ប្រជាពលរដ្ឋដែលមានវ័យចំណាស់រស់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាំគ្នាផ្ដួចផ្ដើមយកវត្ថុធាតុដើមដែលគេបោះបង់ចោល កែច្នៃទៅជារបស់របរវត្ថុអនុស្សាវរីយ៍ ដើម្បីដាក់តាំងលំអ។ មនុស្សវ័យចំណាស់ទាំងនោះនិយាយថា គោលដៅពួកគាត់នាំគ្នាធ្វើ គឺដើម្បីចង់រក្សាអត្តសញ្ញាណ និងរបៀបច្នៃប្រឌិតដល់ក្មេងជំនាន់ក្រោយទៀតផង។
វត្ថុអនុស្សាវរីយ៍ដែលអាចដាក់តាំងលំអនៅគេហដ្ឋាន ផ្ទះសំណាក់ ឬសណ្ឋាគារ រួមមានជាសត្វកុក សត្វក្រៀល សត្វអណ្ដើក ត្រី ពស់ ជាដើម។ គ្រឿងកែច្នៃសម្រាប់ធ្វើរូបសត្វទាំងនេះ ភាគច្រើនយកមកពីរបស់របរដែលគេមើលរំលង ឬបោះចោល ដូចជាផ្លែត្នោតទុំ ផ្កាត្នោតឈ្មោល និងកម្ទេចកំទីឈើ រួមនឹងវត្ថុផ្សំមួយចំនួនទៀត ដោយមិនចាំបាច់ចំណាយប្រាក់។
ចាស់ទុំនៅក្នុងភូមិកំពង់ធំ ឃុំកំពង់រទេះ លោកតា ចាន់ ប៉ាច មានប្រសាសន៍ថា ពួកគាត់បានធ្វើរូបសត្វផ្សេងៗជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនមែនក្នុងគោលបំណងធ្វើអាជីវកម្មនោះទេ។ មនុស្សចាស់ពិការជើងទាំងពីររូបនេះបន្តថា ការកែច្នៃរបស់របរទាំងនេះ ជាការហ្វឹកហាត់ខួរក្បាលស្មារតីបន្ថែម នៅពេលខ្លួនកាន់តែចាស់ ត្បិតអីវាក៏ជាចំណែកមួយដើម្បីបានជួបជុំចាស់ៗនៅក្នុងភូមិ ដែលមិនមានការងារធ្វើ គ្រាន់បំបាត់ភាពអផ្សុកផង ក្រៅពីរកចំណូលនោះ៖ «ត្រង់នេះដើម្បីការអផ្សុកផង ដើម្បីការច្នៃប្រឌិតឲ្យចេះផង ពីរបស់ដែលគេចោលទៅជាប្រើប្រាស់បាន។ របស់អត់តម្លៃ កែច្នៃជាមានតម្លៃបាន»។
ចាស់ព្រឹទ្ធាចារ្យម្នាក់ទៀត លោក កង សាអ៊ុំ ដៃចង្អុលទៅវត្ថុអនុស្សាវរីយ៍បណ្ដើរ មាត់និយាយបណ្ដើរ ដែលជាអ្នកផ្ដើមគំនិតធ្វើរបស់របរទាំងនេះ មានប្រសាសន៍ដែរថា ដោយសង្កេតឃើញមនុស្សចាស់ជាច្រើននៅក្នុងភូមិកើតជំងឺអផ្សុក ដោយសារពួកគាត់មិនដឹងទៅណា ឬត្រូវធ្វើអ្វី ទើបលោកបបួលចាស់ៗប្រមាណ ៥នាក់ ដើម្បីរិះរកមធ្យោបាយកែច្នៃភាពទំនេររបស់ខ្លួនឲ្យមានប្រយោជន៍សម្រាប់ខ្លួនឯងផង និងសម្រាប់សង្គមជាតិផង។ លោកថា ការកែច្នៃសម្ភារៈចេញជារូបរាងសត្វផ្សេងៗ គឺអាចជួយឲ្យចាស់ៗបានជជែកគ្នាពីបញ្ហាមួយចំនួន ព្រមទាំងបានពង្រីកគំនិតបញ្ញាស្មារតីរបស់ខ្លួន និងដើម្បីបង្ហាញថា វត្ថុធាតុដើមរបស់ខ្មែរសុទ្ធតែមានប្រយោជន៍។ ជាក់ស្តែង គ្រាន់តែដើមត្នោតមួយដើម គឺអាចយកមកប្រើប្រាស់បានប្រយោជន៍យ៉ាងច្រើន ព្រមទាំងចង់បណ្ដុះគំនិតក្មេងជំនាន់ក្រោយឲ្យចេះពីរបៀបតុបតែងលំអផង៖ «ច្រើន នេះក៏ត្នោត ត្រីក៏ត្នោត ហើយយើងអាចច្នៃរៀបចំថា យកក្ដត្នោតខ្ចីៗ អានេះត្នោតទុំជ្រុះៗទេ»។
វត្ថុអនុស្សាវរីយទាំងនេះ មិនទាន់លក់ចេញជាផ្លូវការទេ គឺបានត្រឹមដាក់លំអនៅផ្ទះរបស់អ្នកផលិត ហើយមួយចំនួន ដាក់នៅសារមន្ទីរមនុស្សចាស់ ព្រមទាំងដាក់បង្ហាញនៅកន្លែងតាំងពិព័រណ៍មួយចំនួន ក៏ប៉ុន្តែមានរូបសត្វខ្លះ បានលក់ចេញក្នុងតម្លៃចន្លោះពី ៦ពាន់រៀលទៅ ៨ពាន់រៀល។ ចំណែកថវិកាដែលបានមក គឺចាស់ព្រឹទ្ធាចារ្យទាំងនោះ យកមកទិញសម្ភារៈប្រើប្រាស់ដើម្បីផលិតរូបសត្វទាំងនោះឡើងវិញ និងសម្រាប់ទិញតែ ឬស្ករ គ្រាន់ពិសារួមគ្នា។
បច្ចុប្បន្ន រូបសត្វមួយចំនួន ខាងមណ្ឌលព័ត៌មានទេសចរណ៍ខេត្តកំពង់ធំ បានយកទៅដាក់ផ្សព្វផ្សាយ ព្រមទាំងជួយលក់ជូនពួកគាត់ទៀតផង។
ក្រៅពីវត្ថុដែលបានរៀបរាប់ ក្រុមចាស់ព្រឹទ្ធាចារ្យទាំងនោះ ក៏មានកន្លែងជាសារមន្ទីរសមាគមមនុស្សចាស់ ដោយរក្សា និងផលិតនូវរបស់របរប្រើប្រាស់មួយចំនួនរបស់ខ្មែរ រួមមាន ទ្រូ លប ទ្រុងដាក់ត្រី ដែលជាឧបករណ៍នេសាទត្រីរបស់ខ្មែរ ព្រមទាំងសម្ភារៈប្រើប្រាស់សម្រាប់ធ្វើស្រែចម្ការ រួមមាន រនាស់ នង្គ័ល រទេះគោ ព្រមទាំងឧបករណ៍ទាក់ដំរី ជាដើម។

លោក កង សាអ៊ុំ បន្ថែមថា របស់របរទាំងនេះ គឺសុទ្ធតែជារបស់ខ្មែរដែលបង្ហាញពីតម្លៃអត្តសញ្ញាណរបស់ជាតិ។ លោកបន្តថា បើទោះបីជាខាងលោកនៅមិនទាន់គិតគូរពីទីផ្សារក៏ដោយ ពីព្រោះវ័យកាន់តែចាស់ ប៉ុន្តែថ្ងៃមុខ ប្រសិនបើសុខភាពពួកគាត់នៅល្អ ខាងលោកនឹងធ្វើកាន់តែច្រើន ព្រមទាំងផ្សព្វផ្សាយឲ្យបានទូលំទូលាយ៖ «ដឹងទៅរួចមិនរួច អាយុកាន់តែច្រើនណាស់ហើយ។ ទីមួយចង់ផ្សព្វផ្សាយពីទីកន្លែងយើងទំនាក់ទំនងមក បើចង់បានទើបយើងនាំគ្នាធ្វើទៅ»។
