បន្ទាប់ពីកម្មករប្រមាន ៤០០នាក់ ធ្វើការតវ៉ាអស់រយៈពេល ៣ថ្ងៃជាប់គ្នារួចមក ភាគីទាំងពីគឺកម្មករនិងតំណាងរោងចក្រស៊ីងហ្វាង (Xing Fang) នឹងចូលខ្លួនទៅដោះស្រាយជម្លោះនៅក្រសួងការងារថ្ងៃរសៀលទី២១ សីហា។
មន្ត្រីច្បាប់ផ្នែកដោះស្រាយវិវាទ នៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (C-CAWDU) ឲ្យដឹងនៅថ្ងៃទី២១ សីហា ថា តំណាងកម្មករ ១០នាក់ នឹងត្រូវជ្រើសរើសទៅពិភាក្សាជាមួយតំណាងរោងចក្រ ស៊ិងហ្វាង និងជាមួយមន្ត្រីក្រសួងការងារ។
ប៉ុន្តែទន្ទឹមពេលមានការរៀបចំចរចាគ្នានេះ ភាគីកម្មកររោងចក្របានឲ្យដឹងថា ភាគីថៅកែរោងចក្រហាក់នៅតែមានជំហរជំទាស់នឹងការតវ៉ាដដែល នៅព្រឹកថ្ងៃទី២១ សីហា ដោយបានចាក់មីក្រូ ពីក្នុងបរិវេណរោងចក្រដាក់មកភាគីកម្មករដែលកំពុងប្រមូលផ្ដុំតវ៉ានៅខាងក្រៅរោងចក្រ។
កម្មកររោងចក្រ ស៊ីងហ្វាង ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបន្តការតវ៉ាចំនួន ៣ថ្ងៃជាប់គ្នាឲ្យថៅកែគោរពលក្ខខណ្ឌការងារជាង ១០ចំណុច តែភាគីថៅកែរោងចក្រមិនព្រមដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
