ក្រសួង​អប់រំ​រក្សា​ការ​រឹត​បន្តឹង​ប្រឡង​បាក់​ឌុប​ដោយ​ឈរ​លើ​គោលការណ៍​៤​ចំណុច

0:00 / 0:00

ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​តែ​ចាត់​ទុក​ការ​រឹត​បន្តឹង និង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រឡង​គឺ​ជា​រឿង​សំខាន់ ដើម្បី​លើក​កម្ពស់​គុណភាព​វិស័យ​អប់រំ​នៅ​កម្ពុជា។ ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​ថា បាក់ឌុប ឆ្នាំ​១០១៥ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ពេល​ខាង​មុខ​នេះ ក្រសួង​បាន​បង្ហាញ​ជំហរ​បន្ត​រឹត​បន្តឹង​ដូច​ឆ្នាំ​មុន​ដដែល ព្រម​ទាំង​ឈរ​លើ​គោលការណ៍ ៤​ចំណុច។

​គោលការណ៍ ៤​ចំណុច ដែល​ក្រសួង​បន្ត​រក្សា ដើម្បី​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា សម្រាប់​ការ​ប្រឡង​សញ្ញាប័ត្រ បាក់ឌុប ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ខាង​មុខ​នេះ គឺ​ការ​ប្រឡង​ត្រូវ​តែ​ឈរ​លើ​ការ​គោរព​ច្បាប់ តម្លាភាព យុត្តិធម៌ និង​សុចរិតភាព។

នាយក​ខុទ្ទកាល័យ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក រស់ សាលីន បាន​ឲ្យ​ដឹង​ថា ក្រសួង​បន្ត​រឹត​បន្តឹង​វិន័យ​ប្រឡង​ឲ្យ​អោយ​ដូច​ការ​ប្រឡង​ក្នុង​ឆ្នាំ​២០១៤ ដែរ ដោយ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ដើម្បី​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់ ព្រម​ទាំង​បើក​ឱកាស​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូរ​រួម​សង្កេតការណ៍។

លើស​ពី​នេះ ក្រសួង​ក៏​បាន​ពង្រឹង​គុណភាព​បង្រៀន​ទាំង​គ្រូ ទាំង​សិស្ស ដើម្បី​សម្រេច​គោលការណ៍​ទាំង ៤​ចំណុច​នេះ៖ «ការ​រឹត​បន្តឹង​របស់​យើង គឺ​យើង​ចង់​បាន​លទ្ធផល​ឲ្យ​តែ​អ្នក​ចេះ​ត្រូវ​តែ​ជាប់»

លោក រស់ សាលីន លើក​ឡើង​ទៀត​ថា ដើម្បី​ឲ្យ​សិស្ស​បាន​ត្រៀម​ខ្លួន​ជា​មុន ក្រសួង​បាន​បញ្ចូល​មេរៀន​សង្ខេប ទាំង​ទ្រឹស្តី ទាំង​លំហាត់ ក្នុង​គេហទំព័រ​របស់​ក្រសួង​ដើម្បី​ឲ្យ​សិស្ស​សិក្សា​ស្វែង​យល់​ដោយ​ខ្លួន​ឯង។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ក្រសួង​បាន​បញ្ជូន​គ្រូ​ទៅ​បង្រៀន​គួរ​ដល់​សិស្ស​រៀង​រាល់​ថ្ងៃ​សៅរ៍ និង​អាទិត្យ ទៅ​លើ​មុខវិជ្ជា គណិតវិទ្យា ជីវវិទ្យា គីមីវិទ្យា និង​រូបវិទ្យា ដល់​សិស្ស​ទាំង​នៅ​រាជធានី និង​តាម​បណ្ដា​ខេត្ត។ លោក​បាន​អំពាវនាវ​ដល់​សិស្ស​ដែល​ត្រៀម​ប្រឡង​បាក់​ឌុប ទាំង​អស់ ត្រូវ​ខិតខំ​សិក្សា​រៀន​សូត្រ ព្រោះ​ក្រសួង​នឹង​ឲ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​ចំពោះ​បេក្ខជន​ណា​ដែល​មិន​គោរព​ច្បាប់ និង​នីតិវិធី​ប្រឡង៖ «បើ​បេក្ខជន​ណា​ម្នាក់ គាត់​ហ៊ាន​តែ​យក​ទូរស័ព្ទ​ចូល ឬ​មើល​ប្រ៊ុយយ៉ុង បើ​យើង​តាម​ទាន់ យើង​នឹង​ឲ្យ​គាត់​ធ្លាក់»

