ក្រុមគ្រូពេទ្យឯកទេសផ្នែកជំងឺភ្នែក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជូនដំណឹងថា នៅមន្ទីរពេទ្យនេះ នឹងមានផ្ដល់ការពិនិត្យ ព្យាបាលជំងឺភ្នែក ដោយឥតបង់ថ្លៃ រយៈពេល ១០ ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ ទី ១០ ដល់ថ្ងៃសុក្រ ទី ២១ ខែវិច្ឆិកានេះ។
គ្រូពេទ្យផ្នែកជំងឺភ្នែក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកវេជ្ជបណ្ឌិត សាលី ធារិទ្ធ ថ្លែងថា ការពិនិត្យ និងព្យាបាលជំងឺភ្នែកឥតបង់ថ្លៃនេះ គឺជាកិច្ចសហការរវាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងវេជ្ជបណ្ឌិតឯកទេសជំងឺភ្នែកចំពោះកុមារ មកពីប្រទេសអូស្ត្រាលី៖ « សេវាជំងឺភ្នែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ - សូវៀតហ្នឹង ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២១ ដក់តែថ្ងៃសៅរ៍ និងអាទិត្យចន្លោះកណ្ដាលហ្នឹង។ ម៉ោងធ្វើការជាទូទៅ ចាប់ពីម៉ោង ៧ គាត់ទៅសុំលេខ។ មនុស្សចាស់មើលធម្មតាទេ។ ប៉ុន្តែក្មេង មានគ្រូពេទ្យឯកទេសកូនក្មេង គាត់អញ្ជើញមកពីប្រទេសអូស្ត្រាលីពីរនាក់ គឺម្នាក់មួយអាទិត្យៗ អាចបន្តដល់ពីរអាទិត្យ សម្រាប់ក្មេងដែលមានបញ្ហាភ្នែក និងជាមួយគ្រូពេទ្យខ្មែរយើងនៅពេទ្យសូវៀតហ្នឹង » ។
លោកវេជ្ជបណ្ឌិត សាលី ធារិទ្ធ មានប្រសាសន៍ថា សេវាផ្ដល់ការពិនិត្យ ព្យាបាលជំងឺភ្នែក ដោយឥតបង់ថ្លៃ នៅក្នុងរយៈពេល ១០ ថ្ងៃនេះ ខាងមន្ទីរពេទ្យមិនកំណត់ចំនួនអ្នកជំងឺ ឬប្រភេទជំងឺទេ។ ជាពិសេសលោកអំពាវនាវឱ្យដល់ឪពុកម្ដាយ ដែលកូនមានបញ្ហាភ្នែក ឆាប់រួសរាន់មកទទួលសេវាពិនិត្យព្យាបាលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
