សមាគម​ជួយ​ចាស់​ជរា​គ្មាន​ទីពឹង​នៅ​បាត់ដំបង​រៀបចំ​ទិវា​ផ្ដល់​កម្លាំង​ចិត្ត​ចាស់​ជរា

0:00 / 0:00

សមាគម​សាមគ្គី​ធម៌​ជួយ​ជន​ចាស់​ជរា ភូមិ​គោកក្ដួច ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ដឹក​នាំ​ប្រជាពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់​ប្រមាណ ៥០​នាក់ ធ្វើ​ទិវា​ជន​ចាស់​ជរា​នា​ព្រឹក​ថ្ងៃ​ទី​១ តុលា ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត និង​ផ្ដល់​ថវិកា​មួយ​ចំនួន​ដល់​ពួក​គាត់ ដែល​គ្មាន​ទីពឹង។

អនុប្រធាន​សមាគម​ជួយ​ជន​ចាស់​ជរា បង្ហាញ​ពី​ទុក្ខ​កង្វល់​នៅ​ក្នុង​ពិធី​នោះ​ថា មនុស្ស​ចាស់​ជរា​ជាច្រើន​នៅ​ក្នុង​សមាគម​លោក កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត គ្មាន​ប្រាក់​កាស​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ និង​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​កូន​ចៅ។

លោក ពៅ គឹមលី បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​ដែល​ស្ថិត​ក្នុង​វ័យ​ចាស់​ជរា ពួក​គាត់​ជួប​ការ​លំបាក​ខ្លាំង ភាគ​ច្រើន​អាយុ​ប្រមាណ ៦០​ឆ្នាំ ទៅ ៨៥​ឆ្នាំ ហើយ​គ្មាន​កម្លាំង​កំហែង។ ពួក​គាត់​រស់នៅ​ពឹង​ផ្អែក​ទៅ​លើ​ប្រាក់​ចិញ្ចឹម​បន្តិចបន្តួច​របស់​កូន​ចៅ។ ក្រៅ​អំពី​នោះ ពួក​គាត់​បន្ថែម​បន្ទុក​មួយ​ទៀត ដោយ​កូន ឬ​សាច់ញាតិ​របស់​ខ្លួន ឲ្យ​ជួយ​មើល​ថែ​ទាំ​ក្មេង​តូចៗ។ រីឯ​ពួក​គេ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ លោក​បន្ត​ថា ជន​ចាស់​ជរា​ក្នុង​សមាគម ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់​តែ​មាន​ចំនួន​ច្រើន​ឡើង​ជា​លំដាប់ ចំណែក​ឯ​ថវិកា​មិន​គ្រប់គ្រាន់ ដើម្បី​ជួយ​ដោះ​បន្ទុក​របស់​ពួក​គាត់​ទាំង​នោះ​នៅ​ឡើយ​ទេ។

លោក ពៅ គឹមលី៖ «អាទិភាព​ទី​មួយ​មនុស្ស​ចាស់ ដែល​គាត់​ចាស់ ហើយ​គ្មាន​កូន​ចៅ​ទីពឹង គឺ​ទុក្ខ​លំបាក​សព្វ​គ្រប់ អត់​លុយ​ទេ។ ជួន​កាល គាត់​ដេក​អត់​បាយ​មួយថ្ងៃ​ពីរ​ថ្ងៃ​ឯណោះ​ទៅ​ជួប។ ឧទាហរណ៍ តា​មួយ​ទើប​នឹង​ស្លាប់​ទៅ​នេះ តា ថាវៗ គាត់​អត់​ហើយ​ខ្ញុំ ពីរ​នាក់​តា​នេះ​ចេះ​តែ​រៃ​លុយ​គ្នា​ខ្លះៗ​ទៅ បាន​យក​ទៅ​ជួយ​បន្ទាប់​បន្សំ​ទៅ​ឲ្យ​បាន​នេះ។ ហើយ​អ្នក​ជិត​ខាង ក៏​គេ​អត់​មើល​នឹង​ភ្នែក​ដែរ​ណាស់​ក្មួយ។ គេ​ជួយ​បាយ​ជួយ​បាយ​ជួយ​ទឹក​អ៊ីចឹង​ដែរ។ ពេល​ខ្លះ គាត់​ទៅ​ស្រែ​ចម្ការ គាត់​នៅ​ម្នាក់​ឯង​អ៊ីចឹង ក៏​មាន​ដាច់​បាយ​ដាច់​ទឹក​អ៊ីចឹង​ដែរ»

