រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ចូល​ឆ្លើយ​សំណួរ​នៅ​រដ្ឋសភា​ជា​លើក​ដំបូង

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​អប់រំ ចូល​ឆ្លើយ​សំណួរ​នៅ​រដ្ឋសភា​ជា​លើក​ដំបូង។ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​កញ្ញា នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន ដឹក​នាំ​មន្ត្រី​ក្រោម​ឱវាទ​ចំនួន ១២​នាក់ ចូល​ទៅ​បំភ្លឺ​នូវ​រាល់​សំណួរ​របស់​គណៈកម្មការ​អប់រំ យុវជន និង​កីឡា ធម្មការ សាសនា វប្បធម៌ និង​ទេសចរណ៍ ដែល​ដឹក​នាំ​ដោយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង។

វេទិកា​សួរ​ឆ្លើយ​របស់​គណៈកម្មការ​ទី​៧​រដ្ឋសភា ជាមួយ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ក្រសួង​អប់រំ ជា​វេទិកា​បិទ​ទ្វារ​មិន​ឲ្យ​អ្នក​កាសែត​ចូល​ស្តាប់។ គណៈកម្មការ​ជំនាញ​សួរ​ពី​ដំណើរ​ការ​ប្រឡង​បាក់​ឌុប និង​ដំណោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​ក្រសួង​អប់រំ កំពុង​ជួប​ប្រទះ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ និយាយ​ដោយ​ភាព​ជឿ​ជាក់ បន្ទាប់​ពី​កិច្ច​ប្រជុំ​រយៈពេល​ជាង ៣​ម៉ោង​នោះ​ថា សំណួរ​របស់​គណៈកម្មការ​ជំនាញ​រដ្ឋសភា ជា​ការងារ​ដែល​ក្រសួង​អប់រំ ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​រួច​ទៅ​ហើយ ហើយ​គ្មាន​សំណួរ​ណា​មួយ​ដែល​លោក​ពិបាក​ឆ្លើយ​នោះ​ទេ។

លោក​បន្ត​ថា គណៈកម្មការ​ជំនាញ​សួរ​លោក​ច្រើន​ពី​យន្តការ​នៃ​ការ​ប្រឡង​ដូចជា​ការ​កំណត់​ឲ្យ​មាន​ការ​ប្រឡង​លើក​ទី​២ ការ​រឹត​បន្តឹង​វិន័យ​ពេល​ប្រឡង និង​ការ​លើក​កម្ពស់​គុណភាព​អប់រំ តាំង​ពី​ថ្នាក់​តូច​ជាដើម។ លោក ហង់ ជួនណារ៉ុន ប្រដូច​កំណែ​ទម្រង់​ការ​ប្រឡង​បាក់​ឌុប ទៅ​នឹង​ការ​ជួស​ឈាម​រក​មេរោគ ហើយ​បច្ចុប្បន្ន ក្រសួង​រក​មុខ​សញ្ញា​នៃ​វីរុស​ដែល​បំផ្លាញ​ប្រព័ន្ធ​អប់រំ នៅ​កម្ពុជា ឃើញ​ហើយ។ ប៉ុន្តែ​លោក​មិន​ប្រាប់​ថា​អ្វី​ជា​មេរោគ​បំផ្លាញ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ឡើយ។ លោក​បញ្ជាក់​ថា ក្រសួង​នឹង​ធ្វើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​អប់រំ​តែ​ម្តង ដើម្បី​លើក​កម្ពស់​ធនធាន​មនុស្ស​នៅ​កម្ពុជា៖ «សំឡេង»។

លោក ហង់ ជួនណារ៉ុន បន្ថែម​ថា ការ​ប្រឡង​បាក់​ឌុប​លើក​ទី​២​នៅ​ឆ្នាំ​នេះ ក៏​នឹង​មាន​បែង​ចែក​និទ្ទេស​ធម្មតា ដូច​ការ​ប្រឡង​លើក​ទី​១​ដែរ ដើម្បី​ធានា​ថា សិស្ស​ដែល​ខំ​រៀន​អាច​មាន​ឱកាស​ប្រឡង​ជាប់។ លោក​បន្ត​ថា ក្រសួង​ក៏​នឹង​ដំឡើង​ប្រាក់​ខែ​គ្រូបង្រៀន​បឋម​សិក្សា​នៅ​ឆ្នាំ​២០១៥ ខាង​មុខ និង​ការ​រិះរក​មធ្យោបាយ​ដាក់​ឲ្យ​បេក្ខជន​ប្រឡង​បាក់​ឌុប ឲ្យ​បាន​គ្រប់​មុខ​វិជ្ជា​ដូច​ឆ្នាំ​មុនៗ ជាដើម។

ចំណែក​ឯ​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា គណៈកម្មការ​ជំនាញ​នឹង​តាម​ដាន​មើល​ការ​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ​នេះ​បន្ត​ទៅ​ទៀត។ ហើយ​នឹង​បើក​វេទិកា​សួរ​ឆ្លើយ​លើក​ក្រោយៗ​ទៀត​ដែរ។ លោក​បន្ត​ថា វិស័យ​អប់រំ​នៅ​កម្ពុជា ត្រូវ​ចាប់​ផ្ដើម​កែ​ទម្រង់​តាំង​ពី​ជីវភាព​រស់នៅ​របស់​គ្រូបង្រៀន​ឡើង​ទៅ៖ «សំឡេង»។

គណៈកម្មការ​ជំនាញ​រដ្ឋសភា​ដែល​ដឹក​នាំ​ដោយ​បក្ស​ប្រឆាំង ចាប់​ផ្ដើម​កោះ​ហៅ​រដ្ឋមន្ត្រី​តាម​ក្រសួង​នានា​មក​ឆ្លើយ​បំភ្លឺ​ជា​បន្តបន្ទាប់។ កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន គណៈកម្មការ​ទី​៨​រដ្ឋសភា ក៏​ទើប​តែ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ទៅ​បំភ្លឺ​ក្នុង​រដ្ឋសភា។ គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា ក៏​បាន​កោះ​ហៅ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា​ដែរ ប៉ុន្តែ​អង្គភាព​នេះ​មិន​ទាន់​កំណត់​ថ្ងៃ​ចូល​បំភ្លឺ​បាន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។