ខណៈកម្ពុជា នឹងប្រារព្ធទិវាជនពិការអន្តរជាតិលើកទី៣៣ មនុស្សចាស់ពិការដែលប្រកបរបរដើរច្រៀងតាមស្តុបមួយចំនួន បានសម្ដែងការតូចចិត្តដោយសារសង្គមកម្ពុជា មិនសូវបានគិតពីតម្រូវការរបស់មនុស្សចាស់ពិការ។ មនុស្សចាស់ពិការទាំងនោះចង់ឃើញសង្គមកម្ពុជា គិតគូរ និងយកចិត្តទុកដាក់លើមនុស្សចាស់ពិការ ពិសេសជនពិការអាណាថា ដែលបាត់បង់សមត្ថភាព និងកំពុងមានជំងឺ។
មនុស្សចាស់ពិការចង់ឃើញសង្គមកម្ពុជា យកចិត្តទុកដាក់ដល់ពួកគាត់ឲ្យមានជម្រក និងការរស់នៅសមរម្យ ពីព្រោះមនុស្សចាស់ពិការក៏ជាធនធានដែលមិនអាចមើលរំលងបាន ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។
(សំឡេងចម្រៀងមនុស្សចាស់ពិការច្រៀងតាមស្តុប)
ការបង្ហាញអារម្មណ៍តូចចិត្តនៅពេលដែលខ្វះការគាំទ្រពីសង្គមរបស់មនុស្សចាស់ពិការដែលមានមុខរបរដើរ ច្រៀងតាមស្តុបសាធារណៈនៅពេលនេះ ធ្វើឡើងនាឱកាសទិវាជនពិការកម្ពុជាលើកទី១៧ និងទិវាជនពិការអន្តរជាតិលើកទី៣៣ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ធ្នូ។
មន្ត្រីយោធិនពិការវ័យចំណាស់ម្នាក់ដែលចាប់អាជីពដើរច្រៀងតាមស្តុប ដើម្បីរៃអង្គាសថវិកាចិញ្ចឹមជីវិត គឺលោក ប៉ែន លីហេង បច្ចុប្បន្នមានទីលំនៅក្នុងរាជធានីភ្នំពេញ បានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរី ទាំងទឹកមុខក្រៀមក្រំថា លោកជាអតីតមន្ត្រីយោធាកងពលធំលេខ៧ ប្រចាំស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ លោកអះអាងថា កាលពីឆ្នាំ១៩៩០ លោកត្រូវអំបែងគ្រាប់បែក ខណៈប្រយុទ្ធក្នុងសមរភូមិបណ្ដាលឲ្យរងរបួសភ្នែកទាំងសងខាងរហូតឈានដល់ពិការ។
លោកថា តាំងពីពេលនោះមក រូបលោកត្រូវបានអង្គភាពផ្ដាច់ប្រាក់ខែ ដោយសារធ្វើការងារអ្វីមិនបានដូចមុន ហេតុនេះ ទើបលោកចាប់អាជីពជាអ្នកចម្រៀងដើរច្រៀងតាមស្តុប ដើម្បីគ្រាន់បានប្រាក់ខ្លះជួយផ្គត់ផ្គង់គ្រួសារ៖ «ថ្ងៃទី១៣ ឆ្នាំ១៩៩០ ខ្ញុំត្រូវរបួសពិការភ្នែក ចាប់ពីពេលនោះមកជីវិតខ្ញុំលំបាកណាស់ ហើយខ្ញុំរំលឹកវា ព្រោះដើម្បីមនុស្សទូទៅដឹងថា ជនពិការអត់មានភ្នែក អត់មានដៃ អត់មានជើង អ៊ីចឹងជីវិតជនពិការជួបការលំបាកណាស់»។

ក្នុងវ័យជាង ៥០ឆ្នាំ លោក ប៉ែន លីហេង បានរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់បន្តថា ទោះបីលោកធ្លាប់ជាអតីតមន្ត្រីយោធិនម្នាក់ ប៉ុន្តែជាច្រើនឆ្នាំមកនេះ លោកត្រូវរស់នៅក្នុងជីវភាពយ៉ាងលំបាកលំបិន ហើយមិនសូវមានការគាំទ្រពីសង្គមនៅឡើយ។ លោកបន្តថា សង្គមហាក់ដូចជាទុកពួកគាត់ចោល ជាក់ស្ដែងរូបលោកផ្ទាល់នៅតែមានជីវភាពខ្វះខាត គ្មានការរស់នៅសមរម្យដដែល៖ «ជនពិការចាត់ទុករដ្ឋាភិបាល ជាម៉ែ ជាឪ គាត់ក៏គួរតែយល់ពីជីវភាពជនពិការ និងត្រូវយកចិត្តទុកដាក់ ហើយកន្លងមករដ្ឋាភិបាលតែងស្រែកថា ឲ្យដីធ្លីជនពិការ និងគិតគូរពីជនពិការ តែអ្វីដែលរដ្ឋាភិបាលធ្វើមានតែក្នុងក្រដាសប៉ុណ្ណោះ អ៊ីចឹងបានស្រែកពីរោះតែក្នុងក្រដាសប៉ុណ្ណោះ»។
