កម្មករ​សិប្បកម្ម​កាត់​ដេរ​ខោ​អាវ​នៅ​តាកែវ​តវ៉ា​សុំ​ប្ដូរ​មេការ

អំពើ​ពុករលួយ​បាន​កើត​នៅ​ក្នុង​សិប្បកម្ម​កាត់ដេរ​ខោ​អាវ ត្បាញ មាន​ទីតាំង​នៅ​ក្នុង​ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ ក្រុម​កម្មករ​បាន​តវ៉ា​សុំ​ប្ដូរ​មេការ​នោះ និង​សុំ​ប្ដូរ​លក្ខខណ្ឌ​ការងារ។ ការ​តវ៉ា​នោះ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ចុះ​ដោះស្រាយ។ ប៉ុន្តែ​កម្មករ​នៅ​បន្ត​ការ​ទាមទារ​ទាល់​តែ​ថៅកែ​អនុវត្ត​តាម​ការ​ទាមទារ​របស់​ពួកគេ។

0:00 / 0:00

អាជ្ញាធរ​ស្រុក​ត្រាំកក់ បាន​ចុះ​ជួប​ជាមួយ​តំណាង​សិប្បកម្ម ឈ្មោះ ហុង ម៉ីម៉ី ដើម្បី​ចរចា​រក​ដំណោះស្រាយ​បញ្ចប់​ការ​តវ៉ា​របស់​កម្មករ។

អភិបាល​រង​ស្រុក​ត្រាំកក់ លោក ជា វណ្ណ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ថា កម្មករ​ប្រមាណ ៣០០​នាក់ ធ្វើ​ការ​ក្នុង​សិប្បកម្ម​កាត់ដេរ​ខោអាវ ត្បាញ ឈ្មោះ ហុង ម៉ីម៉ី បាន​តវ៉ា ២​ថ្ងៃ​ហើយ ទាមទារ​ប្ដូរ​មេការ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ដូរ​លក្ខខណ្ឌ​ការងារ។ លោក​ថា ចំណុច​សំខាន់​ដែល​កម្មករ​ប្ដឹង​មក​ឲ្យ​អាជ្ញាធរ​ស្រុក​ជួយ​ចរចា គឺ​ការ​កាត់​ប្រាក់​ខែ​កម្មករ​នៅ​ពេល​ឈប់​សម្រាក​បុណ្យ​ជាតិ​ច្រើន​ថ្ងៃ។

លោក ជា វណ្ណា៖ «ហើយ​ខ្ញុំ​បាន​ផ្ដាំ​ឲ្យ​តំណាង​កម្មករ ៤​នាក់​ហ្នឹង​ថា បើ​ពាក់ព័ន្ធ​នឹង​បញ្ហា​បុណ្យ​ជាតិ យើង​បាន​ដោះស្រាយ​គ្នា​ហើយ។ បើ​ពាក់ព័ន្ធ​នឹង​អី​ក្រៅ​ពី​បុណ្យ​ជាតិ សុំ​ឲ្យ​តំណាង​កម្មករ​ហ្នឹង​ធ្វើ​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ​នៅ​ចំណុច​អី​ខ្លះ​ដែល​ខុស​ប្រក្រតី​នៅ​សិប្បកម្ម​ហ្នឹង ហើយ​ចាំ​ឲ្យ​តំណាង​សាខា​សិប្បកម្ម​ធំ​គាត់​អញ្ជើញ​មក​ដើម្បី​គាត់​ពិគ្រោះ តើ​កំហុស​របស់​មេការ​វា​ខុស​ប្រក្រតី​អី​ខ្លះ វា​កំហុស​ដក​តួនាទី ឬ​កំហុស​អប់រំ?»

