ការចរចារកដំណោះស្រាយជុំវិញជម្លោះរវាងថៅកែ និងកម្មកររោងចក្រ ជីម លី (Ghim Li) ត្រូវបានបិទបញ្ចប់បណ្ដោះអាសន្ននៅថ្ងៃទី១៩ វិច្ឆិកា។ ភាគីក្រសួងការងារ ដែលតំណាងឲ្យរដ្ឋាភិបាល បានសន្យាថានឹងចុះអន្តរាគមន៍ពាក់ព័ន្ធវិវាទនេះ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នៅចំពោះមុខម្ចាស់ក្រុមហ៊ុន តំណាងកម្មករ និងសហជីព។
ការសម្រេចដាក់គម្រោងចុះសម្របសម្រួលជាថ្មីទៀតរបស់មន្ត្រីក្រសួងការងារ ធ្វើឡើងបន្ទាប់ពីកម្មករប្រមាណ ២ពាន់នាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជំរុញឲ្យស្ថាប័នជំនាញរបស់រដ្ឋាភិបាល ដោះស្រាយការទាមទាររបស់ពួកគេអំពីប្រាក់អត្ថប្រយោជន៍ និងលក្ខខណ្ឌការងារថែមទៀត។
ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំទ្វេភាគីនៅខាងមុខក្រសួងការងារ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា តំណាងកម្មករ លោក ស៊ុំ សេង ថ្លែងថា មន្ត្រីនៃក្រសួងការងារ បានសន្យានៅចំពោះមុខកម្មករប្រមាណ ២០នាក់ថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ក្រសួងការងារ នឹងកោះហៅភាគីពាក់ព័ន្ធ ក្នុងនោះមានតំណាងភាគីរោងចក្រ តំណាងកម្មករ និងសហជីព ដើម្បីរកច្រកចេញ៖ «សម្រេចក្នុងរយៈពេលស្អែកហ្នឹង គាត់ថានៅម៉ោង ៩ព្រឹកហ្នឹង គាត់នឹងចុះទៅចរចាជាមួយក្រុមហ៊ុន»។
ការធ្វើបាតុកម្មកាលពីព្រឹកថ្ងៃទី១៩ វិច្ឆិកា នេះ កម្មកររោងចក្រ ជីម លី ២ពាន់នាក់ បានធ្វើដំណើរក្នុងចម្ងាយផ្លូវប្រមាណ ២០គីឡូម៉ែត្រពីរោងចក្រមកកាន់ក្រសួងការងារ។ អ្នកខ្លះត្រូវប្រើប្រាស់មធ្យោបាយនៃការធ្វើដំណើរដោយរថយន្ត ម៉ូតូ រ៉ឺម៉កកង់បី និងមួយចំនួនទៀត ត្រូវធ្វើដំណើរដោយថ្មើរជើង។ បើទោះជាបែបណា ពុំមានការរារាំង ឬបង្ក្រាបពីសមត្ថកិច្ចទេ រហូតដល់គោលដៅ។
ស្របពេលជាមួយគ្នានោះ សម្រែកនៃការទាមទារតវ៉ារបស់កម្មករតាមសំឡេងឧគ្ឃោសនស័ព្ទ បានលាន់ឮយ៉ាងកងរំពងនៅលើមហាវិថីសហព័ន្ធរុស្ស៊ី៖ «ដករដ្ឋបាលចេញ ដករដ្ឋបាលចេញពីរោងចក្រ ជីម លី»។
រោងចក្រឈ្មោះ ជីម លី ដែលកម្មករធ្វើបាតុកម្មនៅពេលនេះ គឺមានទីតាំងស្ថិតនៅស្របតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ផ្នែកខាងលិចជាយរាជធានីភ្នំពេញ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ដែលដឹកនាំការដង្ហែក្បួននេះ ទម្លាក់ការទទួលខុសត្រូវក្នុងរឿងនេះថា មូលហេតុដែលដោះមិនចេញ ព្រោះតែមានក្រុមសហជីពមួយចំនួនដែលបានផលប្រយោជន៍ពីរោងចក្រនេះ គឺជាឧបសគ្គក្នុងការចរចា ដើម្បីបញ្ចប់វិវាទ។ បើទោះជាបែបណា លោក ប៉ាវ ស៊ីណា មិនបានបញ្ជាក់ដោយចំហទេថា តើសហជីពមួយណាដែលតែងអន្តរាគមន៍ក្នុងរឿងនេះ? បន្ថែមពីលើនេះ លោកមានមន្ទិលសង្ស័យទៅលើចំណាត់ការរបស់ក្រសួងថា មានភាពលាក់លៀមក្នុងការដោះស្រាយទៀតផង៖ «កាលណាមានអ្នកប្រឹក្សាយោបល់ច្រើនពេក និយោជកគាត់ឆ្កួតហើយ។ គាត់មិនដឹងដោះស្រាយឲ្យខាងណាទេ ព្រោះអីមានគេហៅថាឈ្លើងនៅជញ្ជក់ឈាមនៅជុំវិញគាត់។ អ៊ីចឹង គាត់ពិបាកដោះស្រាយឲ្យកម្មករណាស់។ អ៊ីចឹង សូមឲ្យឈ្លើងទាំងអស់ហ្នឹងឈប់រគាមគាត់ទៀត។ ទុកក្អែលឲ្យកម្មករខ្លះផង»។
ការទាមទាររបស់កម្មកររោងចក្រ ជីម លី ក្រៅពីជំរុញឲ្យជាងម៉ាស៊ីនម្នាក់ដែលត្រូវបានភាគីរោងចក្របញ្ឈប់មុនបុណ្យអុំទូក បានចូលធ្វើការវិញ គឺពួកគេទាមទារនូវប្រាក់អត្ថប្រយោជន៍ និងលក្ខខណ្ឌការងារមួយចំនួនទៀតផង។ បន្ថែមពីលើនេះទៀត ស្នើសុំឲ្យភាគីក្រុមហ៊ុនបញ្ឈប់ប្រធានរដ្ឋបាលថ្មីនេះពីរោងចក្រចេញ។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺពីប្រធានរដ្ឋបាលរោងចក្រ លោក សោម ពិសិដ្ឋ បានទេ ដោយទូរស័ព្ទរបស់លោករោទ៍ជាច្រើនដង ប៉ុន្តែពុំមានអ្នកទទួល។
បាតុកម្មផ្ទុះឡើងដែលមានទ្រង់ទ្រាយធំជាលើកដំបូងនៅពេលនេះ គឺកើតឡើងក្រោយពីកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារទើបតែបានបញ្ចប់ការខ្វែងគំនិតគ្នា ពាក់ព័ន្ធការដំឡើងប្រាក់ខែកម្មករក្នុងឆ្នាំ២០១៥ កាលពីពេលថ្មីៗនេះ។
ដោយឡែកនៅក្នុងកិច្ចប្រជុំជាមួយតំណាងកម្មករ កាលពីព្រឹកថ្ងៃទី១៩ វិច្ឆិកា វិញ សមាជិកដោះស្រាយវិវាទបាតុកម្មកូដកម្ម លោក វង់ សុវណ្ណ ឲ្យដឹងថា លោកនឹងដឹកនាំសមាជិកមួយក្រុមនៃក្រសួងការងារ ចុះដោះស្រាយជម្លោះនៅព្រឹកថ្ងៃទី២០ វិច្ឆិកា នៅរោងចក្រ ជីម លី នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
