មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអះអាងថា ប្រទេសជាតិមួយដែលមានការអភិវឌ្ឍជឿនលឿនទៅបាន គឺទាមទារឲ្យពលរដ្ឋម្នាក់ៗត្រូវមានចំណេះដឹង និងទទួលបានការអប់រំខ្ពស់។ អង្គការសង្គមស៊ីវិល ដែលឃ្លាំមើលការអប់រំ សាទរចំពោះគំនិតយល់ឃើញនេះ ក៏ប៉ុន្តែថា បើរដ្ឋាភិបាលនៅតែបណ្ដែតបណ្ដោយឲ្យមានអំពើពុករលួយនៅក្នុងវិស័យអប់រំ និងប្រាក់ខែគ្រូបង្រៀនចាយមិនគ្រប់ទៀត បានន័យថា រដ្ឋនៅមិនទាន់វិនិយោគលើវិស័យអប់រំឲ្យបានដូចការតាំងចិត្ត និងលើកកម្ពស់ការសិក្សានៅឡើយទេ។
សន្និបាតបូកសរុបការងារលើវិស័យអប់រំប្រចាំឆ្នាំ និងលើកទិសដៅសម្រាប់ឆ្នាំថ្មី ដែលត្រូវប្រើរយៈពេល ៣ថ្ងៃ ត្រូវបានមន្ត្រីរដ្ឋាភិបាលចាត់ទុកថា ការអប់រំ គឺជាអាទិភាពទីមួយដែលជំរុញឲ្យប្រទេសមានការអភិវឌ្ឍបានលឿន និងវិវឌ្ឍឆាប់រហ័ស។
លោក សុខ អាន ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ថ្លែងកាលពីព្រឹកថ្ងៃទី២៤ មីនា ថា ដើម្បីធ្វើឲ្យប្រទេសមួយមានការអភិវឌ្ឍជឿនលឿន និងរីកចម្រើនទៅបានឆាប់រហ័ស គឺទាមទារឲ្យមនុស្សមានចំណេះដឹងទូលំទូលាយ និងទទួលបានការអប់រំខ្ពស់។ ថ្លែងនៅចំពោះមុខមន្ត្រីក្របខ័ណ្ឌគ្រូបង្រៀន និងមន្ត្រីរដ្ឋាភិបាលប្រមាណ ២ពាន់នាក់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថា តិចណូ លោក សុខ អាន ចាត់ទុកថា គ្មានការវិនិយោគមួយណាដែលជំរុញឲ្យប្រទេសមានការអភិវឌ្ឍបានជឿនលឿន ជាងការវិនិយោគលើវិស័យអប់រំឡើយ។ លោកយល់ឃើញថា ប្រព័ន្ធអប់រំ គឺជាយុទ្ធសាស្ត្រដ៏ចម្បងចំពោះមុខ ដែលនាំឲ្យប្រទេសមួយងើបចេញពីភាពក្រីក្រ អាចទៅរកការអភិវឌ្ឍបានឆាប់។ លោកបន្តថា «អ៊ីចឹងប្រទេសមួយៗអាចវិវឌ្ឍឈានឡើងពីប្រទេសកំពុងអភិវឌ្ឍ បានន័យថា ប្រទេសក្រីក្រទៅជាប្រទេសអ្នកមាន ឬមធ្យមបាន គឺកត្តាមួយយ៉ាងសំខាន់ គឺធនធានមនុស្ស»។
របាយការណ៍ក្រសួងអប់រំ យុវជន និងកីឡា ដែលសម្រេចបានក្នុងឆ្នាំសិក្សា២០១៣-២០១៤ ស្របតាមយុទ្ធសាស្ត្រ និងសូចនាករដែលកំណត់ក្នុងផែនការយុទ្ធសាស្ត្រលើវិស័យអប់រំឆ្នាំសិក្សា២០១៤-២០១៨ ឲ្យដឹងថា អត្រាពិតនៃការសិក្សារបស់កុមារនៅបឋមសិក្សា ទាំងរដ្ឋ និងឯកជន មានចំនួន ៩៧,៧ភាគរយ។ ចំណែកចំនួនសិស្សសរុបនៅគ្រប់កម្រិតចាប់ពីមត្តេយ្យ ដល់មធ្យមសិក្សាវិញ មានជាង ៣លាន ១សែននាក់ (៣.