ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ចង់​ឲ្យ​រដ្ឋាភិបាល​រក្សា​ភាព​ម៉ឺងម៉ាត់​ក្នុង​បង្ក្រាប​បទល្មើស​នេសាទ

0:00 / 0:00

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ពលរដ្ឋ​រស់នៅ​ខេត្ត​កំពង់ឆ្នាំង ស្នើ​ឲ្យ​រដ្ឋាភិបាល ឬ​សមត្ថកិច្ច​ជំនាញ​ថ្នាក់ក្រោម​ជាតិ រក្សា​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ដើម្បី​រក្សា​កំណើន​ផល​ត្រី​ទឹកសាប។ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​អះអាង​ថា កម្លាំង​របស់​ជំនាញ​ជលផល កំពុង​តាម​ឃ្លាំមើល​ស្ថានភាព​បទល្មើស និង​មិនបាន​បន្ធូរដៃ​ក្នុង​ការ​ចុះ​បង្ក្រាប​នោះ​ឡើយ។

ត្រី​បី​ប្រភេទ​ដែល​ប្រជា​នេសាទ និង​កសិករ​រស់នៅ​តាម​ដង​ទន្លេសាប ថា​សម្បូរ​ជាង​រាល់​ឆ្នាំ​នោះ គឺ​ត្រី​បន្ទោះភ្លុក ត្រី​ក្រុស និង​ប្រភេទ​ត្រី​ច្រវា​ខ្នង​វែង។ ពួកគេ​យល់ថា ការ​កើន​ឡើង នៃ​ប្រភេទ​ត្រី​ទាំងនេះ ក៏​ដោយសារតែ​កម្ពស់​ទឹក​បឹង​ទន្លេសាប​កាលពី​ឆ្នាំ​២០១៦ ឡើង​ខ្ពស់​ជាង​រាល់​ឆ្នាំ ស្រប​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​បាន​ច្រើន​ករណី និង​មាន​ប្រសិទ្ធភាព​ជាង​មុន។

កសិករ​ម្នាក់​រស់នៅ​ឃុំ​ពាម​ឆ្កោក ស្រុក​ជលគីរី លោក ហ៊ឹម ហ៊ី មាន​ប្រសាសន៍​ថា រយៈពេល​ត្រី​ត្រូវ​កាល​ពីដើម​ឆ្នាំ​២០១៧ មាន​ជិត​១០​ថ្ងៃ គឺ​ខុស​ពី​រាល់​ឆ្នាំ​ត្រូវតែ​រយៈពេល​បី ឬ​បួន​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ឆ្នាំនេះ​លោក​ចេញ​ទូក​បណ្ដែត​មង និង​ចង​សន្ទូច​បាន​ត្រី​ចន្លោះ​ពី​១៥ ទៅ​២០​គីឡូក្រាម​ក្នុង​មួយ​ជើង។ លោក​ស្នើ​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ប៉ុន្តែ​កុំ​ធ្វើបាប​ពលរដ្ឋ​ដែល​នេសាទ​ស្របច្បាប់៖ «ត្រី​បន្ទោះ​ភ្លុក ត្រី​រៀល និង​ត្រី​ក្រុស​អាចម៍កុក​ខ្នង​វែង​។ ស្នើ​ឲ្យ​រដ្ឋាភិបាល​ហាមឃាត់​អា​រឿង​ពួក​ដាក់​របាំង​ខ្នង​សារ​វែង អួន​វៀតណាម​អី​នេះ​កុំ​ឲ្យ​មាន​គឺ​ត្រី​សម្បូរ​ណាស់។ ឆ្នាំមុន​ខ្ញុំ​ធ្លាប់​បើក​កាណូត​មក​កំពង់ឆ្នាំង​ឃើញ មង​ទាញ​ពី​មួយ​ចំហៀង​ធ្លាយ​ទៅ​មួយ​ចំហៀង​ទន្លេ ឆ្នាំនេះ​អត់​មាន​ទេ»។