ជុំវិញបញ្ហានេះ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ លោក សេង អាន សម្ដែងការគាំទ្រចំពោះសកម្មភាពមនុស្សចាស់ទាំងនោះ ដែលមានគំនិតច្នៃប្រឌិត និងមានស្មារតីអភិរក្សវប្បធម៌របស់ខ្មែរ។ ម្យ៉ាង របស់របរវត្ថុអនុស្សាវរីយ៍ទាំងនេះ ក៏អាចជួយបង្កើនការទាក់ទាញដល់ភ្ញៀវទេសចរមួយកម្រិតដែរ។ លោកបន្ថែមថា កន្លងមក បើទោះបីជាខាងមន្ទីរមិនមានកញ្ចប់ថវិកាសម្រាប់ជួយពួកគាត់ ដើម្បីជាការលើកទឹកចិត្តក៏ដោយ ប៉ុន្តែខាងមន្ទីរក៏បានជួយផ្សព្វផ្សាយ និងលក់ដូររបស់ទាំងនោះជូនពួកគាត់ទៀតផង៖ «អ៊ីចឹងខ្ញុំក៏បានសហការជាមួយគាត់ដែរ។ អ៊ីចឹងក្នុងខេត្តកំពង់ធំ យើងនេះមានមណ្ឌលទេសចរណ៍មួយដែរ ហើយក៏បានយករបស់របរពួកគាត់មកដាក់តាំងលក់ជូន»។
ប្រធានមន្ទីរទេសចរណ៍ដដែលបញ្ជាក់ថា គ្មានឡើយនៅតំបន់ផ្សេងដែលធ្វើវត្ថុអនុស្សាវរីយ៍ច្នៃចេញជារូបសត្វដូច្នេះ។ លោកបន្តថា ការជួយគាំទ្រដល់ស្នាដៃរបស់មនុស្សចាស់ទាំងនោះ គឺប្រៀបដូចជួយបង្កើតការងារ ដោយជំនួសភាពទំនេរដល់ពួកគាត់។ មិនតែប៉ុណ្ណោះ លោកក៏គាំទ្រអំពីគម្រោងបង្ហាត់បង្រៀនពីរបៀបធ្វើវត្ថុអនុស្សាវរីយ៍ទាំងនេះ ដល់មនុស្សជំនាន់ក្រោយទៀតផង។
ខេត្តកំពង់ធំ ជាខេត្តមួយមានរមណីយដ្ឋានជាច្រើន រួមមានទាំងរមណីយដ្ឋានបែបធម្មជាតិ និងបែបប្រវត្តិសាស្ត្រ។ តួយ៉ាងដូចជា រមណីយដ្ឋានបឹងព្រៃប្រស់ រមណីយដ្ឋានស្ទឹងជីនិត ភ្នំសន្ទុក បឹងសំរឹទ្ធិ រមណីយដ្ឋានសំបូរព្រៃគុក និងរមណីយដ្ឋានជាច្រើនផ្សេងទៀត។ លើសពីនេះ នៅតាមរមណីយដ្ឋានទាំងនោះ ក៏មានសហគមន៍ផលិតនូវរបស់របរប្រើប្រាស់ ឬជាវត្ថុអនុស្សាវរីយ៍ ដូចជា ក្រមា មួកត្នោត កន្ត្រក ដែលធ្វើអំពីរពាក់ ឬផ្ដៅ និងវត្ថុមួយចំនួនទៀត។ វត្ថុទាំងនោះ សុទ្ធសឹងតែបង្ហាញអំពីអត្តសញ្ញាណរបស់ខ្មែរ ឬជនជាតិដើមភាគតិច ដែលបានប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងតំបន់នៃខេត្តមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
