អាជ្ញាធរ​ខេត្ត​កំពត​រៀបចំ​ពិព័រណ៍​កសិកម្ម​ដោយ​មាន​កសិករ​ប្រមាណ​បី​រយ​នាក់​ចូលរួម

0:00 / 0:00

កម្មវិធី​អភិវឌ្ឍន៍​កសិកម្ម​មួយ ដែល​គាំ​ទ្រ​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី (Australia) ហៅ​កាត់​ថា កាវ៉ាក់ (CAVAC) សហការ​ជា​មួយ​អាជ្ញាធរ​ខេត្ត​កំពត បើក​ពិធី​តាំង​ពិព័រណ៍​កសិកម្ម​មួយ ​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា។ កសិករ​ប្រមាណ​៣ រយ​នាក់ ដែល​ចូលរួម​បាន​សិក្សា​អំពី​បច្ចេកទេស​ធ្វើ​កសិកម្ម​ទំនើប​ផង។

មាន​ក្រុមហ៊ុន​រកស៊ី​លក់​ដូរ​ផលិតផល និង​គ្រឿង​ចក្រ​កសិកម្ម​ប្រមាណ ២០ ដាក់​តាំង​ពិព័រណ៍​មុខ​ទំនិញ​របស់​ក្រុមហ៊ុន ក្នុង​ពិធី​តាំង​ពិព័រណ៍ ដែល​ធ្វើ​ឡើង​រយៈពេល​មួយ​ថ្ងៃ​នេះ។

មុខទំនិញ​ដែល​ដាក់​តាំង​នោះ មាន​ម៉ាស៊ីន​គោយន្ត ទ្រាក់ទ័រ (Tractors) ជីរ​កសិកម្ម ពូជ​ដំណាំ ថ្នាំ​បំផ្លាញ​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វល្អិត​ជាដើម។

ពិធី​នេះ​ធ្វើ​ឡើង​របៀប​សិក្ខាសាលា​បន្តិច ដោយ​បាន​ចែក​កសិករ​ដែល​ចូល​រួម​នោះ​ជា​ក្រុម​ៗ ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់ អំពី​ការ​ធ្វើ​កសិកម្ម​ទទួល​ផល​បាន​ល្អ ដែល​អាច​ឈាន​ទៅ​លក់​ដូរ​ផលិតផល​បាន។

កសិករ ណេត សឿ អាយុ​ជាង ៥០ ឆ្នាំ មក​ពី​ឃុំ​ត្នោត​ចុងស្រង់ ស្រុក​បន្ទាយ​មាស ឲ្យ​ដឹង​ថា គាត់​បាន​ដឹង​អំពី​របៀប​ធ្វើ​ស្រូវ​ស្រែប្រាំង​បាន​ផល​ខ្ពស់ ​ពី​ការ​តាំង​ពិព័រណ៍​រយៈពេល​មួយ​ថ្ងៃ​នេះ ៖ « គឺ​ថា​ពេល​មិនទាន់​បាន​ចូលរួម​សិក្សា​នឹង គឺ​ថា​យើង​ធ្វើស្រែ​នឹង​បាច​ជីរ​បាច​អី​នឹង​វា​ច្រើន​តែ​ខុស ពេលដែល​បាន​មក​រៀន​សូត្រ​នឹង ឃើញ​ថា​បាន​យល់​ខ្លះ បាន​យល់​ថា​យ៉ាង​ម៉េច របៀប​ប្រើជីរ​និង​ប្រើថ្នាំ ព្រោះ​កាល​ពី​មុន​មក​យើង​អត់​មាន​បទពិសោធន៍ កាលណា​ធ្វើ​ទៅ​វា​ចេះ​តែ​ខុស​ផែនការណ៍​។ គឺ​ថា​បាន​ចំណេញ ទោះបី​ជា​ខាត​ពេលវេលា​មួយ​ថ្ងៃ​ពិត​មែន​តែ​យើង​បាន​ចំណេញ​ បាន​ចំណេះ ហា​ហុកសិប​ភាគរយ​យើង​ចាំ »

