ពលរដ្ឋ​៨​ភូមិ​នៅ​បាត់ដំបង​ត្អូញត្អែរ​ថា​ក្រុមហ៊ុន​អគ្គិសនី​ឯកជន​យក​តម្លៃ​ភ្ជាប់​បណ្ដាញ​ខ្ពស់

ដោយ ហ៊ុំ ចំរើន
2015.05.12
បង្គោល​ភ្លើង​អគ្គិសនី កំពង់ចាម ៦២០ បង្គោល​ភ្លើង​ដែល​ដាំ​នៅ​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ​នា​ភូមិ​ត្រពាំងត្រស់ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។ រូបថត​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៤
RFA/Saut Sokprathna

ប្រជាពលរដ្ឋ​ចំនួន ៨​ភូមិ​នៅ​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង បង្ហាញ​ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​អគ្គិសនី​ឯកជន​ស្រុក​ភ្នំព្រឹក យក​តម្លៃ​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ពី​អតិថិជន​ខ្ពស់​ហួសហេតុ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ពុំ​មាន​លទ្ធភាព​ប្រើប្រាស់​អគ្គិសនី។ ប៉ុន្តែ​មន្ត្រី​ក្រុមហ៊ុន​អគ្គិសនី​បញ្ជាក់​ថា តម្លៃ​ភ្ជាប់​ដែល​យក​ពី​អតិថិជន​នោះ ពុំ​បាន​កេង​ចំណេញ​ពី​ប្រជាពលរដ្ឋ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំព្រឹក សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​ទង្វើ​របស់​ក្រុមហ៊ុន​អគ្គិសនី​នៅ​ស្រុក​ជាប់​ជាយដែន​ខ្មែរ-ថៃ នេះ ថា​ជា​កាយវិការ​មួយ​គិត​ពី​ប្រាក់​ចំណេញ​ហួសហេតុ ដោយ​មិន​គិត​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ទេ។

តំណាង​អ្នក​ភូមិ​ម្នាក់ គឺ​លោក មាស ចៀន រស់នៅ​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ថ្លែង​នៅ​ថ្ងៃ​ទី​១២ ឧសភា ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​អគ្គិសនី​ឯកជន​ស្រុក​ភ្នំព្រឹក យក​តម្លៃ​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ពី​អតិថិជន​ដែល​ប្រើ ៥​អំពែ ចំនួន ៧.៥០០​បាត ឬ​ប្រមាណ ១​លាន​រៀល​ក្នុង​មួយ​ផ្ទះ ដែល​ជា​តម្លៃ​មួយ​ខ្ពស់​ហួសហេតុ។ លោក​បញ្ជាក់​ថា តម្លៃ​នេះ​អំពូល​ភ្លើង និង​ខ្សែ​ភ្លើង​ជា​បន្ទុក​របស់​ប្រជាពលរដ្ឋ ចំណែក​ឯ​កុងទ័រ​ភ្លើង​វិញ ជា​របស់​ក្រុមហ៊ុន។

លោក​បន្ត​ទៀត​ថា ក្រុមហ៊ុន​នេះ​មិន​ត្រឹម​តែ​យក​តម្លៃ​ភ្ជាប់​អគ្គិសនី​ពី​ប្រជាពលរដ្ឋ​ខ្ពស់​ប៉ុណ្ណោះ​ទេ គឺ​បាន​និយាយ​គំរាម​ដល់​ប្រជាពលរដ្ឋ​ទៀត ប្រសិន​បើ​អតិថិជន​ណា​មិន​បង់​ប្រាក់​គ្រប់​ចំនួន​ទេ ខាង​ក្រុមហ៊ុន​នឹង​មិន​ភ្ជាប់​អគ្គិសនី​ឲ្យ​ប្រើ​ឡើយ។ បញ្ហា​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៨​ភូមិ​ប្រមាណ ៥០០​គ្រួសារ​ក្នុង​ឃុំ​បួរ ស្រុក​ភ្នំព្រឹក ពុំ​មាន​លទ្ធភាព​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ប្រើប្រាស់​នោះ​ទេ៖ «តម្លៃ​នេះ​វា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​អ្នក​ក្រ​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ផ្ទះ​ខ្លះ​សុខ​ចិត្ត​រស់នៅ​ទាំង​ងងឹត ហើយ​ដុត​ចង្កៀង​ជំនួស​វិញ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​ក្រុមហ៊ុន​អគ្គិសនី​ឯកជន​ស្រុក​ភ្នំព្រឹក ឈ្មោះ ផាត មាន​ប្រសាសន៍​បញ្ជាក់​ថា តម្លៃ​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ចំនួន ៧.៥០០​បាត​នោះ ជា​តម្លៃ​មួយ​សមរម្យ ហើយ​ខាង​ក្រុមហ៊ុន​ពុំ​កេង​ប្រាក់​ចំណេញ​ពី​ប្រជាពលរដ្ឋ ដើម្បី​ផល​ប្រយោជន៍​របស់​ខ្លួន​នោះ​ឡើយ៖ «ខាង​ក្រុមហ៊ុន​មិន​មែន​ចេះ​តែ​យក​តម្លៃ​ខ្ពស់​នោះ​ទេ គឺ​ដោយសារ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ឆ្ងាយ​ពី​ផ្លូវ ដែល​ត្រូវ​ចំណាយ​អស់​ឧបករណ៍​ច្រើន ទើប​ខាង​ក្រុមហ៊ុន​សម្រេច​ចិត្ត​យក​តម្លៃ​ភ្ជាប់​អគ្គិសនី​ចំនួន ៧.៥០០​បាត​ស្មើ​គ្នា​គ្រប់​ផ្ទះ​ទៅ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មេ​ឃុំ​បួរ លោក កើត ចិន្ដា មាន​ប្រសាសន៍​បញ្ជាក់​ថា ខាង​ក្រុមហ៊ុន​អគ្គិសនី​នឹង​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​ដល់​ប្រជាពលរដ្ឋ នៅ​សាលា​ឃុំ​នៅ​ថ្ងៃ​ទី​១៤ ឧសភា ខាង​មុខ៖ «រឿង​នេះ​ខាង​ក្រុមហ៊ុន​គេ​នឹង​មក​បំភ្លឺ​ពី​តម្លៃ​ភ្ជាប់​បណ្ដាញ​អគ្គិសនី​នេះ​ឆាប់ៗ​ហើយ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​រំឭក​ថា ប្រសិន​បើ​ខាង​ក្រុមហ៊ុន​អគ្គិសនី​នៅ​តែ​ប្រកាន់​ជំហរ​មិន​ព្រម​បញ្ចុះ​តម្លៃ​ភ្ជាប់​បណ្ដាញ​អគ្គិសនី ទាប​ជាង​ពេល​បច្ចុប្បន្ន​ដល់​អតិថិជន​ទេ នោះ​ពួក​គេ​នឹង​នាំ​គ្នា​តវ៉ា​ទៅ​សាលា​ឃុំ​នៅ​ថ្ងៃ​ទី​១៤ ឧសភា ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។