​ខែត្រ​មួយ​ចំនួន​ដែល​ប្រឡង​ធ្លាក់​នោះ ធ្វើការ​តវ៉ា និង​ឡើង​មក​សុំ​សិទ្ធិ​ប្រឡង​ថ្នាក់​ជាតិ​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ។

មន្ត្រី​មន្ទីរអប់រំ​យុវជន​និង​កីឡា ខែត្រ​កំពង់ធំ ឲ្យ​ដឹង​ថា លោក​បាន​ចែក​លិខិត​ណែនាំ​របស់​ក្រសួង​អប់រំ​ទៅ​កាន់​នាយក​វិទ្យាល័យ​ចំនួន​២២ ក្នុង​ខែត្រ​កំពង់ធំ រួច​ហើយ ដើម្បី​ឲ្យ​រៀបចំ​ការ​ប្រឡង​អោយ​កូន​សិស្ស​ដែល​ប្រឡង​ធ្លាក់​ពិន្ទុ​ប្រចាំ​ឆ្នាំ​នោះ​ឡើង​វិញ។

ប្រធាន​ការិយាល័យ​មធ្យម​សិក្សា​នៃ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា ខែត្រ​កំពង់ធំ លោក សុខ លេនីន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ កក្កដា ថា លោក​បាន​អនុវត្ត​ទៅ​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា រួច​ហើយ តែ​ការ​រៀបចំ​ប្រឡង​ចំពោះ​​សិស្ស​រៀន​ធ្លាក់​ពិន្ទុ​ប្រចាំ​ឆ្នាំ​នៅ​ថ្ងៃ​ណា​មួយ​នោះ គឺ​អាស្រ័យ​លើ​ការ​ចាត់ចែង​របស់​នាយក​សាលា​នីមួយៗ។

«សំឡេង»

វិទ្យាល័យ​ទាំង​អស់​នៅ​ខែត្រ​កំពង់ធំ មាន​ចំនួន ២២ និង​មាន​សិស្ស​សរុប​ទាំង​អស់ ៣.៨៨៦​នាក់។ លោក សុខ លេនីន បញ្ជាក់​ថា មក​ទល់​ពេល​នេះ​លោក​មិន​ទាន់​ទទួល​បាន​ស្ថិតិ​ថា សិស្ស​នៅ​វិទ្យាល័យ​ក្នុង​ខែត្រ​កំពង់ធំ ទាំង​អស់​មាន​ចំនួន​ប៉ុន្មាន​នាក់​ពិត​ប្រាកដ ដែល​ប្រឡង​ធ្លាក់​ពិន្ទុ​មធ្យមភាគ​នោះ​ទេ។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នេះ ការ​រៀបចំ​ប្រឡង​ឡើង​វិញ​ចំពោះ​សិស្ស​ថ្នាក់​ទី​១២ មាន​ពិន្ទុ​មធ្យមភាគ​ក្រោម​២៥​នោះ គឺ​រៀបចំ​ប្រឡង​ទៅ​តាម​មុខវិជ្ជា​ដែល​សិស្ស​ម្នាក់​ធ្លាក់​មធ្យមភាគ ដើម្បី​វាយតម្លៃ​សមត្ថភាព​ចុង​ក្រោយ​មុន​នឹង​សម្រេច​ដក​សិទ្ធិ​ជា​បេក្ខភាព​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ។ បញ្ជី​ដក​បេក្ខភាព​នេះ ត្រូវ​ផ្ដល់​មក​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ដឹង​ទូទៅ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១៤។