អ្នក​ចូលរួម​ក្នុង​ទិវា​ជន​ចាស់​ជរា ដែល​មាន​ភាគ​ច្រើន​ជា​ស្ត្រី​ប្រមាណ ៥០​នាក់​នោះ អាយុ​ចន្លោះ​ពី ៦០ ទៅ ៩០​ឆ្នាំ។ ពួក​គាត់​ទាំង​នោះ​ស្លៀក​ស​ពាក់​ស ដូច​អ្នក​កាន់​សីល មាន​ទុក្ខ​លំបាក​ប្រហាក់​ប្រហែល​គ្នា។

លោក​យាយ​ម្នាក់​ឈ្មោះ អ្នកស្រី គឹម គាត អាយុ ៧២​ឆ្នាំ រស់នៅ​ឃុំ​គោលឃ្មុំ ស្រុក​ថ្មគោល ថ្លែង​ក្នុង​ពិធី​នោះ​ថា កន្លង​មក លោក​យាយ​មិន​ធ្លាប់​ចូលរួម​ក្នុង​កម្មវិធី​ជួយ​មនុស្ស​ចាស់​ជរា​បែប​នេះ​ឡើយ ហើយ​ថា នៅ​ពេល​ដែល​ចូលរួម​មាន​ក្ដី​រំភើប​រក​អ្វី​ប្រៀប​មិន​បាន​ទេ៖ «ខ្ញុំ​មិន​ដែល​បាន​ចូល​ទេ ព្រោះ​ខ្ញុំ​ទើប​យាយ​ដែល​គាត់​ចូល​យូរ​ហើយ​ហ្នឹង គាត់​ថា យាយ​ឯង​រោគា យាយ​ឯង​ច្រើន​ណាស់។ ឥឡូវ​ចូល​សមាគម​ខ្ញុំ​ទៅ គ្រាន់​បាន​អឺ! គេ​ជូន​គេ​អី​មក បាន​យាយ​ទិញ​ថ្នាំ​ព្យាបាល​រោគ។ ក៏​យាយ​គាត់​ប្រាប់​ថ្ងៃ​ហ្នឹង ខ្ញុំ​ទើប​មក ទើប​មក​ម្ដង​នេះ​ឯង ខ្ញុំ​នោះ។ គ្រួសារ​កូន​ចៅ​រវល់​ទៅ​រក​ស៊ី​ថៃ អត់​ទៅ​ខ្ញុំ​ហ្នឹង​នៅ​វត្ត ប៉ុន្តែ​ខ្ញុំ​មិន​ចោល​សីល​ទាន​របស់​ខ្ញុំ​ទេ។ ខ្ញុំ​ទៅ​រាល់​តែ​សីល​អ៊ីចឹង​ទៅ»

សមាគម​សាមគ្គី​ធម៌​ជួយ​ជន​ចាស់​ជរា នៅ​ភូមិ​គោកក្ដួច ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៤
សមាគម​សាមគ្គី​ធម៌​ជួយ​ជន​ចាស់​ជរា នៅ​ភូមិ​គោកក្ដួច ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៤ (RFA/Hum Chamroeun)

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ខេត្ត​បាត់ដំបង គឺ​លោក គឹម សេង ពុំ​បាន​ពន្យល់​ជុំវិញ​បញ្ហា​នេះ​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយ​ថា​ជាប់​រវល់​ប្រជុំ។