១១២.៩៦៩នាក់) ក្នុងនោះសិស្សស្រីជាង ១លាន ៥សែននាក់ (១.៥២០.៣១១នាក់) ស្មើនឹង ៤៨,៨ភាគរយ។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីធ្វើកំណែទម្រង់លើវិស័យអប់រំ ក្រៅពីដំឡើងលុយខែហើយនោះ ស្ថាប័នរដ្ឋទទួលបន្ទុកវិស័យអប់រំ បានប្រែគោលនយោបាយបើកប្រាក់បៀវត្សរ៍គ្រូបង្រៀនពីផ្ទាល់ មកជាប្រព័ន្ធធនាគារវិញ។ លោកចាត់ទុកថា នេះជាកំណែទម្រង់ក្នុងចំណោមកំណែទម្រង់ផ្សេងទៀត ដែលក្រសួងអប់រំ កំពុងតែពន្លឿន និងដំណើរការ។ លោកបន្តថា «ក្រសួងបានអនុវត្តនូវការបើកប្រាក់បៀវត្សរ៍របស់បុគ្គលិកអប់រំទាំងអស់ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ តាមប្រព័ន្ធធនាគារមួយរយភាគរយ នៅត្រឹមខែមិថុនា ឆ្នាំ២០១៤»។
ស្របពេលដែលរដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់លើវិស័យអប់រំ សព្វថ្ងៃនៅតាមគ្រឹះស្ថានសិក្សារបស់រដ្ឋមួយចំនួន គ្រូបង្រៀនបានបង្ខំចិត្តទារលុយពីសិស្សបន្ថែមពីលើប្រាក់ខែដ៏តិចតួចដែលមានស្រាប់។ ពេលខ្លះ គ្រូខិតខំបង្កើនម៉ោងបង្រៀនគួរក្រៅថ្នាក់ អូសក្រដាសលក់ឲ្យសិស្ស និងលក់របស់របរនៅក្នុងបរិវេណសាលា ជាដើម។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ទទួលស្គាល់ថា សារនយោបាយរបស់ លោក សុខ អាន គឺជារឿងដែលត្រឹមត្រូវបំផុត ក៏ប៉ុន្តែ លោក រ៉ុង ឈុន អះអាងថា ប្រសិនបើរដ្ឋមានការគាំពារតិចតួចអំពីប្រាក់ចំណូលរបស់គ្រូ និងបន្តឲ្យមានអំពើពុករលួយនៅក្នុងវិស័យអប់រំ លោកចាត់ទុកថា កំណែទម្រង់លើវិស័យអប់រំនៅតែប្រឈមហានិភ័យខ្ពស់។ លោកបន្តថា «បើសិនមិនបានដោះស្រាយបញ្ហាគ្រូបង្រៀនទេ បើទោះជាយើងកែប្រព័ន្ធអប់រំយើងឲ្យមានបច្ចេកទេស ឬមួយសម្ភារៈសិក្សាសម្បូរបែបយ៉ាងម៉េចក៏ដោយ ក៏ការបង្រៀន និងការរៀន ហើយគុណភាពអប់រំហ្នឹង ក៏មិនអាចទទួលបានដែរ ពីព្រោះគ្រូបង្រៀនគាត់មិនបានចូលរួម។ គាត់គិតតែពីបញ្ហារបស់គាត់»។
បើទោះជាបែបណា នៅក្នុងគោលនយោបាយអភិវឌ្ឍន៍សហស្សវត្សរបស់រដ្ឋាភិបាល រដ្ឋតម្រូវឲ្យកុមារត្រូវទទួលបានការអប់រំយ៉ាងតិចបំផុតត្រឹមថ្នាក់ទី៩ ចាប់ពីឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