ចំណែក​កសិករ​មួយ​រូប​ទៀត​គឺ អ្នកស្រី ខាន់ លាភ អាយុ​ជាង ៣០ ឆ្នាំ មកពី​ឃុំ​ស្រែជា​ខាងជើង ស្រុក​ដងទុង ក៏​ទទួល​បាន​ចំណេះ​ដឹង​ច្រើន​ដែរ ដូច​ជា​របៀប​ផ្ដល់​ចំណីសត្វ និង​ដាក់​ជីរ​ស្រែ​ជាដើម៖ « ចាស !​ ខ្ញុំមក​នឹង​ខ្ញុំ​ផ្ដោត​អារម្មណ៍​ជាងគេ​គឺ​ជីរ​មួយ​មុខ នឹង​ខាង​ថ្នាំ​សម្លាប់​ស្មៅ​និង​សម្លាប់​សត្វល្អិត​ ខាង​ដំណាំស្រូវ ខាង​ចំណីសត្វ​ខាង​ចិញ្ចឹម​ជ្រូក។ ពីមុន​ខ្ញុំ​អត់​ដឹង​ថា ជីរ​នឹង​គេ​ប្រើ​ប៉ុន្មាន​ដំណាក់កាល​របៀប​ម៉េច​ទេ ដល់ពេល​មក​អ៊ីចឹង ខ្ញុំ​យល់​បាន​ខ្លះៗ មិន​ទាំងអស់​ទេ ហើយ​ថ្នាំ​ដូច​ជា​សម្លាប់​ស្មៅ​ សម្លាប់​សត្វល្អិត​អ៊ីចឹង ខ្ញុំ​អត់​ដឹង​ថា ស្រែ​​ស្មៅ​ច្រើន​ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​ទេ បោច​មិន​ឈ្នះ​អ៊ីចឹង ​ខ្ញុំ​អត់​ដឹង​វិធី​អី​ជម្រះស្មៅ​ ឥឡូវ​ខ្ញុំ​ដឹង​ថា​មាន​ថ្នាំ​អីចឹង គាត់​ឲ្យ​នាមប័ណ្ណ​អីចឹង បើ​ខ្ញុំ​ត្រូវ​ថ្នាំ​ត្រូវការ​ជីរ ខ្ញុំ​អាច​ទាក់​ទាង​ទៅ​គាត់។ តិច​តួច​អ៊ីចឹង​ក្រុមហ៊ុន​មិន​អាច​ដឹក​ឲ្យ​បានទេ​តែ​បើ​យើង​គិត​ជា​ក្រុម ដូច​ជា​ក្នុង​សហគមន៍ អ៊ីចឹង​យើង​ពិភាក្សា​គ្នា​ទៅ​ក្នុង​ម្នាក់​យក​ប៉ុន្មាន បាន​ច្រើន​ទៅ​ក្រុមហ៊ុន​ដឹក​ដល់កន្លែង​»។ អ្នកស្រី ខាន់ លាភ ដែល​ជា​តំណាង​សហគមន៍​កសិករ​ក្នុង​តំបន់​នោះ​ផង បញ្ជាក់​ថា គាត់​ក៏បាន​យល់​ខ្លះ​ដែរ​អំពី​របៀប​ចិញ្ចឹម​សត្វ​យក​សាច់​លក់។

កសិករ​ជា​ក្រុមៗ បាន​ដើរ​ពី​តូប​មួយ​ទៅ​តូប​មួយ សួរ​នាំ​ព័ត៌មាន​អំពី​របៀប​ប្រើ​មុខ​ទំនិញ របស់​ក្រុមហ៊ុន​នីមួយៗ ដូច​ជា​សួរ​របៀប​ប្រើ​ប្រភេទ​ពូជ ប្រភេទ​ថ្នាំ​សម្លាប់​សត្វ​ល្អិត របៀប​ជ្រើសរើស​ពូជសត្វ​ចិញ្ចឹម និង​ពូជ​ដំណាំ​នានា ឬ​ក៏​របៀប​ប្រើ​ជីរ​លើ​មុខ​ដំណាំ​នីមួយៗ។

លោក ស៊ុន សុវត្ថិ តំណាង​ក្រុមហ៊ុន​លក់​ជីរ​នៅ​តូប​តាំង​ពិព័រណ៍​មួយ ក្នុង​ចំណោម​ក្រុមហ៊ុន​ដទៃ​ទៀត កំពុង​មមាញឹក​ពន្យល់​ក្រុម​កសិករ​អំពី​ការប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន។

លោក​បញ្ជាក់​ថា កសិករ​ដែល​ចូលរួម​តាំង​ពិព័រណ៍​ឆ្នាំ​នេះ​មាន​ការ​យល់ដឹង​ច្រើន​អំពី​ការ​ធ្វើ​កសិកម្ម​ទំនើប៖ « និយាយ​ទៅ​គាត់​មកពី​តំបន់​ផ្សេងៗ​គ្នា គាត់​មាន​អ្នក​ធ្វើស្រែ​ប្រាំង​ក៏​មាន ស្រែ​វស្សា​ក៏​មាន ហើយ​មាន​អ្នក​ដាំ​បន្លែ​ក៏​មាន អ៊ីចឹង​ចំណេះ​ដឹង​គាត់​ផ្សេងៗ​គ្នា​ទាំង​អស់ អ៊ីចឹង​អ្វី​ដែល​យើង​ណែនាំ​គាត់​ទៅ​មាន​កសិករ​ខ្លះ​ក៏​គាត់​ធ្លាប់​បាន​ប្រើ ហើយ​គាត់​ក៏​ធ្លាប់​អនុវត្ត​ទៅតាម​រូបមន្ត​ដែល​យើង​បាន​ដាក់​នៅ​ក្នុង​មាន​ជា​សៀវភៅ​មាន​ជា​បែនើ (Banner) អីនឹង ដែល​យើង​បាន​ចែក​ឲ្យ​គាត់​នឹង »