ចំណែក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​បាត់ដំបង លោក សួន ប៊ុនជឿន មាន​ប្រសាសន៍​ថា មន្ត្រី​ថ្នាក់​ក្រោម​ពុំ​បាន​បញ្ជូន​របាយការណ៍​ជុំវិញ​ទុក្ខ​លំបាក​របស់​ជន​ចាស់​ជរា ដែល​បាន​សហការ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា ខាង​មន្ទីរ​នឹង​ចុះ​ស្រាវជ្រាវ។ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា ពួក​គាត់​ជួប​ការ​លំបាក​មែន ខាង​មន្ទីរ​នឹង​ជួយ​រក​ប្រភព ដើម្បី​ដោះស្រាយ​លើ​ការងារ​នេះ។

លោក សួន ប៊ុនជឿន៖ «ខាង​ជន​ចាស់​ជរា​ហ្នឹង​បង្កើត​សមាគម​តាម​មណ្ឌល​តាម​មូលដ្ឋាន។ អ៊ីចឹង​ទៅ​វា​អត់​មាន​ទំនាក់ទំនង​គ្នា​មក​ដល់​មន្ទីរ​ខាង​ខ្ញុំ​នេះ អត់​មាន​បាន​ទំនាក់ទំនង​គ្នា​មក​ទេ។ ចំពោះ​ការ​សហការ គឺ​ចេះ​តែ​មាន​ហើយ នៅ​តាម​ស្រុក​មួយៗ​ហ្នឹង តេជគុណ អនុគណ ក៏ដូចជា​ធម្មការ​ស្រុក​ដែរ បើ​ថា​មាន អឺ! គ្រោះ​មហន្តរាយ​អី​ហ្នឹង អាច​ជួយ​គ្នា។ ក៏ប៉ុន្តែ​ជន​ចាស់​ជរា​ក្នុង​ស្រុក​ហ្នឹង គឺ​អត់​មាន​កម្មវិធី​ច្បាស់​លាស់​ទេ បើ​នៅ​តាម​បណ្ដា​វត្ត​លោក​ជួយ​អ៊ីចឹង​ដែរ»

របាយការណ៍​របស់​សមាគម​សាមគ្គី​ធម៌​ជួយ​ជន​ចាស់​ជរា ស្រុក​ថ្មគោល បង្ហាញ​ថា ជន​ចាស់​ជរា​គ្មាន​ទីពឹង ដែល​ចូល​ក្នុង​សមាគម ប្រមាណ ៤០០​នាក់ រស់​នៅ​តាម​បណ្ដា​ឃុំ​នានា​ក្នុង​ស្រុក ភាគ​ច្រើន​ពួក​គាត់​បាន​ព្រឹក​ខ្វះ​ល្ងាច ពឹង​ផ្អែក​ទៅ​លើ​ប្រាក់​បន្តិចបន្តួច​ពី​កូន​ចៅ និង​ញាតិ​ក្បែរ​ខាង។ សមាគម​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​ធ្លាប់​ផ្ដល់​ថវិកា​ជន​ចាស់​ជរា​ក្នុង​សមាគម​មួយ​ឆ្នាំ​ពីរ​លើក ហើយ​ក្នុង​មួយ​លើក ម្នាក់​ទទួល​បាន​ថវិកា​ប្រមាណ ២​ម៉ឺន​រៀល។ ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០១០ មក សមាគម​ផ្ដល់​ថវិកា​មួយ​ឆ្នាំ​ម្ដង ហើយ​ឆ្នាំ​នេះ អ្នក​ដែល​ចូលរួម​ប្រមាណ ៥០​នាក់ ទទួល​បាន​ថវិកា ១​ម៉ឺន​រៀល​ក្នុង​ម្នាក់។

សមាគម​នេះ​រៀបចំ​កម្មវិធី​ជួយ​មនុស្ស​ចាស់ ក្នុង​គោល​បំណង​ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ គិត​ពី​ទុក្ខ​លំបាក​របស់​ពួក​គាត់​ផង និង​ជា​ការ​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ យក​ចិត្ត​ទុក​ដាក់​ដល់​មនុស្ស​ចាស់​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។