អ្នក​ចូល​ចិត្ត​ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​កើន​ជាង​១​សែន​នាក់

ស្ថានទូត​សហរដ្ឋ​អាមេរិក នឹង​រៀប​ចំ​ពិធី​អបអរ​អ្នក​ចូល​រួម​ក្នុង​ហ្វេសប៊ុក (Facebook) ខ្លួន ដែល​កើន​ចំនួន​ដល់​ជាង ១​សែន​នាក់​នៅ​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា ចេញ​ផ្សាយ​ថ្ងៃ​ទី៥ ខែ​កញ្ញា បាន​បង្ហាញ​ថា ចាប់​តាំង​ពី លោក វីល្លៀម ថត (William E. Todd) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក បាន​មក​បំពេញ​ការងារ​នៅ​កម្ពុជា កាល​ពី​ខែ​មេសា ឆ្នាំ​២០១២ លោក​បាន​ធ្វើ​ការ​ដើម្បី​បន្ថែម​តម្លៃ​ទៅ​លើ​ប្រតិបត្តិការ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ស្ថានទូត និង​ដើម្បី​បង្កើន​អត្ថប្រយោជន៍​របស់​វា​សម្រាប់​ប្រជាជន​កម្ពុជា។

ស្ថានទូត​អាមេរិក ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ១៦​ខែ​កន្លង​ទៅ​នេះ ចំនួន​អ្នក​ចូលរួម​ក្នុង​ហ្វេសប៊ុក​របស់​ស្ថាន​ទូត​អាមេរិក ពោល​គឺ​អ្នក​ដែល​បាន​ចុច​ចូល​ចិត្ត (Like) នៅ​លើ​ទំព័រ​ហ្វេសប៊ុក​នេះ​បាន​កើន​ដល់​ចំនួន​ជាង ១​សែន​នាក់។

ករណី​នេះ ស្ថានទូត​សហរដ្ឋ​អាមេរិក នឹង​រៀប​ចំ​ពិធី​មួយ​នៅ​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​កញ្ញា វេលា​ម៉ោង ១១​ព្រឹក នៅ​ក្នុង​ស្ថានទូត​អាមេរិក ដើម្បី​អបអរ​ការ​កើន​ចំនួន​អ្នក​ចូល​រួម​នេះ និង​អរគុណ​ប្រជាជន​កម្ពុជា ជា​ពិសេស​អ្នក​ចូល​រួម​ហ្វេសប៊ុក និង​ប្លុក (Blog) ដែល​បន្ត​ការ​ចាប់​អារម្មណ៍​ទៅ​លើ​កម្មវិធី​ផ្សេងៗ​របស់​ស្ថានទូត​អាមេរិក នៅ​ក្នុង​ប្រទេស​កម្ពុជា។ ពិធី​នេះ លោក​ឯកអគ្គរដ្ឋទូត ថត ក៏​នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នក​ចូល​រួម​កម្មវិធី។

ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក បាន​ផ្តល់​ឲ្យ​ប្រជាជន​កម្ពុជា នូវ​ឱកាស​អាច​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ស្ថានទូត​អាមេរិក ដោយ​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ស្ដីពី​ព្រឹត្តិការណ៍ កម្មវិធី និង​ឱកាស​នានា និង​ដោយ​សរសេរ​មតិ និង​សំណួរ​ស្ដីពី​រឿង​ដែល​គេ​មាន​ការ​ចាប់​អារម្មណ៍។ ទំព័រ​ហ្វេសប៊ុក​នេះ ថែម​ទាំង​ធ្វើ​ជា​វេទិកា​មួយ​សម្រាប់​ឲ្យ​ប្រជាជន​កម្ពុជា លើក​ឡើង​នូវ​បញ្ហា​ផ្សេង​ជាមួយ​ស្ថានទូត​សហរដ្ឋ​អាមេរិក ដោយ​ផ្ទាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។