ក្រសួង​សម្រេច​ឲ្យ​រោងចក្រ​ស៊ាវ​គិញ​ផ្អាក​ដើម្បី​ជួសជុល​មួយ​រយៈ

កម្មករ​ជា​ច្រើន​រយ​នាក់​នៅ​រោងចក្រ ស៊ាវ​គិញ (Siu Quinh Garment) ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដង្កោ ជាយ​រាជធានី​ភ្នំពេញ ត្រូវ​ផ្អាក​បណ្ដោះ​អាសន្ន ព្រោះ​តែ​អគារ​មាន​ការ​រញ្ជួយ និង​ប្រេះ​ស្រាំ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

0:00 / 0:00

ការ​សម្រេច​ផ្អាក​នេះ ក្រោយ​ពី​អ្នក​ជំនាញ រក​ឃើញ​ថា រោងចក្រ​នោះ​ត្រូវ​ការ​កែលំអ និង​ជួស​ជុល​អគារ​បន្ថែម​ទៀត។ ចំណែក​កម្មករ​នៅ​តែ​អះអាង​ថា ពួក​គេ​ហាក់​មិន​មាន​ទំនុក​ចិត្ត ឬ​មាន​ភាព​កក់ក្ដៅ​ដូច​មុន​ទៀត​ឡើយ ក្នុង​ការ​ធ្វើ​ការ​នៅ​ទី​នោះ បើ​ទោះ​បី​ជា​មាន​ការ​ជួស​ជុល​រួច​ក្ដី។

ក្រុម​កម្មករ​ថ្លែង​ថា ពួក​គេ​ហាក់​មាន​ការ​ព្រួយ​បារម្ភ​ដដែល បើ​ទោះ​ជា​រោងចក្រ​មួយ​នេះ​ត្រូវ​ជួស​ជុល​រួច​ហើយ​ក៏ដោយ។ ពួក​គេ​ទាមទារ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​ជាង​នេះ​បន្ថែម​ទៀត ដើម្បី​ប្រាកដ​ថា ក្រោយ​ពី​កែលំអ​រួច​ហើយ នឹង​ពុំ​បណ្ដាល​ឲ្យ​កើត​មាន​ហានិភ័យ​ដល់​អាយុ​ជីវិត​របស់​កម្មករ​ណា​មួយ​នោះ​ឡើយ។

កញ្ញា អ៊ុង ចានដារា កម្មការិនី​ម្នាក់​ក្នុង​ចំណោម​កម្មករ​ជាង ៧០០​នាក់​ផ្សេង​ទៀត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ថា ក្រុម​កម្មករ​នៅ​តែ​ភ័យ​ខ្លាច​នៅ​ឡើយ បើ​ទោះ​ជា​បាន​ដឹង​ហើយ​ថា អគារ​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​ក្រុម​អ្នក​​ជំនាញ​បច្ចេកទេស​ក៏ដោយ​ចុះ ការ​ឃើញ និង​ជួប​ទិដ្ឋភាព​នៃ​ការ​រញ្ជួយ​អគារ​ក្នុង​ពេល​ថ្មីៗ​នេះ ពិត​ជា​នៅ​ដក់​ក្នុង​អារម្មណ៍​នៅ​ឡើយ៖ «អារម្មណ៍​ណា​ធ្វើ​ការ​ទេ​ពូ។ វា​ប្រេះ​ច្រើន ពូ​ឡើង​ទៅ​ឃើញ​ផ្ទាល់​ហើយ​មែន​អត់។ ប្រេះ​គ្រប់​កន្លែង​ទាំងអស់ ជាន់​លើ​ប្រេះ។ ឥឡូវ​រង្គើ​ជាន់​ក្រោម ជាន់​ផ្ទាល់​ដី​ហ្នឹង​ក៏​មាន​ប្រេះ​ទៀត​ដែរ»

ចំណែក​ក្រុម​កម្មករ​ដទៃ​ទៀត ថ្លែង​ថា ពួក​គេ​ស្នើសុំ​ឲ្យ​ភាគី​រោងចក្រ គប្បី​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​បញ្ចៀស​ហេតុការណ៍​កើត​ឡើង​ដោយ​យថាហេតុ​ណា​មួយ បណ្ដាល​មក​ពី​ការ​រញ្ជួយ​អគារ​នេះ ដែល​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​កម្មករ​នោះ៖ «ចុះ​ពួក​ខ្ញុំ​ថា​សុខ​ចិត្ត​ព្រម​តើ ដោយសារ​ហ្នឹង​ហើយ ឲ្យ​គេ​ជួស​ជុល​ឲ្យ​ស្អាត​បាត បាន​កម្មករ​មាន​ទំនុក​ចិត្ត។ ប៉ុន្តែ ខ្ញុំ​ជឿ​ថា​អ៊ីចេះ អគារ​ប្រេះ​អ៊ីចឹង​ហើយ កន្លែង​ឥដ្ឋ​ខាង​ក្រោម​ហ្នឹង​ញ័រ​រញ្ជួយ​អ៊ីចឹង​ហើយ ជួស​ជុល​ធ្វើ​ម៉េច។ ដូច​មិន​មែន​ផ្ទះ​ឈើ​ណា​ពូ ផ្ទះ​ថ្ម»

យ៉ាង​ណា​ក៏ដោយ ខាង​ភាគី​រោងចក្រ​បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ធានា​ពី​ហានិភ័យ​កើត​ឡើង ដែល​មាន​តំណាង​រោងចក្រ ស៊ាវ​គិញ និង​តំណាង​កម្មករ ចុះ​ថ្ងៃ​ទី​២៦ វិច្ឆិកា សរសេរ​ថា ថ្ងៃ​ក្រោយ​បើ​កម្មករ​ទាំងអស់​មាន​គ្រោះថ្នាក់​ដោយ​ការ​បាក់​ស្រុត​ដំបូល​អគារ​នេះ ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ហេតុការណ៍​ដែល​កើត​ឡើង​នេះ។

