ក្រសួងអប់រំយុវជន និងកីឡា និងសហភាពអឺរ៉ុបប្រចាំកម្ពុជា បានព្រមព្រៀងផ្ដល់ជំនួយឥតសំណងសម្រាប់កម្មវិធីកំណែទម្រង់ភាពជាដៃគូសហភាពអឺរ៉ុបនិងកម្ពុជា ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦។ ការព្រមព្រៀងគ្នានៅក្នុងពិធីចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងនេះបានធ្វើឡើងនៅថ្ងៃទី១៧ ធ្នូ រវាងរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងឯកអគ្គរដ្ឋទូតនៃប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។
សហភាពអឺរ៉ុបប្រចាំកម្ពុជា បានផ្ដល់ជំនួយឥតសំណងដល់ក្រសួងអប់រំយុវជន និងកីឡា ចំនួន ៣៧.៣លានអឺរ៉ូ ឬស្មើជាង ៤៦លានដុល្លារអាមេរិក សម្រាប់កំណែទម្រង់វិស័យអប់រំនៅកម្ពុជា។
ថវិកាជាង ៤៦លានដុល្លារនេះ នឹងត្រូវបែងចែកជា ២ផ្នែក គឺចំនួនប្រមាណ ៤០លានដុល្លារ នឹងផ្ដល់ជូនតាមរយៈការផ្ដល់ថវិកាគាំទ្រវិស័យអប់រំ គឺជាការផ្ទេរថវិកាប្រចាំឆ្នាំទៅរតនាគារជាតិរបស់ប្រទេសកម្ពុជា ដើម្បីគាំទ្រនូវវឌ្ឍនភាពដែលសម្រេចបាននៅក្នុងវិស័យអប់រំ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ រីឯថវិកាជាង ៦លានដុល្លារទៀត គឺផ្ដល់ជូនតាមរយៈមូលនិធិភាពជាដៃគូសម្រាប់ការអភិវឌ្ឍសមត្ថភាពជាមូលនិធិតែមួយគត់នៅក្នុងវិស័យអប់រំដែលផ្ដោតទាំងស្រុងទៅលើការអភិវឌ្ឍសមត្ថភាព និងការអភិវឌ្ឍស្ថាប័ន។
នៅក្នុងពិធីចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងនៅថ្ងៃទី១៧ ធ្នូ គឺធ្វើឡើងរវាងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន និងឯកអគ្គរដ្ឋទូតនៃប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ហ្សង់ហ្វ្រង់ស្វ័រ កូតាំង (Jean Francois Cautain)។
ឯកអគ្គរដ្ឋទូតនៃប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ហ្សង់ហ្វ្រង់ស្វ័រ កូតាំង ថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ "ការបង្កើនកញ្ចប់ថវិកាសម្រាប់ក្រសួងអប់រំយុវជន និងកីឡា សម្រាប់ឆ្នាំ២០១៤នេះ គឺជាជំហានមួយដ៏វិជ្ជមានហើយមានទំនុកចិត្តចំពោះការចាប់ផ្ដើមកែប្រែនិន្នាការដែលកញ្ចប់ថវិកាបានធ្លាក់ចុះនៅឆ្នាំមុនៗនោះ។ យើងជឿជាក់ថា យើងនឹងឃើញមានកំណើនថវិកាថែមទៀតសម្រាប់ឆ្នាំ២០១៥។ វាមានសារសំខាន់ណាស់ដែលតម្រូវការថវិកាដែលបានគ្រោងទុកនៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៤ ឆ្នាំ២០១៨ ត្រូវបានផ្ដល់ជូនដើម្បីឲ្យវិស័យនេះអាចសម្រេចបានគោលដៅ និងលទ្ធផលដ៏មហិច្ឆតារបស់ខ្លួនដែលបានកំណត់សម្រាប់ឆ្នាំ២០១៨"។
ទាក់ទងទៅនឹងជំនួយថវិកានេះ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថា ការបង្កើនថវិកាគឺជាការចាំបាច់និងមានសារសំខាន់ដើម្បីពង្រឹងសមត្ថភាពហិរញ្ញវត្ថុរបស់រដ្ឋាភិបាលក្នុងការសម្រេចគោលដៅនៃផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៨។ លោកថា បច្ចុប្បន្ននេះកិច្ចខិតខំប្រឹងប្រែងនិងផ្ដោតការយកចិត្តទុកដាក់ទៅលើការអនុវត្តឲ្យបានពេញលេញនូវការកើនឡើងនូវថវិកានេះ ស្របតាមអាទិភាពផ្សេងៗដូចជា ប្រាក់បៀវត្សគ្រូបង្រៀន ការលើកទឹកចិត្ត ការពិនិត្យឡើងវិញនូវកម្មវិធីសិក្សា ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន អធិការកិច្ចនិងការគាំទ្រសាលារៀន។
ចំណែកអ្នកវិភាគសង្គម លោកបណ្ឌិត កែម ឡី បានគាំទ្រចំពោះការជំនួយថវិកាពង្រឹងគុណភាពវិស័យអប់រំនេះ។ ទោះយ៉ាងណា លោកផ្ដល់អនុសាសន៍ថា អ្នកអនុវត្តគម្រោងនិងប្រើប្រាស់ថវិកានេះ ត្រូវមានរដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូអភិវឌ្ឍរួមគ្នាទើបមានប្រសិទ្ធភាព៖ «ថវិកានេះបើគួរគឺទៅដល់ថ្នាក់ក្រោមតែម្ដង ជាជាងការអភិវឌ្ឍស្ថាប័នដែលរដ្ឋាភិបាលតែងបានអនុវត្តជាយូរណាស់មកហើយដែលមិនទទួលបានជោគជ័យនោះទេ»។
ក្នុងរយៈពេលប្រមាណ ១០ឆ្នាំចុងក្រោយ គិតមកដល់ឆ្នាំ២០១៤នេះ សហភាពអឺរ៉ុប បានផ្ដល់ការគាំទ្រហិរញ្ញវត្ថុដែលជាជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍ និងការធ្វើកំណែទម្រង់វិស័យអប់រំគឺមានចំនួនសរុបជិត ១០០លានអឺរ៉ូ ឬប្រហែល ១២៥លានដុល្លារ ដែលគិតទាំងការចុះហត្ថលេខាផ្ដល់ជំនួយលើកនេះ។ សហភាពអឺរ៉ុបក៏មានគម្រោងបង្កើនការគាំទ្របន្ថែមទៀតដល់វិស័យអប់រំ គឺមានថវិកាចំនួន ១៤០លានអឺរ៉ូ ឬប្រហាក់ប្រហែល ១៧៥លានដុល្លារ សម្រាប់ឆ្នាំ២០១៤ ដល់ឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