ការ​ចេញ​សេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ថ្ងៃ​ទី​៩ កក្កដា ធ្វើ​ឡើង​នៅ​បន្ទាប់ពី​សិស្ស​វិទ្យាល័យ ហ៊ុន សែន តាំង​គោក​ជាង ៣០​នាក់​ឡើង​មក​សុំ​សិទ្ធិ​ប្រឡង​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ កាល​ពី​ថ្ងៃ​ទី​៧ កក្កដា បន្ទាប់ពី​ពួកគេ​បាន​ប្រឡង​ប្រចាំ​ឆ្នាំ​មាន​ពិន្ទុ​មធ្យម​ភាគ​ក្រោម ២៥ ដែល​ការ​កែទម្រង់​របស់​ក្រសួង​អប់រំ​មិន​អនុញ្ញាត​ឲ្យ​សិស្ស​ថ្នាក់​ទី​១២ ណា​ម្នាក់​មាន​សិទ្ធិ​ប្រឡង​នោះ​ទេ បើសិនជា​មិន​មាន​ពិន្ទុ​លើស​ពី​២៥ ទេ​នោះ។

សិស្ស​វិទ្យាល័យ ហ៊ុន សែន តាំងគោក ដែល​នាំគ្នា​មក​ភ្នំពេញ​នោះ បាន​លើក​ហេតុផល​ថា ពួកគាត់​នៅ​ឆ្ងាយ​ពី​សាលា​គ្មាន​លុយ​រៀន​គួរ គួបផ្សំ​នឹង​គ្រូ បន្ទុក​ថ្នាក់​បង្រៀន​មិន​យក​ចិត្ត​ទុកដាក់​ទើប​បណ្ដាល​ឲ្យ​ពួកគេ​ប្រឡង​ធ្លាក់ ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​ស្នើ​សុំ​មក​ក្រសួង​សុំ​មាន​សិទ្ធិ​ប្រឡង​នោះ។

នាយករង​វិទ្យាល័យ ហ៊ុន សែន តាំងគោក លោក ស៊ឹម ស៊ីន លើក​ឡើង​ថា លោក​នឹង​ធ្វើតាម​ការ​ណែនាំ​របស់​ក្រសួង តែ​លោក​និង​នាយក​សាលា​មួយ​ចំនួន​ទៀត​មិន​ពេញ​ចិត្ត​ចំពោះ​ការ​អនុគ្រោះ​របស់​ក្រសួង​នេះ​ទេ បើសិនជា​ធ្វើ​ដូច្នេះ​គុណភាព​អប់រំ​នៅ​តែ​មិនល្អ​ដដែល។

«សំឡេង»

លោក ស៊ឹម ស៊ីន មាន​ប្រសាសន៍​ថា សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​របស់​លោក​មាន​ជិត ២០០​នាក់ ក្នុង​នោះ​អ្នក​ប្រឡង​ធ្លាក់​មាន ៥២​នាក់ ហើយ​លោក​នឹង​រៀបចំ​ឲ្យ​សិស្ស​ប្រលង​ធ្លាក់​តាម​ការណែនាំ​របស់​ក្រសួង​នេះ​នៅ​ថ្ងៃ​ទី​១២ កក្កដា នេះ។ លោក ស៊ឹម ស៊ីន បដិសេធ​ថា សិស្ស​ដែល​ប្រលង​ធ្លាក់​មធ្យមភាគ​មួយ​ចំនួន​បាន​រៀន​គួរ​ដូច​សិស្ស​ដទៃ​ដែរ។ ចំពោះ​គ្រូបង្រៀន​ក្នុង​ម៉ោង​រដ្ឋ​វិញ គឺ​បង្រៀន​យក​ចិត្ត​ទុក​ដាក់​តែ​សិស្ស​ទៅ​វិញ​ទេ ដែល​ខ្ជិល ខ្លះ​មិន​ចូល​សាលា និង​ពួកគាត់​រៀន​ខ្សោយ​តាំង​ពី​ថ្នាក់​ក្រោម។

សម័យ​ប្រលង​សញ្ញាប័ត្រ​ទុតិយភូមិ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ទី​៥ ខែ​សីហា ឆ្នាំ​២០១៤ ខាង​មុខ។ បេក្ខជន​ប្រឡង​ទាំង​អស់​មាន​ប្រមាណ ១​សែន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។