លោក​បន្ត​ថា កម្មករ​សិប្បកម្ម​កាត់​ដេរ​ខោ​អាវ ត្បាញ ហុង ម៉ីម៉ី កាល​ពី​សប្ដាហ៍​មុន​បាន​ផ្ដិត​មេដៃ​ប្ដឹង​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក​ត្រាំកក់ ជួយ​ដោះស្រាយ​ការ​រំលោភ​សិទ្ធិ និង​ច្បាប់​ការងារ​ពី​សំណាក់​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​រោងចក្រ​នេះ ពីព្រោះ​ថៅកែ​ជន​ជាតិ​ចិន មិន​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា។

កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​៤ វិច្ឆិកា អាជ្ញាធរ​ស្រុក​បាន​ចុះ​ចរចា​ជាមួយ​អ្នក​មើល​ការ​ខុស​ត្រូវ​នោះ​ហើយ។ ការ​ចរចា​បាន​យល់​ព្រម​បញ្ហា​ខ្លះ ដូចជា​កម្មករ​មាន​សិទ្ធិ​មិន​មក​ធ្វើការ​នៅ​ថ្ងៃ​សម្រាក​បុណ្យ​ជាតិ​មួយ​ថ្ងៃ តែ​បើ​កម្មករ​ស្ម័គ្រ​ចិត្ត​មក​ធ្វើ​ការ​ថ្ងៃ​ឈប់​សម្រាក សិប្បកម្ម និង​គុណ​ប្រាក់​ការងារ​ទ្វេ​ដង។ ប៉ុន្តែ​រឿង​សុំ​ប្ដូរ​អ្នក​មើល​ការ​ខុស​ត្រូវ​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ អាជ្ញាធរ​ស្រុក​មិន​អាច​ដោះស្រាយ​បាន ដោយសារ​ថៅកែ​មិន​មាន​វត្តមាន។ តែ​នៅ​ថ្ងៃ​អង្គារ លោក​ក៏​រង់ចាំ​ការ​សម្រេច​ពី​ថៅកែ​នោះ​ដែរ។

កម្មករ​សិប្បកម្ម​កាត់​ដេរ ហុង ម៉ីម៉ី ឈ្មោះ ពៅ ថ្លែង​ថា កម្មករ​ទាំង ៣០០​នាក់ ប្ដឹង​សុំ​ដូរ​មេការ​ពុករលួយ ព្រោះ​ប្រើ​ល្បិច​បញ្ឈប់​កម្មករ​នៅ​ថ្ងៃ​ជិត​បើក​ប្រាក់​ខែ ហើយ​រើស​កម្មករ​ថ្មី​ឲ្យ​ចូល​ធ្វើការ​នៅ​ដើម​ខែ ព្រម​ទាំង​ទារ​យក​ប្រាក់​អ្នក​ចូល​ថ្មី​ម្នាក់ ១០​ម៉ឺន​រៀល​ឡើង​ទៅ។

លោក​បន្ត​ថា សិប្បកម្ម​នេះ​ទើប​ដំណើរ​ការ​ប្រមាណ ៣​ឆ្នាំ មិន​ទាន់​មាន​សហជីព​ការពារ​សិទ្ធិ​កម្មករ​ទេ ទើប​អ្នក​មើល​ការ​ក្នុង​សិប្បកម្ម​នោះ​ធ្វើ​បាប​កម្មករ​ស្រេច​ចិត្ត ខណៈ​ថៅកែ​ចិន បណ្ដោយ​ឲ្យ ២​នាក់​ប្ដី​ប្រពន្ធ​ឈ្មោះ នី និង​ឈ្មោះ ណា ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ធ្វើ​បាប​កម្មករ​ស្រេច​ចិត្ត។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា គាត់​ក៏​បាន​សូក​ប្រាក់ ១៥​ដុល្លារ ដើម្បី​បាន​ចូល​ធ្វើ​ការ​នៅ​ឆ្នាំ​២០១២។

