កម្មករ​ប្រមាណ​១០​នាក់​សន្លប់​និង​រាប់​​ម៉ឺន​​នាក់​បន្ត​ធ្វើ​បាតុកម្ម

កម្មករ​រាប់​ពាន់​នាក់​​ឈប់​ធ្វើការ ហើយ​នាំ​គ្នា​ហែ​ក្បួន​ចូល​មក​កណ្ដាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ធ្នូ។

0:00 / 0:00

ស្រប​ពេល​នេះ​ដែរ តំណាង​សហជីព​និង​កម្មករ​បាន​អះអាង​ថា មាន​កម្មករ​ប្រមាណ ១០​នាក់​នៅ រោងចក្រ ស្ព័រ តិច អ៊ិនឌឹសស្ទ្រីយ៍ (Sprot Tex Industry) ដួល​សន្លប់​ក្នុង​ក្នុង​រោងចក្រ ដោយ​កម្មករ​ចោទ​ថា ម្ចាស់​រោងចក្រ​ចាក់​សោ​ពួកគេ​មិន​ឲ្យ​ចេញ​មក​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ។

កម្មករ​ដែល​សន្លប់​នៅ​រោងចក្រ ស្ព័រ តិច ដែល​ស្ថិត​នៅ​ម្ដុំ​គីឡូម៉ែត្រ​លេខ​៦ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន​ក្បែរ​រោងចក្រ។

ប្រភព​ដដែល​​អះអាង​ថា ស្រប​ពេល​អ្នក​ចាត់ការ​រោងចក្រ ស្ព័រ តិច បើក​ទ្វារ​រោងចក្រ​ដើម្បី​បញ្ជូន​កម្មករ​សន្លប់​ទៅ​សង្គ្រោះ​បន្ទាន់ ស្រាប់​តែ​កម្មករ​ទាំង​អស់​សម្រុក​ចេញ​មក​ក្រៅ​ចូល​រួម​ធ្វើ​បាតុកម្ម​​ជាមួយ​​រោងចក្រ​ដទៃ​ទៀត​តែម្ដង។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​តំណាង​រោង​ចក្រ ស្ព័រ តិច អ៊ិនឌឹសស្ទ្រីយ៍ បាន​ភ្លាមៗ​បាន​ដើម្បី​សុំ​ការ​ឆ្លើយ​តប​នឹង​ព័ត៌មាន​នេះ។

កម្មករ​មក​ពី​ជាង​២០០​ក្រុមហ៊ុន​បន្ត​ធ្វើ​បាតុកម្ម

ក្រុម​កម្មករ-​កម្មការិនី​មក​ពី​ជាង ២០០​ក្រុមហ៊ុន​នៅ​ទូទាំង​ប្រទេស​បន្ត​ធ្វើ​​បាតុកម្ម​​មិន​ចូល​ធ្វើ​ការ​ដើម្បី​​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​ផ្នែក​ពាក់ព័ន្ធ​ជួយ​ដំឡើង​ប្រាក់​ខែ​គោល​ជូន​​ពួក​គេ​ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង ១​ខែ។

ការ​តវ៉ា​របស់​ក្រុម​កម្មករ​បម្រើ​ការងារ​នៅ​តាម​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែក​ជើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​ធ្នូ ក៏​មាន​ដើរ​ហែ​ក្បួន​​តវ៉ា​មក​ដល់​មុខ​ស្ថាប័ន​ពាក់ព័ន្ធ​រដ្ឋាភិបាល និង​ផ្នែក​ពាក់ព័ន្ធ​មួយ​ចំនួន​ផង។

ក្រុម​កម្មករ​រាប់​ម៉ឺន​នាក់​មក​ពី​តាម​រោងចក្រ​នានា ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ជិត​ខាង បាន​ដើរ​ហែ​ក្បួន​ចូល​មក​រាជធានី​ភ្នំពេញ និង​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ពី​មុខ​ក្រសួង​ការងារ និង​មុខ​ទីស្នាក់ការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ដើម្បី​តវ៉ា​ស្នើ​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ​សហរដ្ឋ​អាមេរិក។ ក្រុម​កម្មករ​បាន​ស្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​ជូន​ពួក​គេ​ឲ្យ​បាន ១៦០​ដុល្លារ​​ក្នុង​១​ខែ​សម្រាប់​​​កម្មករ​ម្នាក់ៗ។

