កម្មករនៅរោងចក្រស្បែកជើង ជូហួយ (JUHUI) នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម បាននាំគ្នាត្រឡប់មកផ្ទះវិញ នៅថ្ងៃទី១៣ កញ្ញា បន្ទាប់ពីទ្វាររបងមុខរោងចក្រត្រូវបានបិទមិនឱ្យពួកគាត់ចូលធ្វើការ និងមានការបិទសេចក្តីជូនដំណឹងបញ្ជាក់ថា កម្មករទាំងនោះបានល្មើសទៅនឹងដីការបស់តុលាការ កាលពីពេលកន្លងទៅ។
កម្មករព្រមានថា នឹងមានការធ្វើកូដកម្មបន្តទៀត ប្រសិនបើខាងរោងចក្រនៅតែធ្វើបែបនេះ។
ប្រតិកម្មតបដោយភាគីរោងចក្រស្បែកជើង ជូហួយ មិនឱ្យកម្មករចូលធ្វើការនេះ បន្ទាប់ពីក្រុមកម្មករកាលពីថ្ងៃទី១២ កញ្ញា បាននាំគ្នាដើរចេញពីកន្លែងធ្វើការភ្លាមៗ ដោយមិនមានការអនុញ្ញាតត្រឹមត្រូវ។ ខាងភាគីរោងចក្រ ថែមទាំងបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា កម្មករកំពុងល្មើសទៅនឹងផ្លូវច្បាប់។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់កម្ពុជា ប្រចាំរោងចក្រ ជូហួយ លោក ហ៊ិត ហ៊ុន មានប្រសាសន៍ថា មិនមានតំណាងរោងចក្រណាប្រាប់ពីមូលហេតុនៃការបិទរោងចក្រនេះទេ ក្រៅពីមានខាងកម្លាំងសមត្ថកិច្ច រួមនិងការបិទសេចក្តីជូនដំណឹងនៅទ្វារមុខច្រកចូលរោងចក្រថា កម្មករបានធ្វើកំហុសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីពួកគាត់បាននាំគ្នាធ្វើកូដកម្មដើរចេញពីកន្លែងការងារ។ លោកបន្តថា កម្មករនាំគ្នាដើរចេញនោះ គឺធ្វើឡើងដោយខ្លួនឯង ពោលគឺមិនមានការញុះញង់ណាមួយពីតំណាងកម្មករ ឬសហជីពឡើយ។
លោក ហ៊ិន ហ៊ុន៖ «ដល់ថ្នាក់ម្សិលមិញនេះ ខាងក្រុមហ៊ុនព្រមចរចាជាមួយពួកខ្ញុំ ប៉ុន្តែពន្យារពេលរហូតដល់ម៉ោងបីល្ងាច ដល់អ៊ីចឹងកម្មករបានស្តាប់ឮព័ត៌មានហ្នឹង គាត់អត់សុខចិត្ត។ គាត់អត់សុខចិត្ត អ៊ីចឹងក៏គាត់នាំគ្នាចេញមកផ្ទះម៉ាកំណាត់ថ្ងៃភ្លាមៗ។ ដល់ឥឡូវព្រឹកមិញនេះ ក្រុមហ៊ុនគេប្ដឹងកម្មករធ្វើកូដកម្មជំទាស់នឹងសេចក្តីសម្រេចការពាររបស់តុលាការ។ អ៊ីចឹងគេចោទថា កម្មករមានកំហុសធ្ងន់ អត់មានពាក់ព័ន្ធនឹងសហជីពទេ។ ប៉ុន្តែមិនពាក់ព័ន្ធជាមួយខ្ញុំក៏ដោយ ក៏ពួកខ្ញុំជំហរពួកខ្ញុំនៅតែទាមទារលក្ខខណ្ឌការងារដូចពីមុនអ៊ីចឹង»។