មេការ​កាត់​យក​ប្រាក់​គាត់ ១​ខែ ហើយ​នៅ​ខែ​បន្ទាប់ ទើប​បាន​បើក​ប្រាក់​ខែ​ជា​ធម្មតា។ ប៉ុន្តែ​មាន​ការ​កាត់​យក​ប្រាក់​ព្រីម (ប្រាក់​រង្វាន់​ទៀងទាត់) បន្ត​បន្ទាប់ យក​ពី​កម្មករ​ស្ទើរ​គ្រប់​គ្នា ទើប​មាន​ការ​បះបោរ​តវ៉ា​ច្រើន​ថ្ងៃ​មក​នេះ​រង់ចាំ​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​ស្រុក និង​ថៅកែ​ជនជាតិ​ចិន៖ «ពេល​សុំ​ឈប់ គឺ​ឈប់​បាន​តែ ១​ថ្ងៃ​ទេ។ លើស​ពី​១​ថ្ងៃ​គេ​កាត់​លុយ​យើង​កាត់ ៥​ដុល្លារ លុយ​ព្រីម»

កម្មករ​មួយ​រូប​ទៀត​ថ្លែង​ថា ពួកគាត់​ទាមទារ​សុំ​ប្ដូរ​លក្ខខណ្ឌ​ការងារ ១៦​ចំណុច ដូចជា​សុំ​ឲ្យ​ថៅកែ​បើ​ប្រាក់​ខែ​ទៀង​ទាត់ នៅ​រាល់​ថ្ងៃ​ទី​១០ ដូច​សហគ្រាស​និង​រោងចក្រ​ដទៃ។ សុំ​បើក​ប្រាក់​ថ្លៃ​បាយ ១​អាទិត្យ​ម្ដង គឺ​ក្នុង ១​ថ្ងៃ ១​ពាន់​រៀល។ សុំ​ឲ្យ​ថៅកែ​កុំ​កាត់​ប្រាក់​ព្រីម ៥​ដុល្លារ ក្នុង​ការ​សុំ​ច្បាប់​ឈប់​លើស​១​ថ្ងៃ នៅ​ពេល​មាន​បុណ្យ​ជាតិ មាន​ធុរៈ ដូចជា​ឈឺ ឬ​បង​ប្អូន​ស្លាប់ ឬ​រៀបការ ឬ​សុំ​បញ្ជាក់​សំបុត្រ​ផ្សេងៗ​ជាដើម៖ «ខាង​សាលា​ស្រុក ខ្ញុំ​ឃើញ​គេ​មក។ ប៉ុន្តែ​ឃើញ​គេ​សូក​ប៉ាន់​លុយ​អ៊ីចឹង​ទៅ ឥឡូវ​ឃើញ​គេ​ទៅ​វិញ​បាត់​ហើយ។ ឥឡូវ​នៅ​តែ​ពួក​សហជីព​គាត់​កំពុង​តែ​ជួយ​ដោះស្រាយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្ដី​ប្រពន្ធ​ដែល​មាន​ឈ្មោះ នី និង​ឈ្មោះ ណា ជា​មេការ​សិប្បកម្ម ហុង ម៉ីម៉ី សុំ​បំភ្លឺ​តប​ការ​ចោទ​របស់​កម្មករ​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា នេះ។

ក្រុម​កម្មករ​ឲ្យ​ដឹង​ថា នៅ​ពេល​ពួកគេ​កំពុង​ឈរ​តវ៉ា មាន​សហជីព​មក​ពី​ភ្នំពេញ មក​ជួយ​ពង្រឹង​ការ​តវ៉ា​របស់​កម្មករ​សិប្បកម្ម​កាត់​ដេរ​ខោអាវ ត្បាញ ហុង ម៉ីម៉ី នេះ។ ប៉ុន្តែ​កម្មករ​មិន​ដឹង​ថា សហជីព​មក​ជួយ​នោះ​ឈ្មោះ​អ្វី​ទេ។ កម្មករ​អះអាង​ថា ពួក​គេ​នៅ​ឈរ​តវ៉ា​រហូត​ថៅកែ​ចិន​ចុះ​មក​ជួប​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។