ក្រុម​កម្មករ​បាន​ជំទាស់​ចំពោះ​ការ​ផ្ដល់​ប្រាក់ខែ​គោល​ឆ្នាំ​២០១៤ របស់​ក្រសួង​ការងារ​ចំនួន ៩៥​ដុល្លារ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ថា​ពួក​គេ​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ ឬ​ថ្លៃ​ជួល​ផ្ទះ​ជា​ដើម​បន្ត​ឡើង​​ថ្លៃ​ឥត​ឈប់។

ក្រុម​កម្មករ​​​តាម​រោងចក្រ​នានា បាន​ធ្វើ​ដំណើរ​ចូល​មក​កាន់​រាជធានី​ភ្នំពេញ ដោយ​ដើរ​ហែ​ក្បួន និង​តាម​មធ្យោបាយ​ម៉ូតូ ឬ​រថយន្ត​កូរ៉េ​ជាដើម ដោយ​កាត់​តាម​ផ្លូវ​ជាតិ​លេខ​១ ផ្លូវ​ជាតិ​លេខ​២ ផ្លូវ​វេងស្រេង ផ្លូវ​ជាតិ​លេខ​៣ ផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវ​ជាតិ​លេខ​៥ ជាដើម។

ការ​ហែ​ក្បួន​នេះ កម្លាំង​ចម្រុះ​រដ្ឋាភិបាល​ក៏​មាន​សកម្មភាព​រារាំង​កម្មករ​នៅ​ជាយ​រាជធានី ដែល​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ចូល​មក​ក្រុង​ភ្នំពេញ មួយ​ចំនួន​ផង មាន​ដូច​ជា​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣​ជាដើម ហើយ​ក្រុម​កម្មករ​ក៏​មាន​បិទ​ផ្លូវ​ជាតិ​មួយ​ចំនួន​ក្នុង​រយៈពេល​ខ្លី។ ប៉ុន្តែ​សម្រាប់​សមត្ថកិច្ច​​​ក្នុង​រាជធានី​ភ្នំពេញ មិន​មាន​សកម្មភាព​រារាំង​​​​ក្រុម​កម្មករ​ទេ។ ផ្ទុយ​ទៅ​វិញ ប៉ូលិស​ចរាចរណ៍​បាន​ជួយ​ធ្វើ​ចរាចរណ៍​បញ្ចៀស​ការ​កក​ស្ទះ​ដោយ​ការ​ទទួល​​ខុស​ត្រូវ។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​បាន​ដឹក​នាំ​ក្រុម​កម្មករ​ជាង ២០​ក្រុមហ៊ុន មាន​ទីតាំង​នៅ​ភាគ​ខាង​លិច​ក្រុង​ភ្នំពេញ។ លោក​បាន​សន្យា​ថា នឹង​បន្ត​ដឹកនាំ​ក្រុម​កម្មករ​តវ៉ា​រហូត​មាន​ការ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​ឲ្យ​បាន​សមរម្យ ឬ​ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង​១​ខែ។

លោក​ថា ក្បួន​កម្មករ​នៅ​ថ្ងៃ​ព្រហស្បតិ៍ គឺ​បាន​ប្រមូល​ផ្តុំ​គ្នា នៅ​មុខ​ក្រសួង​ការងារ និង​ការិយាល័យ​សមាគម​កាត់​ដេរ ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​ទាំង​នេះ ពិចារណា​ផ្ដល់​ប្រាក់​ខែ​ជូន​កម្មករ​ឡើង​វិញ។
​​​​បញ្ហា​នេះ​ដែរ សហព័ន្ធ​សហជីព​ការពារ​សិទ្ធិ​កម្មករ​ចំនួន ៧​បាន​ដាក់​លិខិត​ជូន​លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​ធ្នូ ដោយ​បញ្ជាក់​ថា នឹង​ដឹកនាំ​ការ​តវ៉ា និង​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៤ ដើម្បី​តវ៉ា​ដំឡើង​ប្រាក់ខែ​ជូន​កម្មករ។