បុរសពិការភ្នែកទាំងសងខាងរូបនេះបញ្ជាក់ដែរថា ទោះជាកម្ពុជា ប្រារព្ធទិវាជនពិការរាល់ឆ្នាំ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងអំពាវនាវឲ្យមានការយកចិត្តទុកលើជនពិការក្តី តែផ្ទុយទៅវិញ បើប្រៀបធៀបជនពិការ និងមនុស្សទូទៅឃើញថា ជនពិការនៅតែមានគម្លាតពីគ្នា និងនៅតែមិនមានភាពស្មើគ្នានៅក្នុងសង្គម៖ «ច្រើនឆ្នាំមកនេះ ខ្ញុំធ្លាក់ខ្លួនពិការមក ខ្ញុំដើរស៊ីស្នូលគេ កាប់ដីគេ ដើម្បីចិញ្ចឹមជីវិត ដើម្បីចិញ្ចឹមកូន ២នាក់ និងម្ដាយចាស់ជរា ដែលមានជំងឺជាប់ខ្លួនទៀត»។
បុរសពិការភ្នែកដែលមានស្បែកជ្រីវជ្រួញម្នាក់នេះ និយាយដោយសំឡេងខ្លាំងៗបន្តថា ដោយសារសង្គមពោរពេញដោយអំពើពុករលួយ និយមតែបក្ខពួក ទើបបណ្ដោយឲ្យមនុស្សចាស់ពិការជាច្រើនគ្មានទីពឹង។ ប៉ុន្តែលោកជំរុញឲ្យរដ្ឋាភិបាលកម្ពុជា កុំបន្តមើលរំលងមិនយកចិត្តទុកដាក់មនុស្សពិការ ពិសេសជនពិការគ្រប់ប្រភេទនៅកម្ពុជា ហើយត្រូវឲ្យជនពិការមានការរស់នៅសមរម្យ៖ «សូមឲ្យរដ្ឋាភិបាលមេត្តាជួយកូនចៅដែលដើរសុំទាន ដែលដើរច្រៀងតាមស្តុប ពិសេសជនពិការអនាថាដែលដើរតាមផ្សារ តាមសួនច្បារ សូមរដ្ឋាភិបាលជួយឲ្យមានជីវភាពសមរម្យ»។
ទន្ទឹមនឹងការលើកឡើងនេះ ប្រធានអង្គការសកម្មភាពលើជនពិការដើម្បីអភិវឌ្ឍន៍ កញ្ញា នូ វ៉ានី បាននិយាយដែរថា បច្ចុប្បន្នអង្គការកញ្ញាបានជួយបង្កើតការងារមនុស្សចាស់ពិការ និងយុវវ័យពិការបានប្រមាណជាង ៥០នាក់ តាមរយៈការច្រៀងក្នុងមូលនិធិតន្ត្រីជនពិការ ដើម្បីជួយឲ្យពួកគាត់អាចរកប្រាក់កម្រៃបានខ្លះគ្រាន់ចិញ្ចឹមជីវិត និងក្រុមគ្រួសារ។
ប៉ុន្តែកញ្ញាថា ទោះជាកម្ពុជា មានអនុសញ្ញាស្ដីពីសិទ្ធិជនពិការក្តី ប៉ុន្តែសព្វថ្ងៃមនុស្សចាស់ពិការនៅកម្ពុជា នៅតែមានបញ្ហាប្រឈមច្រើន ដែលទាមទារឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវតែជួយទំនុកបម្រុងមនុស្សចាស់ពិការទាំងនោះ៖ «សន្ធិសញ្ញាជនពិការបានចែងហើយថា សង្គមជាឧបសគ្គរបស់ជនពិការ មិនមែនជនពិការជាឧបសគ្គដល់សង្គមនោះទេ ដូច្នេះបណ្ដាអ្នកពាក់ព័ន្ធត្រូវតែលើកយកពីបញ្ហាទាំងនេះទៅគិត កុំចេះបន្ទោសតែជនពិការ»។
