ស្របពេលនេះដែរ តំណាងសហជីពនិងកម្មករបានអះអាងថា មានកម្មករប្រមាណ ១០នាក់នៅ រោងចក្រ ស្ព័រ តិច អ៊ិនឌឹសស្ទ្រីយ៍ (Sprot Tex Industry) ដួលសន្លប់ក្នុងក្នុងរោងចក្រ ដោយកម្មករចោទថា ម្ចាស់រោងចក្រចាក់សោពួកគេមិនឲ្យចេញមកធ្វើបាតុកម្មនៅខាងក្រៅ។
កម្មករដែលសន្លប់នៅរោងចក្រ ស្ព័រ តិច ដែលស្ថិតនៅម្ដុំគីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនក្បែររោងចក្រ។
ប្រភពដដែលអះអាងថា ស្របពេលអ្នកចាត់ការរោងចក្រ ស្ព័រ តិច បើកទ្វាររោងចក្រដើម្បីបញ្ជូនកម្មករសន្លប់ទៅសង្គ្រោះបន្ទាន់ ស្រាប់តែកម្មករទាំងអស់សម្រុកចេញមកក្រៅចូលរួមធ្វើបាតុកម្មជាមួយរោងចក្រដទៃទៀតតែម្ដង។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងរោងចក្រ ស្ព័រ តិច អ៊ិនឌឹសស្ទ្រីយ៍ បានភ្លាមៗបានដើម្បីសុំការឆ្លើយតបនឹងព័ត៌មាននេះ។
កម្មករមកពីជាង២០០ក្រុមហ៊ុនបន្តធ្វើបាតុកម្ម
ក្រុមកម្មករ-កម្មការិនីមកពីជាង ២០០ក្រុមហ៊ុននៅទូទាំងប្រទេសបន្តធ្វើបាតុកម្មមិនចូលធ្វើការដើម្បីទាមទារឲ្យរដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធជួយដំឡើងប្រាក់ខែគោលជូនពួកគេឲ្យបាន ១៦០ដុល្លារក្នុង ១ខែ។
ការតវ៉ារបស់ក្រុមកម្មករបម្រើការងារនៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ក៏មានដើរហែក្បួនតវ៉ាមកដល់មុខស្ថាប័នពាក់ព័ន្ធរដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធមួយចំនួនផង។
ក្រុមកម្មកររាប់ម៉ឺននាក់មកពីតាមរោងចក្រនានា ក្នុងរាជធានីភ្នំពេញ និងខេត្តជិតខាង បានដើរហែក្បួនចូលមករាជធានីភ្នំពេញ និងបានប្រមូលផ្តុំគ្នាតវ៉ាពីមុខក្រសួងការងារ និងមុខទីស្នាក់ការសមាគមរោងចក្រកាត់ដេរកម្ពុជា ដើម្បីតវ៉ាស្នើសុំដំឡើងប្រាក់ខែគោល ១៦០ដុល្លារសហរដ្ឋអាមេរិក។ ក្រុមកម្មករបានស្រែកទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែជូនពួកគេឲ្យបាន ១៦០ដុល្លារក្នុង១ខែសម្រាប់កម្មករម្នាក់ៗ។
ក្រុមកម្មករបានជំទាស់ចំពោះការផ្ដល់ប្រាក់ខែគោលឆ្នាំ២០១៤ របស់ក្រសួងការងារចំនួន ៩៥ដុល្លារកាលពីថ្ងៃទី២៤ ខែធ្នូ ថាពួកគេមិនអាចទទួលយកបានទេ ព្រោះតម្លៃទំនិញនៅលើទីផ្សារ ឬថ្លៃជួលផ្ទះជាដើមបន្តឡើងថ្លៃឥតឈប់។
ក្រុមកម្មករតាមរោងចក្រនានា បានធ្វើដំណើរចូលមកកាន់រាជធានីភ្នំពេញ ដោយដើរហែក្បួន និងតាមមធ្យោបាយម៉ូតូ ឬរថយន្តកូរ៉េជាដើម ដោយកាត់តាមផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវវេងស្រេង ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ជាដើម។
ការហែក្បួននេះ កម្លាំងចម្រុះរដ្ឋាភិបាលក៏មានសកម្មភាពរារាំងកម្មករនៅជាយរាជធានី ដែលបានធ្វើដំណើរតាមរថយន្តចូលមកក្រុងភ្នំពេញ មួយចំនួនផង មានដូចជានៅតាមផ្លូវជាតិលេខ៣ជាដើម ហើយក្រុមកម្មករក៏មានបិទផ្លូវជាតិមួយចំនួនក្នុងរយៈពេលខ្លី។ ប៉ុន្តែសម្រាប់សមត្ថកិច្ចក្នុងរាជធានីភ្នំពេញ មិនមានសកម្មភាពរារាំងក្រុមកម្មករទេ។ ផ្ទុយទៅវិញ ប៉ូលិសចរាចរណ៍បានជួយធ្វើចរាចរណ៍បញ្ចៀសការកកស្ទះដោយការទទួលខុសត្រូវ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបានដឹកនាំក្រុមកម្មករជាង ២០ក្រុមហ៊ុន មានទីតាំងនៅភាគខាងលិចក្រុងភ្នំពេញ។ លោកបានសន្យាថា នឹងបន្តដឹកនាំក្រុមកម្មករតវ៉ារហូតមានការដំឡើងប្រាក់ខែជូនកម្មករឲ្យបានសមរម្យ ឬឲ្យបាន ១៦០ដុល្លារក្នុង១ខែ។