ក្រុម​មេដឹកនាំ​សហជីព​ធំៗ​បាន​អះអាង​ថា នឹង​ដឹកនាំ​ក្រុម​កម្មករ​នៅ​ទូទាំង​ប្រទេស​ធ្វើ​កូដកម្ម​ចាប់​ពី​ខែ​មករា ត​ទៅ រហូត​មាន​ដំណោះស្រាយ​ទើប​បញ្ចប់​ការ​តវ៉ា។

លិខិត​ផ្ញើ​ជូន​សមាគម​កាត់ដេរ​របស់​មេដឹកនាំ​សហជីព​ធំៗ ក៏​បាន​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង​១​ខែ ចាប់​ពី​ឆ្នាំ​២០១៤។ ត្រូវ​ផ្ដល់​លុយ​បាយ ៣​ដុល្លារ​ក្នុង​១​ថ្ងៃ។ ស្នើ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​តម្កល់​ប្រាក់​អតីតភាព​ការងារ​ជូន​កម្មករ​​ទុក​ក្នុង​រតនាគារ​​ជាតិ​ទុក​បើក​ជូន​កម្មករ​ពេល​ក្រុមហ៊ុន​បិទ​ទ្វារ។ បញ្ឈប់​​​​​​កិច្ច​​សន្យា​ខ្លី​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ និង​អត្ថប្រយោជន៍​កម្មករ និង​បញ្ឈប់​លែង​ឲ្យ​​​អ្នក​មាន​អំណាច​កាង​​ក្រុមហ៊ុន​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ជាដើម។

​​បញ្ហា​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ក្រសួង​ការងារ​បាន​ចេញ​លិខិត​អំពាវនាវ​ឲ្យ​កម្មករ និយោជិត សហជីព អង្គការ​ជាតិ និង​អន្តរជាតិ រក្សា​ភាព​នឹងន​បន្ត​ប្រក្រតី​ភាព​ការងារ​ផលិតកម្ម និង​អាជីវកម្ម ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ និយោជិត និង​សង្គម​ជាតិ​ទាំង​មូល។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ចាត់​ទុក​ការ​ដឹកនាំ​តវ៉ា​របស់​មេដឹកនាំ​សហជីព​ផ្សេងៗ ជំទាស់​ទៅ​នឹង​គណៈកម្មការ​ប្រឹក្សា​ការងារ​ដែល​បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​គោល​​ជូន​កម្មករ​ចំនួន ៩៥​ដុល្លារ​ក្នុង​១​ខែ ថា​ជា​ការ​​ញុះញង់​នាំ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​ការងារ និង​ជីវភាព​​កម្មករ ហើយ​ថា ការ​តវ៉ា​នេះ​ដើម្បី​បម្រើ​ឲ្យ​សកម្មភាព​​ឲ្យ​គណបក្ស​នយោបាយ​បក្ស​ប្រឆាំង។

​ក្រសួង​ការងារ​បាន​ចោទ​ថា អង្គការ​សហជីព​ទាំង​ឡាយ​ណា​ដែល​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​ប្រឹក្សា​​ការងារ ជា​ការ​ប្រឆាំង​ទៅ​នឹង​ច្បាប់​ប្រឆាំង​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​សហជីព​ទាំង​នោះ​ត្រូវ​​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ចំពោះ​មុខ​កម្មករ និយោជិត និង​ផលវិបាក​ផ្សេងៗ ដោយសារ​​ការ​បំផុស​បាតុកម្ម​ទាមទារ​តាម​ជំហរ​ឯកតោ​ភាគី​របស់​ខ្លួន។

ទោះ​យ៉ាង​ណា ក្រុម​កម្មករ​រាប់​ម៉ឺន​នាក់​បាន​បន្ត​ធ្វើ​ដំណើរ​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ចូល​រួម​ធ្វើ​មហា​​បាតុកម្ម​អហិង្សា​ជាមួយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ក៏​បាន​ស្នើ​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​នេះ ជួយ​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល ឲ្យ​​​ដំឡើង​ប្រាក់ខែ​ជូន​ពួកគេ​ឲ្យ​បាន ១៦០​ដុល្លារ ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​ធ្នូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។