ប្រធានអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន អះអាងថា កម្ពុជាមានច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ បានបង្កើតឡើងរយៈពេល ៦ឆ្នាំហើយ ប៉ុន្តែការអនុវត្តនៅមិនទាន់បាន និងតែមិនទាន់ឆ្លើយតបតម្រូវការជនពិការ។ លោកបន្តដែរថា ដើម្បីជាការចូលរួមបដិភាគដល់ការរស់នៅរបស់ជនពិការ ពិសេសមនុស្សចាស់ពិការ លោក ងិន សៅរ័ត្ន ក៏បានស្នើដល់រដ្ឋាភិបាល និងក្រសួងសង្គមកិច្ច ត្រូវតែពន្លឿនការផ្តល់គោលនយោបាយសម្រាប់ជនពិការ ក្នុងមួយខែចំនួន ២ម៉ឺនរៀល ដែលរដ្ឋាភិបាលបានដាក់ចេញកាលពីពេលកន្លងមក៖ «រហូតមកដល់ពេលនេះ គោលនយោបាយ ២ម៉ឺនរៀល របស់រដ្ឋាភិបាល ដែលថា ផ្តល់ឲ្យមិនទាន់អនុវត្តបាននៅឡើយទេ ដូច្នេះបងប្អូនជនពិការនៅតែមិនទទួលបានការរស់នៅសមរម្យនៅឡើយ»។
សារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាឱកាសទិវាជនពិការកម្ពុជា លើកទី១៧ និងទិវាជនពិការអន្តរជាតិលើកទី៣៣ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ធ្នូ បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន និងវិស័យឯកជនទាំងអស់ត្រូវរៀបចំបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការគ្រប់ប្រភេទដែលចេញចូលនៅតាមទីកន្លែងសាធារណៈ និងជ្រើសរើសជនពិការជាបុគ្គលិកបម្រើការងារនៅក្នុងស្ថាប័នរបស់ខ្លួន ដើម្បីជាការលើកទឹកចិត្ត និងលើកកម្ពស់ជីវភាពរស់នៅរបស់ជនពិការ។
លិខិតដដែលបញ្ជាក់ទៀត លោកជំរុញឲ្យមានការដាក់បញ្ចូលជនពិការក្នុងការអភិវឌ្ឍ ដោយខិតខំធ្វើឲ្យមានការទទួលស្គាល់នូវតម្លៃ ព្រោះជនពិការគឺជាធនធានដែលមិនអាចមើលរំលងបានក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ដែលទាមទារឲ្យប្រជាពលរដ្ឋទាំងអស់ជួយផ្ដល់ការគាំទ្រ ដោយគ្មានការរើសអើងចំពោះពួកគាត់។
យ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមប្រឹក្សាសកម្មភាពលើជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់ជនពិការបាននៅឡើយនៅថ្ងៃទី២ ខែធ្នូ។
ទោះជាប្រមុខរដ្ឋាភិបាលជំរុញឲ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់លើជនពិការនៅកម្ពុជា យ៉ាងនេះក្តី មនុស្សចាស់ពិការ ដែលប្រកបរបរច្រៀងតាមទីសាធារណៈយល់ថា ការអំពាវរបស់នាយករដ្ឋមន្ត្រីនៅតែគ្មានប្រសិទ្ធភាព ហើយពួកគាត់នៅតែរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។ មនុស្សចាស់ពិការនៅតែទទូចឲ្យរដ្ឋាភិបាល គិតគូរដល់ជីវភាពរស់នៅរបស់ជនពិការគ្រប់ប្រភេទនៅកម្ពុជា ព្រោះជនពិការមានសិទ្ធិដូចជនមិនពិការដែរ និងមិនត្រូវទុកជនពិការឲ្យនៅដាច់ដោយឡែកនោះទេ ដើម្បីជនពិការមានសកម្មភាព និងសំឡេងក្នុងកិច្ចការអភិវឌ្ឍន៍សង្គម ឲ្យស្របទៅតាមចំណុចដែលបានចែងនៅក្នុងច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