លោក​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​កសិករ​ប្រមាណ​៣ រយ​នាក់​នេះ ភាគ​ច្រើន​ជា​កសិករ​គ្រូបង្គោល​នៅ​តាម​មូលដ្ឋាន ដែល​មានចំណេះ​ដឹង​ខាង​កសិកម្ម​ទំនើប​ខ្លះ​ហើយ។

ទោះ​យ៉ាង​ណា ក៏​មាន​កសិករ​ខ្លះ​ទៀត​ត្អូញត្អែរ​ថា ការ​បង្ហាត់​បង្រៀន​កសិករ​ឲ្យ​ចេះ​របៀប​ធ្វើ​កសិកម្ម​ទំនើប​ដូច្នេះ គឺ​ជា​ការ​ប្រសើរ​ហើយ តែ​បើ​សិន​ជា​រដ្ឋាភិបាល​រក​ទីផ្សារ​ឲ្យ​ពួក​គាត់​លក់​ផលិតផល​កសិកម្ម​បាន ឬ​ក៏​ក្រុមហ៊ុន​លក់ដូរ​សម្ភារៈ​កសិកម្ម ឬ​មុខ​ទំនិញ​កសិកម្ម​ផ្សេងៗ​ក្នុង​តម្លៃ​ថោក​អន្តិច​នោះ ​ប្រហែល​ជា​កសិករ​អាច​មាន​ជីវភាព​ធូរធារ​បាន។

កសិករ​ឈ្មោះ ហ៊ីង ឆុង អាយុ​ជាង​៦០​ឆ្នាំ មក​ពី​ឃុំ​អង្គ​ភ្នំតូច ស្រុក​អង្គរជ័យ ដែល​កំពុង​ឈរ​សម្លឹង​ម៉ាស៊ីន​គោយន្ត​ដែល​ក្រុមហ៊ុន​ដាក់​តាំង​នោះ ត្អូញត្អែរ​ថា គាត់​ធ្វើ​ស្រែ​មិនសូវ​ចំណេញ​ទេ ព្រោះ​ចំណាយ​ច្រើនពេក ដូច​ជា​ចំណាយ​លើ​ថ្លៃ​ជីរ ថ្លៃ​ប្រេង​បូម​ទឹក​ដាក់​ស្រែ និង​ចំណាយ​លើ​ថ្លៃ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ជាដើម ហើយ​នៅ​ពេល​បានផល ឈ្មួញ​ឲ្យ​តម្លៃ​ថោក​ទៀត « បាទ​អា​នេះ បើ​យើង​និយាយ​គោយន្ត ហើយ​អា​ត្រាក់ទ័រ​មិន​អាច​ទេ បើ​មាន​ក៏​ភាគ​តិច​ណាស់ តែ​បើ​និយាយ​ក្រៅពី​នឹង​ខ្ញុំ​អាច​មាន​លុយ​ទិញ បើ​សិន​ជា​ថោក​ជាង​នឹង​អរ​ខ្លាំង​ណាស់ រាល់​ថ្ងៃ​នេះ​បើ​និយាយ​ពី​ធ្វើ​បើ​មិន​ល្អ​មិន​រួច​តែ​ម្ដង តែ​បើ​ល្អ​វា​អាច​រួច​ហើយ​ចំណេញ​តិចតួច បើ​ថ្លៃ​សព្វ​បែប​យ៉ាង ជួល​គេ​ស្ទូង​អី​ក៏​ថ្លៃ ដក​អី​ក៏​ថ្លៃ ហើយ​ដល់​ទៅ​ជីរ​ថ្លៃ​តែ​ចៀស​មិន​រួច​ទាល់តែ​ប្រើ »

ការ​តាំង​ពិព័រណ៍​នេះ​បាន​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ដដែល។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពត លោក ចាន់ ចេស្ដា ដែល​ថ្លែង​បិទ​ពិធី​នោះ បាន​អំពាវនាវ​ដល់​កសិករ​ទាំង​អស់ ឲ្យ​យក​ចំណេះ​ដឹង​ទាំងនេះ ទៅ​ប្រើប្រាស់​ដើម្បី​ផ្លាស់ប្ដូរ​ពី​ការ​ធ្វើ​កសិកម្ម​បែប​ប្រពៃណី​ដែល​គ្រាន់តែ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ទៅជា​ការ​ធ្វើ​កសិកម្ម​ទំនើប បែប​ពាណិជ្ជកម្ម​រក​ប្រាក់ចំណូល​វិញ ដើម្បី​ឲ្យ​មាន​ជីវភាព​ធូរធារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។