អាជ្ញាធរ​ខេត្ត​ស្វាយរៀង​នឹង​ជម្លៀស​ពលរដ្ឋ​នៅ​ពេល​ដោះ​គ្រាប់​បែក​គីមី​នៅ​ដើម​ខែ​កុម្ភៈ

ដោយ ប្រាជ្ញ ចេវ
2017.01.25
គ្រាប់​បែក​គីមី ស្វាយរៀង ២០១៧ ៨៥៥ មន្ត្រី​នៃ​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ស៊ីម៉ាក់ (CMAC) កំពុង​សិក្សា និង​កំណត់​លក្ខណៈ​បច្ចេកទេស​យក​គ្រាប់​គីមី​ប្រភេទ chlorobenzalmalononitrile (CS) នៅ​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of CMAC
Photo courtesy of CMAC

អាជ្ញាធរ​ខេត្ត​ស្វាយរៀង និង​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ស៊ីម៉ាក់ (CMAC) នឹង​ជម្លៀស​ពលរដ្ឋ​ពី ៨០០ ទៅ ១.០០០​នាក់​ចេញ​ពី​ភូមិ​នៅ​ពេល​ដោះ​គ្រាប់​បែក​គីមី​ចំនួន​ពីរ​គ្រាប់​ជា​ប្រភេទ​ធុង​ឧស្ម័ន​បង្ហៀរ​ទឹក​ភ្នែក ចេញ​ពី​បរិវេណ​វត្ត និង​សាលា​រៀន​មួយ​ក្នុង​ឃុំ​គគីរ ស្រុក​រមាសហែក។ នៅ​ពេល​នេះ អាជ្ញាធរ​បាន​គូស​សញ្ញា និង​ហ៊ុមព័ទ្ធ​ទីតាំង​គ្រាប់​មីន​បង្ការ​គ្រោះថ្នាក់ រង់ចាំ​កម្លាំង​ស៊ីម៉ាក់​មក​សម្អាត​យក​គ្រាប់​មិន​ទាន់​ផ្ទុះ​នេះ​ចេញ នៅ​ដើម​ខែ​កុម្ភៈ ខាង​មុខ ដើម្បី​រក្សា​ទុក​នៅ​ទីតាំង​មាន​សុវត្ថិភាព។

ក្រោយ​ពេល​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ថា​ស៊ីម៉ាក់ ស្គាល់​ថា​គ្រាប់​បែក​ទាំង​ពីរ​គ្រាប់​នេះ​ជា​ប្រភេទ​គ្រាប់​បែក​គីមី​ប្រភេទ chlorobenzalmalononitrile (CS) មាន​ទម្ងន់​ប្រមាណ​ជាង ២០០​គីឡូក្រាម​ក្នុង​មួយ​គ្រាប់​កាល​ពី​ពេល​ថ្មីៗ​នេះ។ នៅ​ពេល​នេះ ស៊ីម៉ាក់​កំពុង​សិក្សា និង​កំណត់​លក្ខណៈ​បច្ចេកទេស ដើម្បី​ឈាន​ទៅ​ប្រតិបត្តិការ​យក​គ្រាប់​មិន​ទាន់​ផ្ទុះ​នោះ​ចេញ​ពី​ទីតាំង ទៅ​រក្សា​ទុក​ក្នុង​កន្លែង​មាន​សុវត្ថិភាព។