បន្ថែម​ពី​លើ​នេះ ប្រធាន​រដ្ឋបាល​នៃ​រោងចក្រ ស៊ាវ​គិញ លោក ប៊ុន ឡេង អះអាង​ថា កម្មករ​ទាំង​ផ្នែក​ត្បាញ និង​កាត់​ដេរ​សម្លៀកបំពាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​បណ្ដោះ​អាសន្ន ក្នុង​អំឡុង​ពេល​អគារ​កំពុង​ជួស​ជុល។ លោក​បន្ត​ថា ការ​កែលំអ​នេះ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ប្រើ​ពេល​រហូត​ដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ដែរ។ ទន្ទឹង​នឹង​នេះ ក្នុង​ពេល​កម្មករ​ឈប់​សម្រាក ខាង​រោងចក្រ​ចេញ​ថ្លៃ​ឈ្នួល ៥០% នៃ​ប្រាក់​ខែ​របស់​កម្មករ​ថែម​ទៀត៖ «ថ្ងៃ​ពីរ កម្មករ​គាត់​មក​វិញ បើ​មិន​ហើយ​ទេ យើង​នឹង​អនុញ្ញាត​ឲ្យ​គាត់​ឈប់​បន្ត​ទៀត។ យើង​ឥត​មាន​កាត់​អី​ទេ​បង។ យើង​គ្រាន់​តែ​ថា​យើង​ឲ្យ​គាត់ ៥០% ព្រោះ​ដោយសារ​ហេតុ​អី យើង​ធ្វើ​អ៊ីចឹង​បង ព្រោះ​ដោយសារ​គេ​ពិនិត្យ​គេ​ថា​អត់​បញ្ហា»

កាល​ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា មាន​ក្រុម​អ្នក​ជំនាញ​មក​ពី​ស្ថាប័ន​ពីរ បាន​ចុះ​ត្រួត​ពិនិត្យ​លើ​សំណង់​នៃ​អគារ​រោងចក្រ ស៊ាវ​គិញ នេះ គឺ​ពី​មជ្ឈមណ្ឌល​វិស្វកម្ម និង​បច្ចេកវិទ្យា ព្រម​ទាំង​វិទ្យាស្ថាន​ជាតិ​បច្ចេកទេស​កម្ពុជា បាន​បញ្ជាក់​ថា អគារ​នេះ​អាច​ដំណើរ​ការ​អាជីវកម្ម​បាន ដោយ​ពុំ​មាន​ប៉ះពាល់​ដល់​កម្មករ​ទេ។ បើ​ទោះ​ជា​អគារ​នេះ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ដោយ​ក្រុម​ជំនាញ​ផ្នែក​សំណង់​ក្ដី ការ​រញ្ជួយ​អគារ​កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា បាន​បន្សល់​ទុក​ស្នាម​ប្រេះ បណ្ដាល​ដោយ​ការ​រង្គើ​អគារ​នៅ​ជាន់​ទី​២ នៅ​ឡើយ។

ចំណែក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​ដែន​ដី នគរូបនីយកម្ម និង​សំណង់ លោក ហ៊ុយ ណារា ដែល​បាន​ចុះ​ពិនិត្យ​សំណង់​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ទី​២៧ ថ្លែង​ថា លោក​បាន​ស្នើ​ខាង​ភាគី​រោងចក្រ​រួច​ហើយ ដើម្បី​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក​ក្នុង​ពេល​អគារ​មាន​បញ្ហា និង​ដំណើរ​ការ​ជួស​ជុល​នេះ។ លោក​គិត​ថា ការ​បន្ត​ថា ឲ្យ​កម្មករ​បំពេញ​កិច្ចការ​ដោយ​ប្រថុយ​ប្រថាន អាច​ប្រឈម​គ្រោះ​ថ្នាក់​ជា​យថាហេតុ​ណា​មួយ៖ «យើង​មិន​មែន​ដេញ​កម្មករ មិន​មែន​ស្អី​ទេ គឺ​រោងចក្រ​ក៏​មិន​អ៊ីចឹង​ដែរ។ កម្មករ​គ្នា​ក៏​មិន​ចោទ​ថា​អ៊ីចឹង​ដែរ ប៉ុន្តែ​ដើម្បី​សុវត្ថិភាព អាជ្ញាធរ​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ផ្អាក​ដំណើរ​ការ​ការដ្ឋាន​ហ្នឹង​សិន»

ក្រុម​អ្នក​ជំនាញ​បច្ចេកទេស​ផ្នែក​សំណង់​មួយ​ចំនួន ដែល​បាន​ចុះ​ស៊ើប​អង្កេត​ដាក់​បន្ទុក​ទៅ​លើ​សំណង់ ធ្វើ​ខ្វះ​គុណភាព និង​បទដ្ឋាន​បច្ចេកទេស។ អគារ​នេះ​ដែល​មាន​ទំហំ ៣០ គុណ​នឹង ៤០​ម៉ែត្រ សាងសង់​តាំង​ពី​ឆ្នាំ​២០០០ ដោយ​ក្រុមហ៊ុន ប៊េ សុខឡេង ជា​អ្នក​ម៉ៅការ​សាងសង់​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​សំណង់​ខ្លះ​គិត​ថា អគារ​ដែល​ធ្វើ​ក្នុង​រយៈពេល ១០​ឆ្នាំ​មុន ជាទូទៅ​ពុំ​សូវ​បាន​គិតគូរ​ពី​បច្ចេកទេស និង​គុណភាព​ប៉ុន្មាន​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។