លោកថា ក្បួនកម្មករនៅថ្ងៃព្រហស្បតិ៍ គឺបានប្រមូលផ្តុំគ្នា នៅមុខក្រសួងការងារ និងការិយាល័យសមាគមកាត់ដេរ ដើម្បីទាមទារឲ្យស្ថាប័នទាំងនេះ ពិចារណាផ្ដល់ប្រាក់ខែជូនកម្មករឡើងវិញ។
បញ្ហានេះដែរ សហព័ន្ធសហជីពការពារសិទ្ធិកម្មករចំនួន ៧បានដាក់លិខិតជូនលោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ដោយបញ្ជាក់ថា នឹងដឹកនាំការតវ៉ា និងហែក្បួនទ្រង់ទ្រាយធំនៅទូទាំងប្រទេស នៅដើមខែមករា ឆ្នាំ២០១៤ ដើម្បីតវ៉ាដំឡើងប្រាក់ខែជូនកម្មករ។
ក្រុមមេដឹកនាំសហជីពធំៗបានអះអាងថា នឹងដឹកនាំក្រុមកម្មករនៅទូទាំងប្រទេសធ្វើកូដកម្មចាប់ពីខែមករា តទៅ រហូតមានដំណោះស្រាយទើបបញ្ចប់ការតវ៉ា។
លិខិតផ្ញើជូនសមាគមកាត់ដេររបស់មេដឹកនាំសហជីពធំៗ ក៏បានទាមទារដំឡើងប្រាក់ឈ្នួលជូនកម្មករឲ្យបាន ១៦០ដុល្លារក្នុង១ខែ ចាប់ពីឆ្នាំ២០១៤។ ត្រូវផ្ដល់លុយបាយ ៣ដុល្លារក្នុង១ថ្ងៃ។ ស្នើឲ្យថៅកែក្រុមហ៊ុនតម្កល់ប្រាក់អតីតភាពការងារជូនកម្មករទុកក្នុងរតនាគារជាតិទុកបើកជូនកម្មករពេលក្រុមហ៊ុនបិទទ្វារ។ បញ្ឈប់កិច្ចសន្យាខ្លីធ្វើឲ្យប៉ះពាល់សិទ្ធិ និងអត្ថប្រយោជន៍កម្មករ និងបញ្ឈប់លែងឲ្យអ្នកមានអំណាចកាងក្រុមហ៊ុនដែលជាឧបសគ្គក្នុងការដោះស្រាយវិវាទជាដើម។
បញ្ហានេះដែរ កាលពីថ្ងៃទី២៥ ខែធ្នូ ក្រសួងការងារបានចេញលិខិតអំពាវនាវឲ្យកម្មករ និយោជិត សហជីព អង្គការជាតិ និងអន្តរជាតិ រក្សាភាពនឹងនបន្តប្រក្រតីភាពការងារផលិតកម្ម និងអាជីវកម្ម ដើម្បីការពារផលប្រយោជន៍របស់កម្មករ និយោជិត និងសង្គមជាតិទាំងមូល។
សេចក្តីប្រកាសព័ត៌មានបានចាត់ទុកការដឹកនាំតវ៉ារបស់មេដឹកនាំសហជីពផ្សេងៗ ជំទាស់ទៅនឹងគណៈកម្មការប្រឹក្សាការងារដែលបានសម្រេចដំឡើងប្រាក់ខែគោលជូនកម្មករចំនួន ៩៥ដុល្លារក្នុង១ខែ ថាជាការញុះញង់នាំឲ្យប៉ះពាល់ដល់ស្ថិរភាពការងារ និងជីវភាពកម្មករ ហើយថា ការតវ៉ានេះដើម្បីបម្រើឲ្យសកម្មភាពឲ្យគណបក្សនយោបាយបក្សប្រឆាំង។
ក្រសួងការងារបានចោទថា អង្គការសហជីពទាំងឡាយណាដែលជំទាស់នឹងសេចក្ដីសម្រេចរបស់គណៈកម្មការប្រឹក្សាការងារ ជាការប្រឆាំងទៅនឹងច្បាប់ប្រឆាំងគោលការណ៍ប្រជាធិបតេយ្យ ហើយសហជីពទាំងនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះមុខកម្មករ និយោជិត និងផលវិបាកផ្សេងៗ ដោយសារការបំផុសបាតុកម្មទាមទារតាមជំហរឯកតោភាគីរបស់ខ្លួន។
ទោះយ៉ាងណា ក្រុមកម្មកររាប់ម៉ឺននាក់បានបន្តធ្វើដំណើរទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីចូលរួមធ្វើមហាបាតុកម្មអហិង្សាជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ ហើយក៏បានស្នើឲ្យមេដឹកនាំបក្សប្រឆាំងមួយនេះ ជួយដាក់សម្ពាធទៅរដ្ឋាភិបាល ឲ្យដំឡើងប្រាក់ខែជូនពួកគេឲ្យបាន ១៦០ដុល្លារ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