ក្រសួង​អប់រំ​យុវជន និង​កីឡា ឲ្យ​ដឹង​ថា ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប ឆ្នាំ​នេះ មាន​បេក្ខជន​ជាង ៨៣.៤៨០​នាក់ មាន​មណ្ឌល​ប្រឡង​ចំនួន ១៤៩ ដែល​ស្មើ​និង ៣.៥៧៩​បន្ទប់។

សេចក្ដី​ជូន​ដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពី​ពុករលួយ ស្ដីពី​ការងារ​សង្កេតការណ៍​ការ​ប្រឡង​បាក់ឌុប​នេះ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង​ថា បាន​អំពាវនាវ​ឲ្យ​អ្នក​ស្ម័គ្រចិត្ត​ជា​សង្គម​ស៊ីវិល និង​បុគ្គល​ឯកជន​នានា ធ្វើ​ជា​អ្នក​សង្កេតការណ៍​ប្រឡង​បាក់ឌុប ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ក្រសួង​អប់រំ និង​រឹត​បន្តឹង​គុណភាព​អប់រំ​នៅ​កម្ពុជា កាន់​តែ​ប្រសើរ​ឡើង។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា កន្លង​ទៅ​ថា ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នៅ​ឆ្នាំ​២០១៥ នេះ នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នក​បើក​ចម្លង​នោះ​ឡើយ ពោល​គឺ​អ្នក​ប្រឡង​ជាប់​ត្រូវ​មាន​សមត្ថភាព​ពិត​ប្រាកដ ហើយ​លោក​បាន​ជំរុញ​ក្រសួង​អប់រំ​ត្រូវ​តែ​បន្ត​ពង្រឹង​កុំ​ឲ្យ​មាន​ភាព​ធូររលុង និង​មាន​អំពើ​ពុករលួយ​ក្នុង​ពេល​ប្រឡង។

ក្នុង​ពេល​ធ្វើ​កំណែទម្រង់​ការ​ប្រឡង​សញ្ញាប័ត្រ​បាក់ឌុប ដែល​ធ្វើ​ឡើង​ភ្លាមៗ របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា កាល​ពី​ឆ្នាំ​២០១៤ នោះ គឺ​មាន​បេក្ខជន​ជាង ២​ម៉ឺន​នាក់​ប៉ុណ្ណោះ​ដែល​ប្រលង​ជាប់​ក្នុង​ចំណោម​បេក្ខជន​បាន​ដាក់​ពាក្យ​ប្រឡង​ជិត ៩​ម៉ឺន​នាក់។ នៅ​ពេល​នោះ ចំពោះ​បេក្ខជន​រាប់​ម៉ឺន​នាក់​បាន​ប្រឡង​ធ្លាក់ ហើយ​លោក​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ឲ្យ​បេក្ខជន​ទាំង​នោះ​មាន​ឱកាស​បាន​ប្រឡង​ម្ដង​ទៀត។ ជា​លទ្ធផល​ប្រឡង​លើក​ទី​២ មាន​បេក្ខជន​ជាង ១​ម៉ឺន​នាក់ ថែម​ទៀត​ដែល​បាន​ប្រឡង​ជាប់។

ទោះ​យ៉ាង​ណា​បញ្ហា​នេះ ត្រូវ​បាន​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ទូទៅ​ថា ក្រសួង​អប់រំ​គួរ​តែ​ប្រើ​ពេល​វេលា​ពង្រឹង​គុណភាព​អប់រំ​ជា​មុន​សិន មិន​ត្រូវ​អនុវត្ត​ការ​រឹត​បន្តឹង​ពេល​ប្រលង​ឆាប់ៗ​ដូច​ការ​ដែល​ក្រសួង​អប់រំ បាន​អនុវត្ត​នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។