លោកបន្ថែមថា ក្នុងសេចក្តីជូនដំណឹងនោះមិនបានបញ្ជាក់ថា កម្មករនឹងត្រូវចូលធ្វើការវិញពេលណាទេ ប៉ុន្តែប្រភពពីកម្មករថា ភាគីរោងចក្រនឹងអាចទូទាត់ប្រាក់ឱ្យកម្មករ បន្ទាប់មកនឹងបញ្ឈប់ពួកគាត់តែម្តង។
ទាក់ទងបញ្ហានេះ ប្រធានរដ្ឋបាលប្រចាំរោងចក្រ ជូហួយ លោក តេង សម្បត្តិ មិនបានបញ្ជាក់ថាយ៉ាងណាទេ ពីព្រោះលោកជាប់ប្រជុំ។ តែនៅក្នុងសេចក្តីជូនដំណឹងឱ្យដឹងថា ខាងក្រុមហ៊ុនមានសិទ្ធិពេញលេញក្នុងការអនុវត្តតាមដីការបស់សាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី៣ កញ្ញា និងកំណត់អនុវត្តនៅថ្ងៃទី៩ កញ្ញា ដោយតម្រូវឱ្យកម្មករចូលធ្វើការក្នុងរយៈពេល ៤៨ម៉ោង។ នៅពេលកម្មករចូលធ្វើការបានពីរថ្ងៃតាមដីកានោះ ស្រាប់តែនៅរសៀលថ្ងៃទី១២ កញ្ញា ពួកគាត់នាំគ្នាធ្វើសកម្មភាពកូដកម្មបន្តទៀត ដែលវាផ្ទុយនឹងច្បាប់ការងារមាត្រា៣៣៧។
ចំណែកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម វិញ លោក ចេង ហ៊ាង មានប្រសាសន៍នៅរសៀលថ្ងៃទី១៣ កញ្ញា ថា ដំបូងឡើយជំហររបស់ភាគីរោងចក្របញ្ជាក់ថា នឹងបិទរោងចក្រតែម្តង ប៉ុន្តែក្រោយពេលមានការសម្របសម្រួលពីអាជ្ញាធរ ទើបមានការយល់ព្រមឱ្យកម្មករចូលធ្វើការដូចធម្មតាវិញនៅសប្ដាហ៍ក្រោយ។ ចំណែកការទាមទារលក្ខខណ្ឌការងាររបស់កម្មករនោះ គឺមិនទាន់កំណត់យ៉ាងណាឡើយ៖ «ឥឡូវយ៉ាងសំខាន់ យើងខាងរោងចក្រគាត់បិទផ្លូវអត់ទទួលយកសំណូមពរធ្វើការ។ អ៊ីចឹងទេ យើងបានសម្របសម្រួលជាមួយគាត់ទៅ ឥឡូវគាត់យល់ព្រមឱ្យថ្ងៃ១៥ ថ្ងៃច័ន្ទ ហ្នឹង ឱ្យកម្មករចូលធ្វើការវិញ។ អ៊ីចឹងបញ្ហាផ្សេងៗទៀត យើងនឹងទៅមួយជំហានម្តងៗណា៎!»។
លោកបន្ថែមថា ប្រសិនបើកម្មករនៅតែប្រកាន់ជំហរធ្វើកូដកម្មតទៅទៀតនោះ វាអាចនឹងរុញឱ្យថៅកែរោងចក្រពិបាកដោះស្រាយ ហើយចុងក្រោយ ថៅកែទាំងនោះមានតែផ្លូវបិទរោងចក្រប៉ុណ្ណោះ។ ចំណែកលទ្ធផលវិញ គឺមានតែខាតបង់ទាំងអស់គ្នា។ លោកយល់ថា ជាការប្រសើរ ភាគីទាំងពីរ គប្បីរក្សាភាពអត់ធ្មត់ឱ្យបាន ហើយនាំគ្នាងាកមករកកិច្ចចរចា ទើបអាចធានាបាននូវផលប្រយោជន៍រួម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