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត​លោក ជុំ គង់ ថា​សព្វថ្ងៃ​លោក​អាច​បណ្ដែត​មង ឬ​ចង​សន្ទូច​បាន​ត្រី​ស្ល​ហូប​គ្រាន់បើ​ជាង​ឆ្នាំទៅ ប៉ុន្តែ​ត្រីភាគ​ច្រើន​មានតែ​ល្អិតល្អោច ចំណែក​ត្រី​ធំៗ​ដូចជា ត្រី​ឆ្ដោ ឆ្លាំង ឬ​ត្រី​ខ្យា​ជាដើម​មិន​សូវ​មាន​ទេ។ លោក​ក៏​ត្រេកអរ​ដែល​ឃើញ​វត្តមាន​ត្រី​បន្ទោះ​ភ្លុក និង​ប្រភេទ​ត្រី​ក្រុស​សម្បូរ​ឡើងវិញ ហើយ​សមត្ថកិច្ច​ត្រូវ​រក្សា​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការ​ចុះ​បង្ក្រាប​បទល្មើស​ដូចនេះ​រហូត៖ «ឆ្នាំនេះ​សម្ដេច​ធ្វើ​អីចឹង​បាន​ល្អ​ណាស់​! ពួក​ខ្ញុំ​ក៏​កោតសរសើរ​គាត់​ដែរ ហើយ​បទល្មើស​ពី​ត្រឹមហ្នឹង​ទៅ​កុំ​ឲ្យ​មាន​ទៀត​ឲ្យ​បញ្ចប់​ត្រឹម​ឆ្នាំ​ហ្នឹង​ទៅ ឲ្យ​កូន​ក្រោយៗ​ស្គាល់​ជាតិ​មុខ​ត្រី​ធំ​ត្រី​តូច​ផង»។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង​លោក ងិន ហ៊ុន បញ្ជាក់​ថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ត្រូវ​បាន​បង្ក្រាប​ជាប្រចាំ ខណៈ​បទល្មើស​នៅ​ក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង បង្ក្រាប​បាន​ស្ទើរ​ទាំងស្រុង ពោល​គឺ​នៅសល់​ប្រហែល​៥%​ប៉ុណ្ណោះ ដែល​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ និង​ចុះ​បង្ក្រាប។ លោក​ថា សមត្ថកិច្ច​នៅតែ​រក្សា​ជំហរ​ម៉ឺងម៉ាត់​ចំពោះ​ការ​បង្ក្រាប​បទល្មើស​ដដែល៖ «យើង​អត់​មានការ​ដកថយ​ទេ ឆ្នាំនេះ​ទៅមុខ​ធ្វើ​អីចឹង​រហូត។ ដោយឡែក​នៅ​តំបន់​វាលភក់​ធំ សេះ និង​កំពង់​អួ យើង​បាន​ប្រមូល​អស់ហើយ»។

មន្ត្រី​សម្របសម្រួល​សហគមន៍​ជុំវិញ​បឹង​ទន្លេសាប​របស់​អង្គការ​សម្ព័ន្ធ​ដើម្បី​អភិរក្ស​ធនធាន​ជលផល​(Fact) អ្នកស្រី នូ សារឹម ថ្លែង​សាទរ​ចំពោះ​វិធានការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​របស់​រដ្ឋាភិបាល នា​ពេល​ចុង​ក្រោយនេះ។ ប៉ុន្តែ​ដើម្បី​ឲ្យ​ផល​ត្រី​កាន់តែ​សម្បូរ​នោះ រដ្ឋាភិបាល​ត្រូវ​បង្កើត​តំបន់​អភិរក្ស​ឲ្យ​បាន​ច្រើន ស្ដារ​បឹង ឬ​ព្រែក​ឲ្យ​បាន​ជ្រៅ និង​ផ្សព្វផ្សាយ​ទូលំទូលាយ​ដល់​ពលរដ្ឋ​អំពី​ធនធាន​ជលផល៖ «បើសិនជា​យើង​អត់​មាន​វិធានការ​ទប់ស្កាត់ ឬ​អភិរក្ស​ត្រី​មេ​ពូជ ស្ដារ​បឹង​ឲ្យ​បាន​ជ្រៅ​ទេ ឃើញ​ថា នៅ​រដូវប្រាំង​ទឹក​រីង​រាក់ ធ្វើ​ឲ្យ​ត្រី​មេ​ពូជ​ងាប់​អស់ វា​អត់​អាច​បង្កើត​កូនបង្កើត​ចៅ​ឲ្យ​បាន​រស់នៅ​ដល់ពេល​វស្សា​ទេ។ នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៦ យើង​ឃើញ​ថា មានការ​យក​ចិត្ដ​ទុកដាក់​ពី​ជំនាញ​ពាក់ព័ន្ធ​ក៏ដូចជា​អាជ្ញាធរ​ដែនដី​បាន​ចុះ​បង្ក្រាប យើង​អរគុណ​មែនទែន ហើយ​យើង​អបអរសាទរ»។

ទិន្នផល​ត្រី​សម្រាប់​ធ្វើ​ប្រហុក ឬ​ផ្អក​នៅ​ខេត្ត​កំពង់ឆ្នាំង ក្នុង​ឆ្នាំ​២០១៦ កើន​ជាង ១​ពាន់​តោន បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥ ពោល​គឺ​ចាប់​បាន​ជាង​២​ពាន់​តោន​។ ប៉ុន្តែ​ត្រី​នៅតែ​ថ្លៃ គឺ​តម្លៃ​ចន្លោះ​ពី ១.២០០​រៀល​ទៅ ៣​ពាន់​រៀល​ក្នុង ១​គីឡូក្រាម​។ ក្រុម​កសិករ និង​ប្រជា​នេសាទ​សង្ឃឹមថា នៅ​ឆ្នាំក្រោយៗ ទិន្នផល​ត្រី​នឹង​កើន​ទៀត​បើ​អាជ្ញាធរ​នៅ​រក្សា​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការ​បង្ក្រាប​បទល្មើស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។