ថ្លែង​ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា លោក ហេង រតនា ឲ្យ​ដឹង​ថា នៅ​ពេល​នេះ ក្រុម​ការងារ​លោក​មិន​ទាន់​ជីក​ដី​ដល់​គោលដៅ​នៅ​ឡើយ​ទេ។ លោក​ថា នៅ​ពេល​វាយ​តម្លៃ​រួច​ហើយ លោក​នឹង​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង។ លោក​បញ្ជាក់​ថា ជា​គោលការណ៍​សុវត្ថិភាព និង​ដោយសារ​គ្រាប់​បែក​នេះ​មាន​ឥទ្ធិពល​ខ្លាំង ទើប​តម្រូវ​ឲ្យ​ជម្លៀស​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​នោះ​ចេញ​ទៅ​កន្លែង​ផ្សេង។ ជាង​នេះ​ទៀត លោក​ថា​ប្រសិន​ក្រុម​ការងារ​បរាជ័យ​ក្នុង​ការ​យក​គ្រាប់​បែក​នេះ​ចេញ អ្នក​ទាំងនោះ​គ្មាន​សង្ឃឹម​នៅ​សល់​អាយុ​ជីវិត​ឡើយ៖ «នៅ​ពេល​សិក្សា​លក្ខណៈ​បច្ចេកទេស​ចប់​សព្វគ្រប់​រួច​ហើយ យើង​នឹង​ធ្វើ​ការ​ជាមួយ​គាត់ (អាជ្ញាធរ​ខេត្ត​ស្វាយរៀង) ពី​បញ្ហា​នេះ។ យើង​គ្មាន​គោលការណ៍​កម្ទេច​ទេ គឺ​យើង​យក​ចេញ​ពី​ទីតាំង​នោះ។ យើង​កម្ទេច យើង​ត្រូវការ​ពេលវេលា និង​ទីតាំង​ថ្មី»

លោក ហេង រតនា ឲ្យ​ដឹង​ទៀត​ថា ក្រុម​ស្រាវជ្រាវ​ព័ត៌មាន​របស់​លោក​បាន​រក​ឃើញ​ថា គ្រាប់​បែក​គីមី​ទម្លាក់​ពី​យន្តហោះ​សហរដ្ឋ​អាមេរិក នៅ​ទីតាំង​វត្ត និង​សាលា​រៀន​ស្ថិត​នៅ​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ក្នុង​អំឡុង​ឆ្នាំ​១៩៧០ ដើម្បី​បណ្ដេញ​ទាហាន​កុម្មុយនីស្ត​នៅ​ប៉ែក​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា នៅ​ជាប់​ព្រំដែន​វៀតណាម។ គ្រាប់​បែក​ដែល​មាន​ផ្ទុក​ឧស្ម័ន​បង្ហៀរ​ទឹក​ភ្នែក​មាន​ចំនួន ៤​គ្រាប់ បាន​ផ្ទុះ ២​គ្រាប់ និង ២​គ្រាប់​ទៀត​មិន​ទាន់​ផ្ទុះ បាន​បន្សល់​ទុក​ដល់​សព្វថ្ងៃ​នេះ។

ចំណែក​អាជ្ញាធរ​ខេត្ត​ស្វាយរៀង ឲ្យ​ដឹង​ដែរ​ថា ពួក​គេ​ត្រៀម​ខ្លួន​សហការ​ជាមួយ​ស៊ីម៉ាក់ ដើម្បី​ធ្វើ​ការ​លើ​រឿង​នេះ និង​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ។ អភិបាល​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង លោក ពេញ ជា ឲ្យ​ដឹង​ថា ការ​ជម្លៀស​ពលរដ្ឋ​អាច​ប្រើ​រយៈពេល​កន្លះ​ថ្ងៃ ដែល​ពលរដ្ឋ​ប្រមាណ​ពី ៨០០ ទៅ ១.០០០​នាក់ ត្រូវ​ទៅ​ភូមិ​ផ្សេងៗ។ លោក​អភិបាល​ស្រុក​ថា ដោយសារ​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ក្នុង​រយៈពេល​ខ្លី អាជ្ញាធរ​មិន​ទាន់​មាន​ផ្តល់​មធ្យោបាយ ឬ​ជម្រក​ឲ្យ​ពលរដ្ឋ​នោះ​ទេ៖ «គម្រោង​ខ្ញុំ​អាច​ជម្លៀស​ពលរដ្ឋ​ចេញ​ទៅ​នៅ​ភូមិ​ជិតៗ​ហ្នឹង​ប្រហែល​ចម្ងាយ​មួយ​គីឡូ​ដី»

ស្រដៀង​គ្នា​នេះ​ដែរ នាយ​ខុទ្ទកាល័យ​សាលា​ខេត្ត​ស្វាយរៀង លោក រស់ ផារិទ្ធ មាន​ប្រសាសន៍​ថា សកម្មភាព​យក​គ្រាប់​ចេញ​អាច​ធ្វើ​នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ខាង​មុខ។ ទោះ​ជា​យ៉ាង​ណា លោក​ថា​ខេត្ត​មិន​ទាន់​មាន​ព័ត៌មាន​ជាក់លាក់​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការ​ផ្តល់​ព័ត៌មាន​បន្ថែម​ពី​ស៊ីម៉ាក់​សិន។ ប៉ុន្តែ​លោក​ថា អ្វី​ដែល​អាជ្ញាធរ​អាច​ធ្វើ​បាន គឺ​កំណត់​គោលដៅ​ដាក់​ស្លាក​សញ្ញា​ហាម​មិន​ឲ្យ​ពលរដ្ឋ​ប៉ះពាល់ និង​ប្រាប់​ឲ្យ​ពលរដ្ឋ​បាន​ដឹង​ពី​កន្លែង​គ្រោះថ្នាក់៖ «ការ​ជម្លៀស​នេះ​ប្រើ​រយៈពេល​ខ្លី​ទេ បើ​រយៈពេល​យូយើង​អាច​ថា​មាន​វិធានការ​ដោះស្រាយ​បន្ថែម​ទៀត»

សហរដ្ឋ​អាមេរិក បាន​ទម្លាក់​គ្រាប់​បែក​ជាង ២​លាន ៧​សែន​តោន​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា ក្នុង​គោល​បំណង​កាត់​ផ្តាច់​ផ្លូវ​ដឹក​ជញ្ជូន​គ្រឿង​ផ្គត់ផ្គង់​ទៅ​កាន់​កងទ័ព​វៀតណាម​ខាង​ជើង កាល​ពី​ក្នុង​អំឡុង​ឆ្នាំ​១៩៧០ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រមាណ ២​ម៉ឺន​នាក់​បាន​រងគ្រោះ។

ទាក់ទង​រឿង​អាមេរិក​ទម្លាក់​គ្រាប់​នេះ​ដែរ ក្នុង​អំឡុង​ពេល​លោក ដូណាល់ ត្រាំ (Donald Trump) ឡើង​កាន់​ចង្កូត​ដឹកនាំ​សហរដ្ឋ​អាមេរិក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​អាមេរិក លុប​បំណុល​ដល់​កម្ពុជា ដែល​អាមេរិក ផ្តល់​ឲ្យ​រដ្ឋាភិបាល​លោក​សេនា​ប្រមុខ លន់ នល់ ចន្លោះ​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥។ ប្រមុខ​រដ្ឋាភិបាល​ដែល​ចូល​ចិត្ត​រិះគន់​សហរដ្ឋ​អាមេរិក ចោទ​ប្រកាន់​បំណុល​ទាំងនេះ គឺ​កើត​ឡើង​ពី​ការ​ទិញ​គ្រាប់​បែក​មក​ទម្លាក់​សម្លាប់​ប្រជាជន​ខ្មែរ។

អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា លោក ហេង រតនា ថា​ក្រុម​ជំនាញ​អាច​ត្រូវ​ចំណាយ​ពី​ពីរ​ទៅ​បី​ថ្ងៃ ដើម្បី​សម្អាត ឬ​យក​គ្រាប់​មិន​ទាន់​ផ្ទុះ​នោះ​ចេញ។ ប៉ុន្តែ​លោក​ថា​មិន​មែន​ក្នុង​អំឡុង​ពេល​នោះ សុទ្ធតែ​ត្រូវ​ជម្លៀស​ពលរដ្ឋ​ចេញ​នោះ​ទេ គឺ​ជម្លៀស​តែ​ក្នុង​ពេលវេលា​ណា​មួយ​ដែល​ប្រឈម។

លោក​បដិសេធ​ថា សកម្មភាព​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​នេះ មិន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​ឡើយ ហើយ​ការ​ដែល​ស៊ីម៉ាក់​ទើប​ទៅ​ឆ្កឹះ​កកាយ​យក​គ្រាប់​នេះ​ចេញ ព្រោះ​ទើប​ទទួល​បាន​ព័ត៌មាន​ពី​អាជ្ញាធរ​ខេត្ត​ស្វាយរៀង កាល​ពី​ពេល​ថ្មីៗ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។